សហគមន៍ ព្រៃឡង់ ចោទក្រុមឧកញ៉ា មួយចំនួន កាប់ឈើ ក្នុងព្រៃអភិរក្ស ដឹកទៅ វៀតណាម
RFA / វិទ្យុ អាស៊ី សេរី | ១១ មិថុនា ២០១៨
សហគមន៍ព្រៃឡង់ខេត្តក្រចេះ និងជនជាតិដើមភាគតិចរស់នៅឃុំបឹងចារ ស្រុកសំបូរ ចោទក្រុមហ៊ុនស៊ីបាយអូថេក (Ci-Biotech Co., Ltd) ថា ធ្វើអាជីវកម្មឈើទ្រង់ទ្រាយធំនៅដែនជម្រកសត្វព្រៃឡង់ខុសច្បាប់ និងមានដេប៉ូអារច្រៀកឈើដឹកទៅប្រទេសវៀតណាម។ សហគមន៍ថា មានឧកញ៉ាមួយចំនួន ជ្រកក្រោមរូបភាពក្រុមហ៊ុននេះ ដឹកជញ្ជូនឈើឆ្លងដែន។
ជនជាតិដើមភាគតិច ឲ្យដឹងនៅថ្ងៃទី១០ មិថុនាថា ក្រុមហ៊ុនស៊ីបាយអូរថេក ឬហៅថាស្ថានីយស្តារព្រៃឈើឡើងវិញ នៅតែបន្តសកម្មភាពឈូសឆាយព្រៃ និងធ្វើអាជីវកម្មឈើក្នុងតំបន់ព្រៃឡង់ ច្រើនឆ្នាំមកហើយ បង្កឲ្យដើមច្បោះជ័ររាប់លានដើម ដែលជាដង្ហើមសេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិចកួយនៅតំបន់នោះ បាត់បង់ជាបន្តបន្ទាប់។ ពួកគេអង្កេតឃើញថា ក្រុមហ៊ុននេះ បានដឹកឈើពីដែនជម្រកសត្វព្រៃឡង់ បន្លំជាឈើស្របច្បាប់ ដឹកទៅលក់នៅក្រៅប្រទេស។
ជនជាតិដើមភាគតិចរស់នៅភូមិអាជេន ឃុំបឹងចារ ស្រុកសំបូរ ថ្លែងសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា ព្រៃស្រោងក្នុងតំបន់អូរជាំ ដែលជាប្រភពដើមឈើផលិតជ័រទឹក រាប់លានដើម ត្រូវគេកាប់អស់ស្ទើរទាំងស្រុង និងមានផ្នែកខ្លះ ត្រូវក្រុមហ៊ុនឈូសឆាយយក អាររំលំឈើមួលធំៗ ធ្វើអាជីវកម្ម។ លោកថា ក្រុមហ៊ុននេះ បានប្រើលេសស្ថានីយស្តារព្រៃឈើឡើងវិញ ដាំដើមអាកាស្យា តែធាតុពិតគឺធ្វើអាជីវកម្មឈើទ្រង់ទ្រាយធំ ដោយមានដេប៉ូអារច្រៀកឈើ ជាប់ព្រៃឡង់ និងសន្តិសុខយាមតឹងតែង។ លោកបន្ថែមថា ព្រៃស្រោងនៅតំបន់ព្រៃឡង់ជាច្រើនកន្លែង ត្រូវក្រុមហ៊ុនកាប់យកឈើធំៗលក់យ៉ាងពេញទំហឹង បណ្ដាលឲ្យព្រៃអភិរក្សមួយនេះ បាត់បង់ស្ទើរទាំងស្រុង៖ «ឧកញ៉ាជ្រកក្រោមម្លប់ហ្នឹង វាយកលេសជាក្រុមហ៊ុន វាកាប់ឈើចេញពីព្រៃឡង់ អារច្រោះជ័រប្រជាជន ដើរទិញ ប្រជាជនខ្លះគំរាមកំហែងគ្នា។ ខ្លះលក់ ៤រយដើម ២រយដើម។ ថ្មីៗនេះក្រុមហ៊ុនកាប់ ១រយដើម សុទ្ធច្បោះជ័រដើមធំៗទៀត»។
កន្លងទៅពលរដ្ឋរស់នៅឃុំបឹងចារ និងឃុំកំពង់ចាម ធ្លាប់ដាក់ពាក្យប្ដឹងក្រុមហ៊ុននេះ ច្រើនសាពីបទកាប់បំផ្លាញដើមឈើផលិតជ័រទឹកអស់ច្រើនពាន់ដើម តែរហូតមកទល់ពេលនេះមានពលរដ្ឋមិនដល់១០គ្រួសារទេ ដែរទទួលបានសំណងតិចតួច ជំនួសពីការបាត់បង់ដើមច្បោះជ័ររបស់ខ្លួន ដែលធ្លាប់ទទួលផលពីការដុតយកជ័រទឹកលក់ក្នុងមួយខែៗច្រើនលានរៀល។
អាស៊ីសេរីមិនអាចរកប្រភពទាក់ទង តំណាងក្រុមហ៊ុនស៊ីបាយអូរថេក ដើម្បីសុំការបំភ្លឺរឿងនេះបានទេនៅថ្ងៃទី១០ ឧសភា។
