Paris Peace Accords 23 Oct. 1991

Saturday, April 23, 2016

«គ្រោះ​រាំងស្ងួត​ កំពុង​ គំរាមកំហែង​ ដល់​វិស័យ ​កសិកម្ម​ នៅ​កម្ពុជា»

«គ្រោះ​រាំងស្ងួត​ កំពុង​ គំរាមកំហែង​ ដល់​វិស័យ ​កសិកម្ម​ នៅ​កម្ពុជា»

RFA / វិទ្យុ អាស៊ី សេរី | ២២ មេសា ២០១៦

 

រាំង​ស្ងួត ៨៥៥ ២០១៦
ស្ថានភាព​ទឹក​អូរ​មួយ​កន្លែង​នៅ​ក្នុង​ឃុំ​កំពង់ភ្លុក ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប។ រូបថត​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦ / RFA/Chuop Sereyroth

ក្រសួង​ ធនធាន​ទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ ថា, គ្រោះ​រាំងស្ងួត​ ដែល​បណ្ដាល ​ឲ្យ​ខ្វះ​ទឹក​ ប្រើប្រាស់​ កំពុង​ គំរាមកំហែង​ ដល់​ ដំណើរ​ការ​ ផលិតកម្ម​ កសិកម្ម និង​ធ្វើ​ ឲ្យ​ប៉ះពាល់ ​ដល់​ពលរដ្ឋ​ ប្រមាណ​ ជាង ៥​ម៉ឺន​ គ្រួសារ​ នៅ​ទូទាំង​ប្រទេស។  ករណី​នេះ អ្នក​ជំនាញ​ កសិកម្ម និង​កសិករ​ ទទូច​ ឲ្យ​រដ្ឋាភិបាល​ ចាត់​វិធានការ​ ដោះស្រាយ​ បញ្ហា​ ប្រឈម​នេះ ​ជា​បន្ទាន់។

អ្នក​ធ្វើការ​ ពាក់ព័ន្ធ​ នឹង​វិស័យ ​កសិកម្ម ព្រម​ទាំង ​កសិករ​ បារម្ភ​ថា, ប្រសិនបើ​ បញ្ហា​ គ្រោះ​រាំង​ស្ងួត​ នេះ​ នៅ​តែ ​បន្ត​ប្រឈម អាច​ នឹង​បង្ក​ ជា​ក្តី​បារម្ភ​ ដល់​លទ្ធភាព​ ផ្គត់ផ្គង់​ ស្បៀង​អាហារ និង​អាច​ ប៉ះពាល់ ​ដល់​ការ​ អភិវឌ្ឍ ​វិស័យ​ កសិកម្ម​ នៅ​កម្ពុជា។  បញ្ហា​នេះ ត្រូវ​ បាន​លើក​ឡើង ​ក្រោយ​ពេល​ កម្ដៅ​ បរិយាកាស ​បង្ក​ ឲ្យ​មាន​ គ្រោះ​រាំង​ស្ងួត ​នៅ​ក្នុង​ប្រទេស ​កម្ពុជា បាន​កើន​ឡើង​ ខ្ពស់ ​ដែល​បង្ក​ឡើង​ ដោយ​រលក​ កម្ដៅ​ បាតុភូត ​អេលនីណូ (El Nino)។


តំណាង​បណ្ដាញ​កសិករ​ក្នុង​វិស័យ​កសិកម្ម លោក ស៊ឹម រ៉ុម លើក​ឡើង​ថា បញ្ហា​គ្រោះ​រាំង​ស្ងួត​បាន​ក្លាយ​ជា​ឧបសគ្គ​រាំងស្ទះ​ដល់​ដំណើរការ​ ផលិតកម្ម ពិសេស​ជំរុញ​ឲ្យ​គ្រួសារ​កសិករ​ខ្នាត​តូច​នៅ​កម្ពុជា មួយ​ចំនួន​កាន់​តែ​ក្រីក្រ​ទៅៗ។ ជាង​នេះ​ទៀត លោក​ថា គ្រោះ​រាំង​ស្ងួត​ក៏​ជា​មូលហេតុ​សំខាន់​មួយ​ក្នុង​ចំណោម​មូលហេតុ​ជា​ច្រើន ដែល​ជំរុញ និង​កំពុង​គំរាមកំហែង​ដល់​ដំណើរការ​ផលិតកម្ម​កសិកម្ម សុខភាព​មនុស្ស សត្វ និង​អាច​ប៉ះពាល់​បន្ត​ទៅ​ដល់​ជីវភាព​របស់​ប្រជាជន និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ៖ «អាកាសធាតុ​រាំង​ស្ងួត​ធ្វើ​ដាំ​ដំណាំ និង​បន្លែ​មិន​បាន ព្រោះ​តែ​អាកាសធាតុ​ក្ដៅ​ខ្លាំង វា​ក៏​ប៉ះពាល់​ដល់​សុខភាព មនុស្ស សត្វ ពិសេស​ធ្វើ​ស្រែ​ក៏​មិន​បាន ដោយសារ​រដូវ​វស្សា​យឺតយ៉ាវ​ពេក។»

