ពលរដ្ឋ នៅស្វាយរៀង តវ៉ាថា តុលាការកាត់ក្តី អយុត្តិធម៌
ដោយ ហ៊ុំ ចំរើន / វិទ្យុអាស៊ីសេរី | ២២ ធ្នូ ២០១៣
ប្រជាពលរដ្ឋ ភាគីទំនាស់ដី បានបដិសេធពុំទទួលស្គាល់តាមសេចក្ដី សម្រេចរបស់តុលាការឡើយ ដោយបញ្ជាក់ថា ដីមានទំនាស់នោះជាកម្មសិទ្ធិរបស់ខ្លួនកាន់កាប់ស្របច្បាប់។ ប្រជាពលរដ្ឋមានទំនាស់ដីធ្លីប្រុសស្រីចាស់ក្មេងប្រហែលម្ភៃនាក់ ខ្លះដៃកាន់បដាដែលមានសរសេរខ្លឹមសាររិះគន់តុលាការថាអយុត្តិធម៌ ឈរស្រែកតវ៉ាតាមបណ្ដោយផ្លូវជាតិលេខ១ ដើម្បីបង្ហាញដល់អ្នកធ្វើដំណើរតាមផ្លូវនៅតំបន់ជម្លោះដីធ្លី នៅក្រុងបាវិត។ ប្រជាពលរដ្ឋតវ៉ាដើម្បីឲ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយអន្តរាគមន៍ដោះស្រាយប្រគល់ដីឲ្យពួកគាត់វិញ ។
ក្រុមប្រជាពលរដ្ឋថ្លែងទាំងអួលដើមកបញ្ជាក់ថា ដីរបស់ខ្លួនមានកម្មសិទ្ធិស្របច្បាប់ដែលមានការទទួលស្គាល់ពី អាជ្ញាធរមូលដ្ឋានរបស់ខ្លួនត្រឹមត្រូវ ហើយថាសេចក្ដីសម្រេចរបស់តុលាការធ្វើឡើងដោយពុំបានស៊ើបអង្កេតតាម រយៈអាជ្ញាធរភូមិឃុំនោះឡើយ។ បញ្ហានេះធ្វើប្រជាពលរដ្ឋមានទំនាស់ដីធ្លីខកចិត្តចំពោះសេចក្ដី សម្រេចរបស់តុលាការ ដែលបានសម្រេចឲ្យពួកគាត់ចាញ់ក្ដីនេះ ថាជារឿងអយុត្តិធម៌ដែលមិនអាចទទួលយកបាននោះឡើយ៖ «ខ្ញុំ ខំសង្ឃឹមទៅលើតុលាការ គឺគ្រប់គ្រងជួយដោះស្រាយភាពយុត្តិធម៌ជូនប្រជាពលរដ្ឋ ផ្ទុយទៅវិញតុលាការហ្នឹងអត់មានភាពយុត្តិធម៌ជូនប្រជាពលរដ្ឋទេ។ ឥឡូវឲ្យខ្ញុំទៅពឹងអ្នកណាពីដំបូងមកដល់កំពូលអត់បានទេ។ អង្គការជាតិអន្តរជាតិឲ្យដឹងពីភាពឈឺចាប់ពីប្រជាជនខ្មែរថាវា ពុករលួយប៉ុនហ្នឹងអញ្ចឹងពួកយើងទាំងអស់ត្រូវតែក្រោកតស៊ូឡើង។ យើងលះបង់ជីវិតលះបង់លុយដើម្បីរកយុត្តិធម៌ ឲ្យកូនខ្មែរទាំងអស់គ្នាមានភាពយុត្តិធម៌ផងកុំឲ្យគេបំពានយកដី ច្រើនពេក ។នៅក្នុងក្រុងបាវិតហ្នឹងយកច្រើនកន្លែងណាស់ដែលអត់មានភាព យុត្តិធម៌អញ្ចឹង អាជ្ញាធរដែនដីយកៗលក់ឲ្យអ្នកមានលុយ។»
ស្រដៀងគ្នានេះដែរប្រជាពលរដ្ឋទំនាស់ដីធ្លីនៅភូមិតាបិប សង្កាត់បាវិត លោក គី សារិទ្ធ ថ្លែងក្នុងទឹកមុខស្រពោន ថាដីមានទំនាស់នេះកាលពីសម័យសង្គ្រាម គឺជាដីស្ថិតក្នុងតំបន់ខ្សែត្រៀមប្រយុទ្ធ រវាងកងទ័ពខ្មែរក្រហម និងវៀតណាម លុះក្រោយឆ្នាំ១៩៧៩ គឺគ្មានប្រជាកសិករណាម្នាក់ហ៊ានទៅរុករានលើផ្ទៃដីដែលមានទំនាស់ នោះឡើយ ព្រោះខ្លាចគ្រាប់មីន និងគ្រាប់ផ្ទុះផ្សេងៗ ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ លុះដល់ឆ្នាំ១៩៨៥ លោកគី សារិទ្ធ និយាយគ្រួសាររបស់ លោកបានទៅបង្កបង្កើនផលនៅលើដីនោះ ដោយប្រថុយនឹងគ្រោះថ្នាក់ ដោយសារការថែរក្សាដាំដុះបន្ទាប់មកដីនោះបានក្លាយទៅជាដីស្រែ រហូតមកទល់សព្វថ្ងៃ៖ «ខ្ញុំ ក៏ជាប់ធ្វើរហូតដែរ, ហើយ ស្រាប់តែ ទៅឆ្នាំ២០០០ហ្នឹង មានគេ មកបោះបង្គោល, ខ្ញុំ ក៏ប្ដឹងផ្ដល់មួយសារទៅ។ បាទខ្ញុំ និយាយដែរ គេអត់ស្ដាប់ គេស្ដាប់តែម្ខាង មើលប្លង់គេខុសលើគោក ខ្ញុំផ្ដល់ជូនឯកសារដែលខុសនៅតែតុលាការនៅតែធ្វើដូចជាព្រំ ប្រទល់ខាងកើតព្រំប្រទល់ខាងជើងក៏ខុសការវាស់វែងដី ដីហ្នឹង១១៨ម៉ែត្រប្លង់គេតែ១០០ម៉ែត្រក៏ខុសៗទាំង៣ចំណុច។»
ទាក់ទងនឹងបញ្ហាទំនាស់ដីធ្លីនេះ មន្ត្រីក្រុមប្រឹក្សាសង្កាត់បាវិតដែលបានចូលរួមក្នុងថ្ងៃអនុវត្តន៍ សាលក្រម គឺ លោក ប៉ែន ផែល មានប្រសាសន៍ថា បញ្ហាក្ដីនេះភាគីទំនាស់ទាំង២ពុំបានប្ដឹងរកដោះស្រាយពីអាជ្ញាធរ មូលដ្ឋាននោះឡើយ ដោយអ្នកទាំង២ប្ដឹងរកដំណោះស្រាយទៅស្ថាប័នតុលាការ ។ លោកបន្តថា ដូចនេះបញ្ហាក្ដីក្ដាំមួយនេះបានផុតដែនកំណត់របស់ សមត្ថកិច្ចមូលដ្ឋានទៅហើយ៖ «គ្រាន់តែដឹងថាដីហ្នឹង មុំ ដារាគាត់ទិញបន្តពីគេដែរ ហើយដល់ពេលទំនាស់ជាមួយគ្រួសារបងគី សារិទ្ធហ្នឹងមិនដឹងជាយ៉ាងម៉េចៗខ្ញុំអត់ដឹង។ ព្រោះដែនសមត្ថកិច្ចរបស់ខ្ញុំវាផុតនិយាយបាន ព្រោះប្ដឹងទៅសាលាដំបូងខេត្តស្វាយរៀងប្ដឹងទៅសាលាកំពូលរាជធានីភ្នំ ពេញ។ ដល់ថ្នាក់កំពូលចេញសាលដីកាមក ថ្ងៃនេះអញ្ជើញខ្ញុំឲ្យចូលមកឲ្យចូលរួមជាតំណាងឲ្យឃុំគឺដើម្បី មើលថាតើការអនុវត្តន៍សាលក្រមរបស់តុលាការហ្នឹងយ៉ាងម៉េចហើយមាន បាតុភាពម៉េចៗ ខ្ញុំមានសិទ្ធិតែម្យ៉ាងគឺឈរជួយមើល»។
វិទ្យុអាស៊ីសេរីពុំទាន់អាចទាក់ទងភាគីម្ខាងទៀតជាមន្ត្រីយោធា វីរៈ ការពារព្រំដែនដែលតុលាការសម្រេចឲ្យឈ្នះក្ដីនេះដើម្បីមានឱកាស ឆ្លើយតបនិងបញ្ហានេះបាននៅឡើយ។
ប៉ុន្តែ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង លោក កៀង សុន្ទរោ បញ្ជាក់ថា លោកពុំអាចបញ្ជាក់ពីដំណើរដើមទងនៃវិវាទដីធ្លីនេះបានទេ ព្រោះតុលាការបានសម្រេចចេញសាលក្រមស្ថាពរប្រគល់ដីឲ្យអ្នកឈ្នះ ក្ដីនេះរួចទៅហើយ៖ «ទាក់ទងនឹងដើមហេតុដំបូងរបស់ ដីហ្នឹងខ្ញុំមិនធ្វើការបកស្រាយទេ ព្រោះតុលាការកំពូលគេបកស្រាយរួចហើយ។ បើខ្ញុំបកស្រាយទៀតវាខុស អញ្ចឹងអ្វីដែលមាននៅក្នុងសាលដីការបស់តុលាការកំពូលបង្គាប់យ៉ាង ម៉េច គឺខ្ញុំធ្វើអញ្ចឹង»។
