Paris Peace Accords 23 Oct. 1991

Sunday, December 22, 2013

សេដាក​ ជំរុញ​ ឲ្យ​កសិករ​ ដាំ​បន្លែ​ផ្លែ​ឈើ​ និង​ស្រូវ ប្រើ​ជី​ធម្មជាតិ

សេដាក​ ជំរុញ​ ឲ្យ​កសិករ​ ដាំ​បន្លែ​ផ្លែ​ឈើ​ និង​ស្រូវ ប្រើ​ជី​ធម្មជាតិ

មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា សេដាក (CEDAC) កំពុង​ជំរុញ​ យុទ្ធសាស្ត្រ ១០​ឆ្នាំ ដើម្បី​ជួយ​បណ្ដុះ​បណ្ដាល​ បច្ចេកទេស ​ឱ្យ​កសិករ​ខ្មែរ​ ចេះ​ដាំ​បន្លែ​ ផ្លែ​ឈើ និង​ស្រូវ ដោយ​ ធម្មជាតិ​ មិន​ប្រើ​ ថ្នាំ​ពុល និង​ជី​គីមី​ទេ។  ការ​បញ្ជ្រាប​បច្ចេកទេស​ដាំដុះ​នេះ ដើម្បី​ សុខភាព​ ប្រជាពលរដ្ឋ​ នៅ​ទូទាំង​ប្រទេស​ផង និង​ដើម្បី​លើក​កម្ពស់​ ជីវភាព​កសិករ​ខ្មែរ​ ឱ្យ​អាច​ប្រកួត​ប្រជែង​ ផលិតផល​កសិកម្ម​ ជាមួយ​នឹង​ប្រទេស​ជិត​ខាង​ផង។
វិទ្យុ អាស៊ីសេរី | ២១​ ធ្នូ ២០១៣
បន្លែ​ផ្លែ​ឈើ​ប្រើ​ជី​ធម្មជាតិ ៦១០
ក្រុម​កសិករ​នាំ​គ្នា​ដាក់​តាំង​លក់​បន្លែ​ផ្លែ​ឈើ​ដែល​ដាំ​ដោយ​ប្រើ​ជី​សរីរាង្គ​ធម្មជាតិ ក្នុង​ពិធី​តាំង​ពិព័រណ៍​កសិផល នា​ស្តង់​មុខ​សណ្ឋាគារ​សេរីភាព នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៣។
RFA/Hang Savyouth














