កន្លែងកែច្នៃឈើដែលដឹកពីតំបន់ផ្សេងនៅក្នុងតំបន់បាតអាងក្នុងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ រូបថតថ្ងៃទី២ ខែមេសា ឆ្នាំ២០១៥ |
«ឈើ រាប់ពាន់ ម៉ែត្រគូប នៅបាតអាង ទំនប់សេសាន ត្រៀមដឹកទៅ វៀតណាម ពេលបោះឆ្នោតរួច»
RFA / វិទ្យុ អាស៊ី សេរី | ៤ មិថុនា ២០១៨
ឃ្លាំងស្តុកឈើ រាប់ពាន់ម៉ែត្រគូបនៅតំបន់បាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង នៅពុំទាន់ដឹកជញ្ជូនទៅកាន់ប្រទេសវៀតណាមនៅឡើយទេ ទំនងជារង់ចាំបោះឆ្នោតរួច ខណៈមានលិខិតឲ្យផ្អាកអាជីវកម្មឈើតំបន់នោះ កាលពីខែកុម្ភៈកន្លងទៅ។
កម្មករធ្វើការក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ថ្លែងមិនហ៊ានបញ្ចេញឈ្មោះ ឲ្យដឹងនៅថ្ងៃទី៤ មិថុនាថា ឃ្លាំងស្តុកឈើពីរទីតាំងផ្សេងគ្នាក្នុងតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ មានសមត្ថកិច្ចយាមយ៉ាងតឹងតែង និងប្រយ័ត្នប្រយែងបំផុត។ លោកថា គំនរឈើទាំងនោះភាគច្រើនគេអារច្រៀកជាជ្រុងដែលមានមុខកាត់ ៣តឹកឡើងទៅ ប្រវែងជាង ២ម៉ែត្រឡើងទៅ ដែលក្រុមហ៊ុនបាងអាងបានប្រមូលទិញពីកម្មករ ដឹកជញ្ជូនពីតំបន់ឆ្ងាយៗ តាមទូក រថយន្តបាកុង និង គោយន្តផង មកស្តុកទុកជាបន្តបន្ទាប់៖ «ខ្ញុំជឿថា ឈើដែលស្តុកទុក ពីរកន្លែង ដែលខ្ញុំបាទឃើញនេះ ពេលបោះឆ្នោតរួចបែបមានសកម្មភាពគគ្រឹកគគ្រេងតទៀតហើយ។ រាល់ថ្ងៃមានកងកម្លាំងទៅយាមកាមយ៉ាងយកចិត្តទុកដាក់ មិនក្រោមពាន់ម៉ែត្រគូបទេពីរកន្លែង។ បើនិយាយទៅមានការឃុបឃិតគ្នាជាប្រព័ន្ធ»។
កាលពីថ្ងៃចុងខែកុម្ភៈ ឆ្នាំ ២០១៨ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក ប៊ុយ អ៊ុយ បានសម្រេចផ្អាកជាបណ្ដោះអាសន្នការដឹកជញ្ជូនឈើ ក្នុងតំបន់បាតអាងអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ និងផ្អាកការឈូសឆាយសំអាតទីតាំងគម្រោងវិនិយោគសម្បទានសេដ្ឋកិច្ច រហូតដល់បោះឆ្នោតជាសកលរួច។
កន្លងទៅសហគមន៍ការពារព្រៃឈើ និងមន្ត្រីសង្គមស៊ីវិលប្រតិកម្មថា ការដឹកជញ្ជូនឈើខុសច្បាប់ពីខាងក្រៅ ចូលផ្ទៃអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ ក្រោមលេសសំអាតបាតអាង គឺដើម្បីបម្លែងជាឈើស្របច្បាប់រួចដឹកទៅលក់នៅប្រទេសវៀតណាម អស់រយៈពេលជាង ៥ឆ្នាំហើយ ទើបតែរបបក្រុងភ្នំពេញប្រកាសបិទនៅដើមឆ្នាំ ២០១៨ ស្របពេលការបោះឆ្នោតជាតិជិតមកដល់៕
No comments:
Post a Comment