តំបន់ចម្រូងចម្រាសដែលឡាវ បានចាក់គ្រឹះដើម្បីសាងសង់ប៉ុស្តិ៍ព្រំដែន ឋិតនៅភូមិដុងក្រឡ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខែត្រស្ទឹងត្រែង។ រូបថតថ្ងៃទី២១ មេសា ឆ្នាំ២០១៦ |
អាជ្ញាធរ ឡាវ បើកច្រក ព្រំដែន ជាប់ខែត្រ ស្ទឹងត្រែងវិញ បន្ទាប់ ពីបិទ រយៈពេល ២ថ្ងៃ
RFA / វិទ្យុ អាស៊ី សេរី | ៤ មេសា ២០១៧
អាជ្ញាធរ ខែត្រ ចម្ប៉ាសាក់ ប្រទេស ឡាវ សម្រេច បើកច្រក វ៉ើនខាវ ឋិតក្នុងឃុំ អូរស្វាយ ស្រុក ថាឡាបរិវ៉ាត់ ខែត្រ ស្ទឹងត្រែង វិញហើយនៅព្រឹក ថ្ងៃទី៤ មេសា បន្ទាប់ ពីពួកគេ បានបិទច្រក នៅតំបន់នោះ អស់រយៈពេល ២ថ្ងៃ។ ការសម្រេចនេះ ដោយសារ មានការ ចរចា រវាង អាជ្ញាធរ មូលដ្ឋាន នៃប្រទេស ទាំងពីរ។
នគរបាល ការពារ ព្រំដែន ខែត្រ ស្ទឹងត្រែង ឲ្យដឹងនៅថ្ងៃទី៤ មេសា ថា ពលរដ្ឋខ្មែរអាចចេញចូលប្រទេសឡាវ តាមច្រកវ៉ើនខាវ ដូចធម្មតាឡើងវិញហើយ បើទោះបីជាពួកគាត់ពុំមានលិខិតអនុញ្ញាតត្រឹមត្រូវក៏ដោយ។
អាជ្ញាធរឡាវ បានបញ្ជូនកម្លាំងប្រដាប់អាវុធទៅឈរជើងនៅច្រកព្រំដែនវ៉ើនខាវ និងច្រកផ្លូវទឹកអន្លង់មរកត នៃឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ចាប់តាំងពីថ្ងៃទី២ មេសា ដើម្បីរារាំងពលរដ្ឋខ្មែរមិនឲ្យចេញចូលដីឡាវ ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ។
នគរបាលការពារព្រំដែនថ្លែងសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា កន្លងទៅ ពលរដ្ឋខ្មែររស់នៅក្បែរព្រំដែនឡាវ ឆ្លងទៅលក់ដូរបន្លែ ផ្លែឈើ និងត្រីសាច់ជាដើម ដោយមិនចាំបាច់ធ្វើសំបុត្រស្នាម ឬលិខិតឆ្លងដែននោះទេ។ ចំណែកអាជ្ញាធរកម្ពុជា ក៏អនុញ្ញាតឲ្យពលរដ្ឋឡាវ រស់នៅក្បែរព្រំដែនចេញចូលទៅមកក្នុងទឹកដីខ្មែរដោយមិនចាំបាច់មានលិខិតឆ្លងដែនដែរ។ លោកថា អាជ្ញាធរឡាវ បានហាមមិនឲ្យពលរដ្ឋខ្មែររស់នៅក្បែរព្រំដែនចូលទឹកដីរបស់ខ្លួន ដោយសារមានបញ្ជាពីថ្នាក់លើ និងថាពលរដ្ឋខ្មែរអាចឆ្លងដែនទៅប្រទេសឡាវ បាន លុះត្រាតែធ្វើលិខិតឆ្លងដែនជាមុនសិន៖ «មានតែខាងភាគីឡាវ ទេដែលបិទព្រំដែន ព្រោះទទួលបញ្ជាពីមេគេមកហ្នឹង បើគេបញ្ជាឲ្យបិទ គឺបិទទៅ បើយើងទៅចរចាទៅនិយាយជាមួយគេទៅ គេបើកទៅ។ យើងយកកម្លាំងទៅនិយាយជាមួយគេ ទៅចរាចរណ៍។»
