Paris Peace Accords 23 Oct. 1991

Wednesday, April 20, 2016

ក្រុមហ៊ុន ​មួយ​ចំនួន​ កាត់​បន្ថយ​ បរិមាណ​ នាំ​ចេញ​អង្ករ | Some companies have decreased rice export

ក្រុមហ៊ុន ​មួយ​ចំនួន​ កាត់​បន្ថយ​ បរិមាណ​ នាំ​ចេញ​អង្ករ

RFA / វិទ្យុ អាស៊ី សេរី | ២០ មេសា ២០១៦

 

អង្ករ ផ្កា​រំដួល ៨៥៥ ២០១៦
ស្រូវ និង​អង្ករ​ផ្កា​រំដួល ត្រូវ​បាន​គេ​ដាក់​តាំង​បង្ហាញ​ក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៥ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៦។  RFA/Tha Kitya

ក្រុមហ៊ុន​ នាំ​អង្ករ​ចេញ​ ទៅ​កាន់​ ទីផ្សារ​ អន្តរជាតិ លើក​ឡើង​ ថា, ការ​ឡើង​កម្ដៅ​ អាកាសធាតុ មិន​ត្រឹមតែ ​គំរាមកំហែង​ ដល់​សន្តិសុខ​ ស្បៀង ​ក្នុង​ស្រុក​ ប៉ុណ្ណោះ​ទេ, បញ្ហា​នេះ​ ក៏​កំពុង​ បង្ក​ផល​ប៉ះពាល់​ ដល់​ការ​ នាំ​ចេញ អង្ករ​ ទៅ​កាន់​ ទីផ្សារ ​អន្តរជាតិ​ ថែម​ទៀត។

ទន្ទឹម​គ្នា​នេះ ក្រុមហ៊ុន​ នាំ​អង្ករ​ចេញ​ នៅ​កម្ពុជា មួយ​ចំនួន ​អះអាង​ ថា, ខ្លួន​ បាន​កាត់​បន្ថយ ​បរិមាណ​ នាំ​ចេញ​ ទៅ​កាន់​ ទីផ្សារ​ អន្តរជាតិ។

ម្ចាស់​ក្រុមហ៊ុន​ នាំ​អង្ករ​ចេញ​ ទៅ​កាន់​ ទីផ្សារ​ អន្តរជាតិ អះអាង​ ថា, ការ​កាត់​បន្ថយ ​បរិមាណ​ នាំ​ចេញ​ អង្ករ​ ប្រមាណ ៥០% នៃ​ផែនការ​ នាំ​ចេញ​ អង្ករ​ សរុប​ ទៅ​កាន់ ​ទីផ្សារ​ អន្តរជាតិ ដោយសារ​ ការ​ថយ​ចុះ​ បរិមាណ ​ផលិត​ស្រូវ ​នៅ​ក្នុង​ស្រុក និង​កង្វះ​ ស្រូវ​ ស្តុក​ទុក​ សម្រាប់​ នាំ​ចេញ។  ការ​លើក​ឡើង​នេះ កើត​មាន ​ក្រោយ​ពេល​ កម្ដៅ​ បរិយាកាស​ នៅ​ក្នុង​ប្រទេស​ កម្ពុជា បាន​កើន​ឡើង​ ខ្ពស់​ ដែល​បង្ក​ឡើង​ ដោយ​រលក​ កម្ដៅ​ បាតុភូត​ អេលនីណូ (El Nino) ដែល​ខ្លាំង​ បំផុត ក្នុង​ប្រវត្តិសាស្ត្រ។

ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ និង​ជា​អគ្គនាយក​ក្រុមហ៊ុន អេមរុ រ៉ាយ [AMRU RICE (CAMBODIA) Co., LTD.] ដែល​ជា​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ធំ​មួយ​នៅ​កម្ពុជា លោក សុង សារ៉ន បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា ថា បញ្ហា​ឡើង​កម្ដៅ​អាកាសធាតុ​ដែល​បង្ក​ឲ្យ​រាំង​ស្ងួត មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​កសិករ​កម្ពុជា។ ជាក់ស្ដែង សម្រាប់​ត្រីមាស​ទី​២ ចាប់​ពី​ខែ​មេសា ដល់​ខែ​មិថុនា ក្រុមហ៊ុន​លោក​បាន​សម្រេច​កាត់​បន្ថយ​បរិមាណ​នាំ​ចេញ​អង្ករ​ប្រមាណ ៥០% នៃ​ផែនការ​សរុប​សម្រាប់​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ៖ «សម្រាប់ ​ក្រុមហ៊ុន​ខ្ញុំ​កាត់​បន្ថយ​នាំ​ចេញ​អង្ករ​ប្រមាណ ​៥០% ព្រោះ​យើង​មិន​អាច​ទទួល​ការ​បញ្ជា​ទិញ​ពី​ប្រទេស​នៅ​លើ​ពិភពលោក​បាន ព្រោះ​ខ្លាច​មិន​មាន​ស្រូវ​កិន​ជា​អង្ករ​គ្រប់គ្រាន់។»

​អគ្គនាយក​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​រូប​នេះ ឲ្យ​ដឹង​ដែរ​ថា បញ្ហា​ឡើង​កម្ដៅ​អាកាសធាតុ​ធ្វើ​ឲ្យ​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​អាគ្នេយ៍ ឬ​អាស៊ាន កំពុង​ជួប​បញ្ហា ក្នុង​នោះ​មាន​ប្រទេស​ថៃ វៀតណាម និង​កម្ពុជា ជាដើម។ ដោយ​ឡែក​សម្រាប់​ប្រទេស​ថៃ និង វៀតណាម មិន​សូវ​ប្រឈម​បញ្ហា​ដូច​កម្ពុជា នោះ​ទេ ព្រោះ​ប្រទេស​ទាំង​ពីរ​មាន​បរិមាណ​ស្រូវ​ស្តុក​ទុក​ច្រើន​សម្រាប់​ផែនការ​ នាំ​ចេញ ពីព្រោះ​ថា ប្រទេស​ទាំង​នេះ រដ្ឋាភិបាល​បាន​ឧបត្ថម្ភ​ទុន​ដល់​ម្ចាស់​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ។

ទន្ទឹម​នឹង​ការ​លើក​ឡើង​នេះ តំណាង​សហគមន៍​កសិករ​មក​ពី​ខេត្ត​កំពង់ស្ពឺ លោក ស៊ឹម រ៉ុម លើក​ឡើង​ថា បញ្ហា​ឡើង​កម្ដៅ​នេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​បរិមាណ​ផលិត​ស្រូវ​កសិករ​ថយ​ចុះ​ប៉ុណ្ណោះ​ទេ វា​ក៏​ប៉ះពាល់​ដល់​ដាំ​ដុះ​ដំណាំ និង​បន្លែ​ដទៃ​ទៀត​ផង​ដែរ។ បន្ថែម​ពី​នេះ​ទៀត បញ្ហា​ឡើង​កម្ដៅ ក៏​ជំរុញ​ឲ្យ​កសិករ​មួយ​ចំនួន​លែង​ចង់​ប្រកប​របរ​កសិកម្ម ដោយសារ​តែ​គ្មាន​ការ​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ៖ «ខ្ញុំ​សូម​ សំណូមពរ​ដល់​រដ្ឋាភិបាល គួរ​តែ​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​កន្លែង​ដែល​រងគ្រោះ​ខ្លាំង ពិសេស​តំបន់​ដែល​ខ្វះ​ទឹក យ៉ាង​ហោច​ណាស់​ឲ្យ​គាត់​អាច​មាន​លទ្ធភាព​ខ្លះ​ដោះស្រាយ​ជីវភាព និង​ការ​ដាំ​ដុះ​បាន​ខ្លះ។»

