ក្រសួង ធនធានទឹក៖ សីតុណ្ហភាព អាចនឹងចុះដល់ កម្រិត១២ អង្សាសេ
សេចក្តីជូនដំណឹងបន្ថែម ស្ដីពី ស្ថានភាពសីតុណ្ហភាព របស់ក្រសួងធនធានទឹក បានបង្ហាញថា អាកាសធាតុ ដែលនឹងចុះត្រជាក់ជាថ្មីនេះ គឺត្រជាក់ខ្លាំងជាងប៉ុន្មានសប្ដាហ៍កន្លងទៅនេះ។ ហើយបញ្ជាក់ថា ខេត្តដែលមានអាកាសធាតុចុះត្រជាក់ខ្លាំងនៅភាគខាងជើងប្រទេស គឺមានខេត្តមណ្ឌលគិរី ខេត្តពោធិ៍សាត់ និងខេត្តព្រះវិហារ ដោយសីតុណ្ហភាពនឹងចុះដល់កម្រិត ១២អង្សាសេ។
ក្រសួងធនធានទឹក ឲ្យដឹងបន្ថែមថា សីតុណ្ហភាពចុះត្រជាក់ខ្លាំងនឹងអូសបន្លាយយូរថ្ងៃនៅកម្ពុជា ឆ្នាំនេះ មិនធ្លាប់មានទេពីមុនមក។ សីតុណ្ហភាពចុះត្រជាក់ខ្លាំងនេះ សម្រាប់មនុស្សមានវ័យចំណាស់ និងកូនក្មេងរស់នៅតាមខេត្តមួយចំនួន ពិបាកទ្រាំនឹងអាកាសធាតុនេះ។
ប្រជាពលរដ្ឋរស់នៅខេត្តកំពត បានឲ្យដឹងនៅថ្ងៃពុធ ទី២៥ ខែធ្នូ ថា សីតុណ្ហភាពចុះត្រជាក់នៅរដូវរំហើយ ឬរដូវច្រូតកាត់ឆ្នាំនេះ បានបង្កការលំបាកដល់មនុស្សវ័យចាស់ និងកុមារតូចៗ។ កសិកររូបនេះព្រួយបារម្ភថា បើសិនកម្រិតសីតុណ្ហភាពបន្តចុះត្រជាក់ខ្លាំងនាថ្ងៃអនាគត នឹងនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពកុមារ និងមនុស្សចាស់ជរា កើតជំងឺផ្ដាសាយ ឬជំងឺផ្សេងៗ៖ «មានតែត្រជាក់ឡើង គឺអត់មានថយចុះទេ។ ហើយនៅតំបន់ព្រៃភ្នំ ព្រៃបាក់ណឹមនេះត្រជាក់ណាស់ បើនៅតំបន់ភ្នំហ្នឹងនៅពេលយប់ គឺត្រជាក់ខ្លាំង។ ប្រជាជនគ្រប់រូប អ្នកណាក៏ត្រជាក់ខ្លាំងដូចគ្នា។ ពេលជួបមុខគ្នានិយាយតែពីរឿងឆ្អើរភ្លើង និយាយតែពីរឿងត្រជាក់ហ្នឹងតែម្តង។ មនុស្សចាស់ ឬពលរដ្ឋត្រូវតែពាក់អាវរងា ឬស្លៀកពាក់បន្ថែម។ យប់ឡើងពាក់អាវស្លៀកខោពាក់ស្រោមជើង ឬដណ្ដប់ភួយ និងឆ្អើរភ្លើងជាដើមនៅពេលយប់។ ចាស់ៗដែលមានពូកស្តើងៗ បានសម្រាន្តនៅលើនោះ ប៉ុន្តែនៅតែត្រជាក់»។
បញ្ហានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យត្រៀមនូវសម្លៀកបំពាក់សម្រាប់ទប់ទល់ ឬការពារភាពរងាតទល់នឹងសីតុណ្ហភាពចុះត្រជាក់ពេលនេះ។
បន្ថែមលើនេះ ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺផ្ដាសាយពេលសីតុណ្ហភាពចុះត្រជាក់ខ្លាំង។
បញ្ហាសីតុណ្ហភាពនេះដែរ សម្រាប់ពលរដ្ឋរស់នៅខេត្តកំពង់ធំ ក៏បានឲ្យដឹងថា អាកាសធាតុនៅមូលដ្ឋាននេះបានចុះត្រជាក់ខ្លាំងនៅពេលរាត្រី ហើយមនុស្សវ័យចាស់ពិបាកទប់ទល់នឹងអាកាសធាតុនេះ៖ «ត្រជាក់ត្រឹមយើងអាចយើងទ្រាំបាន ប៉ុន្តែមនុស្សចាស់ គឺពិបាកទ្រាំ។ ត្រជាក់ខ្លាំងនៅរៀបភ្លឺ និងព្រលប់ម៉ោង ៧ ទៅ ៨យប់។ អាកាសធាតុត្រជាក់នេះចាស់ៗពិបាកទ្រាំ ប៉ុន្តែក្មេងៗមិនអីទេ»។
សេចក្តីប្រកាសក្រសួងធនធានទឹក បង្ហាញថា នៅតំបន់ជួរភ្នំដងរែក និងជួរភ្នំក្រវាញ សីតុណ្ហភាពអាចនឹងចុះដល់ ១២ ទៅ ១៤អង្សាសេ។ តំបន់ខ្ពង់រាបភាគឦសាន និងខ្ពង់រាបភាគខាងជើង មានខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង ក្រចេះ រតនគីរី និងខេត្តមណ្ឌលគិរី សីតុណ្ហភាពអាចនឹងចុះដល់ ១៣ ឬ ១៥អង្សាសេ។ ដោយឡែក តំបន់ទំនាបកណ្ដាលមានខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង ស្វាយរៀង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល រាជធានីភ្នំពេញ និងខេត្តតាកែវ សីតុណ្ហភាពអាចនឹងចុះដល់ ១៦ ឬ ១៨អង្សាសេ។ ចំណែកតំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប សីតុណ្ហភាពអាចនឹងចុះដល់ ២០ ទៅ ២២អង្សាសេ។
បញ្ហានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់សាធារណជន ពិសេសកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះសីតុណ្ហភាពចុះត្រជាក់ខ្លាំងនេះ អាចបង្កឲ្យមានជំងឺផ្សេងៗ។ ក្រសួងធនធានទឹក ឲ្យដឹងថា អាកាសធាតុចុះត្រជាក់ពេលនេះ ដោយសារប្រទេសកម្ពុជា កំពុងទទួលរងនូវជ្រលងសម្ពាធខ្ពស់ស៊ីបេរី និងមូសុងឦសាន ហើយបាតុភូតធម្មជាតិនេះនឹងបង្កើនឥទ្ធិពលកាន់តែខ្លាំងដល់ពាក់កណ្ដាលខែមករា ឆ្នាំ២០១៤៕
No comments:
Post a Comment