លោក ខៀវ កាញារីទ្ធ៖ កិច្ចប្រជុំកំពូល បានលើកពេល តែមិនទាន់ កំណត់ថ្ងៃ
ដោយ៖ តាំង វីដា / វិទ្យុ វីអូឌី | ថ្ងៃអង្គារ៍ ទី31 ខែធ្នូ ឆ្នាំ2013
លោកខៀវ កាញារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាល កាលពីកន្លងទៅ/ជន ស្រីណុច
មន្ត្រីនាំពាក្យរដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ ឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា កិច្ចប្រជុំកំពូលរវាងគណបក្សជាប់ឆ្នោតទាំងពីរ ដែលគ្រោងយកថ្ងៃទី២ ខែមករា ត្រូវបានលើកពេល តាមការស្នើសុំរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ ប្រាប់VODយ៉ាងខ្លីថា គម្រោងជំនួបកំពូលរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលបានកំណត់យកថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ខាងមុខនេះ ត្រូវបានលើកពេល តាមសំណើរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី។ លោកបន្តថា កាលបរិច្ឆេទថ្មី សម្រាប់ជំនួបកំពូល ដើម្បីដោះស្រាយបញ្ហាជាប់គាំងនយោបាយនេះ គឺមិនបានស្ថិតក្នុងការពិចារណានៅឡើយ ដោយគណបក្សប្រជាជនកម្ពុជា រង់ចាំចម្លើយពីគណបក្សសង្គ្រោះជាតិ។
VOD មិនទាន់អាចសុំការឆ្លើយតបពីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា បាននៅឡើយទេ ដោយសារជាប់ប្រជុំ។
កាលពីថ្ងៃចន្ទ លោក ខៀវ កាញារីទ្ធ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា លោកនាយករដ្ឋមន្ត្រី បានយល់ព្រមឲ្យមានការជួបជុំគ្នាហើយ នៅថ្ងៃទី២ ខែមករានេះ ប៉ុន្តែលោកសមរង្ស៊ី ស្នើឲ្យមានការលើកពិភាក្សាពីបញ្ហាប្រាក់ឈ្នួលកម្មករ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យមានការជជែគ្នាតែបញ្ហាការកែទម្រង់គណៈកម្មាធិការនៃការបោះឆ្នោត និងការបោះឆ្នោត៕
អត្ថបទទាក់ទង៖វិភាគ៖ការចរចាជាថ្មីទៀតនេះ ត្រូវលើកចំណុចគន្លឹះអ្វី ដើម្បីទម្លាយភាពជាប់គាំងនយោបាយ?
No comments:
Post a Comment