​តំណាង​បណ្ដាញ​កសិករ​ក្នុង​វិស័យ​កសិកម្ម​រូប​នេះ ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​កសិករ​នៅ​ទី​ជនបទ​នៅ​តែ​ធ្វើ​ស្រែ​តាម​ទម្លាប់​បុរាណ ធ្វើ​កសិកម្ម​រំពឹង​ទឹក​ភ្លៀង ឬ​ហៅ​ថា កសិកម្ម​ប្រវាស់​មេឃ​នោះ។ លោក​បន្ត​ថា ទម្លាប់​ទាំង​នេះ​មិន​បាន​ផ្តល់​ផល​ចំណេញ និង​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម​នោះ​ទេ ខណៈ​កម្ពុជា បន្ត​ជួប​គ្រោះ​រាំងស្ងួត​ដែល​អូស​បន្លាយ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ នេះ។ ហេតុនេះ លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​គិតគូរ និង​ដោះស្រាយ​បញ្ហា​រាំងស្ងួត​នេះ​ជា​បន្ទាន់៖ «ខ្ញុំ​សូម​សំណូមពរ​ដល់​រដ្ឋាភិបាល គួរ​តែ​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​កន្លែង​ដែល​រងគ្រោះ​ខ្លាំង ពិសេស​តំបន់​ដែល​ខ្វះ​ទឹក យ៉ាង​ហោច​ណាស់​ឲ្យ​គាត់​អាច​មាន​លទ្ធភាព​ខ្លះ​ដោះស្រាយ​ជីវភាព និង​ការ​ដាំដុះ​បាន​ខ្លះ។»

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា លោក សម វិទូ មាន​ប្រសាសន៍​ថា គ្រោះ​រាំងស្ងួត​ដែល​បណ្ដាល​មក​ពី​រលក​កម្ដៅ​បាតុភូត​អេលនីណូ ដែល​បាន​អូស​បន្លាយ ២​ឆ្នាំ​ជាប់​គ្នា​មក​នេះ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ការ​ដាំដុះ ការ​ចិញ្ចឹម​សត្វ​ប៉ុណ្ណោះ​ទេ តែ​គ្រោះ​រាំង​ស្ងួត​ក៏​ជា​មូលហេតុ​ចម្បង​ជំរុញ​ឲ្យ​មាន​ការ​ថយ​ចុះ​កម្លាំង ​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម ពិសេស​យុវជន​ផង​ដែរ។ បញ្ហា​នេះ នឹង​ប៉ះពាល់​ដល់​ការ​ធានា​តុល្យភាព​ស្បៀង​ទៅ​ថ្ងៃ​មុខ។

លោក​បញ្ជាក់​ដែរ​ថា ខណៈ​កម្ពុជា ជួប​គ្រោះ​រាំង​ស្ងួត លោក​សង្កេត​ឃើញ​ប្រព័ន្ធ​ធារាសាស្ត្រ​កម្ពុជា ភាគ​ច្រើន​ពឹង​ផ្អែក​ទាំង​ស្រុង​តែ​ទៅ​លើ​ទឹក​ភ្លៀង​ប៉ុណ្ណោះ មិន​ទាន់​ឃើញ​មាន​យន្តការ​ច្បាស់លាស់​ក្នុង​ការ​ប្រើប្រាស់​ទឹក​ឲ្យ​មាន​ ប្រសិទ្ធភាព ដូចជា ប្រព័ន្ធ​ធារាសាស្ត្រ ការ​រៀបចំ​ប្រព័ន្ធ​ទឹក​បង្ហូរ​ចូល​ស្រែ ឬ​ទាញ​ដើម្បី​ប្រយោជន៍​ដល់​វិស័យ​កសិកម្ម និង​ការ​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​កសិករ​កម្ពុជា នៅ​ឡើយ៖ «ប្រព័ន្ធ​ ធារាសាស្ត្រ​នៅ​កម្ពុជា សព្វ​ថ្ងៃ​នេះ មិន​អាច​ផ្គត់ផ្គង់​សម្រាប់​កសិករ​ទេ ប្រព័ន្ធ​ធារាសាស្ត្រ​ដែល​មាន​សព្វថ្ងៃ​នេះ ក៏​នៅ​តែ​ពឹងផ្អែក​តែ​ទៅ​លើ​ទឹក​ភ្លៀង​ដដែល ហើយ​ខ្ញុំ​គិត​ថា ប្រព័ន្ធ​ធារាសាស្ត្រ​ដែល​យក​ល្អ​មែន គួរ​តែ​យើង​មាន​ប្រព័ន្ធ​ប្រឡាយ​មេ ដែល​យើង​អាច​ភ្ជាប់​ទៅ​នឹង​បឹង និង​ទន្លេ ដែល​អាច​រក្សា​ទឹក​ជាប់​ជា​ប្រចាំ ទើប​អាច​បម្រើ​វិស័យ​កសិកម្ម​បាន។»

