បក្សប្រឆាំង បញ្ជាក់ជំហរ ធ្វើបាតុកម្ម រហូត វិបត្តិនយោបាយ ត្រូវបាន ដោះស្រាយ
គណបក្សប្រឆាំងបានប្រកាសផ្អាកការហែក្បូនបាតុកម្ម ៦ថ្ងៃ ចាប់ពីថ្ងៃច័ន្ទ នេះតទៅ។ ប៉ុន្តែនឹងបន្តដឹកនាំការដង្ហែក្បួនមហាបាតុកម្មទ្រង់ទ្រាយធំជាងមុនថែមទៀត នៅថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០១៤។
គណបក្សសង្គ្រោះជាតិបញ្ជាក់ជំហរបង្ហាញកម្លាំងធ្វើបាតុកម្មរហូតដល់វិបត្តិនយោបាយបានដោះស្រាយរួច។
គណបក្សសង្គ្រោះជាតិ បញ្ជាក់ក្នុងលិខិតពីភាពជោគជ័យដ៏ធំធេងដែលកើតចេញពីឆន្ទៈដ៏មោះមុតរបស់ពលរដ្ឋ ដើម្បីទាមទារឲ្យមានការកែទម្រង់ប្រព័ន្ធបោះឆ្នោត និងទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។
គណបក្សនេះក៏បានប្រកាសថា នៅតែបន្តធ្វើមហាបាតុកម្មដោយអហិង្សានៅទីលានប្រជាធិបតេយ្យ និងការដង្ហែក្បួនតាមដងវិថីនានា នារាជធានីភ្នំពេញ រហូតដល់វិបត្តិនយោបាយបច្ចុប្បន្នត្រូវបានដោះស្រាយ ហើយនៅថ្ងៃអាទិត្យ ទី៥ មករា ឆ្នាំ២០១៤ គណបក្សនេះនឹងបន្តដឹកនាំការដង្ហែក្បួនមហាបាតុកម្មនៅភ្នំពេញ ហើយការដង្ហែក្បួននេះនឹងរឹតតែមានទ្រង់ទ្រាយធំជាងមុន។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍នៅថ្ងៃទី៣០ ធ្នូ ថា ជំហរឆ្នាំថ្មីរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នឹងបើកឲ្យមានការជជែកគ្នាជាទ្រង់ទ្រាយធំ ដើម្បីរកដំណោះស្រាយបញ្ហាជាប់គាំងនយោបាយដោយការជជែកនោះមិនមែនធ្វើឡើងតែភាគីគណបក្សសង្គ្រោះជាតិ ជាមួយគណបក្សប្រជាជនកម្ពុជា នោះទេ គឺត្រូវធ្វើឡើងដោយមានការចូលរួមជាមួយអង្គការសង្គមស៊ីវិលជាមួយសហជីព និងក្រុមណាដែលមានឥទ្ធិពលនៅក្នុងសង្គម។
គណបក្សប្រឆាំងបានដឹកនាំធ្វើមហាបាតុកម្មអហិង្សាតាំងពីថ្ងៃទី១៥ ធ្នូ ដោយដង្ហែក្បួនបាតុកម្មនៅតាមវិថីមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីបង្ហាញការគាំទ្រកម្លាំងបាតុករ ទាមទារទម្លាក់នាយករដ្ឋមន្ត្រី និងទាមទារការបោះឆ្នោតឡើងវិញ។
ប្រធានក្រុមដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងការចរចាជាមួយគណបក្សសង្គ្រោះជាតិ លោក ព្រំ សុខា បញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ធ្នូ នេះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅមិនទាក់ទងគ្នាកំណត់ថ្ងៃជួបចរចាជាថ្មីទៀតនៅឡើយ។ លោកនៅតែបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅតែស្វាគមន៍ជានិច្ចចំពោះការចរចាជាមួយគណបក្សសង្គ្រោះជាតិ ហើយការចរចាគឺជាវិធីតែមួយគត់ដែលអាចដោះស្រាយបញ្ហានយោបាយនៅពេលនេះដោយសន្តិវិធី។
លោកបន្តថា ការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ កំពុងតែធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ប៉ះពាល់ដល់ឆន្ទៈពលរដ្ឋដែលបានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មានកៅអី និងចូលធ្វើការនៅក្នុងរដ្ឋសភា និងកំពុងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិនិងសង្គម៕
No comments:
Post a Comment