Paris Peace Accords 23 Oct. 1991

Wednesday, December 25, 2013

ការ​តវ៉ា​ របស់​ អតីត​អ្នក​បឹងកក់​ ក្លាយ​ជា​ អំពើហិង្សា

ការ​តវ៉ា​ របស់​ អតីត​អ្នក​បឹងកក់​ ក្លាយ​ជា​ អំពើហិង្សា

ការ​តវ៉ា ​របស់​ អតីត​អ្នក​ភូមិ​បឹង​កក់ ដើម្បី​ទាមទារ​ សំណង​បន្ថែម ​ពី​អាជ្ញាធរ​ ក្នុង​រឿង​ ជម្លៀស​ពលរដ្ឋ ​ចេញ​ពី​លំនៅឋាន ប្រែ​ក្លាយ​ជា ​អំពើ​ហិង្សា ​បំផ្លាញ​ កញ្ចក់​ក្ដារខៀន​ព័ត៌មាន ​របស់​ សាលា​រាជធានី​ភ្នំពេញ។
ដោយ វណ្ណ វិចារ / វិទ្យុអាស៊ីសេរី | ២៤ ធ្នូ ២០១៣
បឹងកក់ ប៉ះទង្គិច ៦១០
អតីត​អ្នក​បឹងកក់ និង​ព្រះសង្ឃ ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ធ្នូ ឆ្នាំ​២០១៣។
RFA/Uon Chhin
ពលរដ្ឋ​ទាំង​នោះ ​ចាប់​ផ្ដើម​តវ៉ា​នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ និង​បន្ត​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ដោយ​មាន​ការ​ចូល​រួម​ជួយ​តវ៉ា​ពី​សំណាក់​ព្រះសង្ឃ​មួយ​ក្រុម​ដែល​គាំទ្រ​បាតុកម្ម​បក្ស​សង្គ្រោះ​ជាតិ។
នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ព្រះសង្ឃ​បួន​អង្គ​ដែល​ចូល​រួម​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​នៅ​មុខ​សាលា​រាជធានី ត្រូវ​បាន​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ​វាយ។ បន្ទាប់​មក​នៅ​ម៉ោង​ជាង ១​រសៀល ក្រុម​ព្រះសង្ឃ​រាប់​សិប​អង្គ​បាន​ចេញ​មក​បិទ​ផ្លូវ​មុខ​សាលា​រាជធានី និង​មាន​ថេរដីកា​ទាមទារ​ឲ្យ​អាជ្ញាធរ​សូម​ខមាទោស​ចំពោះ​ទង្វើ​ហិង្សា​លើ​ព្រះសង្ឃ ប៉ុន្តែ​ក្រុម​អាជ្ញាធរ​មិន​បាន​ចេញ​តាម​ការ​ទាមទារ​ឡើយ។
ក្រុម​ពលរដ្ឋ​និង​ព្រះសង្ឃ​ខ្លះ​បាន​អន់​ព្រះទ័យ និង​ខឹងសម្បា​ចំពោះ​ការ​ត្រៀម​កម្លាំង​បង្ក្រាប​របស់​សមត្ថកិច្ច ហើយ​ក៏​ឈាន​ដល់​ការ​គប់​បំបែក​កញ្ចក់​ផ្ទាំង​ក្ដារខៀន​ព័ត៌មាន និង​ពិព័រណ៍​រូបថត បែក​អស់​គ្មាន​សល់។
អំពើ​ហិង្សា​ត្រូវ​បាន​ស្ងប់​ទៅ​វិញ បន្ទាប់​ពី​មេដឹកនាំ​ព្រះសង្ឃ​ធ្វើ​បាតុកម្ម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ប្រកាស​រំសាយ​ការ​តវ៉ា ដោយសារ​បារម្ភ​ពី​អំពើ​ហិង្សា​រវាង​ក្រុម​ពលរដ្ឋ​ដែល​ឈរ​មើល​ការ​តវ៉ា និង​ក្រុម​អាជ្ញាធរ​ប៉េអឹម។ ប៉ុន្តែ​ក្រុម​ព្រះសង្ឃ​ទាំង​នោះ​មាន​ថេរដីកា​ថា នឹង​បន្ត​ការ​តវ៉ា​ជា​ថ្មី​ទៀត រហូត​ដល់​អាជ្ញាធរ​ថ្វាយ​បង្គំ​សូម​ខមាទោស​ចំពោះ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​វាយ​លើ​ព្រះសង្ឃ។
ទាក់ទង​នឹង​បញ្ហា​នេះ មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ លោក រ័ត្ន ស្រ៊ាង ដែល​ដឹកនាំ​កម្លាំង​អាវុធហត្ថ​ការពារ​សាលា​រាជធានី បាន​ចេញ​មុខ​មក​ជួប​ពលរដ្ឋ និង​សម្រួល​ការ​កក​ស្ទះ​ចរាចរណ៍។ ប៉ុន្តែ​លោក​បដិសេធ​មិន​ឆ្លើយ​ឡើយ​ថា អាជ្ញាធរ​នឹង​ចាត់​ការ​បែប​ណា​ចំពោះ​ការ​វាយ​បំបែក​កញ្ចក់​ផ្ទាំង​ក្ដារខៀន​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ​នោះ។
នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ សាលា​រាជធានី​ភ្នំពេញ បាន​បិទ​ទ្វារ​មិន​ទទួល​ប្រជាពលរដ្ឋ​ដែល​មក​ស្វែង​រក​សេវា​បញ្ជាក់​លិខិត​ស្នាម​ផ្សេងៗ​នោះ​ឡើយ ដោយ​មន្ត្រី​សាលា​រាជធានី​ឲ្យ​ពលរដ្ឋ​ទាំង​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ រង់ចាំ​សភាពការណ៍​ស្ងប់ស្ងាត់​សិន៕

No comments:

Post a Comment