Paris Peace Accords 23 Oct. 1991

Tuesday, December 24, 2013

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ គ្រោង​ធ្វើ​ បាតុកម្ម​ នៅ​ខែ​មករា

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ គ្រោង​ធ្វើ​ បាតុកម្ម​ នៅ​ខែ​មករា

អង្គការ​ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ នៅ​កម្ពុជា នឹង​ធ្វើ​ បាតុកម្ម​ នៅ​រាជធានី​ភ្នំពេញ នៅ​ខែ​ក្រោយ ដើម្បី​ ទាមទារ ឲ្យ​រដ្ឋាភិបាល​វៀតណាម ដោះ​លែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ នៅ​ខេត្ត​ឃ្លាំង ដែល​ត្រូវ​ តុលាការ​ប្រជាជន​វៀតណាម កាត់​ទោស​ជាប់​ពន្ធនាគារ, ប្រសិន​បើ​ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា មិន​អាច​ធ្វើ​ អន្តរាគមន៍​ ទៅ​រដ្ឋាភិបាល​វៀតណាម តាម​ការ​ស្នើ​សុំ​របស់​ពួកគេ។
ដោយ យាង សុជាមេត្តា / វិទ្យុអាស៊ីសេរី | ២៤ ធ្នូ ២០១៣ 
ខ្មែរ​ក្រោម​តវ៉ា ៦១០
ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​តវ៉ា​លើក​រូបថត​ព្រះសង្ឃ​​ដែល​​ត្រូវ​អាជ្ញាធរ​វៀតណាម បាន​ចាប់​ព្រះកាយ នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា ឆ្នាំ​២០១៣។
RFA/Mom Sophon