​បញ្ហា​គ្រោះ​រាំង​ស្ងួត​នេះ​ដែរ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​ប្រទេស​កម្ពុជា លោក ច្សច អេដហ្គា (George EDGAR) មាន​ប្រសាសន៍​ថា បញ្ហា​អាកាសធាតុ​ឡើង​កម្ដៅ ឬ​ក៏​គ្រោះ​រាំង​ស្ងួត បាន​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​កសិករ​កម្ពុជា។ លោក​ឲ្យ​ដឹង​ថា ដោយ​មើល​ឃើញ​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​នេះ សហភាព​អឺរ៉ុប បាន​ប្ដេជ្ញា​ជំរុញ​ឲ្យ​បណ្ដា​ប្រទេស​លើ​ពិភពលោក​ចូល​រួម​កាត់​បន្ថយ​បញ្ហា​ នេះ​ឲ្យ​បាន ៩០% នៅ​ត្រឹម​ឆ្នាំ​២០៥០។ ប៉ុន្តែ​លោក​ក៏​ជំរុញ​ឲ្យ​កម្ពុជា គួរ​តែ​រិះរក​វិធានការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​សម្រប​ខ្លួន​នឹង​បញ្ហា​នេះ។

អ្នក​នាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ចាន់ យុត្ថា ឲ្យ​ដឹង​ថា គ្រោះ​រាំងស្ងួត​ដែល​បណ្ដាល​ឲ្យ​ខ្វះ​ទឹក​ប្រើប្រាស់ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ដំណាំ​កសិកម្ម និង​ពលរដ្ឋ​ជាង ៥​ម៉ឺន​គ្រួសារ​នៅ​ទូទាំង​ប្រទេស។ លោក​បញ្ជាក់​ថា ខេត្ត​ដែល​ប៉ះពាល់​ខ្លាំង​ជាង​គេ គឺ​ខេត្ត​កំពង់ធំ និង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​រហូត​ជាង ២​ម៉ឺន​គ្រួសារ។ ​លោក​បញ្ជាក់​ទៀត​ថា ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​កម្ពុជា មិន​ទាន់​អាច​គ្រប​ដណ្ដប់ និង​មាន​លទ្ធភាព​ស្រោចស្រព​លើ​ផ្ទៃដី​កសិកម្ម​បាន ១០០% នៅ​ឡើយ​ទេ ជាក់ស្ដែង​បាន​ត្រឹម​ជាង ៥០% ប៉ុណ្ណោះ។

ទោះជា​យ៉ាងណាក៏ដោយ លោក​ថា ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ រដ្ឋាភិបាល​បាន​កសាង​បណ្ដាញ​ប្រព័ន្ធ​ធារាសាស្ត្រ​មេ​ទឹក​សំខាន់ៗ ក្នុង​នោះ​ដូចជា​នៅ​ខេត្ត​ស្វាយរៀង កំពង់ធំ ពោធិ៍សាត់ និង​បាត់ដំបង ជាដើម៖ «ក្រសួង ​ធនធាន​ទឹក នៅ​តែ​ចាត់​ទុក​បញ្ហា​ខ្វះ​ទឹក​ជា​រឿង​ដែល​ជា​អាទិភាព ដែល​យើង​តែង​យក​ចិត្ត​ទុក​ដាក់ ហើយ​យើង​បាន​កំពុងតែ​កសាង​ប្រព័ន្ធ​ធារាសាស្ត្រ និង​ហេដ្ឋារចនាសម្ព័ន្ធ​រាល់​ថ្ងៃ​ជាក់ស្ដែង។ យើង​បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​ធំ គឺ​គម្រោង​វ៉ៃកូ ដែល​បាន​គ្រប​ដណ្ដប់​លើ​មួយ​ផ្នែក​នៃ​ខេត្ត​ត្បូងឃ្មុំ កំពង់ចាម និង​ព្រៃវែង ហើយ​យើង​នឹង​ត​ភ្ជាប់​មក​ទន្លេ​វ៉ៃកូ ខេត្ត​ស្វាយរៀង បន្ថែម​ទៀត អ៊ីចឹង​រដ្ឋាភិបាល​កំពុង​គិតគូរ​ខ្លាំង​ណាស់​លើ​វិស័យ​នេះ។»

