វិភាគ៖ បាតុកម្ម ទូទាំងប្រទេស របស់ កម្មករ មានឥទ្ធិពលយ៉ាងម៉េចលើ នយោយបាយ បច្ចុប្បន្ន?
ដោយ៖ ពៅ មេត្ដា / វិទ្យុ វីអូឌី | ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013
រូបភាពបាតុកម្ម ប្រជាពលរដ្ឋ កម្មករ(រូបភាពពី ហ្វេសប៊ុក)
នៅថ្ងៃទី២៥ ខែធ្នូ គឺក្រោយមួយថ្ងៃនៃការប្រជុំសម្រេចរបស់គណៈកម្មការប្រឹក្សាការងារ ដែលដែលសម្រេចដំឡើងប្រាក់ខែគោលឲ្យកម្មករពី១៥ទៅ១៧ដុល្លារក្នុងមួយឆ្នាំ ដោយកំណត់ រយៈពេល៥ឆ្នាំអាចឡើងដល់១៦០ដុល្លារ តែការដំឡើងនេះខុសពីការចង់បានរបស់កម្មករ និយោជិត ទើបនាំកម្មករនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាលខេត្តមួយចំនួនចាប់ផ្តើមធ្វើបាតុកម្ម និងកូដកម្ម។ កម្មករទាមទារដំឡើងប្រាក់ឈ្នូលតាមរូបមន្ត៨០ បូក៨០ដុល្លារ ស្នើនឹង១៦០ដុល្លារនៅឆ្នាំ២០១៤នេះ។
ក្រោយការប្រកាសលទ្ធផលនៃការប្រជុំរបស់គណៈកម្មការប្រឹក្សាការងារតែប៉ុន្មានម៉ោងប៉ុណ្ណោះ សម្ព័ន្ធសហជីពនិងសហព័ន្ធសហជីពប្រកាសជាបន្តបន្ទាប់ថា នឹងដឹកនាំធ្វើបាតុកម្ម កូដកម្មទូទាំងប្រទេសប្រឆាំងលទ្ធផលនោះ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ប្រាប់ VODថា លោកខកចិត្ត ចំពោះសេចក្តីសម្រេចរបស់ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធខាងរោងចក្រដែលផ្តល់ប្រាក់ឈ្នួលឲ្យកម្មករត្រឹម៩៥ដុល្លារនោះ។ លោកបន្តថា ករណីនេះកម្មករមិនអាចទទួលយកបានឡើយ។
តាមគម្រោងរបស់សម្ព័ន្ធសហជីព និងសហព័ន្ធសហជីព ពួកគេនឹងដឹកនាំធ្វើ កូដកម្ម និងបាតុកម្មទូទាំងប្រទេសនៅចុងខែធ្នូនេះ។
របាយការណ៍ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបង្ហាញថា កម្មករទូទាំងប្រទេស មានប្រមាណ៧០ម៉ឺននាក់ កំពុងធ្វើនៅរោងចក្រចំនួន៧៩៥។
ជាង១០ថ្ងៃមកហើយ គណបក្សសង្គ្រោះជាតិ បានដឹកនាំបាតុករពីរាប់ម៉ឺនទៅរាប់សែននាក់ ធ្វើបាតុកម្មនៅរាជធានីភ្នំពេញជារៀងរាល់ថ្ងៃ ដើម្បីទាមទារឲ្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រៀបចំការបោះឆ្នោតឡើងវិញ។
ចុះបើកម្មករទាំង៧០ម៉ឺននាក់ ធ្វើបាតុកម្មពេញទំហឹងនៅចុងខែធ្នូតាមការគ្រោងទុកនោះ តើស្ថានភាពនយោបាយ នៅកម្ពុជានឹងទៅជាយ៉ាងណា?
ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ លោក មឿន តុលា យល់ឃើញថា ការធ្វើបាតុកម្មទូទាំងប្រទេសរបស់កម្មករ គឺជាទម្ងន់ថ្មីដាក់បន្ទុកលើរដ្ឋាភិបាលបន្ថែមទៀត ឲ្យគិតគូរពីបញ្ហាជីវភាពកម្មករ ៖
នៅថ្ងៃទី២៥ ខែធ្នូ ក្រោយមួយថ្ងៃនៃការសម្រេចរបស់គណៈកម្មការប្រឹក្សា កម្មករមួយ ចំនួននៅរាជធានីភ្នំពេញបានធ្វើបាតុកម្ម និងកូដកម្ម ចំណែកកម្មករមួយចំនួនទៀតសម្រេច មិន ចូលធ្វើការហើយចូលរួមតវ៉ា ជាមួយគណបក្សសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យតែម្តង។ នៅថ្ងៃទី២៥នេះដែរ កម្មករនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ប្រមាណ៣ម៉ឺននាក់ ធ្វើការនៅ ក្នុងរោងចក្រជាង២០ ក៏មិនចូលធ្វើការដែរគឺពួកគេទាមទារប្រាក់គោលឲ្យបាន១៦០ដុល្លារនៅ ដើមឆ្នាំ២០១៤។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងនយោបាយលោក សុខ ទូច ព្រមានថា ការដែលកម្លាំងបាតុកម្មកាន់តែធំ ហើយគណបក្សទាំងពីរនៅតែមិនអាចចរចាដោះស្រាយបញ្ហាបាននោះ កម្ពុជាបច្ចុប្បន្នអាចនឹងមានហន្តរាយ ដូចកាលដែលកម្ពុជាបែកបាក់ផ្ទៃក្នុងដែលប្រវត្តិសាស្ត្រ បានគត់ត្រា ៖
លោក សុខ ទូច អំពាវនាវឲ្យគណបក្សទាំងពីរ ងាកមករកការចរចាដោយតម្កល់ផល ប្រយោជន៍ជាធំជាបន្ទាន់ ៖
ថ្មីៗនេះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិប្រកាសថា ឈប់ចរចាជាមួយគណបក្សប្រជាជនកម្ពុជាហើយ គឺអ្វីដែលពួកគេទាមទារនៅពេលនេះគឺ ទាមឲ្យមានការបោះឆ្នោត ឡើងវិញ ហើយជំហានបន្ទាប់គឺទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែងតែម្តង។
ចំណែកលោក ហ៊ុន សែន ប្រកាសជំហរថា មិនមានការបោះឆ្នោតឡើងវិញទេ ហើយលោកក៏មិនចុះចេញពីតំណែងដែរ ព្រោះមិនមានចែងនៅក្នុងច្បាប់ ឬរដ្ឋធម្មនុញទេ។
ក្នុងមួយសប្តាហ៍ចុងក្រោយនេះ មានកម្លាំងបាតុករបីក្រុមចេញធ្វើបាតុកម្ម ព្រមៗគ្នា នៅរាជធានីភ្នំពេញ គឺបាតុកររបស់គណបក្សសង្គ្រោះជាតិទាមទារឲ្យមានការបោះឆ្នោតឡើងវិញ កម្មករតាមរោងចក្រធ្វើបាតុកម្មទាមទារដំឡើងខែគោលឲ្យដល់១៦០ដុល្លារ ចំណែកក្រុមទី៣ គឺប្រជាសហគមន៍បឹងកក់ទាំងអ្នកចាស់ដែលទទួលសំណងហើយ និងអ្នកដែលមិនទាន់ទទួលសំណង បានធ្វើបាតុកម្មរួមបិទផ្លូវមុខសាលារាជធានីភ្នំពេញស្ទើរាល់ថ្ងៃ។
រាជរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនទាន់ឆ្លើយតបជាផ្លូវការណាមួយឲ្យកម្មករទាំងបីក្រុមស្ងប់ចិត្តហើយឈប់ធ្វើបាតុកម្មនោះទេ។
ក្នុងស្ថានភាពនេះ ទាំងមន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកវិភាគនយោបាយមិនទាន់អាច សនិដ្ឋានបានថា ស្ថានភាពនៅខែមករា ឆ្នាំ២០១៤នេះ អ្នកនយោបាយចាប់យកមធ្យោបាយ ណាមួយឡើយដើម្បីបញ្ចប់បញ្ហានោះទេ?៕
No comments:
Post a Comment