Paris Peace Accords 23 Oct. 1991

Tuesday, May 5, 2015

តំណាងរាស្ត្រ​ មណ្ឌល​​ស្វាយរៀង​ ចុះ​ពិនិត្យ​ មើល​បញ្ហា​ ព្រំដែន | MP for Svay Rieng investigates border issues

តំណាងរាស្ត្រ​ មណ្ឌល​​ស្វាយរៀង​ ចុះ​ពិនិត្យ​ មើល​បញ្ហា​ ព្រំដែន

RFA / ​វិទ្យុ ​អាស៊ី សេរី |  ៤ ឧសភា ២០១៥

អ៊ូ ច័ន្ទឫទ្ធិ ៦២០
តំណាងរាស្ត្រ​មណ្ឌល​​ស្វាយរៀង មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី បន្ទាប់​ពី​ចប់​វេទិកា​ជួប​ជាមួយ​ពលរដ្ឋ​នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​៣ ឧសភា ឆ្នាំ​២០១៥។  RFA/Men Sothyr

តំណាងរាស្ត្រ​ មណ្ឌល​ស្វាយរៀង ចុះ​ពិនិត្យ​ បញ្ហា​ព្រំដែន​ ដែល​ពលរដ្ឋ​ រស់​នៅ ​ទីនោះ ​អះអាង​ថា, វៀតណាម បាន​ធ្វើ​ផ្លូវ និង​បោះ​បង្គោល ​ព្រំដែន ​ចូល​ដី​ខ្មែរ​ កាល​ពី​ព្រឹក​ ថ្ងៃ​ទី​៣ ខែ​ឧសភា។  ក្រៅ​ពី​ការ​ចុះ​ពិនិត្យ​ ព្រំដែន​នេះ, តំណាងរាស្ត្រ ​ក៏​បាន​ជួប​ សំណេះសំណាល​ ជាមួយ ​ពលរដ្ឋ​ មាន​ជម្លោះ​ដីធ្លី និង​សកម្មជន​ បក្ស​នយោបាយ​ នៅ​ក្រុង​ បាវិត និង​កំពង់រោទិ៍, ព្រមទាំង​ បាន​ទទួល​ យក​ញត្តិ​ របស់ ពលរដ្ឋ​​ ស្ដីពី​ បញ្ហា​រំលោភ​ ដីធ្លី, បញ្ហា​ខ្វះ​ប្រឡាយ​ ទឹក ​ធ្វើ​កសិកម្ម​ ជាដើម។

តំណាងរាស្ត្រ​ មណ្ឌល​ស្វាយរៀង ដែល​បាន​ចុះ​ពិនិត្យ​ស្ថានភាព​តាម​ព្រំដែន សន្យា​ថា នឹង​រក​មធ្យោបាយ​ដោះស្រាយ និង​ជំរុញ​ទៅ​រដ្ឋាភិបាល​អោយ​មាន​វិធានការ​លើ​ករណី​ព្រំដែន និង​ការ​បោះ​បង្គោល​ព្រំដែន​ក្នុង​ដី​ខ្មែរ​នៅ​ស្រុក​ចន្ទ្រា។

