Paris Peace Accords 23 Oct. 1991

Monday, April 3, 2017

តុលាការ​ ខេត្ត​ បាត់ដំបង​ កោះ​ហៅ ​ចៅ​សង្កាត់ ​រង​ ទី​២ ​បក្ស​ប្រឆាំង ​ចូល​បំភ្លឺ​ នៅ​ថ្ងៃ ​ទី​២០​ មេសា | Battambang court summons opposition councilor for April 20 hearing

បេក្ខនារី​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​សង្កាត់​អូរចារ គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត។ រូបថត​កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៧។ Photo Provided
បេក្ខនារី​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​សង្កាត់​អូរចារ គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត។ រូបថត​កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៧។ Photo Provided

តុលាការ​ ខេត្ត​ បាត់ដំបង​ កោះ​ហៅ ​ចៅ​សង្កាត់ ​រង​ ទី​២ ​បក្ស​ប្រឆាំង ​ចូល​បំភ្លឺ​ នៅ​ថ្ងៃ ​ទី​២០​ មេសា

RFA / វិទ្យុ អាស៊ី សេរី | ៣ មេសា ២០១៧


ព្រះរាជអាជ្ញា ​រង​ នៃ​សាលា​ដំបូង ​ខេត្ត​ បាត់ដំបង កោះ​ហៅ​ បេក្ខនារី​ លេខ​រៀង​ ទី​១ ឈរ​ឈ្មោះ បោះឆ្នោត​ ជ្រើសរើស ​ក្រុម​ប្រឹក្សា​ សង្កាត់​ មក​ពី​គណបក្ស​ សង្គ្រោះ​ជាតិ ម្នាក់​ ទៅ​បំភ្លឺ​ នៅ​ថ្ងៃ​ ទី​២០ មេសា តាម​បណ្ដឹង ​របស់ ​មន្ត្រី ​ប៉ូលិស។  មន្ត្រី​ បក្ស​ប្រឆាំង ​រូប​នេះ​ បាន​ចុះ​ទៅ​ ឃ្លាំ​មើល ​ប្រជាពលរដ្ឋ​ តវ៉ា​ រារាំង​ ការ​អនុវត្ត​ ដីកា​ របស់​ តុលាការ​ ខេត្ត​ បាត់ដំបង កាល​ពី​ថ្ងៃ​ ទី​១៦ មករា កន្លង​ទៅ។

មន្ត្រី​ គណបក្ស​ ប្រឆាំង និង​ជា​ជំទប់​ ទី​២ សង្កាត់ ​អូរចារ ក្រុង​បាត់ដំបង កំពុង​ ស្វះ​ស្វែង រក​មេធាវី​ ដើម្បី​ ការពារ​ក្ដី​ ក្នុង​សំណុំ​រឿង​នេះ។

បេក្ខនារី​លេខ​រៀង​ទី​១ ឈរ​ឈ្មោះ ​បោះឆ្នោត ​ជ្រើសរើស ​ក្រុម​ប្រឹក្សា​ សង្កាត់ ​អូរចារ មក​ពី​គណបក្ស​ សង្គ្រោះ​ជាតិ កញ្ញា ស៊ិន ចាន់ពៅ រ៉ូហ្សេត មាន​ប្រសាសន៍​ នៅ​ថ្ងៃ​ ទី​៣ មេសា ថា, កញ្ញា ​ព្រួយ​បារម្ភ​ ពី​ក្ដីក្ដាំ​នេះ ដែល​អាច​ធ្វើ​ ឲ្យ​ប៉ះពាល់​ ដល់​ការ​ ឈរ​ឈ្មោះ ​បោះឆ្នោត ​នៅ​ពេល ​ខាង​មុខ។  កញ្ញា​ សង្កត់​ធ្ងន់​ ថា, កញ្ញា​ ពុំ​ ពាក់ព័ន្ធ​ នឹង​ការ​ តវ៉ា​ របស់​ ពលរដ្ឋ ដែល​រារាំង​ សមត្ថកិច្ច​ ចុះ​អនុវត្ត​ សាលក្រម​ របស់​ សាលា​ដំបូង​ ខេត្ត​បាត់ដំបង នោះ​ទេ៖ «សម្រាប់​ខ្ញុំ ​ក្នុង​នាម​ ជា​បេក្ខនារី​ មួយ​រូប​ ដែល​ឈរ​ឈ្មោះ ​នៅ​សង្កាត់​ អូរចារ តែងតែ​ មាន​ការ​ បារម្ភ និង​ភ័យ​ខ្លាច ព្រោះ ​កន្លង​មក​ គេ​ តែង​ ប្រើ​ប្រព័ន្ធ​ តុលាការ​ ដើម្បី​ មន្ត្រី​ គណបក្ស​ ប្រឆាំង, ហើយ​ មន្ត្រី​ បក្ស​ប្រឆាំង​ ជាច្រើន​នាក់​ ក៏​បាន​ ជាប់​គុក។  អ៊ីចឹង ​ករណី​នេះ ​វា​ អាច​នឹង ​រារាំង​ ដល់​ការងារ​ របស់ ​រូប​នាង​ខ្ញុំ មិន ​ឲ្យ​ចុះ​ ធ្វើ​ការងារ​ តាម​មូលដ្ឋាន។  ប៉ុន្តែ​ នាង​ខ្ញុំ​ នឹង​មិន​ រាថយ​ទេ»