មេឃុំកំពង់ចាម លោក ឈិត លៀង និយាយថា អាជ្ញាធរឃុំមិនបានទទួលដំណឹងពីការបាត់បង់ ដើមឈើផលិតជ័រទឹកនោះទេ ហើយក្រុមហ៊ុននេះបានធ្វើអាជីវកម្មឈើក្នុងតំបន់វិនិយោគដែលរដ្ឋាភិបាលអនុញ្ញាត។ លោកអះអាងថា ផ្ទៃដីក្នុងឃុំកំពង់ចាម មានផ្នែកខ្លះ ក៏ឋិតក្នុងគម្រោងវិនិយោគរបស់ក្រុមហ៊ុននេះដែរ៖ «ស្តារឈើឡើងវិញ គេកាប់ក្នុងតំបន់វិនិយោគព្រៃ។ រឿងច្បោះខ្ញុំអត់ដឹងទេ»។
ក្រុមហ៊ុន ស៊ីបាយអូថេច វិនិយោគដំណាំឧស្សាហកម្ម អាកាស្យា ឬស្ថានីយស្ដារព្រៃឈើឡើងវិញ ដែលវិនិយោគលើផ្ទៃដីចំនួនជាង ៣ម៉ឺនហិកតារ (៣៤.០០៧) កាលពីខែមិថុនា ឆ្នាំ២០១២ ឋិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងមួយផ្នែកចូលដីស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
កាលពីចុងខែឧសភាកន្លងទៅ សាឡង់ផ្ទុកឈើជិត ២០ម៉ែត្រគូប របស់ក្រុមហ៊ុន ស៊ីបាយអូថេក បានលិចនៅកំពង់ដ នៃឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ សហគមន៍ព្រៃឡង់ថា ឈើទាំងនោះ គឺជាឈើដែលគេកាប់ពីដែនជម្រកសត្វព្រៃឡង់ មកអារច្រៀកក្នុងដេប៉ូរបស់ក្រុមហ៊ុននេះ បំណងដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម។
កាលពីថ្ងៃទី២៧ ឧសភា មន្ត្រីជំនាញថ្នាក់ជាតិ អាជ្ញាធរខេត្តក្រចេះ និងសមត្ថកិច្ច បានចុះទៅពិនិត្យពីភាពមិនប្រក្រតី អាជីវកម្មឈើរបស់ក្រុមហ៊ុនស៊ីបាយអូថេក ក៏ប៉ុន្តែពួកគេមិនអាចទៅដល់គោលដៅ ដោយសារក្រុមហ៊ុនបានកាត់ផ្ដាច់ផ្លូវ រាំងខ្ទប់ដំណើរ។ ចំណែកក្រុមហ៊ុនបានប្រញាប់ដឹកគ្រឿងចក្រ និងឈើជម្លៀសចេញយ៉ាងលឿន។
សកម្មជនការពារព្រៃឡង់ ខេត្តក្រចេះ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះចោទថា តំបន់ព្រៃស្រោង ដែលជាជម្រកសត្វព្រៃរស់នៅចំណុចអូរជាំ និងជាជម្រកជីវចម្រុះ ត្រូវក្រុមហ៊ុនកាប់យកឈើធំៗ អស់រាប់ម៉ឺនដើម មិនមានអាជ្ញាធរណាចុះទប់ស្កាត់។ លោកថា ឧកញ៉ាមួយចំនួន និង អ្នកមានអំណាចខ្លះ បានជ្រកក្រោមស្លាករបស់ក្រុមហ៊ុននេះ ដឹកជញ្ជូនឈើខុសច្បាប់៖ «ទាក់ទងក្រុមហ៊ុននេះ បណ្ដាលឲ្យវិនាសកម្មខ្លាំង។ ក្រុមហ៊ុននេះឥឡូវអត់មានដាំដើមឈើទេ គឺកាប់តែម្ដង ហើយនៅតំបន់ដែលក្រុមហ៊ុនកាប់សុទ្ធឈើធំ ភាគច្រើនច្បោះជ័រពលរដ្ឋ។ ដីក្រុមហ៊ុនហ្នឹង សុទ្ធច្បោះជ័រពលរដ្ឋ បើក្រុមហ៊ុនឈូសឆាយ កាប់ លើច្បោះរបស់ពលរដ្ឋទាំងស្រុង»។
កាលពីឆ្នាំ២០១៦ សហគមន៍ព្រៃឡង់ និងពលរដ្ឋរស់នៅឃុំបឹងចារ និងឃុំកំពង់ចាម ធ្លាប់បានដាក់ពាក្យប្ដឹងក្រុមហ៊ុននេះថា ប្រើគ្រឿងចក្រ ឈូសឆាយយកឈើមានតម្លៃនៅតំបន់ព្រៃឡង់ និងបោះទីតាំងអារច្រៀក ឬដេប៉ូអារឈើជាប់តំបន់អភិរក្ស ដែលមានរថយន្តយីឌុបច្រើនគ្រឿងត្រៀមដឹកចេញក្រៅ។ សហគមន៍ព្រៃឡង់បារម្ភថា បើក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តក្រចេះ នៅតែបិទភ្នែកមិនចាត់វិធានការដកអាជ្ញាប័ណ្ណក្រុមហ៊ុននេះទេ ដើមឈើផលិតជ័រទឹកដែលនៅសេសសល់ចុងក្រោយរបស់ពលរដ្ឋនឹងរលាយនៅពេលឆាប់ៗនេះ៕
No comments:
Post a Comment