Paris Peace Accords 23 Oct. 1991

Sunday, December 29, 2013

សង្គម​ស៊ីវិល​​ ហែ​ក្បួន​ ទាមទារ​ រដ្ឋាភិបាល​ បញ្ចុះ​តម្លៃ​ទំនិញ

សង្គម​ស៊ីវិល​​ ហែ​ក្បួន​ ទាមទារ​ រដ្ឋាភិបាល​ បញ្ចុះ​តម្លៃ​ទំនិញ

ក្រុម​ សង្គម​ស៊ីវិល​ ជា​ច្រើន​ ស្ថាប័ន ប្រជា​សហគមន៍​ ដែល​រង​គ្រោះ​ ដោយ​ជម្លោះ​ដីធ្លី ព្រម​ទាំង​ កម្មករ​ កសិករ​ មក​ពី​បណ្ដា​ខេត្ត​នានា ជា​ច្រើន​រយ​នាក់ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​ធ្នូ បាន​ដង្ហែ​ក្បួន​ នៅ​លើ​ដង​ផ្លូវ​ ក្នុង​រាជធានី​ភ្នំពេញ ដោយ​ចេញ​ពី​ គោល​ដៅ​ ផ្សេងៗ​គ្នា ហើយ​បាន​មក​ ប្រមូល​ផ្តុំ​គ្នា​ តវ៉ា​ នៅ​មុខ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។
ដោយ សេក បណ្ឌិត / វិទ្យុអាស៊ីសេរី | ២៩​ ធ្នូ​ ២០១៣