អាស៊ីសេរី ពុំ​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​បាត់ដំបង ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៣ មេសា។
ប៉ុន្តែ​ដីកា​កោះ​ដែល​ចុះ​ហត្ថលេខា​ដោយ​ព្រះរាជអាជ្ញា​រង​នៃ​សាលា​ដំបូង​ខេត្ត​បាត់ដំបង លោក ប៉ង់ ចាន់សុយុទ្ធារា ចុះ​ថ្ងៃ​ទី​១៤ មីនា កោះ​ហៅ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៧ តាម​បណ្ដឹង​របស់​មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​ខេត្ត​បាត់ដំបង ម្នាក់​ឈ្មោះ សៅ ប៊ុនទិត្យ។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា តុលាការ​កោះ​ហៅ​បេក្ខនារី​លេខ​រៀង​ទី​១ ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​សង្កាត់​អូរចារ គណបក្ស​ប្រឆាំង ទៅ​បំភ្លឺ​នៅ​ពេល​នេះ គឺ​អាច​នឹង​ប៉ះពាល់​ដល់​បេក្ខភាព​បោះឆ្នោត​នៅ​ពេល​ខាង​មុខ៖ «អ៊ីចឹង​សរុប​សេចក្ដី​មក ខ្ញុំ​គិត​ថា​តុលាការ​គប្បី​ហៅ​អ្នក​ទាំងអស់​នោះ​ទៅ កុំ​បាច់​ធ្វើ​ការ​ចោទ​ប្រកាន់ ឬ​ក៏​ឃុំ​ខ្លួន​បន្ត​នីតិវិធី​អ្វី​វែង​ឆ្ងាយ​ទេ ព្រោះ​រឿង​នេះ​ក៏​មិន​ធ្ងន់ធ្ងរ​ដែរ។ យើង​ប្រាប់​ឲ្យ​គាត់​ទៅ​ថា ការ​ចុះ​មក​នេះ គឺ​ជា​ការ​ចុះ​អនុវត្ត​សាលក្រម ដោយសារ​សាលក្រម​បាន​ចូល​ជា​ស្ថាពរ​ហើយ ហើយ​បើ​តាម​ច្បាប់ បើ​យើង​រារាំង​ត្រូវ​មាន​ទោស​យ៉ាង​ម៉េច យើង​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​គាត់​ដឹង​ទៅ»

កាល​ពី​ថ្ងៃ​ទី​១៦ មករា កន្លង​ទៅ ប្រជាពលរដ្ឋ​ប្រមាណ ៥០​នាក់ បាន​នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​សង្កាត់​អូរចារ ដើម្បី​ជំទាស់​នឹង​មន្ត្រី​តុលាការ​ចុះ​អនុវត្ត​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​បាត់ដំបង។ តុលាការ​បាន​កាត់​ក្ដី​ឲ្យ​មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ម្នាក់​ឈ្មោះ សៅ ប៊ុនទិត្យ ឈ្នះ​ក្ដី​លើ​សំណុំ​រឿង​ទំនាស់​ដី​សាលា​មត្តេយ្យ​នៅ​ក្នុង​សង្កាត់​អូរចារ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

ក្រុម​អ្នក​តវ៉ា​ទាមទារ​ឲ្យ​តុលាការ​ស៊ើប​អង្កេត​រឿង​ក្ដី​នេះ​សាជាថ្មី ដើម្បី​រក្សា​ដី​ទុក​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ។ កាលណោះ ជំទប់​ទី​២ សង្កាត់​អូរចារ ក៏​បាន​ចុះ​ទៅ​ឃ្លាំ​មើល​ការ​តវ៉ា​នេះ​ដែរ។ ក្រោយ​មក តុលាការ​បាន​កោះ​ហៅ​ពលរដ្ឋ​ចំនួន ១៣​នាក់ និង​មន្ត្រី​គណបក្ស​ប្រឆាំង​ម្នាក់​ចូល​បំភ្លឺ​ពី​ការ​តវ៉ា​នោះ៕




No comments:

Post a Comment