ផ្សេង-ផ្សេង
១១ មិថុនា ២០២២
តើខ្មែរបំផ្លាញធម៌ព្រះពុទ្ធបែបណា?
កម្ពុជាបានប្រកាសយកព្រះពុទ្ធសាសនាជាសាសនារដ្ឋរប់រយឆ្នាំមកហើយ។ ខ្មែរស្ទើរតែគ្រប់រូបប្រកាសអះអាងថាគេជាពុទ្ធសាសនិក។ ប៉ុន្តែមានភស្តុ័តាងជាច្រើនដែលបញ្ជាក់ថា គេពុំបានគោរពប្រតិបត្តិទៅតាមគន្លងធម៌ព្រះពុទ្ធទេ។ ក្នុងរយះពេល៥០ឆ្នាំកន្លងទៅនេះ គេបានទាំងកំទេចសាសនានេះយ៉ាងហួសនិស្ស័យទៀតផង។
របបខ្មែរក្រហមបានរំលាយព្រះពុទ្ធសាសនាទាំងស្រុងពីដែនកម្ពុជា ក្នុងគោលបំណងរៀបចំសង្គមថ្មី ទៅតាមបែបបទលទ្ធិកុម្មុយនិស្តកាលម៉ាកស៍និយម ដែលពួកគេទើបតែបានពើបប្រទះ។ គេចាត់ទុកព្រះសង្ឃទាំងអស់ប្រមាណ ៦០០០០ អង្គថាជាក្រុមជញ្ជក់ឈាមរាស្រ្ត ដែលគេត្រូវតែកំចាត់ចោល។ ព្រះសង្ឃដែលមានសំណាង បានត្រឹមតែត្រូវគេចាប់ផ្សឹក ហើយបញ្ជូនទៅអោយធ្វើជាកម្មករ។ គេដុតធម៌គម្ពីចោល។ គេវាយបំផ្លាញអាគារព្រះវិហារ រឺក៏ទុកអោយខូចទ្រុឌទ្រោម រឺក៏គេទុកប្រើប្រាស់ជាអាគារធម្មតាផ្សេងផ្សេងទៅវិញ។
ទាំងនេះ ជាអំពើល្ងង់ខ្លៅរបស់ពួកមេខ្មែរក្រហម ថ្វីបើពួកនេះបានរៀនសូត្រមានសញ្ញប័ត្រខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ។ ពួកនេះមិនយល់ទាល់តែសោះ នូវដំលៃនិងសារប្រយោជន៍នៃព្រះពុទ្ធសាសនាសំរាប់លទ្ធិកុម្មុយនិស្តរបស់គេ។ ពួកនេះមិនដឹងថា ធម៌ព្រះពុទ្ធអាចជួយអោយគេសំរេចគោលបំណងកុម្មុយនិស្តរបស់គេ។ ព្រះធម៌ចាត់ទុកការល្ងង់ខ្លៅបែបនេះថាជា អវិជ្ជា។
ការពិត លទ្ធិកុម្មុយនិស្តអោបក្រសោបនិងអនុវត្តតាមគោលការណ៍សមភាពដែលមាននៅក្នុងធម៌ព្រះពុទ្ធ។ គោលការណ៍កុម្មុយនិស្តរបស់កាលម៉ាកស៍ចាក់ដោតទៅលើគោលគំនិតមួយដែលថាភាពមិនស្មើគ្នានិងទុក្ខវេទនាក្នុងសង្គមមនុស្សមានប្រភពចេញពីរបបមូលធននិយម។ ដូច្នេះហើយ បានជាលទ្ធិកុម្មុយនិស្តខិតខំធ្វើអោយមានសមភាពខាងសេដ្ឋកិច្ច តាមការបំបិទចោលមិនអោយមានកម្មសិទិ្ធឯកជន។ ព្រះពុទ្ធបានទ្រង់យាងចេញចោលរាជ្យបល្ល័ង្កទាំងមូល ហើយទ្រង់ទេសនាប្រៀនប្រដៅមនុស្សលោក មិនអោយមានការលោភលន់។ ព្រះពុទ្ធចេញបញ្ញាត្តិអោយមានភាពស្មើគ្នាជាទូទៅ រវាងព្រះពុទ្ធនិង មនុស្ស រវាងមនុស្សនិងមនុស្ស រវាងមនុស្សនិងសត្វ។ គឺជាសមភាព ដែលគ្មានករណីលើកលែង។
គឺជាអំពើល្ងង់ខ្លៅសុទ្ធសាធ ការដែលពួកមេខ្មែរក្រហមកំទេចព្រះពុទ្ធសាសនា មិនយកធម៌ព្រះពុទ្ធទៅទេសនាពន្យល់ប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកជឿព្រះពុទ្ធសាសនារួចស្រាប់ទៅហើយ។ ការអនុវត្តយកធម៌ព្រះពុទ្ធជាគោល ជាការងាយស្រួល ក្នុងការណែនាំអោយមហាជនទទួលអនុវត្តយកលទ្ធិកុម្មុយនិស្ត។ការសំលាប់រង្គាលមិនមែនជាការចាំបាច់។ គេប៉ាន់ស្មានថា ខ្មែរប្រមាណ៦លាននាក់បានត្រូវបាត់បង់ជីវិត។ ស្មារតី អ្នកដែលនៅរស់មួយភាគធំបានត្រូវគេបំបាក់ អោយបាក់ស្បាត មិនដឹងជាពេលណាអាចងើបរស់ឡើងវិញ។ គឺជាការបាត់បង់អោកាសដ៏ល្អប្រសើរមួយក្នុងប្រវត្តិសាស្រ្តខ្មែរ សំរាប់ការរៀបចំសង្គមមួយដែលអោយដំៃលទៅលើមនុស្សគ្រប់រូប តាមធម៌ព្រះពុទ្ធនិងលទ្ធិកុម្មុយនិស្ត។