ក្រុម​កសិករ​ប្រមាណ ៨០​នាក់ មក​ពី​ស្រុក​ចំនួន​៤ បាន​នាំ​យក​កសិផល​ជាច្រើន​ប្រភេទ​មក​ធ្វើ​ការ​តាំង​ពិព័រណ៍ និង​ដើរ​ដង្ហែ​ក្បួន​នៅ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​សៀមរាប ដោយ​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ជាច្រើន​ជួយ​គាំទ្រ​បន្លែ​ផ្លែ​ឈើ​ខ្មែរ ដែល​ផលិត​ដោយ​ជី​សរីរាង្គ​ធម្មជាតិ។
«សំឡេង»
ក្បួន​ដង្ហែ​កសិផល​នេះ គឺ​រៀប​ចំ​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឈ្មោះ សេដាក ក្នុង​បំណង​ជួយ​លើក​កម្ពស់​ជីវភាព​កសិករ​ខ្មែរ​ដែល​ខិត​ខំ​ដាំ​ដំណាំ​តាម​បែប​ធម្មជាតិ ព្រម​ទាំង​ចង់​បង្វែរ​អារម្មណ៍​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ទៀត​ដែល​កំពុង​ទទួល​ទាន​បន្លែ​ផ្លែ​ឈើ​នាំ​ចូល​ពី​បរទេស ហើយ​ប្រើ​ជី​គីមី ឱ្យ​ពិចារណា​ឡើង​វិញ​អំពី​ការ​ប៉ះពាល់​ដល់​សុខភាព។
ការ​តាំង​ពិព័រណ៍​កសិផល​ជី​សរីរាង្គ​រយៈពេល ២​ថ្ងៃ នៅ​ឯ​ខេត្ត​សៀមរាប នោះ គឺ​ជា​ការ​រួម​ចំណែក​កាត់​បន្ថយ​ភាព​អត់​ឃ្លាន​ពី​ចំណោម​គ្រួសារ​កសិករ​ក្រីក្រ​នៅ​ក្នុង​តំបន់​ដី​ស្ងួត និង​ជួយ​ពង្រឹង​ទប់ទល់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​គ្រោះ​រាំង​ស្ងួត និង​ការ​បាត់​បង់​ដី​ជីវជាតិ តាម​រយៈ​គម្រោង​អង្គការ សេដាក ដែល​កំពុង​អនុវត្ត​នៅ​ក្នុង​ខេត្ត​ចំនួន​២ គឺ​ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ចាម។ គម្រោង​នេះ ឧបត្ថម្ភ​ថវិកា​ពី​សហភាព​អឺរ៉ុប ដោយ​មាន​រយៈពេល ៥​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០១១ រហូត​ទៅ​ដល់​ឆ្នាំ​២០១៥។
អ្នក​សម្រប​សម្រួល​គម្រោង​នៃ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា សេដាក ប្រចាំ​ខេត្ត​សៀមរាប គឺ​លោក ហួត ដុក។ លោក​បាន​មាន​ប្រសាសន៍​ថា ជាច្រើន​ឆ្នាំ​មក​ហើយ អង្គការ សេដាក តែង​ជួយ​បណ្ដុះ​បណ្ដាល​កសិករ​នៅ​តាម​បណ្ដា​ស្រុក​ចំនួន​៤ នៃ​ខេត្ត​សៀមរាប ឱ្យ​ចេះ​ដាំ​បន្លែ​ផ្លែ​ឈើ​តាម​របៀប​ប្រើ​ជី​សរីរាង្គ​ធម្មជាតិ ដោយ​មិន​ប្រើ​ថ្នាំ​ពុល និង​ជី​គីមី​ដែល​នាំ​ឱ្យ​ខាត​ទុន​ច្រើន​នោះ​ទេ។ លោក ហួត ដុក បាន​បញ្ជាក់​ថា បច្ចុប្បន្ន មាន​បន្លែ និង​ផ្លែ​ឈើ​ជាច្រើន​ដែល​កសិករ​ខ្មែរ​នៅ​ស្រុក​ស្រីស្នំ អង្គរជុំ ស្រុក​អង្គរធំ និង​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ផលិត​បាន។ ដូច្នេះ ការ​រៀប​ចំ​តាំង​ពិព័រណ៍​កសិផល​ជី​សរីរាង្គ គឺ​ដើម្បី​រក​ទីផ្សារ​ជួយ​កសិករ​ឱ្យ​កាន់​តែ​ផលិត​ឱ្យ​បាន​ច្រើន។ ជាមួយ​គ្នា​នេះ អង្គការ​ក៏​បាន​គិត​ទៅ​ដល់​បញ្ហា​សុខភាព ទាំង​កសិករ​ជា​អ្នក​ផលិត និង​អ្នក​ទិញ​កសិផល​ទៅ​ប្រើប្រាស់​ដែរ។
បន្លែ​ផ្លែ​ឈើ​ប្រើ​ជី​ធម្មជាតិ ៦១០
ក្រុម​កសិករ​នាំ​គ្នា​កាន់​កសិផល ហើយ​ដើរ​ដង្ហែ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​សៀមរាប ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៣។ RFA/Hang Savyouth














