អតីត អ្នកបឹងកក់ តវ៉ា ទាមទារសំណង ពីសាលារាជធានី

អតីតអ្នកបឹងកក់ បិទផ្លូវតវ៉ានៅខាងមុខសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ធ្នូ ឆ្នាំ២០១៣។
RFA/Sek Bandith
ប្រជាពលរដ្ឋ ប្រហែល ១០០នាក់ រួមទាំងព្រះសង្ឃផង បានបិទផ្លូវព្រះមុនីវង្ស ហើយស្រែកទាមទារ ឲ្យអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ចេញមុខមកជួបពួកគាត់ តែលោកអភិបាលរាជធានី មិនចេញមុខ។ ក្រុមអ្នកតវ៉ា បានស្រែកថា បើមិនចេញមុខ ដោះស្រាយសំណង ជូនប្រជាពលរដ្ឋទេ លោកអភិបាលរាជធានី គួរតែចុះចេញពីតំណែង។
ក្រុមអ្នកតវ៉ា បានបិទផ្លូវព្រះមុនីវង្ស នៅម៉ោងជាង ៨ព្រឹក ថ្ងៃទី២៣ ធ្នូ ហើយបានគំរាមថា ពួកគាត់នឹងជញ្ជូនចាន ឆ្នាំង មុង ភួយ កន្ទេល មកដេកបិទផ្លូវព្រះមុនីវង្ស រហូតទាល់តែមាន ដំណោះស្រាយ ទើបព្រមបើកផ្លូវឡើងវិញ។ ក៏ប៉ុន្តែនៅពេលម៉ោង ១០ព្រឹក អាជ្ញាធរភ្នំពេញ បានបញ្ជូនប៉ូលិសបង្ក្រាបបាតុកម្ម គំរាម ឲ្យអ្នកតវ៉ាបើកផ្លូវ ហើយចូលចរចាជាមួយ អាជ្ញាធរ ដើម្បីដោះស្រាយ។
No comments:
Post a Comment