របាយការណ៍​ហានិភ័យ​ឆ្នាំ​២០១៥ របស់​អង្គការ​សហប្រជាជាតិ ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​ទី​៩ ដែល​ងាយ​រងគ្រោះ​ជាង​គេ​ដោយសារ​គ្រោះ​មហន្តរាយ​នៅ​លើ​ពិភពលោក ដែល​ជា​ឧបសគ្គ​ដល់​ដំណើរ​ការ​អភិវឌ្ឍ​សម្រាប់​ប្រទេស​នេះ។ ករណី​នេះ បាន​ធ្វើ​ឲ្យ​ខូចខាត​ដល់​វិស័យ​សំខាន់ៗ​មួយ​ចំនួន ដូចជា កសិកម្ម សេដ្ឋកិច្ច សុខភាព និង​អប់រំ​ជាដើម។ ជាង​នេះ​ទៀត បើ​តាម​តួលេខ​ព្យាករណ៍​របស់​អង្គការ​សុខភាព​ពិភពលោក នៅ​រវាង​ពី​ឆ្នាំ​២០៣០ ដល់​ឆ្នាំ​២០៥០ ការ​ប្រែប្រួល​អាកាសធាតុ នឹង​អាច​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​បន្ថែម​ប្រមាណ ២៥​ម៉ឺន​នាក់ (២៥០.០០០​នាក់) ក្នុង​មួយ​ឆ្នាំៗ ក្នុង​នោះ​ជិត ៤​ម៉ឺន​នាក់ (៣៨.០០០​នាក់) ស្លាប់​ដោយសារ​កម្ដៅ​ខ្លាំង ជិត ៥​ម៉ឺន​នាក់ (៤៨.០០០​នាក់) ដោយ​ការ​រាករូស ៦​ម៉ឺន​នាក់​ដោយ​រោគ​គ្រុនចាញ់ និង​ជិត ១០​ម៉ឺន​នាក់ (៩៥.០០០​នាក់) ជា​កុមារ​ដោយសារ​កង្វះ​ចំណី​អាហារ។

កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៦ កន្លង​ទៅ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ណែនាំ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ រួម​នឹង​មន្ទីរ​ធនធាន​ទឹក​បង្កើន​ការ​យក​ចិត្ត​ដាក់​ដោះស្រាយ​បញ្ហា​កង្វះ​ ទឹក​ជូន​ប្រជាពលរដ្ឋ​រហូត​ដល់​ពេល​មាន​ភ្លៀង​ធ្លាក់ ពិសេស​ក៏​អំពាវនាវ​ឲ្យ​កសិករ​សន្សំសំចៃ​ទឹក​ទុក​ប្រើប្រាស់ ដោយសារ​តែ​កម្ពុជា ជួប​គ្រោះ​ក្ដៅ​ខ្លាំង​ហើយ​អូស​បន្លាយ​រយៈពេល​យូរ។ ប៉ុន្តែ​កសិករ និង​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​ក្នុង​វិស័យ​កសិកម្ម​យល់​ថា ទោះបីជា​កន្លង​មក​មាន​ការ​អំពាវនាវ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កាន់​មន្ត្រី​ពាក់ព័ន្ធ និង​មាន​ការ​សន្យា​ជា​ច្រើន​លើក​ច្រើន​សា​ពី​ស្ថាប័ន​ពាក់ព័ន្ធ ថា​នឹង​ចាត់​វិធានការ​ដោះស្រាយ​បញ្ហា​រាំង​ស្ងួត​ក្ដី​ តែ​ហាក់​នៅ​តែ​គ្មាន​ប្រសិទ្ធភាព។ ផ្ទុយ​ទៅ​វិញ វិស័យ​កសិកម្ម​នៅ​កម្ពុជា នៅ​តែ​អន់​ខ្សោយ បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង ពិសេស​ការ​ថយ​ចុះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​នេះ នៅ​តែ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​ប្រជាកសិករ​កម្ពុជា នៅ​តែ​រស់​នៅ​ក្នុង​ស្ថានភាព​ក្រីក្រ៕



No comments:

Post a Comment