លោក ហ៊ុន សែន៖ លោក អ៊ុំ សំអាន ឆ្កឹះ កកាយ រឿងព្រំដែន បំណង ញុះញង់ និងទម្លាក់ នាយករដ្ឋមន្ត្រី
RFA / វិទ្យុ អាស៊ី សេរី | ២២ មេសា ២០១៦
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង ថា, ការចាប់ខ្លួន អ្នកតំណាងរាស្ត្រ គណបក្សប្រឆាំង លោក អ៊ុំ សំអាន គឺ ត្រឹមត្រូវ តាមច្បាប់ ព្រោះ ជំរុញ ឲ្យមាន ជម្លោះ ជាមួយ ប្រទេស ជិតខាង ក្នុងការផ្សព្វផ្សាយ ផែនទី និងប្រើ ពាក្យសម្ដី ក្នុងទិសដៅ ញុះញង់ បំផុសបំផុល ឲ្យមាន ជម្លោះ ជាមួយប្ រទេស ជិតខាង និងមាន ទិសដៅ ទម្លាក់ នាយករដ្ឋមន្ត្រី។ ការថ្លែងនេះ នៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព នៅថ្ងៃ ទី២២ ខែមេសា។ មន្រ្តី គណបក្ស សង្រ្គោះជាតិ នៅតែ ចាត់ទុកលោក អ៊ុំ សំអាន ថា, ជាអ្នក រងគ្រោះ ដោយសារ ឈឺឆ្អាល និងគិតគូរ ពីបញ្ហា ប្រទេសជាតិ។
មន្ត្រី គណបក្ស សង្គ្រោះជាតិ ទាមទារ ឲ្យមាន ការដោះស្រាយ ករណី ចាប់ខ្លួន តំណាងរាស្ត្រ ដែលសកម្មក្នុង រឿងព្រំដែន គឺ លោក អ៊ុំ សំអាន តាមផ្លូវ នយោបាយ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា លោក អ៊ុំ សំអាន គឺជាជនរងគ្រោះដោយសារតែគាត់ឈឺឆ្អាល និងមានស្មារតីគិតគូរពីប្រទេសជាតិ មានទឹកចិត្តស្នេហាជាតិ។ លោកថា បញ្ហានេះម្ចាស់ឆ្នោតជាអ្នកវិនិច្ឆ័យ៖ «យើងដឹងហើយថា រឿងនេះជារឿងនយោបាយ វាត្រូវតែដោះស្រាយតាមផ្លូវនយោបាយ ហើយការដោះស្រាយចេញមិនចេញ គឺយើងចាំមើលលទ្ធផលទៅមុខទៀត។ ក៏ប៉ុន្តែអ្នកដែលស្រលាញ់យុត្តិធម៌អាចនឹងជួយបាន គឺប្រជាពលរដ្ឋគាត់ត្រូវត្រិះរិះពិចារណា ហើយថា ជម្រើសរបស់គាត់សម្រាប់ការបោះឆ្នោតក្នុងពេលខាងមុខ ថាតើគាត់ចង់បានសង្គមមួយដែលមានអំពើអយុត្តិធម៌បែបហ្នឹង ឬមួយក៏គាត់ចង់បានសង្គមមួយដែលយុត្តិធម៌?»
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ថ្លែងបែបនេះឆ្លើយតបទៅនឹងប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានលើកឡើងជុំវិញករណីចាប់ខ្លួនលោក អ៊ុំ សំអាន នៅក្នុងកិច្ចប្រជុំនាវិមានសន្តិភាពទីស្ដីការគណៈរដ្ឋមន្ត្រី។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ការចាប់ខ្លួនអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន គឺត្រឹមត្រូវតាមច្បាប់ ព្រោះជាបទល្មើសជាក់ស្ដែង ដែលជំរុញឲ្យមានជម្លោះជាមួយប្រទេសកម្ពុជា ជាមួយប្រទេសជិតខាង។
លោកថា មិនត្រឹមតែប៉ុណ្ណោះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយផែនទី និងប្រើពាក្យសម្ដីក្នុងទិសដៅញុះញង់ និងបំផុសបំផុលឲ្យមានជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសជិតខាង និងមានទិសដៅទម្លាក់នាយករដ្ឋមន្ត្រី៖ «ដូច្នេះការបន្តលើកឡើង របស់អ្នកតំណាងរាស្ត្ររូបនេះ មិនមានទិសដៅដោះស្រាយពិនិត្យមើល និងដោះស្រាយបញ្ហាព្រំដែន និងការប្រើប្រាស់ផែនទីទេ គឺមានទិសដៅផ្សេង គឺញុះញង់ និងបំផុសបំផុលឲ្យរឿងជាមួយប្រទេសជិតខាង និងទិសដៅទម្លាក់នាយករដ្ឋមន្ត្រី។»
