របាយការណ៍៖ សេរីភាព សារព័ត៌មាន នៅកម្ពុជា នៅតែ បន្ត រងការ គំរាមកំហែង
RFA / វិទ្យុ អាស៊ី សេរី | ២១ មេសា ២០១៦
របាយការណ៍ដែលចេញផ្សាយនៅឆ្នាំទី១៤ នេះ (ចេញផ្សាយដំបូងនៅឆ្នាំ២០០២) បាន ឲ្យដឹងថា ប្រទេសកម្ពុជា ធ្វើបានប្រសើរឡើងនូវការកែសម្រួលស្ថានភាពសេរីភាពសារព័ត៌មាន បន្ទាប់ពីផ្លោះចុះចំនួន ១១លេខ ដែលនៅឆ្នាំ២០១៥ កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១៣៩។
បើពិនិត្យប្រៀបធៀបជាមួយប្រទេសក្បែរខាង កម្ពុជា មានស្ថានភាពសេរីភាពសារព័ត៌មានប្រសើរជាងគេ ខណៈប្រទេសវៀតណាម ទទួលបានចំណាត់ថ្នាក់លេខ១៧៥ ឡាវ បានលេខ១៧៣ និងថៃ បានលេខ១៣៦។
ទោះបីជាយ៉ាងណា ការរំកិលទៅរកចំណាត់ថ្នាក់ចំនួនកាន់តែតិចរបស់កម្ពុជា នេះ ត្រូវបាននាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព លើកឡើងថា ស្ថានភាពនៃប្រទេសជិតខាងកម្ពុជា កំពុងវិវឌ្ឍន៍ទៅរកស្ថានភាពកាន់តែរឹតត្បិត៖ «បើ ធៀបនឹងថ្នាក់តំបន់ និងប្រទេសមួយចំនួនដែលមានលក្ខណៈរឹតត្បិតហ្នឹង យើងអាចមើលឃើញថា ប្រទេសយើងហ្នឹងហាក់ដូចជាល្អដែរ។ ប៉ុន្តែបើយើងមើលពីទិដ្ឋភាពជាក់ស្ដែងនៅក្នុងប្រទេសយើង ការប្រឈមរបស់អ្នកកាសែតក្នុងការបំពេញតួនាទីរបស់ខ្លួន គឺនៅតែមានផលលំបាក ហើយមានការប្រឈមនឹងហានិភ័យខ្ពស់។»
ចំណែកអគ្គលេខាធិការនៃអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន លោក គ្រីស្ដូភត៍ ដេលតរ៍ (Christophe Deloire) កត់សម្គាល់ថា ស្ថានភាពសេរីភាពខាងផ្នែកសារព័ត៌មានដាំក្បាលចុះទូទាំងពិភពលោក ហើយលោកបានព្រមានពីការមកដល់នៃ «សករាជថ្មីនៃប្រជាភិថុតិ»។
សន្ទស្សន៍សេរីភាពសារព័ត៌មានសកលឆ្នាំ២០១៦ នេះ វិភាគថា រដ្ឋាភិបាលកម្ពុជា បន្តឈ្លបមើលដោយប្រយោល និងត្រួតពិនិត្យទៅលើប្រព័ន្ធផ្សព្វផ្សាយ ហើយអ្នកសារព័ត៌មានបន្តប្រឈមនឹងគ្រោះថ្នាក់ពេលចុះយកព័ត៌មាន ពិសេសព័ត៌មានរសើបទាក់ទងនឹងការកាប់បំផ្លាញ និងជួញដូរព្រៃឈើ ការនេសាទខុសច្បាប់ ការជួញដូរមនុស្ស និងការរុករកធនធានរ៉ែ។ បន្ថែមពីលើនេះ របាយការណ៍នេះក៏បង្ហាញការព្រួយបារម្ភពីសេចក្ដីព្រាងច្បាប់ ឧក្រិដ្ឋកម្មលើប្រព័ន្ធអ៊ីនធឺណិត ដែលនឹងរឹតត្បិតដល់សេរីភាពសារព័ត៌មាន ដោយការប្រើប្រាស់ការចោទប្រកាន់អ្នកសារព័ត៌មានពីបទធ្វើឲ្យ ប៉ះពាល់ដល់សន្តិសុខជាតិ។