កាលពីព្រឹកថ្ងៃទី១០ មករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ខែត្រស្ទឹងត្រែង និងខែត្រចម្ប៉ាសាក់ ប្រទេសឡាវ បញ្ជាក់ថា ចាប់ពីខែមករា ឆ្នាំ២០១៧ តទៅ រដ្ឋាភិបាលប្រទេសទាំងពីរបានឯកភាពគ្នាអនុញ្ញាតឲ្យពលរដ្ឋរស់នៅតំបន់ព្រំដែនប្រើប្រាស់ប័ណ្ណឆ្លងកាត់ព្រំដែន ដើម្បីសម្រួលទំនាក់ទំនងសេដ្ឋកិច្ចពលរដ្ឋប្រទេសទាំងពីរ និងបានជំរុញឲ្យអាជ្ញាធរខែត្រស្ទឹងត្រែង និងអាជ្ញាធរពាក់ព័ន្ធ ធ្វើការផ្សព្វផ្សាយជូនពលរដ្ឋអំពីការប្រើប្រាស់ប័ណ្ណឆ្លងដែន។ ចំណែកអាជ្ញាធរខែត្រស្ទឹងត្រែង ធ្លាប់បានលើកឡើងថា អាជ្ញាធរខែត្រនៅមិនទាន់កំណត់ពេលវេលាជាក់លាក់ក្នុងការផ្តល់ប័ណ្ណជូនពលរដ្ឋនោះទេ ហើយសមត្ថកិច្ចពាក់ព័ន្ធកំពុងសិក្សាឲ្យគ្រប់ជ្រុងជ្រោយ។ ចំណែកមន្ត្រីសង្គមស៊ីវិលចាត់ទុកកិច្ចព្រមព្រៀងនេះថា កំពុងឋិតក្នុងភាពស្រពិចស្រពិលនៅឡើយ។
អ្នកនាំពាក្យសាលាខែត្រស្ទឹងត្រែង និងជានាយករងរដ្ឋបាលសាលាខែត្រ លោក ម៉ែន គុង បដិសេធមិនធ្វើអធិប្បាយករណីនេះទេនៅថ្ងៃទី៤ មេសា ដោយបញ្ជាក់ថាកំពុងជាប់រវល់ប្រជុំ។
មេឃុំអូរស្វាយ លោក រ័ត្ន ស៊ុន ទទួលស្គាល់ថា អាជ្ញាធរឡាវ បានបិទច្រកព្រំដែនទាំងផ្លូវទឹក និងផ្លូវគោកនៃឃុំអូរស្វាយ បង្ករាំងខ្ទប់ការដឹកជញ្ជូនកសិផល និងទំនិញឆ្លងដែនរវាងពលរដ្ឋប្រទេសទាំងពីរ ហើយអាចប៉ះពាល់ជីវភាពពលរដ្ឋ។ លោកសន្និដ្ឋានថា អាជ្ញាធរឡាវ បិទច្រកព្រំដែនដោយសារតែប្រទេសទាំងពីរមានបញ្ហាចម្រូងចម្រាសរឿងព្រំដែន រួមមានភាគីកម្ពុជា បានហាមមិនឲ្យឡាវ សាងសង់សំណង់រឹងនៅតំបន់ព្រំដែនមិនទាន់បោះបង្គោល ហើយកាលពីពេលថ្មីៗនេះ ទាហានឡាវ ក៏បានបញ្ជូនកម្លាំងប្រដាប់អាវុធរារាំងកងកម្លាំងវិស្វកម្មរបស់កម្ពុជា មិនឲ្យស្ថាបនាផ្លូវក្រវាត់ព្រំដែន៖ «ពីរទៅបីថ្ងៃហ្នឹង ការចេញចូលមានភាពលំបាកដែរ ពលរដ្ឋគាត់បានផ្អាកការចេញចូលការធ្វើដំណើររបស់គាត់។»
