Paris Peace Accords 23 Oct. 1991

Monday, May 4, 2015

លោក កឹម សុខា រិះគន់ ​រដ្ឋាភិបាល ​ថា, ​បរាជ័យ​ ក្នុង​ការ​ដោះស្រាយ ​ជម្លោះ​ដីធ្លី​ ជាង​២០​ឆ្នាំ | Kem Sokha criticizes govt for failing to resolve land conflicts the past 20 yrs

លោក កឹម សុខា រិះគន់ ​រដ្ឋាភិបាល ​ថា, ​បរាជ័យ​ ក្នុង​ការ​ដោះស្រាយ ​ជម្លោះ​ដីធ្លី​ ជាង​២០​ឆ្នាំ

RFA / ​វិទ្យុ ​អាស៊ី សេរី |  ៣ ឧសភា ២០១៥

កឹម សុខា ៦២០
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១ រដ្ឋសភា ថ្លែង​ក្នុង​ពេល​ជួប​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នា​ឃុំ​ដំរីផុង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៥។  RFA/Brach Chev

លោក កឹម សុខា រិះគន់​ រដ្ឋាភិបាល​ ថា, បរាជ័យ ​ក្នុង​ការ​ដោះស្រាយ​ ជម្លោះ​ដីធ្លី​ ក្នុង​រយៈពេល​ ជាង២០​ ឆ្នាំ​នេះ។   ប៉ុន្តែ​ មន្ត្រី​រដ្ឋាភិបាល ​ឆ្លើយ​តប ​ថា, ការ​ថ្លែង​បែប​នេះ បង្ហាញ​ ពី​ភាព​ល្ងង់ខ្លៅ​ របស់ លោក កឹម សុខា ដែល​និយាយ​ មិន​ពិនិត្យ​ របាយការណ៍ ​របស់ ​រដ្ឋាភិបាល។

ថ្លែង​នៅ​ចំពោះ ​មុខ​ពលរដ្ឋ​ មាន​ជម្លោះ​ដីធ្លី ​ប្រមាណ ៤០០​នាក់​ ក្នុង​ស្រុក​ ឆ្លូង ខេត្ត​ ក្រចេះ, អនុប្រធាន ​គណបក្ស​ប្រឆាំង ដែល​ធ្លាប់​តែ រិះគន់ ​រដ្ឋាភិបាល​នោះ នៅ​ថ្ងៃ​ ទី​៣ ខែ​ឧសភា នេះ, លោក កឹម សុខា នៅ​តែ​ បន្ត​លើក​ឡើង ​ថា, រដ្ឋាភិបាល​ ពុំ​មាន​ លទ្ធភាព​ ដោះស្រាយ​ ជម្លោះ​ដីធ្លី ដោយសារ​ ករណី​ជម្លោះ​ដីធ្លី​ នៅ​តែ ​កើត​ឡើង​ដដែល។ លោក​បន្ត​ទៀត​ថា ករណី​ជម្លោះ​ដីធ្លី​កាន់​តែ​កើត​ឡើង ​ខ្លាំង ​ពី​មួយ​ឆ្នាំ​ ទៅ​មួយ​ឆ្នាំ, ហើយ ​ពលរដ្ឋ​ កំពុង​តែ​ អស់​សង្ឃឹម ​លើ​ដំណោះស្រាយ ​របស់ ​អាជ្ញាធរ៖ «ខ្ញុំ​ ឃើញ​រយៈពេល ២០​ឆ្នាំ​ហើយ បញ្ហា​ដីធ្លី​ នៅ​តែ​ កើន​ឡើង​ ច្រើន​ទៅ, ពលរដ្ឋ​ មាន​បញ្ហា​ដីធ្លី​ អស់​សង្ឃឹម​ នឹង​ដំណោះស្រាយ​ របស់​ អាជ្ញាធរ។  ពេល​នេះ​យើង​មាន​តែ​វប្បធម៌​សន្ទនា​ទេ​ដោះស្រាយ​បញ្ហា​នេះ បើ​វប្បធម៌​សន្ទនា​ដោះ​មិន​ចេញ​ទេ​ចប់​ហើយ។»

