សកម្មជន បក្សប្រជាជន គ្រោងធ្វើ បាតុកម្ម បិទសាលាឃុំ នៅក្រចេះ
ការតវ៉ារឿងដីធ្លីនៅតែជាបញ្ហាក្តៅគគុកសម្រាប់ប្រជាពលរដ្ឋនៅតាមជនបទ ពិសេសប្រជាពលរដ្ឋនៅស្រុកស្នួល ខេត្តក្រចេះ ដែលមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ កំពុងរស់នៅក្នុងភាពមិនស្ងប់ចិត្តដដែល។
លោក សួន វិច្ឆិកា៖ «ជាចេតនាមួយសម្រាប់អាជ្ញាធរខេត្ត មានការពង្វាង ឬទុកពេលឱ្យក្រុមហ៊ុនដាក់ពាក្យប្ដឹងទៅក្រសួង ដើម្បីឱ្យក្រសួងកាត់ដីដែលវាស់ហើយហ្នឹងទៅឱ្យក្រុមហ៊ុនវិញមើលទៅ។ ហើយមួយទៀត គាត់មានចេតនាផ្អាកការចេញប័ណ្ណហ្នឹងមិនចង់ឱ្យបានគ្រប់គ្នាតែម្ដង»។
លោកបានថ្លែងបន្តថា ការតវ៉ារបស់ពួកគាត់ដោយនឹងមានការពាក់អាវគណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើយ៉ាងម៉េចឱ្យអាជ្ញាធរអាចដឹងឮពីបញ្ហារបស់ពួកគាត់ ពីព្រោះសំណើកន្លងមកដូចគ្មានប្រសិទ្ធភាពឡើយ។ លោកបញ្ជាក់ទៀតថា ប្រសិនមិនមានចំណាត់ការសម្រាប់ពួកគាត់ទេ ពួកគាត់នឹងងាកទៅគាំទ្រគណបក្សផ្សេង ដោយលែងមានជំនឿទុកចិត្តលើបក្សប្រជាជនតទៅទៀត ហើយនឹងមានការធ្វើបាតុកម្មដោយបិទផ្លូវទៀតផង។
មេឃុំស្នួល លោក វ៉ាន់ ឌឿន បានមានប្រសាសន៍ថា មូលហេតុដែលប្រជាពលរដ្ឋនៅក្នុងឃុំរបស់លោកមានការតវ៉ាជុំវិញបញ្ហាប័ណ្ណកម្មសិទ្ធិនោះ ពីព្រោះតែនៅក្នុងឃុំដទៃទៀត ក្រៅពីឃុំរបស់លោក ប្រជាពលរដ្ឋភាគច្រើនបានទទួលប័ណ្ណកម្មសិទ្ធិរួចរាល់ហើយ ទើបធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងឃុំយល់ថា អាជ្ញាធរបំពេញការងារមិនបានស្នើគ្នា។
លោកបន្តថា ដីនៅក្នុងឃុំលោកនោះ គឺមានពាក់ព័ន្ធទៅនឹងក្រុមហ៊ុនកូរ៉េ មួយដែលបានមកវិនិយោគនៅទីនោះ ហើយមិនបានគោរពទៅតាមលក្ខខណ្ឌដែលរដ្ឋាភិបាលបានកំណត់ ដោយមិនបានកាត់ដីនូវចំណុចណាដែលប៉ះពាល់ដល់ប្រជាពលរដ្ឋឱ្យពួកគាត់តាមលក្ខខណ្ឌ ទើបធ្វើឱ្យបញ្ហាកាន់តែស្មុគស្មាញ៖ «ពីដើមមកក្រុមហ៊ុនហ្នឹងដែល ស.ជ.ណ ដែលខ្ញុំទទួលបានស៊ីញ៉េនៅ២០០៨ គឺមានស៊ីញ៉េរបស់ឯកឧត្តម ប្រាក់ សុខុន ឯឧត្តម ច័ន្ទ សារ៉ុន និងសម្ដេចនាយក ស៊ីញ៉េនៅហ្នឹង។ ជា ស.ជ.ណ ទេ ស៊ីញ៉េហ្នុង ប៉ុន្តែមានលក្ខខណ្ឌៗ ៦លក្ខខណ្ឌ ប៉ុន្តែលក្ខខណ្ឌដែលសំខាន់ជាងគេ គឺលក្ខខណ្ឌទី៣ គឺថា ឱ្យក្រុមហ៊ុននេះ បើមកធ្វើឱ្យទាក់ទងឈូសឆាយអីក៏ដោយ គឺត្រូវទាក់ទងនឹងរដ្ឋអំណាចទី១។ ទី២ អ្វីក៏ដោយ បើពាក់ព័ន្ធនឹងប្រជាជនត្រូវឆ្វៀលកាត់ចេញឱ្យអស់ ប៉ុន្តែក្រុមហ៊ុនគេបាន ស.ជ.ណ មកគេអត់ឆ្វៀលចេញ»។
