ផ្សេង-ផ្សេង
១៣ កក្កដា ២០២២
ភូតហើយភរទៀត
លោកហ៊ុនសែនបានប្រកាសដូរថ្ងៃកំណើត ពីថ្ងៃទី៤ មេសា ឆ្នាំ ១៩៥១ ទៅថ្ងៃទី៥ សីហា ឆ្នាំ ១៩៥២។ លោកអះអាងថា ថ្ងៃកំណើតថ្មីជាថ្ងៃពិតប្រាកដមែនទែន ដែលមានន័យជាចាំបាច់ថាថ្ងៃកំណើតចាស់ជាថ្ងៃលេងៗ រឺថាលោកភូត។
អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺ លោកហ៊ុនសែនភូតដោយចេតនា។ ភស្តុ័តាងនោះ គឺដីកាតុលាការក្រុងភ្នំពេញ ដែលអនុលោមទៅតាមការសុំលុបចោលថ្ងៃកំណើតចាស់ ពន្យល់ថា ពេលនោះលោកហ៊ុនសែនបានជ្រើសរើសយកថ្ងៃកំណើតចាស់ទី៤ មេសានេះ គឺលោកយកទៅតាមថ្ងៃខែ ដែលលោកសំរេចចិត្តក្បត់ពួកខ្មែរក្រហម រត់ចូលព្រៃទៅរកអោយវៀតណាមជួយ។ ដីកាតុលាការនេះមិនបានបញ្ជាក់ថា តើលោកបានឆ្នាំ ១៩៥១ ដែលខុសដែរនោះមកពីណាទេ។ លោកហ៊ុនសែនក៏ពុំបានពន្យល់ហេតុផលដែលនាំអោយលោកមិនកែអោយត្រូវមុនពេលអីឡូវនេះ គឺសុខចិត្តប្រើថ្ងៃកំណើតខុស ធ្វើអោយមតិមហាជនភ័ន្តច្រឡំ អស់ជាង៤០ឆ្នាំមកនេះ។
សំនួរសំខាន់អីឡូវនេះគឺ តើថ្ងៃកំណើតថ្មីរបស់លោកហ៊ុនសែន (ថ្ងៃទី៥ សីហា ឆ្នាំ ១៩៥២) នេះជាថ្ងៃពិតប្រាកដមែនរឺ?
ចម្លើយយ៉ាងខ្លីគឺ មិនពិតប្រាកដទេ។ គេសំគាល់ឃើញមានភាពអាថ៌កំបាំងស្រពិចស្រពិលនិងមន្ទិលសង្ស័យខ្លះជុំវិញថ្ងៃកំណើតថ្មីនេះ។ មេធាវីគីតិច ដែលរត់ការដូរថ្ងៃកំណើតនេះអោយលោកហ៊ុនសែន បានអះអាងប្រាប់កាសែតខ្មែរថែមស៍ថា ឯកសារជាច្រើនបានត្រូវវិនាសបាត់បង់ ក្នុងរបបខ្មែរក្រហម ដែលញុំាងអោយពលរដ្ឋជាច្រើន រាប់ទាំងលោកហ៊ុនសែនផងនោះ ច្រឡំច្របូកច្របល់អស់។ ដូច្នេះ សំនួរដែលលោកហ៊ុនសែនគួរល្បងឆ្លើយនោះ គឺតើលោកបានដឹងច្បាស់ថាថ្ងៃកំណើតថ្មីនេះត្រូវពិតមែនទែនតាមបែបបទណា?
អ្នកខ្លះឆ្ងល់ថា ហេតុអ្វីបានជាគេចេះតែភូតហើយភូតទៀត ភូតមិនស្វាង? ចម្លើយដែលស្រួលយល់បំផុតនោះគឺ ពីព្រោះគេចេះតែបានផលប្រយោជន៍ពីពាក្យភូតភរទាំងនោះ។
ក្នុងករណីថ្ងៃកំណើតលោកហ៊ុនសែនវិញ ប្រសិនបើគ្មានការបញ្ជាក់អោយបានច្បាស់លាស់ទេនោះ លោកហ៊ុនសែននឹងបានចំណេញទៀត។ ការភូតភរនិងការកែប្រែថ្ងៃកំណើតនេះមានសភាពសមស្របទៅនឹងការកែប្រែឆ្នៃផ្សេងៗទៀត ដែលលោកហ៊ុនសែនបាននិងកំពុងតែធ្វើ ដូចជាការដូរឈ្មោះខ្លួនលោកពីហ៊ុនណាល់ និងប្រវត្តិសាស្រ្តខ្មែរជាដើម។
ពួកអ្នកចូលចិត្តចំអកអាចនិយាយលេងសើច ថា លោកហ៊ុនសែន ដែលបានប្រកាសថា នាពេលអនាគត លោកចង់ធ្វើជាឪនិងជីតានាយករដ្ឋមន្រ្តីខ្មែរទៀតផងនោះ កំពុងតែប្រោះអោយព្រះរាជវង្សព្រះបាទហ៊ុនទៀនរស់ឡើងវិញ ដើម្បីលោកអាចបន្តព្រះរាជត្រកូល ’’ហ៊ុន’’។ ដើម្បីសមស្របនឹងគោលដៅនេះ លោកបានរៀបចំខ្លួនជាមួយនឹងថ្ងៃកំណើតថ្មីដែលដាក់លោកទៅក្នុងឆ្នាំរោង។ ចិន និង វៀតណាម ដែលបានជ្រោមជ្រែងរបបលោកហ៊ុនសែន មានជំនឿថា រាសីចក្រជាសត្វនាគមានអំណាចមេឃនិងដី។ វប្បធម៌ទាំងពីរនេះនិយមយកសត្វនាគជានិមិត្តរូបរបស់ស្តេច រឺក៏ព្រះចៅអធិរាជ។
ឯពួកអ្នកមិនចេះចំអកវិញ គេរកសើចមិនចេញ ព្រោះគេមិនទាន់ឃើញមានកម្លាំងតស៊ូដ៏មានប្រសិទ្ធិភាពឯណា ទៅរាំងស្ទះមិនអោយព្រះរាជត្រកូល’’ហ៊ុន’’រស់រវើកឡើងវិញបាននោះឡើយ។ ក្នុងពេលឆាប់ៗនេះ ខ្មែរនឹងមានខ្សែប្រវត្តិសាស្រ្តថ្មីស្រឡាងមួយ ដែលពិរោះលើសរឿងហ្លួងព្រះស្តេចកនទៅទៀត សំរាប់កំដរអារម្មណ៍ទស្សនិកជនទូទៅ។៚
អ៊ឹង ប៊ុនអាង
១៣ កក្កដា ២០២២
Should you wish to receive Pseng-Pseng on your screen as soon as it is released, subscribe to it at https://tinyletter.com/pseng-pseng
Pseng-Pseng is published irregularly. Previous issues are archived at pseng-pseng.blogspot.com
No comments:
Post a Comment