កម្មករ និងសមត្ថកិច្ចចម្រុះមួយចំនួន រងរបួសធ្ងន់-ស្រាល ដោយសារ ការប៉ះទង្គិចគ្នា
ដោយ៖ ថុល ស្រីលក្ខណ៍ និង ស៊ុន ណារិន / វិទ្យុ វីអូឌី | ថ្ងៃសុក្រ ទី27 ខែធ្នូ ឆ្នាំ2013
កម្មករឈរត្រៀបត្រានៅមុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្រោយពីការប៉ះទង្គិចគ្នានៅព្រឹកថ្ងៃសុក្រនេះ (រូបថតដោយ កែវ រតនៈ)
យ៉ាងហោចណាស់កម្មករ១០នាក់ និងសមត្ថកិច្ចចម្រុះប្រមាណ១០នាក់ រងរបួសធ្ងន់ និងស្រាល នៅព្រឹកថ្ងៃសុក្រនេះ ដោយសារការប៉ះទង្គិចគ្នាតាមដងផ្លូវជាតិ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ នៅពេលកម្មករ ដង្ហែក្បួនទៅសុំអន្តរាគមន៍ទាមទារដំឡើងប្រាក់ឈ្នួលគោល១៦០ដុល្លារ។
ការប៉ះទង្គិចនេះ កើតឡើង បន្ទាប់ពីកម្មករមកពីខេត្តកំពង់ស្ពឺរាប់ពាន់នាក់ គ្រោងដង្ហែក្បួនទៅតវ៉ានៅក្រសួងសង្គមកិច្ច និងក្រសួងការងារ ខណៈក្រសួង បានកោះហៅប្រធានសហជីពមួយចំនួន ជួបប្រជុំនៅរសៀលថ្ងៃសុក្រនេះ។
មន្ត្រីសហភាពសហជីពកម្ពុជា លោក សល់ គឹមសាន្ត ប្រាប់VODថា ការតវ៉ានេះកើតឡើងតាំងពីម៉ោងជាង៩ព្រឹក ពេលកម្មករដង្ហែក្បួនទាមទារឲ្យក្រុមកងកម្លាំងចម្រុះបើកផ្លូវឲ្យកម្មករបម្រើការនៅរោងចក្រជាង១០ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ឲ្យចេញមកចូលរួមដង្ហែក្បួនបាតុកម្មជាមួយពួកគេ តែត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាប។ លោកថា ការបង្ក្រាបនោះ បានធ្វើឲ្យកម្មករជាង១០នាក់ និងសមត្ថកិច្ចចម្រុះប្រមាណ១០នាក់ រងរបួសធ្ងន់និងស្រាល។ លោកបន្តថា កម្មករមួយចំនួនត្រូវបានចាប់ខ្លួន ៖
មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក រ័ត្ន ស្រ៊ាង មានប្រសាសន៍នៅកន្លែងប៉ះទង្គិចថា សមត្ថកិច្ច បានហៅកម្មករមកសាកសួរ តែកម្មករត្រូវបានដោះលែងវិញហើយ។ មិនទាន់មានការបញ្ជាក់ពីភាគីកម្លាំងសមត្ថកិច្ចទៅលើការប៉ះទង្គិចជាមួយកម្មករនៅឡើយទេ។
កម្មករឲ្យដឹងថា នៅថ្ងៃសុក្រនេះ កម្មករនៅតាមរោងចក្រតូចៗ ជាច្រើននៅរាជធានីភ្នំពេញ ដូចជា នៅម្តុំលូ៥ សង្កាត់ស្ទឹងមានជ័យ និងកាណាឌីយ៉ា បានសម្រុកចេញពីរោងចក្រ តែថៅកែរោងចក្រព្យាយាមហាមពួកគេ មិនឲ្យចេញទៅក្រៅរោងចក្រ៕
Brothers and sisters . To free yourself and your country from youn you have to sacrifice.Victory is coming very very soon .The puppet regime will collapse.Therefore do not stop.
ReplyDelete