រថយន្តដឹកឈើជាប់ផុងនៅភូមិឃួន ឃុំកោះពាក្យ ស្រុកវ៉ឺនសៃ ខេត្តរតនគិរី កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦។ Photo ADHOC |
សហគមន៍ អភិរក្ស ព្រៃឈើ នៅខេត្ត រតនគិរី បារម្ភ ពីការ បាត់បង់ ឈើ កាន់តែ ច្រើនឡើង
RFA / វិទ្យុ អាស៊ី សេរី | ៤ សីហា ២០១៧
បទល្មើស ព្រៃឈើ ជាក្រុម តូចៗ ប្រព្រឹត្តឡើង ដោយសមាជិក សហគមន៍ រស់នៅ ក្បែរតំបន់ ព្រៃឈើ កាន់តែ រីកច្រើនឡើង នៅតាម បណ្ដាស្រុក មួយចំនួន នៅខេត្ត រតនគិរី។ ការធ្វើ អាជីវកម្ម ព្រៃឈើ ជាក្រុមៗនេះ ធ្វើឲ្យ ឈើមូល មានតម្លៃ ត្រូវ គេ អាររំលំ, ហើយ អារច្រៀក ជាឈើជ្រុង នាំចេញ ឆ្លងដែន ទៅលក់ ឲ្យឈ្មួញ វៀតណាម រាល់ថ្ងៃ។
ជំនួញឈើជ្រុងដឹកតាមម៉ូតូរាប់សិបគ្រឿងត្រូវបានគេជញ្ជូនចេញតាមច្រករបៀងព្រំដែនពីខេត្តរតនគិរី ចូលទៅប្រទេសវៀតណាម ក្នុងមួយថ្ងៃៗ។
សហគមន៍ជនជាតិដើមភាគតិចដែលអភិរក្សព្រៃឈើស្ទើរគ្រប់ស្រុកបារម្ភថា ឈើមូលនៅក្នុងព្រៃក្នុងខេត្តនេះនឹងវិនាសអស់កាន់តែច្រើន ប្រសិនបើអាជ្ញាធរគ្មានវិធានការទប់ស្កាត់។
តំណាងសហគមន៍ជនជាតិចារ៉ាយ ភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី លោក រចំ ខាំ បញ្ជាក់ថា ចាប់ពីឆ្នាំ២០១៦ រហូតបច្ចុប្បន្នឈើមូលក្នុងព្រៃជាប់តំបន់ព្រំដែនក្រៅពីពលរដ្ឋវៀតណាម លួចចូលកាប់ក៏មានពលរដ្ឋជនជាតិដើមភាគតិចរស់នៅក្នុងភូមិនេះលួចចូលព្រៃជាក្រុម មានគ្នាបីបួននាក់ ប្រដាប់ដោយម៉ាស៊ីនកាត់ឈើ និងមធ្យោបាយដឹកជញ្ជូនដោយម៉ូតូសម្រាប់ជញ្ជូនឈើចេញពីព្រៃយកទៅលក់ឲ្យឈ្មួញវៀតណាម នៅជាប់តំបន់ព្រំដែន។
លោកកត់សំគាល់ថា ក្នុងភូមិឡំ អ្នកចូលព្រៃកាប់ឈើមានច្រើនក្រុមចាប់យកមុខរបរនេះជាអាជីពចិញ្ចឹមជីវិត ហើយបោះបង់ការធ្វើស្រែចម្ការ៖ «អត់ដឹងឈ្មោះណាៗ តែគេកាប់ហ្នឹង គេលួចនៅពេលយប់ គេអារជាដុំៗ គេយកលក់ឲ្យវៀតណាម ហ្នឹងហើយ។ ខ្ញុំចុះល្បាតជាមួយគណៈកម្មការសហគមន៍ឃើញ។»
នៅតាមបណ្ដាសហគមន៍ផ្សេងទៀតនៅស្រុកអូរយ៉ាដាវ ស្រុកអណ្ដូងមាស ស្រុកលំផាត់ ស្រុកកូនមុំ ស្រុកតាវែង និងស្រុកវ៉ឺនសៃ ជំនួញឈើដឹកតាមម៉ូតូកើតមានរៀងរាល់ថ្ងៃ ដែលតាមការប៉ាន់ប្រមាណក្នុងមួយថ្ងៃម៉ូតូមួយគ្រឿងអាចដឹកជញ្ជូនឈើកន្លះម៉ែត្រគីប ឬលើសនេះ រីឯក្នុងមួយស្រុកៗយ៉ាងហោចណាស់មានក្រុមម៉ូតូមិនតិចជាង ១០គ្រឿងទេបានចូលព្រៃកាប់ឈើធ្វើធ្វើអាជីវកម្មភាគច្រើននៅវេលាយប់។