ការ​ព្រមាន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា ខក​ចិត្ត​ចំពោះ​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ដែល​បាន​យក​ចិត្ត​ទុក​ដាក់​តិចតួច​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ខ្មែរ​ក្រោម។ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៣ បាន​ចូល​ជួប​រដ្ឋ​លេខាធិការ​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ លោក អ៊ុច បូរិទ្ធិ ដើម្បី​ធ្វើ​សេចក្ដី​រាយការណ៍​អំពី​ស្ថានភាព​រស់​នៅ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម។
នៅ​ក្នុង​របាយការណ៍​ដាក់​ជូន​ក្រសួង​ការបរទេស អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ក៏​បាន​ស្នើ​ឲ្យ​ក្រសួង​ការបរទេស​កម្ពុជា ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ដោះលែង​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​ក្រោម ព្រមទាំង​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ផ្សេង​ទៀត ដែល​ពលរដ្ឋ​ខ្មែរ​ក្រោម​កំពុង​ជួប​ប្រទះ។ ក្នុង​ជំនួប​នោះ លោក អ៊ុច បូរិទ្ធិ បាន​សន្យា​ថា នឹង​យក​សំណើ​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ទៅ​សិក្សា​លម្អិត ហើយ​ពិចារណា​អន្តរាគមន៍​ទៅ​តាម​ផ្លូវ​ច្បាប់។
ដោយ​ពុំ​ទទួល​បាន​ការ​ឆ្លើយ​តប​ណា​មួយ​ពី​ក្រសួង​ការបរទេស នៅ​ថ្ងៃ​ទី​២៣ ធ្នូ ឆ្នាំ​២០១៣ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍ បាន​ដាក់​លិខិត​ឲ្យ​ក្រសួង​ការបរទេស​ជា​ថ្មី​ម្តង​ទៀត ដើម្បី​ឲ្យ​ក្រសួង​ផ្ដល់​ព័ត៌មាន​អំពី​លទ្ធផល​ក្រោយ​ជំនួប​នោះ។
ប្រធាន​ការិយាល័យ​ទំនាក់ទំនង​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​នៃ​លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជាក្រោម លោក សឺន ជុំជួន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ធ្នូ ថា អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ចង់​ឲ្យ​ក្រសួង​ការបរទេស​ជួយ​បំភ្លឺ និង​ផ្តល់​ព័ត៌មាន​អំពី​លទ្ធផល​ឲ្យ​ពួកគេ​បាន​ដឹង។ លោក​ថា បើ​ទោះ​ជា​ក្រសួង​ការបរទេស​កម្ពុជា អាច​ឬ​មិន​អាច​ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម​ក្តី ក្រសួង​គួរ​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម​បាន​ដឹង ដើម្បី​ឲ្យ​ពួក​គេ​ចាត់​វិធានការ​បន្ត​ទៀត។ តាម​លោក ជុំជួន ជម្រើស​បន្ទាប់​មក​ទៀត​សម្រាប់​ខ្មែរ​ក្រោម គឺ​ការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម។
លោក សឺន ជុំជួន៖ «ប្រសិន​ណា​យើង​មិន​បាន​ទទួល​លទ្ធផល​ទាំង​អស់​ទេ ឬ​ក៏​លទ្ធផល​ណា​មួយ​ដែល​មិន​មាន​ផល​វិជ្ជមាន​សោះ គឺ​ក្បួន​បាតុកម្ម​របស់​យើង​គឺ​នឹង​កើត​ឡើង​មែន​ទែន ហើយ​ខ្ញុំ​គិត​ថា ខាង​ក្រសួង​ការបរទេស​ហ្នឹង បើ​សិន​ណា​គាត់​ឆ្លើយ​តប​លទ្ធផល​ប្រហែល​ជា​អវិជ្ជមាន​ច្រើន អ៊ីចឹង​យើង​ត្រូវ​ត្រៀម​ពី​ហ្នឹង​ទៅ​ឲ្យ​ហើយ។ ទី​មួយ​យើង​អាច​នឹង​ធ្វើ​ជា​កូដកម្ម ទី​ពីរ អាច​នឹង​ជា​ក្បួន​បាតុកម្ម ហើយ​ក្បួន​បាតុកម្ម​នោះ​យើង​អាច​ដង្ហែ​ពី​ក្រសួង​ការបរទេស​កម្ពុជា ទៅ​កាន់​ស្ថានទូត​វៀតណាម ឬ​ក៏​យើង​អាច​នឹង​ធ្វើ​កូដកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម​តែម្ដង»
អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម កាល​ពី​ខែ​តុលា ឆ្នាំ​២០១៣ បាន​ស្នើ​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ប្រមូល​ផ្ដុំ​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា។ តែ​សាលា​រាជធានី​ភ្នំពេញ មិន​បាន​អនុញ្ញាត​តាម​ការ​ស្នើ​សុំ​នោះ​ទេ ដោយ​លើក​ហេតុផល​ថា ស្ថានទូត​បរទេស​មាន​លក្ខណៈ​អភ័យ​ឯកសិទ្ធិ​ពិសេស ដែល​ប្រទេស​ម្ចាស់​ផ្ទះ​មិន​អាច​អនុញ្ញាត​អោយ​មាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ប្រទេស​ជា​មិត្ត​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​បាន​ឡើយ។ ក្រោយ​មក អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ស្នើ​សុំ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​វិញ​ម្តង។ តែ​សាលា​រាជធានី​ភ្នំពេញ មិន​បាន​អនុញ្ញាត​នោះ​ទេ ដោយ​ផ្ដល់​ហេតុផល​ថា សាលា​រាជធានី​ភ្នំពេញ មិន​បាន​អនុញ្ញាត​ឲ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​របស់​លោក រ៉ុង ឈុន ធ្វើការ​ប្រមូល​ផ្តុំ ដូច្នេះ​សាលា​រាជធានី​ភ្នំពេញ ក៏​មិន​អាច​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម​ប្រមូល​ផ្តុំ​ដូច​គ្នា៕

No comments:

Post a Comment