ការ​ថ្លែង​របស់ លោក កឹម សុខា នេះ​នៅ​ក្រោយ​ប៉ុន្មាន​ថ្ងៃ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា បើ លោក កឹម សុខា នៅ​បន្ត​រិះគន់​លោក​ទៀត លោក​នឹង​លុប​វប្បធម៌​សន្ទនា​ចោល។
រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ឆ្លើយ​តប​ថា នេះ​ជា​ការ​បង្ហាញ​ឥរិយាបថ​រិះគន់​រដ្ឋាភិបាល​ទាំង​មិន​បាន​មើល​របាយការណ៍។ លោក ផៃ ស៊ីផាន អះអាង​ថា ករណី​ជម្លោះ​ដីធ្លី​ទូទាំង​ប្រទេស​ដែល​កើត​ឡើង​រាប់​ពាន់​ករណី ប៉ុន្តែ​សព្វថ្ងៃ​នេះ​នៅ​សល់​ជាង ៦០០​ករណី៖ «ការ​ថ្លែង​នេះ​បង្ហាញ​នៅ​ភាព​ល្ងង់ខ្លៅ និយាយ​គ្មាន​តួលេខ និយាយ​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​ប៉ុណ្ណោះ។»

ទោះ​បែប​នេះ​ក្តី អ្នក​តាម​ដាន​ព្រឹត្តិការណ៍​សង្គម​យល់​ថា លោក កឹម សុខា និយាយ​ត្រឹមត្រូវ ព្រោះ​តាម​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​នានា ជម្លោះ​ដីធ្លី​នៅ​កើន​ឡើង។

អ្នក​សិក្សា​ស្រាវជ្រាវ​សង្គម លោក កែម ឡី យល់​ថា ជម្លោះ​ដីធ្លី​នៅ​តែ​កើន​ឡើង​នេះ ព្រោះ​រដ្ឋាភិបាល​ដោះស្រាយ​នា​ពេល​កន្លង​មក​គ្មាន​ការ​ចូលរួម​ពី​សង្គម​ ស៊ីវិល និង​បក្ស​ប្រឆាំង។ លោក កែម ឡី ស្នើ​ទៅ​រដ្ឋាភិបាល បើក​ទូលាយ​ឲ្យ​មាន​ការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​នានា៖ «ខ្ញុំ​គិត​ថា បើ​រដ្ឋាភិបាល​មិន​បើក​ទូលាយ​បញ្ហា​នៅ​កើត​ឡើង​ចឹង។»

ដំណាល​គ្នា​នៃ​ការ​រិះគន់​នេះ លោក សម រង្ស៊ី ដែល​អង្គុយ​ក្បែរ លោក កឹម សុខា ក្នុង​ពេល​ជួប​ជាមួយ​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ក្នុង​ខេត្ត​ក្រចេះ រំពឹង​ថា វប្បធម៌​សន្ទនា​នឹង​អាច​ដោះស្រាយ​ជម្លោះ​ដីធ្លី​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន ដោយ​លោក​នឹង​ប្រាប់​ពី​រឿង​ពិត​ទាំង​នេះ​ឲ្យ លោក ហ៊ុន សែន បាន​ដឹង ដែល​ផ្ទុយ​ពី​អាជ្ញាធរ​ស្រុក ខេត្ត តែង​តែ​ផ្តល់​របាយការណ៍​ភូតភរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ជាង​នេះ​ទៅ​ទៀត ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​និយាយ​ថា បើ​គណបក្ស​លោក​ឈ្នះ នឹង​ដោះស្រាយ​ករណី​ដីធ្លី​ឲ្យ​អស់៕


No comments:

Post a Comment