ផ្ទៃដីដែលមានទំនាស់នេះ មានទំហំ ៤ពាន់៧រយ (៤.៧០០)ម៉ែត្រក្រឡា មានទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិ១ នៅភូមិតាពៅនៃសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ សព្វថ្ងៃហាងឆេងដីនៅតំបន់នោះ មានតម្លៃប្រហែល២៥ដុល្លារ ក្នុងមួយម៉ែត្រក្រឡា។ ផ្ទៃដីនេះមានទំនាស់ប្ដឹងផ្ដល់គ្នារវាងប្រជាពលរដ្ឋនឹងមន្ត្រី យោធាវីរៈការពារព្រំដែន ប្រចាំនៅក្រុងបាវិត ដោយភាគីទាំងសងខាងផ្ដើមប្ដឹងគ្នាដណ្ដើមដីនេះជាកម្មសិទ្ធិរៀង ខ្លួន ហើយប្ដឹងឡើងតុលាការនៃសាលាដំបូងខេត្តស្វាយរៀង នៅឆ្នាំ២០០៥ ។ប៉ុន្តែដំណើរក្ដីនៅសាលាដំបូងខេត្តស្វាយរៀងពុំអាចដោះស្រាយ បញ្ចប់បញ្ហាក្ដីក្ដាំមួយនេះបាននៅឡើយ។ បន្ទាប់មកភាគីទាំងសងខាងបានបន្តរកដំណោះស្រាយទៅស្ថាប័នតុលាការ ដទៃទៀតរហូតដល់តុលាការកំពូល។
នៅថ្ងៃទី១៩ធ្នូឆ្នាំ២០១៣ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀងបានដឹកនាំកម្លាំងសមត្ថកិច្ចចុះអនុវត្តន៍ ដីកាស្ថាពរចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១១ របស់តុលាការកំពូល ដើម្បីប្រគល់ដីទំនាស់នោះទៅឲ្យភាគីឈ្នះក្ដីគឺ លោកមុំ ដារា ជាកម្មសិទ្ធិស្របច្បាប់ ចាប់ពីថ្ងៃទី១៩ ធ្នូ ឆ្នាំ២០១៣ តទៅ។
ប្រជាពលរដ្ឋឲ្យដឹងថាតុលាការកាត់ឲ្យពួកគេចាញ់ក្ដីក្នុងទំនាស់ ដីនេះ អាចបណ្ដាលពីបញ្ហាធ្វើប័ណ្ណកាន់កាប់ដីធ្លីរបស់មន្ត្រីសុរិយោដី ខេត្តស្វាយរៀងដែលមិនបានពិនិត្យច្បាស់លាស់នាំឲ្យមានការពាក់ព័ន្ធ ដល់ដីមានទំនាស់របស់ប្រជាពលរដ្ឋ។ បញ្ហានេះក៏អាចជាកំហុសរបស់តុលាការដែរ ដែលមិនបានស៊ើបអង្កេតពីអាជ្ញាធរមូលដ្ឋាននៅតំបន់ទំនាស់ឲ្យបាន ស៊ីជម្រៅជាមុនសិន។
ទោះជាយ៉ាងនេះក្ដី បញ្ហានេះប្រជាពលរដ្ឋបានប្ដឹងសុំអន្តរាគមន៍រួមមានក្រសួង យុត្តិធម៌ ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងការពារជាតិ និងប្ដឹងទៅរដ្ឋសភាជាដើម។ ហើយស្ថាប័នទាំងអស់នោះបានចេញលិខិតអន្តរាគមន៍ស្នើ ដល់ស្ថាប័នពាក់ព័ន្ធឲ្យជួយដោះស្រាយទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ នៅក្រុងបាវិតនេះរួចមកហើយ។ ប៉ុន្តែសាលាដំបូងខេត្តស្វាយរៀងនៅតែបន្តអនុវត្តន៍សាលក្រមដោយ ប្រគល់ដីដែលមានទំនាស់នោះទៅឲ្យមន្ត្រីយោធាការពារព្រំដែនដដែល៕
No comments:
Post a Comment