ការ​ដង្ហែ​ក្បួន​នេះ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល ជាពិសេស​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី ចាត់​វិធានការ​បញ្ចុះ​តម្លៃ​ប្រេង​សាំង​ឲ្យ​មក​នៅ​ត្រឹម ៤​ពាន់​រៀល​ក្នុង​មួយ​លីត្រ និង​បញ្ចុះ​តម្លៃ​ទំនិញ​ដទៃ​ទៀត​នៅ​លើ​ទីផ្សារ ហើយ​ដំឡើង​ប្រាក់​ខែ​កម្មករ មន្ត្រី​រាជការ និង​បង្កើន​តម្លៃ​កសិផល​របស់​កសិករ ព្រម​ទាំង​ទាមទារ​ឲ្យ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​មួយ​ចំនួន​ទៀត។
ក្រុម​អ្នក​តវ៉ា​បាន​បង្ហាញ​ពី​ភាព​ស្វាហាប់​ក្នុង​ការ​ដើរ​ដង្ហែ​ជា​ក្បួន​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដោយ​មិន​ជិន​ណាយ។
ក្រុម​សង្គម​ស៊ីវិល​ជា​ច្រើន​ស្ថាប័ន ប្រជា​សហគមន៍​ដែល​រង​គ្រោះ​ដោយ​ជម្លោះ​ដីធ្លី ព្រម​ទាំង​ប្រជាពលរដ្ឋ​មក​ពី​បណ្ដា​ខេត្ត​នានា​ជា​ច្រើន​រយ​នាក់ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​ធ្នូ ខ្លះ​ដើរ​ដោយ​ថ្មើរ​ជើង ខ្លះ​ជិះ​រ៉ឺម៉ក​កង់​បី ខ្លះ​ជិះ​ម៉ូតូ បាន​កាន់​បដា​ជា​សារ​ទាមទារ​ទៅ​រដ្ឋាភិបាល​រួម​គ្នា គឺ​សុំ​ឲ្យ​ប្រេង​សាំង និង​ទំនិញ​ផ្សេងៗ​នៅ​លើ​ទីផ្សារ​ចុះ​ថ្លៃ ហើយ​សុំ​ឲ្យ​កសិផល​របស់​ប្រជា​កសិករ មាន​ស្រូវ និង​ដំណាំ​បន្លែ​ផ្លែ​ឈើ​ជា​ដើម​នោះ មាន​តម្លៃ​ខ្ពស់​លើស​ពី​តម្លៃ​ជី​គីមី និង​ថ្នាំ​កសិកម្ម។
ក្រុម​អ្នក​តវ៉ា​បាន​នាំ​គ្នា​បង្ហាញ​សារ​ទាំង​នេះ ដោយ​ស្រែក​ខ្លាំងៗ ទ្រហឹងអឺងកង​ស្ទើរ​ពេញ​រាជធានី​ភ្នំពេញ ជា​ពិសេស​នៅ​ជុំវិញ​ស្ថាប័ន​រដ្ឋ​ធំៗ ដែល​ពាក់ព័ន្ធ ដូចជា​នៅ​មុខ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​នៅ​មុខ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជាដើម។
ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ដែល​ដឹក​នាំ​ក្បួន​តវ៉ា​ដ៏​សកម្ម​មួយ​រូប​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៩ ធ្នូ នោះ បាន​បង្ហាញ​ពី​បំណង​របស់​ក្រុម​ខ្លួន និង​អ្នក​ចូល​រួម​ដទៃ​ទៀត ជា​ពិសេស​ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប រ៉ឺម៉ក​កង់​បី គឺ​ទាមទារ​ឲ្យ​សាំង​ចុះ​ថ្លៃ​មក​នៅ​ត្រឹម ៤​ពាន់​រៀល​ក្នុង​មួយ​លីត្រ ដែល​បច្ចុប្បន្ន​សាំង​មាន​តម្លៃ​ជា​មធ្យម ៥​ពាន់​មួយ​រយ​រៀល។
ចំណែក​ស្រូវ​សុំ​ឲ្យ​មាន​តម្លៃ​ជា​មធ្យម​ចាប់​ពី ១.៥០០​រៀល​ឡើង​ទៅ​ក្នុង​មួយ​គីឡូក្រាម។ បច្ចុប្បន្ន​ស្រូវ​មួយ​គីឡូក្រាម​មាន​តម្លៃ​ប្រមាណ ៨០០​រៀល និង​សុំ​ឲ្យ​បញ្ចុះ​តម្លៃ​ជី និង​ថ្នាំ​គីមី​កសិកម្ម។
ស្ត្រី​វ័យ​ចំណាស់​ម្នាក់​អាយុ​ជាង ៦០​ឆ្នាំ មក​ពី​ខេត្ត​តាកែវ បាន​មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​រូប​គាត់​មក​ចូល​រួម​ទាមទារ​ដល់​ភ្នំពេញ​នេះ គឺ​ដោយសារ​គ្រួសារ​គាត់ និង​អ្នក​ភូមិ​ដទៃ​ទៀត កំពុង​ជួប​ការ​លំបាក​សព្វ​បែប​យ៉ាង រាប់​ទាំង​អំពើ​អយុត្តិធម៌​ក្នុង​សង្គម ទំនិញ​ឡើង​ថ្លៃ សាំង​ឡើង​ថ្លៃ ប៉ុន្តែ​ផលិតផល​ដែល​ពួកគាត់​ធ្វើ​បាន​យក​ទៅ​លក់​វិញ​បាន​ថោក​មិន​រួច​ថ្លៃ​ជី​និង​ថ្នាំ​នោះ​ទេ។
បុរស​កសិករ​ម្នាក់​ទៀត​វ័យ​ជាង ៦០​ឆ្នាំ​ដែរ មក​ពី​ខេត្ត​ព្រៃវែង ក៏​កំពុង​ជួប​ការ​លំបាក​ដូច​គ្នា​នេះ​ដែរ ដែល​ចាំបាច់​ជំរុញ​ឲ្យ​រូប​គាត់​ចោល​ការងារ​នៅ​ឯ​ស្រែ​ចេញ​មក​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង ដើម្បី​ឲ្យ​មេដឹកនាំ​ដោះស្រាយ​ឲ្យ​បាន​ចំពោះ​បញ្ហា​ទំនិញ​ឡើង​ថ្លៃ ហើយ​កសិផល​លក់​បាន​ថោក​នោះ។