អ្នកកាសែតដែលល្បីឈ្មោះខាងឈ្មុសឈ្មុលរាយការណ៍ពីការកាប់ បំផ្លាញ និងជួញដូរព្រៃឈើខុសច្បាប់ លោក ម៉ៃ ទិត្យថារ៉ា បញ្ជាក់ថា លោកពិតជានៅតែត្រូវគេគំរាមកំហែង ដូចជាការប្ដឹងផ្ដល់ពីក្រុមហ៊ុនដែលពាក់ព័ន្ធនឹងការកាប់បំផ្លាញ ព្រៃឈើនៅកម្ពុជា បន្ទាប់ពីរាយការណ៍ព័ត៌មាន៖ «ហើយ ក្រុមហ៊ុនខ្លះទៅ ក៏ឆ្លៀតយកលុយយកកាក់មកឲ្យយើង ដើម្បីកុំឲ្យផ្សាយ។ ខាងក្រសួងព័ត៌មាន គួរតែជម្រាប ឬប្រាប់ទៅដល់ស្ថាប័នទាំងឡាយដែលនៅតាមខេត្ត មេត្តាកុំធ្វើទុក្ខបុកម្នេញអ្នកសារព័ត៌មាននៅពេលគេចុះទៅតាមតំបន់ ដាច់ស្រយាលអ៊ីចឹង។»
យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង មានប្រសាសន៍ថា ករណីការធ្វើបាបអ្នកកាសែត ភាគច្រើនកើតឡើងតែលើអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈ។ លោកស្នើឲ្យអ្នកសារព័ត៌មានដែលផលិតរឿងរសើបៗ គួររៀនសូត្របន្ថែម និងសុំការសហការពីអាជ្ញាធរ ដើម្បីជៀសវាងគ្រោះថ្នាក់កើតឡើងពេលចុះយកព័ត៌មាន៖ «របាយការណ៍គាត់និយាយច្បោលៗចឹង មិនដឹងថាយ៉ាងម៉េច! ជាទូទៅ អ្នកសារព័ត៌មានដែលធ្វើការតាមវិជ្ជាជីវៈរបស់គាត់ត្រឹមត្រូវ យើងឃើញអត់មានរឿងអីផង។ លើកលែងតែអ្នកព័ត៌មានមួយចំនួនតូច ដែលគាត់យកតួនាទីរបស់គាត់ ប្រើហួសព្រំដែនវិជ្ជាជីវៈព័ត៌មាន ទើបមានបញ្ហា។ ហ្នឹងយើងធ្លាប់ឃើញកន្លងមក។»
កាលពីខែសីហា ឆ្នាំ២០១៥ អ្នកយកព័ត៌មានវីអូឌី (VOD) ចំនួន ពីររូប ត្រូវបានក្រុមសន្តិសុខសាលារាជធានីភ្នំពេញ ឆក់យកកាមេរ៉ា និងគំរាមបោកកាមេរ៉ាចោល ហើយត្រូវបានសន្តិសុខធាក់ ពេលទៅយកព័ត៌មានការធ្វើបាតុកម្មរបស់សហគមន៍បឹងកក់នៅមុខសាលា រាជធានីភ្នំពេញ។
នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានសកលឆ្នាំ២០១៦ ប្រទេសហ្វាំងឡង់ដ៍ (Finland) ហូល្លង់ដ៍ (Netherlands) ន័រវេសន៍ (Norway) ជាប្រទេសជាប់ចំណាត់ថ្នាក់កំពូលៗ ចំណែកឯប្រទេសកូរ៉េខាងជើង (North Korea) ស៊ីរី (Syria) និងចិន (China) ស្ថិតនៅបាតតារាង៕
No comments:
Post a Comment