លោកសូមអំពាវនាវដល់មន្រ្តីថ្នាក់លើគប្បីត្រូវពន្លឿនក្នុងការដោះស្រាយនូវបញ្ហាប័ណ្ណកម្មសិទ្ធិជូនពួកគាត់ឱ្យបានឆាប់រហ័ស ពីព្រោះប្រជាពលរដ្ឋនៅក្នុងឃុំលោក គឺភាគច្រើនជាអ្នកគាំទ្របក្សប្រជាជន ដែលវាប្រៀបបានទៅនឹងដង្ហើមនៃការដឹកនាំរបស់លោកយ៉ាងនោះដែរ។
អភិបាលស្រុកស្នួល លោក គង់ គីមនី បានមានប្រសាសន៍នៅថ្ងៃ២៩ ធ្នូ ថា កន្លងមកប្រជាពលរដ្ឋនៅក្នុងឃុំស្នួល បានចេញមកតវ៉ាម្តងដែរ ដោយថែមទាំងបិទផ្លូវទៀតផង ហើយអាជ្ញាធរស្រុកបានសម្រួលឱ្យពួកគាត់ត្រឡប់ទៅវិញ។ លោកបញ្ជាក់ថា ភាពយឺតយ៉ាវនេះ គឺដោយសារកំហុសបច្ចេកទេស និងម្យ៉ាងដីតំបន់នោះពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់កូរ៉េ ដូច្នេះខាងសុរិយោដីខេត្តត្រូវការពេលវេលាដើម្បីដោះស្រាយជាមុន។
លោក គង់ គឹមនី៖ «ការងារមួយចំនួនដែលវាសាំញ៉ាំបង! ចង់និយាយថា វាមានការលំបាកខ្លះក្នុងការដោះស្រាយ អ៊ីចឹងហើយបានជាគណៈកម្មាធិការទើបចុះទៅមួយសាទៀតហ្នឹង ដើម្បីវែកញែកឱ្យដាច់ថា យើងត្រូវធ្វើម៉េចៗ ដែលពាក់ព័ន្ធនឹងបញ្ហាបច្ចេកទេសហ្នឹង ដោយសារយើងទើបតែចុះទៅទៀត។ វាអត់ដូចអានៅព្រៃចារ អត់ដូចនៅ ២ធ្នូ វាស្រួល ប៉ុន្តែដែនដីគាត់ខិតខំធ្វើហើយបង! យ៉ាងម៉េចយ៉ាងម៉ា យើងត្រូវតែចែក យើងមិនឱ្យនេះទេ...!»។
លោកថ្លែងបន្តថា បញ្ហាដីធ្លីនៅពេលនេះ គឺខាងលោកមិនមានដែនសមត្ថកិច្ចតទៅទៀតនោះទេ ពីព្រោះវាភារកិច្ចរបស់មន្រ្តីដោះស្រាយវិវាទដីធ្លី ហើយខាងស្រុកគ្រាន់តែជាអ្នកបំពេញនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងអ្នកសម្របសម្រួលដល់ពួកគាត់តែប៉ុណ្ណោះ។ លោកបន្ថែមថា បញ្ហាប័ណ្ណកម្មសិទ្ធិរបស់ប្រជាពលរដ្ឋនៅឃុំស្នួល គឺខាងអាជ្ញាធរដែលពាក់ព័ន្ធកំពុងតែពន្លឿនដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចរស់នៅដោយភាពស្ងប់ចិត្ត៕
No comments:
Post a Comment