ដោយ​ឡែក​កម្មការិនី​ម្នាក់​មក​ខេត្ត​កំពង់ឆ្នាំង ឈ្មោះ ខង ខេង បាន​ទាមទារ​សុំ​ឲ្យ​ដំឡើង​ប្រាក់​ខែ​ឲ្យ​ស្រប​ទៅ​នឹង​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ដែល​កំពុង​តែ​មាន​តម្លៃ​ខ្ពស់។
អ្នក​ចូល​រួម​ទាមទារ ក្រៅ​ពី​ប្រជាពលរដ្ឋ កម្មករ កសិករ ក៏​នៅ​មាន​អង្គការ​សមាគម​មិន​មែន​រដ្ឋាភិបាល​ជា​ច្រើន​ទៀត​ ក្នុង​នោះ​រួម​មាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ សម្ព័ន្ធ​កសិករ​សន្តិភាព សមាគម​ដឹក​ជញ្ជូន សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា បណ្ដាញ​អ្នក​ធ្វើ​ការ​តាម​ផ្ទះ ហៅ​កាត់​ថា (CDWN) បណ្ដាញ​យុវជន​កម្ពុជា និង​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ សហគមន៍​បឹង​កក់ បុរីកីឡា ថ្មគោល​ជាដើម។
ក្រៅ​ពី​ការ​តវ៉ា​ឲ្យ​បញ្ចុះ​តម្លៃ​សាំង និង​ទំនិញ​ផ្សេងៗ​ទៀត​នៅ​លើ​ទីផ្សារ​នោះ ក្រុម​នីមួយៗ​ក៏​មាន​ការ​ទាមទារ​ដាច់​ដោយ​ឡែក​រៀងៗ​ខ្លួន​ដែរ។
ដូចជា​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​នៅ​ថ្ងៃ​សៅរ៍ ទី​២៩ ធ្នូនោះ បាន​ដង្ហែ​ក្បួន​ទៅ​មុខ​ក្រសួង​ធម្មការ និង​សាសនា ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​រក​ព្រះ​សារីរិកធាតុ ដែល​ចោរ​លួច​ចេញ​ពី​ព្រះ​សក្យមុនីចេតិយ​ស្ថិត​នៅ​លើ​ភ្នំ​ព្រះរាជទ្រព្យ ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល កាល​ពី​ដើម​ខែ​ធ្នូ​នេះ។
ចំណែក​ក្រុម​សហគមន៍​បឹងកក់​វិញ ភាគ​ច្រើន​ជា​ស្រ្តី បាន​ស្លៀក​ស​ពាក់​ស ដៃ​មាន​កាន់​ផ្ទាំង​ព្រះពុទ្ធ​រូប ផ្កា​ឈូក និង​ធាង​ត្នោត ព្រម​ទាំង​មាន​បដា​ជា​ច្រើន​ដែល​សរសេរ​អក្សរ​ថា ខ្មែរ​តែ​មួយ ឈាម​ជ័រ​តែមួយ ជាតិ​សាសន៍​តែ​មួយ ខ្មែរ​សាមគ្គី​ខ្មែរ​ឈ្នះ បញ្ឈប់​អំពើ​ហិង្សា​ជា​បន្ទាន់ និង​បដា​មួយ​ទៀត​ដែល​អ្នកស្រី យ៉ោម បុប្ជា ជា​អ្នក​កាន់​ហែ​មុខ​ក្បួន​នោះ សរសេរ​ថា ពិភពលោក​កំពុង​តាម​ដាន​បញ្ហា​នេះ។
ក្បួន​នេះ​បាន​ហែ​ចេញ​ពី​តំបន់​បឹងកក់ កាត់​មុខ​ស្ថានទូត​អាមេរិក ឆ្ពោះ​ទៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ជិត​វត្ត​ភ្នំ​នោះ។
សកម្មជន​ដីធ្លី​តំបន់​បឹង​កក់ អ្នកស្រី យ៉ោម បុប្ជា មាន​ប្រសាសន៍​ថា ក្រុម​អ្នកស្រី​ទាមទារ​ឲ្យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ត្រួត​ពិនិត្យ​ជំនួយ​ណា ឬ​ក្រុមហ៊ុន​ណា​ដែល​មក​ធ្វើការ​អភិវឌ្ឍ​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ពួក​គាត់​រង​ទុក្ខ​វេទនា​នោះ​ត្រូវ​ហាម​ឃាត់។
ទោះ​យ៉ាង​ណា​ក្តី រដ្ឋាភិបាល​ពុំ​ទាន់​មាន​ប្រតិកម្ម​ឆ្លើយ​តប​យ៉ាង​ណា​ឡើយ​ចំពោះ​ការ​ទាមទារ​ទាំង​នេះ។
ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ បាន​ព្រមាន​ថា បើ​សិន​ជា​មិន​ចាត់​វិធានការ​ដោះស្រាយ​ចំពោះ​ការ​ទាមទារ​របស់​ពលរដ្ឋ​នោះ​ទេ ពួកគាត់​នឹង​ធ្វើ​បាតុកម្ម​បន្ត​ទៀត ដោយ​ទាមទារ​ទម្លាក់​រដ្ឋមន្រ្តី ក្រសួង​ដែល​ជាប់​ពាក់ព័ន្ធ​ចេញ​ពី​តំណែង ព្រោះ​ឱកាស​នេះ​ពលរដ្ឋ​លែង​ត្រូវ​ការ​រដ្ឋមន្ត្រី​ទាំង​ឡាយ​ណា​ដែល​អសមត្ថភាព​មក​កាន់​ក្រសួង​នីមួយៗ ហើយ​ខ្មែរ​លែង​ត្រូវ​ការ​មន្ត្រី​ទាំង​ឡាយ​ណា​ដែល​មិន​បម្រើ​ប្រជាពលរដ្ឋ​ត​ទៅ​ទៀត​ហើយ។
ការ​ធ្វើ​បាតុកម្ម​របស់​ក្រុម​សង្គម​ស៊ីវិល​នៅ​ពេល​នេះ គឺ​ស្រប​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ដឹក​នាំ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ដោយ​ទាមទារ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​កែ​ទម្រង់​បញ្ហា​ជា​ច្រើន​ទៀត​ដែល​កំពុង​នាំ​វិបត្តិ​ដល់​សង្គម​ជាតិ៕

No comments:

Post a Comment