កាលពីដើមឆ្នាំ២០១៦ ទាហាន និងនគរបាលការពារព្រំដែនរបស់កម្ពុជា បានហាមមិនឲ្យឡាវ សាងសង់ប៉ុស្តិ៍ព្រំដែនមិនទាន់មានការឯកភាពគ្នាបោះបង្គោលព្រំដែនជាផ្លូវការ ឋិតនៅចន្លោះបង្គោលព្រំដែនលេខ០៣៣ ដល់លេខ០៣៤ ឬជាប់ផ្លូវជាតិលេខ៧ នៅភូមិដុងក្រឡ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។ មកទល់ពេលនេះ ឡាវ បានផ្អាកការសាងសង់ប៉ុស្តិ៍នោះដោយសារភាគីកម្ពុជា មិនឲ្យឡាវ ដឹកសម្ភារសំណង់ចូលក្នុងតំបន់នោះ។
ប្រធាន អង្គការ សម្ព័ន្ធ គណនេយ្យភាព សង្គម កម្ពុជា (ANSA) លោក សន ជ័យ យល់ថា អាជ្ញាធររដ្ឋាភិបាលឡាវ ពុំសូវចាប់អារម្មណ៍ចំពោះកិច្ចព្រមព្រៀងទ្វេភាគីនោះទេ ខណៈប្រទេសទាំងពីរធ្លាប់បានឯកភាពគ្នាក្នុងការអនុញ្ញាតឲ្យពលរដ្ឋរស់នៅក្បែរព្រំដែន ប្រើប្រាស់ប័ណ្ណឆ្លងដែនរួមគ្នា។ លោកថា ករណីនេះនឹងក្លាយជារបៀបវារៈនៃការចរចាកម្រិតផ្នែកនយោបាយ ឬកម្រិតថ្នាក់ដឹកនាំជាតិទាក់ទិនបញ្ហាព្រំដែន ដោយសារការអនុវត្តខ្លឹមសារនៃកិច្ចព្រមព្រៀងប្រទេសទាំងពីរ ហាក់ពុំមានភាពច្បាស់លាស់៖ «ឧទាហរណ៍ថា ប្រមុខដឹកនាំប្រទេសទាំងពីរបានព្រមព្រៀងគ្នា បើកច្រកព្រំដែនឆ្លងចេញឆ្លងចូល ប៉ុន្តែស្តាប់តែភ្លាមៗ។ ប្រជាពលរដ្ឋគាត់មានទំនុកចិត្តលើវិធានការទៅលើកិច្ចព្រមព្រៀងរដ្ឋាភិបាលប្រទេសទាំងពីរ។ ហ្នឹងហើយដែលនាំឲ្យពលរដ្ឋមានការខាតប្រយោជន៍ និងពិបាកមានការជឿទុកចិត្តទៅលើអ្វីជាការឯកភាពគ្នានាពេលកន្លងមកហ្នឹង។»
កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ប្រទេសឡាវ បានបញ្ជូនកងកម្លាំងយោធាប្រដាប់ដោយអាវុធមករារាំងកងកម្លាំងវិស្វកម្មរបស់កម្ពុជា ឲ្យផ្អាកការស្ថាបនាផ្លូវតាមបណ្ដោយព្រំដែននៅចំណុចអូរតាក់ឡាវ នៃស្រុកសៀមប៉ាង ខែត្រស្ទឹងត្រែង ដោយលើកហេតុផលថា តំបន់នោះរដ្ឋាភិបាលនៃប្រទេសទាំងពីរមិនទាន់ឯកភាពគ្នាជាផ្លូវការ ដើម្បីបោះបង្គោលព្រំដែននៅឡើយ៕
No comments:
Post a Comment