បន្ទាប់មក ព្រះពុទ្ធសាសនាបានលោតពីការខ្ទេចខ្ទាំក្នុងរបបខ្មែរក្រហមទៅរងគ្រោះពីការខ្ទេចខ្ទាំមួយបែបទៀត។ គេបើកអោយវត្តអារាមមានដំណើរការឡើងវិញ។ ម្តងនេះ គេនាំគ្នាបំពានព្រះវិន័យសាសនាយ៉ាងព្រហឺន។ អីឡូវ ពួកពុទ្ធសាសនិកជនខ្មែរនាំគ្នាអោយដំៃលទៅលើការលោភលន់ គោរពបូជាលុយកាក់។ ក្នុងរយៈពេលបួនទសវត្សរ៍ក្រោយេនះ គេបានសំរេចជោគជ័យលូតលាស់ ចេញពីសង្គមដែលគ្មានភាពមាននិងក្រ ទៅដល់សង្គមថ្មីមួយដែលគម្លាតរវាងអ្នកមាននិងអ្នកក្រមានទំហំខុសគ្នាដូចមេឃនិងដី។ នៅពេលដែលអ្នកមានអាចបង់ថ្លៃឈ្នួលសំរាប់រមណីយដ្ឋានលើកោះរហូតដល់៣០០០ដុល្លារក្នុងមួយយប់ ប្រាក់ម៉ោងគោលរបស់កម្មករកាត់ដេរបានត្រឹមតែ ៩៣សេន។
ការធ្វើបុណ្យដាក់ទានតាមសាសនាបានក្លាយទៅជាអោកាសរកចំណេញ យកមុខមាត់ ពង្រឹងអំណាច ដែលព្រះធម៌ចាត់ទុកថាជាទាសទានទៅវិញ។ ភិក្ខុក្លាយទៅជាហោរា ទស្សទាយលេខឆ្នោតដែលជាល្បែងពាលា សូត្រអាគមគាថា ស្រោចទឹករំដោះគ្រោះ ។ល។ អប្រិយជំនឿទាំងនេះសុទ្ធតែជាអំពើផ្ទុយនឹងព្រះធម៌ទាំងអស់។
រួមសេចក្តីទៅ អវិជ្ជាៃនពុទ្ធសាសនិកជនខ្មែរដ៏ក្រាស់ខ្មឹកបានធ្វើអោយជាតិធ្លាក់ខ្លួនរងគ្រោះក្នុងបញ្ហានយោបាយនិងសង្គមដោយឥតស្រាកស្រាន្ត។
អ៊ឹងប៊ុនអាង
១១ មិថុនា ២០២២
ពួកនិយមសុរាពន្យល់អំពីសត្រូវរបស់ពុទ្ធបញ្ញាត្តិ
សំនួរទី១ - តើអ្វីទៅជាអំណោយសមរម្យ ដើម្បីសំដែងជាការអគុណដល់ការខិតខំសមាជិកបក្សដែលធ្វើអោយបក្សបានឈ្នះជោគជ័យ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ពេលថ្មីៗនេះ?
ចម្លើយ: ឧបនាយករដ្ឋមន្រ្តី សរខេង ថា គ្មានអីប្រសើរជាងស្រាបៀរ ចំនួន ២៤០០០
កេសទេ ដែលលោកបានចែកចាយអោយសកម្មជនបក្សក្នុងខែត្រព្រៃវែង និងបាត់ដំបង ក្រោយការបោះឆ្នោត។
សំនួរទី២ - តើខួរក្បាលស្ពឹកដោយសារគ្រឿងស្រវឹងអាចជួយបំរើរាស្រ្តតាមបែបណាដែរ?
ចម្លើយ (នៅពេលគេស្រវឹងមិនស្វាង):
សុរាជាសត្រូវតពូជរបស់ព្រះ។ ដូច្នេះ យើងត្រូវផឹកអោយច្រើន ដើម្បីកំចាត់សត្រូវព្រះនេះអោយអស់។ … ផឹក ផឹកអោយគេសែង ….ផឹក ផឹកដើរខ្លួនឯង ផឹកធើអី?
«យើងបានបែងចែកដាក់ [ស្រាបៀរ] នៅពីរទីតាំងខុសគ្នា ខណៈទីតាំងមួយ សម្រាប់ ស្រុក ចំនួនប្រាំមួយ មកដឹកយកទៅប្រើប្រាស់ និង ទីតាំង មួយ ទៀត គឺ សម្រាប់ ស្រុក ដែលនៅសល់ចំនួន ប្រាំពីរផ្សេងទៀតមកយក។ ផ្លូវមានទំហំ តូច ហើយឡាន [ដឹកជញ្ជូនស្រាបៀរ] របស់ យើង ធំ។ ដូច្នេះហើយ វាមានការ ពិបាក ក្នុង ការ ដឹក ជញ្ជូន។»
ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ស្បោង សារ៉ាត់ ថ្ងៃទី ៩ មិថុនា ២០២២ វីអូឌី
Should you wish to receive Pseng-Pseng on your screen as soon as it is released, subscribe to it at https://tinyletter.com/pseng-pseng
Pseng-Pseng is published irregularly. Previous issues are archived at pseng-pseng.blogspot.com
No comments:
Post a Comment