ចំណែក​ឯ​អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក មូល សារិទ្ធី ទទួល​ស្គាល់​ថា បញ្ហា​អាកាសធាតុ​ឡើង​កម្ដៅ មិន​មែន​ប៉ះពាល់​តែ​កម្ពុជា​ប៉ុណ្ណោះ​ទេ ព្រោះ​បញ្ហា​នេះ​គឺជា​បញ្ហា​ពិភពលោក។ ប៉ុន្តែ​លោក​យល់​ថា ខណៈ​នេះ រដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​ត្រូវ​ជួយ​កសាង​សមត្ថភាព និង​ចែក​រំលែក​មូលនិធិ​សម្រាប់​ជួយ​សហគមន៍​មូលដ្ឋាន ដើម្បី​ឲ្យ​ពួកគាត់​មាន​លទ្ធភាព​ក្នុង​ការ​ឆ្លើយតប​នឹង​បញ្ហា​ប្រែប្រួល​ អាកាសធាតុ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ លោក ចាន់ យុត្ថា អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម មាន​ប្រសាសន៍​ថា ការ​ឡើង​កម្ដៅ​អាកាសធាតុ និង​ភាព​រាំង​ស្ងួត​នៅ​កម្ពុជា មិន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផលិតកម្ម​ស្រូវ​នោះ​ទេ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ដំណាំ​កសិកម្ម​មួយ​ចំនួន​រងគ្រោះ។ លោក​ថា ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ រដ្ឋាភិបាល​បាន​កសាង​បណ្ដាញ​ប្រព័ន្ធ​ធារាសាស្ត្រ​មេ​ទឹក​សំខាន់ៗ ក្នុង​នោះ​ដូចជា​នៅ​ខេត្ត​ស្វាយរៀង កំពង់ធំ ពោធិ៍សាត់ និង​បាត់ដំបង ជាដើម៖ «ទាំង ​ស្រូវ​វស្សា និង​ស្រូវ​ប្រាំង យើង​បាន​ប្រមូល​ពី​បងប្អូន​កសិករ​ប្រមូល​ចូល​ជង្រុក​បាន​ជិត ១០០% ហើយ អ៊ីចឹង​បញ្ហា​ឡើង​កម្ដៅ​វា​មិន​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​ដល់​ដំណាំ​ស្រូវ​នោះ​ ទេ។»

​ទន្ទឹម​នឹង​នេះ​ដែរ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ក៏​ស្វាគមន៍​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​ចិន ក្នុង​ការ​បើក​បង្ហូរទឹក​ជា​ថ្មី​ពី​ទំនប់​វារីអគ្គិសនី​ជីងហុង ខេត្ត​យូណាន ចូល​មក​ទន្លេ​មេគង្គ​ក្រោម​សម្រាប់​ការ​ប្រើប្រាស់​បន្ទាន់ ខណៈ​​អាកាសធាតុ​នៅ​កម្ពុជា កំពុង​ឡើង​កម្ដៅ និង​រាំង​ស្ងួត។ ក្រសួង​ក៏​រំពឹង​ដែរ​ថា ការ​បើក​បង្ហូរ​ទឹក​ជា​ថ្មី​របស់​ចិន នឹង​ជួយ​ដល់​វិស័យ​កសិកម្ម​នៅ​កម្ពុជា។

ទោះបីជា​យ៉ាង​ណា​ក៏ដោយ ក្រុម​ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ និង​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ យល់​ថា ការ​បើក​បង្ហូរ​ទឹក​ពី​ទំនប់​វារីអគ្គិសនី​របស់​ចិន នឹង​ជួយ​ដល់​វិស័យ​កសិកម្ម​កម្ពុជា បាន​តិចតួច​ប៉ុណ្ណោះ ដោយសារ​កម្ពុជា គ្មាន​យន្តការ​ច្បាស់លាស់​ក្នុង​ការ​ប្រើប្រាស់​ទឹក​ឲ្យ​មាន​ប្រសិទ្ធភាព ដូចជា​ប្រព័ន្ធ​ធារា​រាស្ត្រ ការ​រៀបចំ​ប្រព័ន្ធ​ទឹកទន្លេ​មេគង្គ បង្ហូរ​ចូល​ស្រែ​ជាដើម។

ក្រុមហ៊ុន​នាំ​ចេញ​អង្ករ ក៏​ស្នើ​រដ្ឋាភិបាល​ត្រូវ​មាន​កញ្ចប់​ថវិកា សម្រាប់​បន្សាំ​ការ​ប្រែប្រួល​អាកាសធាតុ​ដើម្បី​សម្រេច​ទិសដៅ​នាំ​ចេញ​អង្ករ ឲ្យ​បាន ១​លាន​តោន​ក្នុង​មួយ​ឆ្នាំៗ៕



No comments:

Post a Comment