Paris Peace Accords 23 Oct. 1991

Tuesday, December 31, 2013

លោក ហ៊ុន សែន ប្រាប់ថា ការដំឡើង​ ប្រាក់​ឈ្នួល​ ដល់​ទៅ​ ១៦០​ដុល្លារ គឺ​មិន​អាច អនុវត្ត​បាន​ឡើយ​​

លោក ហ៊ុន សែន ប្រាប់ថា ការដំឡើង​ ប្រាក់​ឈ្នួល​ ដល់​ទៅ​ ១៦០​ដុល្លារ គឺ​មិន​អាច អនុវត្ត​បាន​ឡើយ​​


ដោយ៖​ ស៊ុន ណារិន​ / វិទ្យុ វីអូឌី | ថ្ងៃអង្គារ៍ ទី31 ខែធ្នូ ឆ្នាំ2013

​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោម​ការបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ការដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ដល់​ទៅ​១៦០​ដុល្លារ​​ភ្លាមៗ គឺ​មិន​អាច​អនុវត្ត​បាន​ឡើយ​។​
​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ចេញផ្សាយ​នៅ​ថ្ងៃទី​៣០​ខែ​ធ្នូ ឲ្យដឹងថា យោងតាម​ចំណារ​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចុះ​ថ្ងៃ​ទី​៣០​ខែ​ធ្នូ ទីស្តីការគណៈរដ្ឋមន្ត្រី ប្រាប់​ទៅ​ក្រសួង​ការងារ ឲ្យ​រៀបចំ​វេទិកា​តុមូល​អំពី​គោលការណ៍​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មក​រ​និយោជិត​មាន​លក្ខណៈ​សមស្រប ដែល អាចអនុវត្ត​បាន ហើយ​ការទាមទារ​ដល់​១៦០​ដុល្លារ​ភ្លាមៗ គឺ​មិន​អាច​អនុវត្តបាន​។​
​លោកនាយក​រដ្ឋមន្ត្រី ប្រាប់​ទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​បែបនេះ ខណៈ​កម្មករ​រោងចក្រ​រាប់ម៉ឺន​នាក់ កំពុងតែពុះកញ្ជ្រោល​នឹង​ការតវ៉ា​ទាម​ទារ​​ដំឡើង​ប្រាក់​ឈ្នួល​។​
​ទីស្តីការគណៈរដ្ឋមន្ត្រី ក៏​បញ្ជា​ឲ្យ​ដាក់​កំហិត​ទៅលើ​សហជីព​ចំនួន​៥ និង​សមាគម​មួយ ដោយ​ចោទ​ថា កំពុង​ញុះញង់​កម្មករ​ឲ្យ​តវ៉ា​។ ទីស្តីការ ក៏​បាន​ព្រមាន​ចាត់​វិធានការ​ចំពោះ​ជន​អនាធិបតេយ្យ​ដែល​ដើរ​ញុះញង់​គំរាមកំហែង បង្ខំ​ឲ្យ​កម្មករ​ឈប់​ធ្វើការ និង​វាយបំផ្លាញ​ទ្រព្យសម្បត្តិរ​បស់​រោងចក្រ​។​
​សហជីព​ទាំង​៥ រួមមាន សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ របស់លោក អាត់ ធន់ ទី​២ សហ ជីព​សេរី​កម្មករ​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​របស់​លោក ជា មុន្នី ទី​៣ សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​របស់លោក ប៉ាវ ស៊ីណា ទី​៤ សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​កាត់ដេរ​កម្ពុជា​របស់​លោក​ស្រី ម៉ម ញឹម និង​ទី​៥​សហព័ន្ធ​សហជីព​កម្ពុជា​របស់​លោក​ស្រី យ៉ាង សោភ័ណ្ឌ​។​ចំណែក​សមាគម​មួយ គឺ​សំដៅ​ទៅ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែល​ដឹកនាំ​ដោយ​លោក រ៉ុង ឈុន​។​
​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ចន្ទ ស្នើ​ឲ្យ​កម្មករ ចូលធ្វើការ​វិញ​នៅ​ថ្ងៃទី​០២​ខែ​មករា ឆ្នាំ​២០១៤៕
(តារាងតម្លៃប្រាក់ឈ្នួលអប្បបរមារបស់កម្មករ ដែលនឹងត្រូវដំឡើងជារៀងរាល់ឆ្នាំ តាមសេចក្តីសម្រេចរបស់ក្រសួងការងារ/ដោយស៊ុន ណារិន)


No comments:

Post a Comment