​តំណាងរាស្ត្រ​មណ្ឌល​​ស្វាយរៀង លោក អ៊ូ ច័ន្ទឫទ្ធិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ថា វៀតណាម​ពិត​ជា​បាន​ធ្វើ​ផ្លូវ​ចូល​ដី​ខ្មែរ។ លោក​លើក​ឡើង​ថា វៀតណាម​បាន​ធ្វើ​ផ្លូវ​ខ្សែ​ទី​១ ចូល​ដី​ខ្មែរ​ដែល​នៅ​ឆ្ងាយ​ពី​បង្គោល​ព្រំដែន​សព្វ​ថ្ងៃ​ច្រើន​គីឡូម៉ែត្រ ដែល​កសាង​តាំងពី​ឆ្នាំ​១៩៩៣។ ឯ​ផ្លូវ​ខ្សែ​ទី​២ កាន់តែ​ខិត​ចូល​ដី​ខ្មែរ​ជា​បន្ត​ទៀត ហើយ​ផ្លូវ​ខ្សែ​ទី​៣​នេះ ដែល​វៀតណាម​កំពុង​សាងសង់​កាន់តែ​ខិត​ចូល​ដី​ខ្មែរ​ទៀត​រហូត​បច្ចុប្បន្ន។ លោក​បន្ត​ថា បង្គោល​ព្រំដែន​លេខ ១៩៧ ដែល​វៀតណាម បាន​បោះ​ជា​ឯកតោ​ភាគី​តាំង​ពី​ឆ្នាំ​២០០៩ នោះ​ត្រូវ​បាន​ពលរដ្ឋ​បាន​អះអាង​ថា ចូល​ដី​ខ្មែរ​ច្រើន​គីឡូម៉ែត្រ។
លោ​កថា​នឹង​រក​យន្តការ​ដោះស្រាយ​បញ្ហា​នេះ ថែម​ទាំង​ជំរុញ​ទៅ​រដ្ឋាភិបាល​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ទាក់ទិន​ការ​រំលោភ​កិច្ច​ព្រមព្រៀង​ព្រំដែន​កម្ពុជា យោង​តាម​ច្បាប់​អន្តរជាតិ៖ «ខ្ញុំ​យល់​ថា បើ​គ្មាន​ការ​ចរចា​ទ្វេ​ភាគី​នៅ​ឡើយ មិន​គួរ​មាន​ភាគី​ណា​មួយ​រំលោភ ឬ​ចូល​មក​ភាគី​មួយ​ទៀត​ទេ ត្រូវ​គោរព​កិច្ចព្រមព្រៀង​ហ្នឹង​សិន ហើយ​ឲ្យ​មាន​ដំណោះស្រាយ​រួម​សិន​មុន​នឹង​បោះ​បង្គោល ឬ​មុន​នឹង​​ធ្វើ​ផ្លូវ...។»

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា តំណាង​អាជ្ញាធរ​ស្រុក​ថាន់ហ្វា (Thanh Hoa) ខេត្ត​ឡុងអាង (Long Ang) ជា​ម្ចាស់​គម្រោង​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន​នេះ បាន​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ផ្លូវ​នេះ​គឺ​អាជ្ញាធរ​វៀតណាម កសាង ស្ថិត​ក្នុង​ទឹកដី​វៀតណាម​ទេ ថែមទាំង​បាន​កំណត់​បង្គោល​ព្រំដែន​ជាមួយ​ភាគី​កម្ពុជា រួច​រាល់​អស់​ហើយ។

លោក​ថា ផ្លូវ​មួយ​ខ្មែរ​នេះ​គឺ​ជា​ផ្លូវ​ត្រួត​ពិនិត្យ​ព្រំដែន មាន​ន័យ​ថា ផ្លូវ​នេះ​ឆ្ងាយ​ពី​បង្គោល​ព្រំដែន​ពី ១០០ ទៅ ៥០០​ម៉ែត្រ។ ចំណែក​បញ្ហា​ព្រំដែន គឺ​មាន​ការ​ព្រមព្រៀង​រួចរាល់​អស់​ហើយ៖ «អំពី​ គម្រោង​ការ​នៅ​លើ​ភូមិសាស្ត្រ​ស្រុក​ខ្ញុំ យើង​មាន​វិនិយោគ​ផ្លូវ​មួយ​ខ្សែ ដែល​ហៅ​ថា ផ្លូវ​ត្រួត​ពិនិត្យ​ព្រំដែន ក៏ប៉ុន្តែ​យើង​ធ្វើ​លើ​ទឹក​ដី​វៀតណាម នោះ​ទេ មាន​ន័យ​ថា ផ្លូវ​នេះ​មាន​ចម្ងាយ​ពី​បង្គោល​ព្រំដែន​យ៉ាង​តិច​បំផុត​ក៏​ពី ១០០ ដល់ ៥០០​ម៉ែត្រ​ដែរ ម្ដេច​ថា​យើង​ធ្វើ​ចូល​ដី​ខ្មែរ​បាន។ បង្គោល​នេះ​ជា​បង្គោល​ផ្លូវ​ការ​ហើយ ចរចា​រួច​ហើយ នេះ​ជា​ផ្លូវការ​ហើយ។»