កាលពីថ្ងៃទី១១ ខែមេសា អ្នកតំណាងរាស្ត្រ អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយឃុំបណ្ដោះអាសន្ននៅនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃ។ មួយថ្ងៃបន្ទាប់ពីការចាប់ខ្លួន លោក អ៊ុំ សំអាន ត្រូវបានចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ ចេញដីកាឲ្យឃុំខ្លួនបណ្ដោះអាសន្ននៅគុកព្រៃស ដោយចោទប្រកាន់ពីរបទល្មើស គឺញុះញង់ឲ្យប្រព្រឹត្តិអំពើឧក្រិដ្ឋ និងញុះញង់ឲ្យមានការរើសអើងជាអាទិ៍ នៃក្រមព្រហ្មទណ្ឌ។
ចំណែកនាយកប្រតិបត្តិទទួលបន្ទុកតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) មានប្រសាសន៍ថា ការបង្ហោះឯកសារនៅលើហ្វេសប៊ុក (Facebook) វាមិនមែនជាបទឧក្រិដ្ឋទេ ប៉ុន្តែគឺជាការសម្ដែងទស្សនៈរបស់មនុស្សគ្រប់រូប ហើយការជឿ ឬមិនជឿលើព័ត៌មាននោះ អាស្រ័យលើការយល់ឃើញរបស់មហាជន។ លោកថា នាយករដ្ឋមន្ត្រីកម្ពុជា ទៅវិញទេ ដែលមិនយល់អំពីពាក្យថា «បទល្មើស ជាក់ស្ដែង។»
លោក ប៊្រែដ អាដាម៖ «ជាក់ស្ដែងណាស់ លោក ហ៊ុន សែន និងមន្ត្រីផ្នែកច្បាប់របស់លោក មិនយល់ពីអ្វីដែលរដ្ឋធម្មនុញ្ញបានចែងនោះឡើយ ឬក៏មិនយល់ពីអ្វីទៅជាបទល្មើសជាក់ស្ដែងនោះទេ។ បទល្មើសជាក់ស្ដែងមានន័យថា អ្នកប្រព្រឹត្តបទល្មើសត្រូវគេចាប់បានក្នុងពេលកំពុងប្រព្រឹត្ត បទល្មើសតែម្ដង។ មូលហេតុដែលរដ្ឋធម្មនុញ្ញកម្ពុជា ក៏ដូចជារដ្ឋធម្មនុញ្ញដទៃទៀតនៅលើពិភពលោក អនុញ្ញាតឲ្យមានការចាប់ខ្លួនមន្ត្រីរាជការដែលមានអភ័យឯកសិទ្ធិ ក្នុងករណីបទល្មើសជាក់ស្ដែងនោះ គឺដោយសារថា បើមិនចែងដូច្នេះទេ សមត្ថកិច្ចមិនអាចចាប់ខ្លួនបុគ្គលនោះបានទេ ក្នុងករណីបុគ្គលដែលមានអភ័យឯកសិទ្ធិទៅប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម ធ្ងន់ធ្ងរណាមួយ។ គ្មានប្រទេសណាមួយអនុញ្ញាតឲ្យមានរឿងអ៊ីចឹងកើតឡើងទេ។ បទល្មើសជាក់ស្ដែង គឺសំដៅករណីដែលបុគ្គលណាមួយកំពុងប្រព្រឹត្តបទឧក្រិដ្ឋហិង្សា ឬមួយក៏ចោរកម្ម បទល្មើសទាំងឡាយដែលកំពុងកើតឡើង ហើយក្នុងករណីនោះ សមត្ថកិច្ចអាចធ្វើសកម្មភាពបាន ពួកគេមិនចាំបាច់ត្រូវរង់ចាំស្នើសុំទៅរដ្ឋសភាឲ្យដកអភ័យឯកសិទ្ធិ របស់បុគ្គលនោះទេ។ ប៉ុន្តែបន្ទាប់ពីការចាប់ខ្លួននោះមក បើសមត្ថកិច្ចចង់បន្តនីតិវិធីចោទប្រកាន់ សមត្ថកិច្ចត្រូវស្នើសុំទៅរដ្ឋសភាឲ្យដកអភ័យឯកសិទ្ធិរបស់បុគ្គល នោះ។ វាមិនត្រូវបានគេយកមកអនុវត្តក្នុងករណីបទចោទណា ដែលត្រូវបានប្រព្រឹត្តក្នុងពេលអតីតកាលនោះទេ ដូចជាលើសពី ២ ម៉ោង ៥ម៉ោង ២ថ្ងៃ ៥ថ្ងៃ ៦ខែ ឬ ១ឆ្នាំមុននោះឡើយ។»
នៅក្នុងកិច្ចប្រជុំនាវិមានសន្តិភាពនៃទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែមេសា ក្រៅអំពីការលើកពីករណីលោក អ៊ុំ សំអាន កិច្ចពិភាក្សានេះបានលើរបៀបវារៈសំខាន់ៗ រួមមានមកពិភាក្សាគឺសេចក្ដីព្រាងច្បាប់ស្ដីពីយុត្តិធម៌អនីតិជន សេចក្ដីព្រាងផែនការមេ ឆ្ពោះទៅជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (២០១៦-២០២៣)។ ចុងក្រោយពិភាក្សាពីបញ្ហាផ្សេងៗ លើសំណើយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ «កិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ស្ដីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ៕»
No comments:
Post a Comment