លោក ហួត ដុក៖ «យើង​ជំរុញ​ឱ្យ​គាត់​ប្រើប្រាស់​ធម្មជាតិ ដែល​វា​សំខាន់។ ហើយ​មួយ​ទៀត យើង​គិត​ថា ផលិតផល​ទាំងអស់​ហ្នឹង វា​អាច​ងាយ​ស្រួល​ក្នុង​ការ​ប្រកួត​ប្រជែង​ទីផ្សារ​ដែរ ពិសេស​ជាមួយ​ប្រទេស​ជុំវិញ​ខ្លួន ដូច​ជា​វៀតណាម ឬ​ក៏​ថៃ ដែល​គេ​មាន​បច្ចេកទេស​ទំនើបៗ។ ប្រជាពលរដ្ឋ​យើង​ជា​អ្នក​ក្រីក្រ អ៊ីចឹង​បើ​យើង​គិត​អាស្រ័យ​លើ​ខាង​ក្រៅ​ខ្លាំង​ពេក វា​មិន​ល្អ។ ម្យ៉ាង​ទៀត បើ​យើង​គិត​ទៅ​លើ​រសជាតិ​នៃ​ផលិតផល​ដែល​គាត់​បាន​ផលិត​នោះ គឺ​មាន​រសជាតិ​ឆ្ងាញ់​សម្រាប់​ការ​ប្រើប្រាស់។ មួយ​ទៀត វា​ទាក់ទង​នឹង​ការ​ជួយ​បង្កើត​ចំណូល​ដែរ ផលិត​បាន​ល្អ​គាត់​ចំណាយ​តិច បើ​វិភាគ​ទៅ​លើ​សេដ្ឋកិច្ច ភាព​ចំណេញ គឺ​បាន​ច្រើន»
ប្រជា​កសិករ​ខ្លះ​នៅ​ខេត្ត​សៀមរាប បាន​សម្ដែង​ការ​ត្រេកអរ​ចាប់​តាំង​ពី​គេ​ចេះ​បច្ចេកទេស​ដាំ​បន្លែ​ផ្លែ​ឈើ ដោយ​ប្រើ​ជី​សរីរាង្គ​ធម្មជាតិ និង​ធ្វើ​ឱ្យ​រក​កម្រៃ​បាន​ច្រើន​ជួយ​ដល់​គ្រួសារ។
កសិករ​ម្នាក់​នៅ​ភូមិ​វត្ត ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ក្នុង​ចំណោម​កសិករ​មក​ពី​ស្រុក​ដទៃ​ទៀត គឺ​អ្នកស្រី ផុន ភា បាន​មាន​ប្រសាសន៍​ថា មុន​ពេល​ដែល​គាត់​ចេះ​ដាំ​បន្លែ​ផ្លែ​ឈើ​ដោយ​ប្រើ​ជី​ធម្មជាតិ គឺ​ជីវភាព​គ្រួសារ​គាត់​ពិបាក​រក​ចំណូល​ប្រចាំ​ថ្ងៃ​ណាស់។ ក៏ប៉ុន្តែ រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ​ចាប់​តាំង​ពី​គាត់​ចេះ​បច្ចេកទេស​ដាំ​បន្លែ​ផ្លែ​ឈើ​ដោយ​ប្រើ​ជី​ធម្មជាតិ​មក គឺ​ជីវភាព​គ្រួសារ​គាត់​អាច​ធូរធារ​មួយ​កម្រិត។ អ្នកស្រី ផុន ភា ឱ្យ​ដឹង​ថា បច្ចុប្បន្ន​គាត់​អាច​រក​ប្រាក់​បាន​ចំនួន​ជាង ៤០​ម៉ឺន​រៀល​ក្នុង​១​ខែៗ ដោយសារ​ការ​លក់​បន្លែ និង​ផ្លែ​ឈើ៖ «១៨​មុខ​ខ្ញុំ​ដាំ! មាន​ម្ទេស មាន​ជី មាន​បន្លែ​ហូប​ផ្លែ មាន​ត្រប់ សណ្ដែក ត្រកួន និង​ស្ពៃ​គ្រប់​មុខ។ ខ្ញុំ​ចង់​ឱ្យ​ជួយ​ទិញ​ផលិតផល​ជី​ធម្មជាតិ​នេះ ឱ្យ​កសិករ​ដាំ​បាន​យូរ​អង្វែង មាន​ទីផ្សារ។ ឥឡូវ​នេះ អត់​ឈ្នះ​ផលិតផល​បរទេស​ទេ ព្រោះ​អត់​ទាន់​មាន​ទីផ្សារ​ជួយ​លើក​ទឹក​ចិត្ត​ឱ្យ​កសិករ​ដាំ​បាន​ច្រើន​គ្នា ព្រោះ​ទិញ​តែ​អ្នក​ស្រុក​ក្នុង​ភូមិ​របស់​ខ្ញុំ»
ប្រជា​កសិករ​ជាច្រើន​សុទ្ធ​តែ​បង្ហាញ​គោល​បំណង​ដូច​គ្នា​ថា គេ​ចង់​ឱ្យ​រដ្ឋាភិបាល​ជួយ​យក​ចិត្ត​ទុក​ដាក់​រក​ទីផ្សារ​សម្រាប់​លក់​ផលិតផល។
«សំឡេង»
