តំណាងរាស្ត្រ បក្សប្រឆាំង ស្នើបង្ហាញ មូលហេតុ នៃការឆ្លង មេរោគអេដស៍ នៅភូមិ ពាម
RFA / វិទ្យុ អាស៊ី សេរី | ២៩ កុម្ភៈ ២០១៦
គណៈកម្មការ ទី៨ នៃរដ្ឋសភា បានដាក់ លិខិតមួយ តាមរយៈ ប្រធាន រដ្ឋសភា ជំរុញ ឲ្យរដ្ឋមន្ត្រី ក្រសួង សុខាភិបាល លោក ម៉ម ប៊ុនហេង បង្ហាញ ពីមូលហេតុ នៃការឆ្លង រីករាលដាល នៃមេរោគ អេដស៍ ជំងឺអេដស៍ ដែលបាន ផ្ទុះឡើង នៅឃុំ សំបួរមាស ស្រុក មុខកំពូល ខេត្ត កណ្ដាល។ សំណើនេះ ធ្វើឡើង បន្ទាប់ ពីមាន ប្រជាពលរដ្ឋ ជិត ២០នាក់ មានផ្ទុក មេរោគអេដស៍ បន្ទាប់ ពីបាន ធ្វើ តេស្ដឈាម នៅក្នុងខែកុម្ភៈ នេះ។
គណៈកម្មការទី៨ នៃរដ្ឋសភា បានចាត់ទុកថា ក្រសួងសុខាភិបាល ព្យាយាមបិទបាំងព័ត៌មានករណីឆ្លងរីករាលដាលមេរោគអេដស៍នៅស្រុក មុខកំពូល ខេត្តកណ្ដាល នាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខុមាលភាពប្រជាពលរដ្ឋ។
ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី អ្នកស្រី កែ សុវណ្ណរតន៍ មានប្រសាសន៍ថា ប្រធានរដ្ឋសភា លោក ហេង សំរិន បានទទួលលិខិតពីគណៈកម្មការទី៨ នៅថ្ងៃទី២៩ កុម្ភៈ បន្ទាប់ពីបានដាក់កាលពីថ្ងៃទី២៥ កុម្ភៈ។ អ្នកស្រីបន្តថា គោលបំណងសំខាន់ គឺជំរុញឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បង្ហាញប្រាប់ពីមូលហេតុពិតប្រាកដ ជុំវិញការឆ្លងរាលដាលមេរោគអេដស៍នេះ ជាជាងចូលបំភ្លឺដោយគ្មានព័ត៌មានស្រាវជ្រាវច្បាស់លាស់។
អ្នកស្រី កែ សុវណ្ណរតន៍៖ «បើយើងអត់ស្រាវជ្រាវរកឃើញពីមូលហេតុទេ យើងមិនអាចទប់ស្កាត់ទេ។ យើង ព្យាយាមនៅតែទប់ស្កាត់ព័ត៌មាន។ យើងបញ្ចប់បញ្ហាដោយទប់ស្កាត់ វាមិនមែនជាកត្តាវិជ្ជមានទេ។ វាមិនមែនជារឿងល្អទេ។ យើងជារឿងមួយដែលធ្វើឲ្យបញ្ហានេះកើតមានទៀត។ វាមិនអាចបិទបាំងព័ត៌មាន មានតែស្វែងរកបញ្ហាឲ្យឃើញថា តើវាមកពីស្អី? ហើយយើងត្រូវប្រកាសទប់ស្កាត់។ រឿងនេះជារឿងការពារសុខភាព ការពារការឆ្លងទាំងអស់គ្នា។»
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ និងលោក លី ពេញស៊ុន នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានទេនៅថ្ងៃទី២៩ កុម្ភៈ។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ក្រុមជំនាញរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ អង្គការសុខភាពពិភពលោក (WHO) អង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ (UNAIDS) និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក (US-CDC) បាន ពិនិត្យយ៉ាងម៉ត់ចត់នូវលទ្ធផលនៃការស្រាវជ្រាវ ហើយឯកភាពជារួមថា មានពលរដ្ឋ ៤នាក់បន្ថែមលើចំនួន ១៤នាក់ សរុប ១៨នាក់មានផ្ទុកមេរោគអេដស៍។
ការកើនឡើងនូវការចូលរួមធ្វើតេស្ដឈាមរកមេរោគអេដស៍របស់ សហគមន៍នេះ គឺដោយសារប្រជាពលរដ្ឋមានការយល់ដឹងពីការទៅធ្វើតេស្ដឈាម ដែលនាំឲ្យកើនឡើងនូវការរកឃើញករណីផ្ទុកមេរោគអេដស៍ ហើយទិន្នន័យនេះ មិនបានបញ្ជាក់ពីការបារម្ភនូវការឆ្លងរាលដាលមេរោគអេដស៍នោះទេ។
ទោះ ជាយ៉ាងណា ពលរដ្ឋ ដែលបាន រកឃើញ ថា មានផ្ទុក មេរោគនេះ បែរ ជានាំគ្នា ភ្ញាក់ផ្អើល ដោយសង្ស័យ លើប្រធាន មន្ទីរពេទ្យ បង្អែកពញាឮ ខេត្ត កណ្ដាល លោក វេជ្ជបណ្ឌិត សុខ ធន ដោយសារ តែ ពួកគាត់ ធ្លាប់ទៅ ចាក់ថ្នាំ នៅគ្លីនិក របស់លោក, ប៉ុន្តែ គ្រូពេទ្យនេះ បដិសេធ ដែលករណីនេះ ស្រដៀង នឹងករណី នៅខេត្ត បាត់ដំបងដែរ៕
No comments:
Post a Comment