Paris Peace Accords 23 Oct. 1991

Friday, April 8, 2016

តូបលក់ដូរ ​ជាង១២០០ នៅផ្សារ ស្ទឹងត្រែង​ ត្រូវ បានឆេះ ទាំងស្រុង | Over 1,200 market stalls in Stung Treng completely destroyed in fire

តូបលក់ដូរ ​ជាង១២០០ នៅផ្សារ ស្ទឹងត្រែង​ ត្រូវ បានឆេះ ទាំងស្រុង

VOD / វីអូឌី | ៨ មេសា ២០១៦​

 (រូបថត ពីហ្វេសប៊ុក)


តូប​លក់ដូរ​ របស់ អាជីវករ ជាង​ ១២០០​តូប នៅ​ផ្សារ​ ស្ទឹងត្រែង ត្រូវ​ បានឆេះ ទាំងស្រុង កាលពីយប់ ថ្ងៃ​ព្រហស្ប​តិ៍ ដោយ​អាជ្ញាធរ​ អះអាង ​ថា​ មិនអាច គ្រប់គ្រង​ ការពន្លត់​ បាន​ បើ ទោះមាន រថយន្ត ពន្លត់អគ្គិភ័យ ក៏ដោយ។​


ស្នងការ នគរបាល ​ខេត្ត​ស្ទឹងត្រែង លោក ម៉ៅ តារា ប្រាប់វីអូឌី នៅព្រឹក ថ្ងៃ​សុក្រនេះ ​ថា, ​កាលពីយប់ ម៉ោង​១០ និង​​៥នាទី មាន​ហេតុការណ៍​ ឆេះផ្សារ​ ស្ទឹងត្រែង ដោយ​លោក​ បញ្ជាក់​ថា, ភ្លើង បានចាប់ផ្តើម ឆេះ ពីកណ្តាល​ ផ្សារ​, ហើ​យ​​ បណ្តាល​ ឲ្យ​ ហ្គាស មួយចំនួន​ផ្ទុះ ទើប​ មានការ រាលដាល ខ្លាំង។  លោក​ បញ្ជាក់ថា​, ដោយ​សារ​ បញ្ហា​នេះ សមត្ថកិច្ច​ មិន​អាច គ្រប់គ្រង​ ការពន្លត់ ​បាន​ភ្លាមៗ នោះទេ។​


លោក​ មានប្រសាសន៍ ថា៖ «ដល់ទៅផ្ទុះ ហ្គាសហ្នឹង គឺ ឆាបឆេះ វឹងៗ, គឺ ថា, ​ផ្ទុះមួយគ្រាប់ គឺ ​ឆេះប្រហែល ​៥តូប​ រាល​ដាលហ្មង។  អញ្ចឹង ​ធ្វើ​ឲ្យ​យើង ​ពិបាក​ ក្នុងការ អន្តរាគមន៍​ បាញ់ពន្លត់។  ទីមួយ គឺ ​វា នៅកណ្តាល; យើង​ ចូលបាញ់ អត់ដល់​  ទីពីរ គឺ ផ្ទុះហ្គាស, អញ្ចឹង​ គ្រោះថ្នាក់។  បាយ​ផ្កាភ្លើង សុទ្ធ​តែ ផ្កាភ្លើង ដូច​ផ្សាគ្រាប់ អញ្ចឹង។  គឺ​ ជះពេញមេឃ ទាំងអស់។»



លោក​ បន្ត​ថា​សមត្ថកិច្ចខេត្ត​បានប្រើ​ រថយន្តពន្លត់អគ្គិភ័យខេត្ត​អស់បី​គ្រឿងនិង​រថយន្តពន្លត់​អគ្គិភ័យពី​ខេត្ត​ រតនគិរីនិងក្រចេះថែមទៀត។ លោកបញ្ជាក់ថា៖ «អគ្គិភ័យនេះគឺ​ថាវា​ ឆេះឆាប់ខ្លាំងមែនទែន យើង​មិនអាចគ្រប់គ្រងសភាពការណ៍បានទេ ឃើញដូច្នេះ គឺ​ឯក​ឧត្តម​​អភិបាលខេត្ត លោក​បានបញ្ជា​ឲ្យ​យក​អេស្កាលែតទ័រហ្នឹង​ ទៅ​កាយតូចខាងៗ ដែល​ទើប​ឆេះតិចៗហ្នឹង កុំឲ្យអណ្តាតភ្លើងឆាប​ឆេះទៅដល់​ផ្ទះប្រជាពលរដ្ឋនៅ​ជុំវិញផ្សារហ្នឹង។»