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន លោក វ៉ា គឹមហុង អះអាង​ថា បង្គោល​ព្រំដែន​មិន​ទាន់​បាន​បោះ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។

ក្នុង​ករណី​នេះ​ពលរដ្ឋ​រស់​នៅ​ជិត​ព្រំដែន​កម្ពុជា-វៀតណាម ស្រុក​ចន្ទ្រា លោក លី តាំម អះអាង​ថា វៀតណាម​មក​បោះ​បង្គោល​ព្រំដែន​ចូល​ដី​ខ្មែរ​តាំង​ពី​ក្នុង​ទសវត្សរ៍​៨០ រហូត​ឆ្នាំ​២០០៩ និង​បន្ត​រំលោភ​ដល់​បច្ចុប្បន្ន​តាម​រយៈ​ការ​កសាង​ផ្លូវ​តាម​ព្រំដែន។

លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ព្រំដែន ដើម្បី​ភាព​កក់ក្ដៅ​របស់​ពលរដ្ឋ​រស់​នៅ​ទី​នេះ និង​ការពារ​កុំ​ឲ្យ​វៀតណាម រំលោភ​បន្ត​ទៀត៖ «បើ​តាម​ខ្ញុំ​មើល​ទៅ ​ព្រំដែន​ខ្មែរ​​ពី​មុន​មិន​មែន​នៅ​ហ្នឹង​ទេ! កាល​ពី​ឆ្នាំ​១៩៨៦ ដល់​ទឹក​ដី​កម្ពុជា ហ្នឹង ហើយ​ខ្ញុំ​ដឹង​ក្តី​ ព្រំដែន​នៅ​ស្រះ​ធំ​ខាង​កើត កាល​នោះ​មាន​បង្គោល​១ ដល់​ពេល​យូរៗ​ទៅ​វា​ដក​បង្គោល​ហ្នឹង​ចោល...។»

អ្នក​វិភាគ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី យល់​ថា ការ​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​របស់​តំណាងរាស្ត្រ ហើយ​ដាក់​សំណើ​ជា​កញ្ចប់​រួម​គ្នា​ទៅ​កាន់​រដ្ឋាភិបាល លោក​សង្ឃឹម​ថា អាច​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​វៀតណាម៖ «ជា ​ទូទៅ​បើ​ខ្ញុំ​វិញ ខ្ញុំ​ត្រូវ​រៀបចំ​ជា​ឯកសារ​ក្នុង​នាម​ជា​រដ្ឋាភិបាល​មួយ ដើម្បី​រក​ផែនទី​ស្រប​ច្បាប់។ ផែនទី​ស្របច្បាប់​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​ហើយ​រក​ភាគី​ទី​៣...។»

​ពលរដ្ឋ​អះអាង​ថា វៀតណាម​នៅតែ​បន្ត​ធ្វើ​ផ្លូវ​ត្រួត​ពិនិត្យ​ព្រំដែន​នៅ​ក្នុង​ស្រុក​ចន្ទ្រា នេះ រយៈពេល ១​ខែ​មក​ហើយ នៅ​តែ​​មិន​ទាន់​មាន​ការ​អន្តរាគមន៍​ជា​ផ្លូវការ​ពី​រដ្ឋាភិបាល​ខ្មែរ​ទេ៕



No comments:

Post a Comment