កម្ពុជា, ឡាវ, និងវៀតណាម កំពុង ពិភាក្សាគ្នា ពីកិច្ចព្រមព្រៀង ពាណិជ្ជកម្ម
តំណាង មន្ត្រី រដ្ឋាភិបាល
កម្ពុជា, ឡាវ, និងវៀតណាម បានពិភាក្សាគ្នា ពីកិច្ចព្រមពៀង ជំរុញ
និងសម្រួល ពាណិជ្ជកម្ម នៅក្នុងខេត្ត Dak Lak ប្រទេស វៀតណាម។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃចន្ទ ទី ១៨
មេសាម្សិលមិញ និងបន្តរហូត ដល់ថ្ងៃពុធ ទី២០ មេសា។
មន្ត្រី រដ្ឋាភិបាល កម្ពុជា រំពឹងថា, កិច្ចព្រមព្រៀង ពាណិជ្ជកម្មនេះ
នឹងអាច ឈានទៅបញ្ចប់ និងចុះ ហត្ថលេខាបាន នៅចុងឆ្នាំ ២០១៦ នេះ។
កម្ពុជា ឡាវ និងវៀតណាម បានកំពុងតែរៀបចំកិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងជំរុញ និងសម្រួលពាណិជ្ជកម្មនៅក្នុងតំបន់ត្រីកោណរវាងប្រទេសទាំងបី Cambodia- Laos-Vietnam (CLV) Development Triangle Area នៅក្នុងខេត្ត Lak Dak របស់វៀតណាម។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងដើម្បីជំរុញ និងដោះស្រាយរាល់បញ្ហានានា និងព្យាយាមធ្វើយ៉ាងណាពន្លឿនឲ្យមានការចុះហត្ថលេខាលើកិច្ចព្រម ព្រៀងការអភិវឌ្ឍពាណិជ្ជកម្មនៅក្នុងតំបន់ត្រីកោណរវាងប្រទេសទាំងបី នេះ ដែលជាតំបន់មួយសំបូរទៅដោយប្រជាពលរដ្ឋក្រីក្ររស់នៅ។
លោក ណុប សោភ័ណតារា ប្រធាននាយកដ្ឋានអាស៊ីបាស៊ីហ្វិកនៃក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ប្រាប់វិទ្យុបារាំងថាកិច្ចពិភាក្សានៅពេលនេះ គឺជាកិច្ចពិភាក្សាលើកទី៥ហើយ។ ហើយត្រូវបានធ្វើឡើងដើម្បីជំរុញ និងសម្រួលការអភិវឌ្ឍនៅក្នុងតំបន់ត្រីកោណនេះ។ លោកបានបន្តថា កិច្ចពិភាក្សានេះនឹងព្យាយាមធ្វើយ៉ាងណាសម្រួលឲ្យមានការឆ្លងកាត់ ងាយស្រួល និងព្យាយាមទាក់ទាញទាំងវិនិយោគិនក្នុងស្រុក និងក្រៅស្រុក មកកាន់តំបន់ត្រីកោណនេះ ឲ្យបានច្រើនតាមដែលអាចទៅរួច។
គួរជម្រាបជូនថា តំបន់ត្រីកោណរវាងប្រទេសទាំងបីមានខេត្តចំនួន ១៣ ដែលនៅក្នុងនោះកម្ពុជាមានខេត្ត រតនៈគិរី ស្ទឹងត្រែង មណ្ឌលគិរី និងក្រចេះ។ ប្រទេសឡាវមានខេត្ត Attapeu, Salavan, Sekong, និងខេត្ត Champasak ។ រីឯនៅវៀតណាមវិញ គឺមានខេត្ត Kon Tum, Gia Lai, Dak Lak, Dak Nong និងខេត្ត Binh Phuoc។ ពាណិជ្ជកម្មដែលឆ្លងកាត់តំបន់នេះភាគច្រើន គឺជាពាណិជ្ជកម្មកសិឧស្សាហកម្ម។
លោកណុប សោភ័ណតារា បានបន្តឲ្យដឹងទៀតថា កិច្ចភិភាក្សានេះត្រូវបានធ្វើឡើងរយៈពេល៥ដងមកហើយ។ ហើយនៅលើកទី៦ កិច្ចពិភាក្សនេះនឹងត្រូវធ្វើឡើងនៅក្នុងទឹកដីអង្គរសៀមរាប ចាប់ពីថ្ងៃទី ១៦ ដល់ ១៨ សីហា ឆ្នាំ២០១៦ខាងមុខនេះ។ កន្លងមករដ្ឋាភិបាលជប៉ុនធ្លាប់បានផ្តល់ប្រាក់ជំនួយដើម្បីធ្វើការ អភិវឌ្ឍតំបន់ត្រីកោណនេះ ប្រមាណជា ២០លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ប្រទេសទាំងបី។ កម្ពុជាទទួលបានទឹកប្រាក់ ៥ ទៅ ៦ លានដុល្លារពីជំនួយនេះ ហើយបានយកទៅអភិវឌ្ឍន៍ផ្លូវថ្នល់ អគារសិក្សា និងគម្រោងអភិវឌ្ឍន៍តូចៗ ជាច្រើនផ្សេងទៀតនៅក្នុងតំបន់ទាំងអស់នោះ។ នេះបើតាមការឲ្យដឹងពីលោកណុប សោភ័ណតារា៕
No comments:
Post a Comment