ព្រឹទ្ធសភា បក្សប្រឆាំង ច្រានចោល សេចក្ដីថ្លែងការណ៍ ព្រឹទ្ធសភា បក្សកាន់អំណាច ករណីលោក ហ៊ុនសែន
ដោយ៖ នួន បូរិន | ថ្ងៃចន្ទ ទី23 ខែធ្នូ ឆ្នាំ2013
ក្រុមព្រឹទ្ធសភាគណបក្ស ប្រឆាំង មកពី គណបក្សសមរង្ស៊ី ចំនួន១១រូប នៅថ្ងៃច័ន្ទនេះ បានច្រានចោល សេចក្ដីថ្លែងការណ៍ របស់ ព្រឹទ្ធសភា គណបក្សប្រជាជនកម្ពុជា ចំនួន៤២រូបនេះ ដែលប្រកាសគាំទ្រ ជំហរ របស់លោក ហ៊ុនសែន មិនចុះចេញពី តំណែង និងមិនព្រមរៀបចំ ការបោះឆ្នោត ឡើងវិញ ។
សេចក្ដីថ្លែងការណ៍ របស់ សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី បន្តថា គឺ ដូចអ្វី ដែលខ្លួន ប្រកាសកាលពីថ្ងៃទី26 កញ្ញាថា បើអ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ មិនចូលរួម បង្កើត សភានិងរដ្ឋាភិបាលថ្មី ឲ្យបានត្រឹមត្រូវ តាម ឆន្ទៈ របស់ ម្ចាស់ឆ្នោត និងរដ្ឋធម្មនុញ្ញ មាត្រា35 គឺ មិនអាចទទួលស្គាល់ រដ្ឋាភិបាល និងរដ្ឋសភា ឯកបក្ស បានឡើយ។ ក្រុម សមាជិកព្រឹទ្ធសភា បន្តថា មាត្រា35 នៃរដ្ឋធម្មនុញ្ញ តម្រូវឲ្យ អង្កការរដ្ឋ ចាំផ្ទះ ត្រូវយកសេចក្ដីស្នើ របស់ប្រជាពលរដ្ឋ មកពិនិត្យ និងដោះស្រាយ ហើយ បើជាមិនដោះស្រាយ តាមឆន្ទៈ របស់ ប្រជាពលរដ្ឋ ថាតើ ឲ្យសមាជិកព្រឹទ្ធសភា ក្រុម គណបក្សសមរង្ស៊ី ទទួលស្គាល់ រដ្ឋាភិបាលថ្មី នេះ បានដូចរបៀបណា។
ក្នុងន័យនេះ សមាជិកព្រឹទ្ធសភា គណបក្សសមរង្ស៊ី ទទូចសុំ ថ្នាក់ដឹកនាំកំពូល នៃគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្ក្រោះជាតិ ត្រូវជួបគ្នា ហើយរក ការដោះស្រាយ តាមឆន្ទៈប្រជាពលរដ្ឋ ជាបន្ទាន់ ដើម្បីបញ្ជៀសវិបត្តិ ធ្ងន់ធ្ងរ ណាមួយកើតឡើង នៅពេលខាងមុខ ទើបស្របនឹងស្មារតី នៃរដ្ឋធម្មនុញ្ញ មាត្រា 35។
សេចក្ដីថ្លែងការណ៍ របស់ មាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២០ ធ្នូ បានប្រកាស គាំទ្រ ទាំងស្រុង នូវប្រសាសន៍ របស់ លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ដែលបាន ឆ្លើយបំភ្លឺ ចំពោះចេតនា របស់ គណបក្សសង្គ្រោះជាតិ ដែលជំរុញឲ្យ លោក ចុះចេញ ពីតំណែង និងការបោះឆ្នោតឡើងវិញ ថា មិនអាចទៅរួចឡើយ ព្រោះលោក ហ៊ុន សែន ជានាយក រដ្ឋមន្ត្រីស្របច្បាប់ រដ្ឋធម្មនុញ្ញកម្ពុជា៕
No comments:
Post a Comment