Paris Peace Accords 23 Oct. 1991

Monday, April 25, 2016

គណបក្ស​ សង្គ្រោះ​ជាតិ​ អំពាវនាវ​ ឲ្យ​ដោះ​លែង​ មេ​ឃុំ​ នៅ​ខេត្ត​ កំពង់ចាម​ ដោយ​ឥត​លក្ខខណ្ឌ | CNRP calls for unconditional release of commune chief in Kampong Cham

ឱម យ៉ិនទៀង ២០១៦ ៨៥៥
ប្រធាន​ អង្គភាព ​ប្រឆាំង ​អំពើ ​ពុករលួយ លោក ឱម យ៉ិនទៀង ថ្លែង​ទៅ​កាន់ ​ក្រុម​យុវជន ​ក្នុង​កម្មវិធី ​ប្រកាស​លទ្ធផល ​នៃ​ការ​ធ្វើ​ កោសល្យវិច័យ ​ខ្សែ​អាត់​ សំឡេង​ ដែល​គេ​ ចោទ​ថា ជា​សំឡេង ​របស់​លោក កឹម សុខា ជាមួយ ​ស្រី​កំណាន់ នៅ​ថ្ងៃ​ទី​២៤ មីនា ឆ្នាំ​២០១៦។ RFA/Cheu Sideth

គណបក្ស​ សង្គ្រោះ​ជាតិ​ អំពាវនាវ​ ឲ្យ​ដោះ​លែង​ មេ​ឃុំ​ នៅ​ខេត្ត​ កំពង់ចាម​ ដោយ​ឥត​លក្ខខណ្ឌ

RFA / វិទ្យុ អាស៊ី សេរី |  មេសា ២០១៦


មេ​ឃុំ​ មក​ពី​គណបក្ស សម រង្ស៊ី នៅ​ឃុំ​ ស្រក ស្រុក​ កំពង់សៀម ខេត្ត​ កំពង់ចាម ឈ្មោះ ស៊ាង ចែត ត្រូវ​ បាន​អង្គភាព ​ប្រឆាំង​ អំពើ​ ពុក​រលួយ ចាប់​ខ្លួន​ នៅ​ព្រឹក ​ថ្ងៃ​ទី​២៤ មេសា ទាក់ទង​ នឹង​ករណី​ ចោទ​ប្រកាន់ ​របស់ ​កញ្ញា ខុម ចាន់តារាទី ហៅ ស្រី​មុំ។  គណបក្ស​ សង្គ្រោះ​ជាតិ ហៅ​ការ​ចាប់​ខ្លួន​នេះ រឹត​តែ ​ធ្វើ​ឲ្យ​ ស្ថានការណ៍​ នយោបាយ​ តានតឹង។


គណបក្ស​ សង្គ្រោះ​ជាតិ ចេញ​សេចក្ដី​ ថ្លែងការណ៍ ​អំពាវនាវ​ ឲ្យ​អាជ្ញាធរ ដោះ​លែង​ មន្ត្រី​ របស់​ខ្លួន​ ឈ្មោះ​ លោក ស៊ាង ចែត មេ​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ជា​បន្ទាន់ និង​ឥត​លក្ខខណ្ឌ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​នៅ​ល្ងាច​ថ្ងៃ​ទី​២៤ មេសា ថា ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អំពាវនាវ​ឲ្យ​ដោះ​លែង​លោក ស៊ាង ចែត នេះ គឺ​ដើម្បី​បន្ធូរបន្ថយ​បរិយាកាស​តានតឹង​ផ្នែក​នយោបាយ៖ «ព្រោះ​ចាប់​មិន​ទាន់​មាន​មនុស្ស​ចោទ​ប្រកាន់ មិន​ទាន់​ស៊ើប​អង្កេត​បាន​ត្រឹមត្រូវ​ផង ទៅ​ចាប់​មនុស្ស​ភ្លាមៗ ហើយ​យើង​បាន​បញ្ជាក់​ហើយ​ថា​ឲ្យ​ដោះ​លែង ហើយ​បន្ធូរបន្ថយ​ស្ថានការណ៍​នយោបាយ»

មេ​ឃុំ​ស្រក លោក ស៊ាង ចែត ជា​មេ​ឃុំ​មក​ពី​បក្ស​ប្រឆាំង​តែ​មួយ​គត់ គឺ​គណបក្ស សម រង្ស៊ី ដែល​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។

លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា វេលា​ម៉ោង ១០ និង ៣០​នាទី ព្រឹក​ថ្ងៃ​ទី​២៤ មេសា ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ គឺ​លោក ឱម យ៉ិនទៀង ជា​អ្នក​ដឹក​នាំ​កម្លាំង​ទៅ​ចាប់​ខ្លួន​លោក ស៊ាង ចែត ដោយ​ផ្ទាល់ នៅ​សាលា​ស្រុក​កំពង់សៀម ខណៈ​ដែល​លោក ស៊ាង ចែត ទៅ​ធ្វើ​ការ​រដ្ឋបាល​នៅ​ទីនោះ។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​ចាប់​ខ្លួន​នេះ​ទេ​នៅ​ថ្ងៃ​ទី​២៤ មេសា។
រីឯ​អធិការ​ស្រុក​កំពង់សៀម លោក ជា ធារិទ្ធ មាន​ប្រសាសន៍​ថា លោក​មិន​បាន​ចូលរួម​ចាប់​ខ្លួន​លោក ស៊ាង ចែត ទេ ហើយ​លោក​ក៏​មិន​ដឹង​អំពី​ហេតុការណ៍​ចាប់​ខ្លួន​នេះ​ដែរ។

លោក ស៊ាង ចែត មេ​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចាប់​ខ្លួន​មួយ​ថ្ងៃ បន្ទាប់​ពី​មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ចេញ​សេចក្ដី​ថ្លែងការណ៍​ពិសេស​មួយ ថ្កោលទោស​ដាច់​អហង្ការ និង​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច ឲ្យ​ស្រាវជ្រាវ និង​ចាត់​វិធានការ​ម៉ឺងម៉ាត់​ចំពោះ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​របស់​កញ្ញា ខុម ចាន់តារាទី ហៅ ស្រី​មុំ។ ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ សរសេរ​ថា លោក ស៊ាង ចែត បាន​បញ្ចុះបញ្ចូល​លួងលោម​ឲ្យ​កញ្ញា ស្រី​មុំ និយាយ​កុហក​ពី​ការ​ពិត​ប្រាប់​មហាជន សារព័ត៌មាន និង​សមត្ថកិច្ច អំពី​រឿង​ទំនាក់ទំនង​ស៊ី​ជម្រៅ​ជាមួយ​លោក កឹម សុខា។ ការ​លួងលោម​នេះ ដោយ​សន្យា​ថា នឹង​ជួយ​ឲ្យ​បាន​ទៅ​រស់នៅ​ក្រៅ​ប្រទេស។

ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​លោក ស៊ាង ចែត នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត ​កំពង់ចាម លោក ប៊ូ វីរៈ បញ្ជាក់​ថា លោក​បាន​ទទួល​ដំណឹង​ក្រោយ​ពេល​ដែល​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នាំ​លោក ស៊ាង ចែត ចេញ​ទៅ​រាជធានី​ភ្នំពេញ។ លោក​ថា​នឹង​ស៊ើប​អង្កេត​បញ្ហា​នេះ​បន្ត។

លោក អេង ឆៃអ៊ាង ថ្កោលទោស​ចំពោះ​ការ​ចាប់​ខ្លួន​នេះ ពីព្រោះ​ថា ការ​ចាប់​ខ្លួន​ដោយ​យោង​លើ​ការ​ចោទ​ប្រកាន់​របស់​កញ្ញា ស្រី​មុំ នេះ មិន​ខុស​ពី​សម័យ​ខ្មែរ​ក្រហម​នោះ​ឡើយ។ នៅ​សម័យ​ខ្មែរ​ក្រហម ឲ្យ​តែ​អ្នក​ណា​ឆ្លើយ​ដាក់​អ្នក​ណា​ម្នាក់ គឺ​កម្មាភិបាល​ខ្មែរ​ក្រហម​ទៅ​ចាប់​ខ្លួន​បន្ត​អ្នក​នោះ​ភ្លាម។ លោក​អំពាវនាវ​ដល់​អាជ្ញាធរ កុំ​ឲ្យ​យក​គំរូ​តាម​របប​ខ្មែរ​ក្រហម​ចំពោះ​សកម្មភាព​បែប​នេះ​ត​ទៅ​ទៀត។

រហូត​មក​ដល់​ពេល​នេះ ទាំង​មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់លាស់​ទេ​អំពី​បទ​ចោទ​ប្រកាន់ និង​ទីកន្លែង​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បញ្ជូន​លោក ស៊ាង ចែត ទៅ​សួរ​នាំ​នោះ៕



គណបក្ស​ សង្គ្រោះ​ជាតិ​ អំពាវនាវ​ ឲ្យ​ដោះ​លែង​ មេ​ឃុំ​ នៅ​ខេត្ត​ កំពង់ចាម​ ដោយ​ឥត​លក្ខខណ្ឌ




No comments:

Post a Comment