ទោះ​យ៉ាង​ណា ពេល​បច្ចុប្បន្ន​នេះ​ការ​រក​ទីផ្សារ​របស់​កសិករ​ខ្មែរ ដើម្បី​លក់​ផលិតផល​ដែល​ដាំ​ដុះ​ដោយ​ប្រើ​ជី​ធម្មជាតិ​នោះ គឺ​មិន​ចោទ​ជា​បញ្ហា​ទាំង​ស្រុង​ទេ ក៏ប៉ុន្តែ​អ្វី​ដែល​នៅ​តែ​ចោទ​ជា​បញ្ហា​នៅ​ឡើយ គឺ​កសិករ​ខ្លួន​ឯង​មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ផលិត ដើម្បី​ផ្គត់ផ្គង់​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​ទៅ​វិញ។
មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​ខ្លះ បាន​ដើរ​ប្រមូល​ទិញ​កសិផល​ខ្មែរ​ដែល​មិន​ប្រើប្រាស់​ជី​គីមី ក៏ប៉ុន្តែ​ក្រុមហ៊ុន​កំពុង​ជួប​ការ​លំបាក ដោយសារ​តែ​កសិករ​ខ្មែរ​មិន​អាច​ផលិត​ផ្គត់ផ្គង់​ទៅ​តាម​តម្រូវ​ការ​បាន។
អ្នក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន តែ កម្ពុជា គ្រូប គឺ​លោក លី ពិសី បាន​មាន​ប្រសាសន៍​ថា លោក​កំពុង​ចង់​ជួយ​កសិករ​ខ្មែរ​នៅ​ខេត្ត​សៀមរាប ដោយ​ទិញ​យក​មើម​ខ្ញី និង​ស្លឹក​គ្រៃ​ប្រមាណ ៥០០​គីឡូក្រាម ក្នុង​១​ខែៗ ដើម្បី​យក​ទៅ​ធ្វើ​តែ។ លោក លី ពិសី បាន​បញ្ជាក់​ថា ក្រុមហ៊ុន​របស់​លោក​កំពុង​ត្រូវ​ការ​ទិញ​កសិផល​ដោយ​ប្រើ​ជី​ធម្មជាតិ ប្រសិន​បើ​កសិករ​អាច​ផលិត​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​បាន គឺ​ក្រុមហ៊ុន​នឹង​ធ្វើ​កិច្ច​សន្យា​ជាមួយ​គ្នា៖ «ខ្ញុំ​ជួយ​បាន​ផ្កា​ម្លិះ ខ្ញី ស្លឹក​គ្រៃ ឥឡូវ​មាន​កាហ្វេ គ្រាប់​ស្វាយ​ចន្ទី ម្រេច ហើយ​នឹង​បន្ត​ទៅ​ទៀត គឺ​ព្នៅ ម្រះ ហើយ​និង​ប្រភេទ​ដំណាំ​ផ្សេង​ទៀត គឺ​ខ្ញុំ​កំពុង​តែ​ពិសោធន៍។ យើង​ច្នៃ​បាន​ប្រភេទ​តែ ហើយ​និង​អាហារ​ស្ងួត​ទេ​សម្រាប់​ក្រុមហ៊ុន​របស់​ខ្ញុំ ហើយ​ខ្ញុំ​ឥឡូវ​កំពុង​តែ​កុម្ម៉ង់​ប្រភេទ​គ្រឿង​ម៉ាស៊ីន​គ្រឿង​អី​ពី​ចិន មក ដើម្បី​ដំឡើង​រោងចក្រ​ឱ្យ​ធំ ដើម្បី​ស្រូប​យក​ប្រភេទ​ដំណាំ​ស្រុក​ខ្មែរ​ឱ្យ​ច្រើន​ទៅៗ​តាម​ដែល​សមត្ថភាព​ខ្ញុំ​អាច​ធ្វើ​បាន»
រយៈពេល​ជាង ១០​ឆ្នាំ​មក​នេះ មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា សេដាក ដែល​បាន​ជំនួយ​ពី​សហភាព​អឺរ៉ុប និង​អង្គការ ជី.អាយ.ហ្សិត (GIZ) បាន​ចំណាយ​ថវិកា​ប្រហែល ៣​លាន​ដុល្លារ​អាមេរិក ក្នុង​១​ឆ្នាំៗ ដើម្បី​បណ្ដុះ​បណ្ដាល​កសិករ​ខ្មែរ​នៅ ១៦​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា ឱ្យ​ចេះ​ដាំ​បន្លែ និង​ស្រូវ ដែល​ប្រើ​ជី​សរីរាង្គ​ធម្មជាតិ។
យុទ្ធសាស្ត្រ​នៃ​ការ​ជំរុញ​ឱ្យ​ដាំ​បន្លែ និង​ស្រូវ​ប្រើ​ជី​ធម្មជាតិ​នេះ បំណង​ដើម្បី​ឱ្យ​ផលិតផល​កសិករ​ខ្មែរ​អាច​ប្រកួត​ប្រជែង​ទីផ្សារ​បាន​ជាមួយ​នឹង​ប្រទេស​ជិត​ខាង ដែល​មាន​បច្ចេកទេស​កសិកម្ម​ទំនើប និង​ជួយ​ដល់​សុខភាព​សង្គម ព្រម​ទាំង​អាច​លើក​កម្ពស់​ជីវភាព​កសិករ​ឱ្យ​ចេញ​ផុត​ពី​ភាព​ក្រីក្រ​ផង៕

No comments:

Post a Comment