បើតាមស្នងការ​ខេត្ត​ មិនមានមនុស្សស្លាប់​ឬ​រង​របួស​ដោយ​សារ​អគ្គិភ័យនេះ​នោះទេ។​ ទោះជា​យ៉ាងណា លោក​មិនទាន់អាច​បញ្ជាក់ពី​មូលហេតុនៃ​អគ្គិភ័យនេះ​បានទេ។ លោក​មានប្រសាសន៍ថា៖ «ចំពោះ​មូល​ហេតុ យើង​អត់ទាន់អាច​សន្និដ្ឋាន​បានទេ ឥឡូវនេះ​ ឯក​ឧត្តម​អភិបាល​ខេត្ត​លោក​បង្កើត​​ជាគណៈកម្មការ​ស្រាវជ្រាវមួយ ដើម្បីធ្វើ​ការ​ស្រាវជ្រាវជុំវិញបញ្ហានេះ​។»​  លោក​បញ្ជាក់បន្ថែម​​ថា​តូប​អាជីវករ​នៅ​ផ្សារនោះ​មាន​ចំនួន​១២២០តូប​ ហើយ​ត្រូវ​បានឆេះទាំងស្រុង។​

អ្នកស្រី ភិន ភារី អាយុ​៥៤ឆ្នាំ ជាអាជីវករ​លក់ស្បែកជើង​និង​កាបូ​បនៅផ្សារដែលឆេះនោះ អះអាង​ថា​តូប​របស់អ្នកស្រីត្រូវបានឆេះទាំងស្រុង ហើយតាមការប៉ាន់ស្មាន​អស់តម្លៃ​ប្រមាណ​៣ម៉ឺនដុល្លារ។ អ្នកស្រីបន្ត​ថា​អ្នក​ស្រី​មិនទាន់ដឹង​ពី​មូលហេតុឆេះនោះទេ ប៉ុន្តែ​ថា​មិនអាច​មកពីការឆ្លង​ចរន្ត​អគ្គិសនីនោះទេ​ ដោយ​សារ​ផ្សារ​ត្រូវបិទភ្លើងតាំងពី​ម៉ោង​៦ល្ងាច។​ ​ ទោះជា​យ៉ាងណា អ្នកស្រី​បញ្ជាក់ថា​កន្លងទៅ អាជ្ញាធរ​ធ្លាប់​បានស្នើ​ឲ្យ​អាជីវករ​រើទៅលក់​នៅ​ផ្សារ​​ថ្មីពីរកន្លែង​ ផ្សេង​ទៀត តែ​អាជីវករមិនព្រម។​


អ្នកស្រី មានប្រសាសន៍ ថា៖ «មិនដឹងពីមូលហេតុថាពិតប្រាកដ តែគ្រាន់តែដឹងថាមិនមែនមកពីទុស្សេខ្សែភ្លើងឬផ្ទុះហ្គាសទេដោយសារផ្សារហ្នឹង បិទម៉ោង៦ល្ងាចគេបិទទាំអស់ព្រោះគេមិនឱ្យមានភ្លើង ហើយឆេះនៅម៉ោង១០ អញ្ចឹង​ខ្ញុំច្បាស់ណាស់ថាមិនមែនមកពីទុស្សេខ្សែ​ភ្លើងទេ។ កន្លងមកធ្លាប់ឲ្យ​ ពួកយើងរុះរើចេញតែអ្នកលក់ក្នុងផ្សារស្ទឹងត្រែងហ្នឹងមិនពេញចិត្ត ពួកអាជ្ញាធរធ្លាប់ឲ្យ​រើធ្វើសាថ្មីទេ ដោយសារតូបថ្មីថ្លៃពេកពួកអ្នកលក់មិនអាចជួលបាន អញ្ចឹង​ហើយចេះតែមានការមិនពេញចិត្តគ្នាទៅវិញទៅមក‍។»

អ្នកស្រីបញ្ជាក់បន្ថែម​ថា៖ «ឥវ៉ាន់អីទើប ​យក​ចូល​ មិនទាន់ឲ្យ​លុយគេផង ឥឡូវ​ឆេះអស់បាត់ហើយ។ ចង់​ឲ្យ​អាជ្ញា​ធរ​ជួយ​រក​កន្លែង​ឲ្យ​លក់ឲ្យ​បានសមរម្យ ប្រហែលជាលក់នៅតាមសួនច្បារហ្នឹងសិនហើយ ព្រោះ​ផ្សារថ្មីនោះស្ងាត់ណាស់។»
គួរបញ្ជាក់ថា​កាលពីឆ្នាំ​២០០៧ ផ្សារថ្មីខេត្ត​ពោធិ៍សាត់ត្រូវបានឆេះទាំងស្រុងចំថ្ងៃចូល​ឆ្នាំខ្មែរ ហើយ​បន្ទាប់មក​មានការសាងសង់ថ្មី ដោយ​ដាក់ឈ្មោះថាផ្សារហ៊ុន សែន៕



No comments:

Post a Comment