WWF ធ្វើសន្និសីទកាសែត ស្ដីពី ការអនុម័ត ផែនការ សកម្មភាព អភិរក្សខ្លាធំ នៅកម្ពុជា
RFA / វិទ្យុ អាស៊ី សេរី | ៦ មេសា ២០១៦
សៀវភៅយុទ្ធសាស្ត្រផែនការសកម្មភាពអភិរក្សខ្លាធំនៅកម្ពុជា ២០១៦-២០២០ របស់អង្គការមូលនិធិសត្វព្រៃពិភពលោក (WWF)។ Photo: RFA
អង្គការ មូលនិធិ សត្វព្រៃ ពិភពលោក (WWF) រៀបចំ សន្និសីទកាសែត មួយ ស្ដីពី ការអនុម័ត ផែនការ សកម្មភាព អភិរក្សខ្លាធំ នៅកម្ពុជា នៅថ្ងៃទី៦ ខែមេសា។ ការរៀបចំ សន្និសីទនេះ ធ្វើឡើង បន្ទាប់ ពីអង្គការនេះ បានជំរុញ រដ្ឋាភិបាល អនុម័តផែនការ សកម្មភាព អភិរក្សខ្លាធំ និងប្ដេជ្ញាចិត្ត រៀបចំ កម្មវិធី ស្ដារសត្វ ខ្លាធំ នៅក្នុងតំបន់ អភិរក្សស្នូល នៃព្រៃ ការពារ ក្នុងខេត្ត មណ្ឌលគិរី ដែលចាត់ទុកថា ជាតំបន់ព្រៃ អាទិភាព ដំបូង។
ការអនុម័តផែនការសកម្មភាពអភិរក្សខ្លាធំនេះ គឺស្របទៅនឹងគោលដៅជាសកលនៃការបង្កើនចំនួនទ្វេដងនូវសត្វខ្លាធំ នៅឆ្នាំ២០២២។
សត្វខ្លាធំ ត្រូវបានគេថតបានលើកចុងក្រោយដោយកាមេរ៉ាស្វ័យប្រវត្តិកាលពី ឆ្នាំ២០០៧ នៅក្នុងព្រៃការពារមណ្ឌលគិរី។ អង្គការមូលនិធិសត្វព្រៃពិភពលោក ឲ្យដឹងថា មិនមានការបង្កាត់ពូជថ្មីណាមួយនៃសត្វខ្លាធំឡើយនៅក្នុងប្រទេស កម្ពុជា នាពេលបច្ចុប្បន្ន។
ទាក់ទងនឹងការអភិរក្សសត្វខ្លាធំនេះដែរ រដ្ឋមន្ត្រីប្រចាំតំបន់អាស៊ី និងមន្ត្រីរដ្ឋាភិបាលមកពីប្រទេសចំនួន១៣ ដែលមានសត្វខ្លាធំ នឹងជួបប្រជុំពិភាក្សាជាលើកទី៣ នៅថ្ងៃទី១២ ដល់ថ្ងៃទី១៤ មេសា នៅទីក្រុងញូដេលី (New Delhi) ប្រទេសឥណ្ឌា។ កិច្ចប្រជុំនេះ មានគោលដៅជាសកលដើម្បីបង្កើនចំនួនទ្វេដងនៃចំនួនសត្វខ្លាធំ។ មន្ត្រីក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា ក៏នឹងទៅចូលរួមកិច្ចប្រជុំនោះដែរ៕
No comments:
Post a Comment