របាយការណ៍អង្កេតរបស់អ្នកឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក ខេត្តរតនគិរី ឲ្យដឹងថា ឈើរាប់រយដើមនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ត្រូវសហគមន៍លក់ទៅឲ្យឈ្មួញ ហើយឈើនោះត្រូវគេកាប់នាំចេញទៅប្រទេសវៀតណាម កាលពីដើមឆ្នាំ២០១៧។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក កែប កត់ ទទួលស្គាល់ថា មានសកម្មភាពលួចកាប់ឈើជាក្រុមតូចដឹកជញ្ជូនដោយម៉ូតូហើយជនប្រព្រឹត្តភាគច្រើនជាសមាជិកសហគមន៍ជនជាតិដើមអ្នកអភិរក្សព្រៃឈើនោះទើបសមត្ថកិច្ចពិបាកទប់ស្កាត់។ លោកថា ខណ្ឌរដ្ឋបាលព្រៃឈើបានចាត់វិធានការជំហានដំបូងគឺសហការខាងបច្ចេកទេស និងផ្ដល់ថវិកាសម្រាប់ក្រុមល្បាត៧សហគមន៍បំពេញការងារនេះឲ្យមានប្រសិទ្ធភាពដើម្បីឈានទៅលុបបំបាត់បទល្មើសព្រៃឈើនេះនៅពេលខាងមុខ៖ «ថវិកាផ្គត់ផ្គង់គាត់ដើរយាមល្បាត ខ្ញុំបានជំរុញបង្កើតក្រុមយាមល្បាតជាក្រុមស៊ីញ៉េវត្តមានប្រចាំថ្ងៃ អ៊ីចឹងខ្ញុំគិតថា បទល្មើសនឹងថយចុះ។»
អ្នកឃ្លាំមើលបញ្ហាព្រៃឈើអង្គការអាដហុក ខេត្តរតនគិរី លោក ឌិន ខុន្នី កត់សំគាល់ថា កត្តានាំឲ្យកើតមានបទល្មើសព្រៃឈើនេះ គឺមកពីភាពធូររលុងមិនទទួលខុសត្រូវ រួមទាំងកត្តាផលប្រយោជន៍របស់សមត្ថកិច្ចពាក់ព័ន្ធ គណៈកម្មការសហគមន៍ និងសមាជិកសហគមន៍ដែលមានតួនាទីអភិរក្សព្រៃឈើ។
លោកថា ការអនុវត្តច្បាប់ ការដាក់បណ្ដឹងបរិហារ និងកិច្ចសហការរួមគ្នារវាងមន្ត្រីជំនាញអាជ្ញាធរដែនដី សហគមន៍ និងអង្គការក្រៅរដ្ឋាភិបាលពាក់ព័ន្ធឲ្យបានត្រឹមត្រូវ ទើបអាចលុបបំបាត់បញ្ហានេះបាន៖ «ត្រូវតែចូលរួមយ៉ាងសកម្មពីបទល្មើសព្រៃឈើ និងប្ដឹងបរិហារបទល្មើសព្រៃឈើ ហើយបុគ្គលទាំងអស់នោះត្រូវទទួលបានការលើកទឹកចិត្ត និងធានាការពារសុវត្ថិភាពដោយរដ្ឋចំពោះបុគ្គលទាំងអស់នោះ។»
ចាប់ពីឆ្នាំ២០១៥ រហូតពេលនេះ សហគមន៍ចំនួនពីរនៅខេត្តរតនគិរី និងមន្ត្រីសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ រួមគ្នាដាក់បណ្ដឹងបរិហារមន្ត្រីអាជ្ញាធរ មន្ត្រីជំនាញ និងគណៈកម្មការសហគមន៍ជាង ១០នាក់ ពាក់ព័ន្ធអនុគ្រោះ ឬបណ្ដែតបណ្ដោយឲ្យមានបទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕
No comments:
Post a Comment