កម្មករ ភាគច្រើន ចង់ឲ្យ លោកហ៊ុន សែន ចុះចេញ ពី តំណែង ខណៈពួកគេ តវ៉ា ប្រាក់ឈ្នួលពលកម្ម
ដោយ៖ នួន បូរិន / វិទ្យុ វីអូឌី | ថ្ងៃសុក្រ ទី27 ខែធ្នូ ឆ្នាំ2013
ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ លើកបដាដោយសរសេររិះគន់លោកហ៊ុនសែន (រូបភាពដោយ ញឺម សុខន)
នៅក្នុងការធ្វើបាតុកម្មរយៈពេលបីថ្ងៃនេះរបស់កម្មករ នៅបណ្ដារោងចក្រជាង២០០ នៅទូទាំងប្រទេស ដែលមានកម្មករធ្វើការតវ៉ាជាង៣០ម៉ឺននាក់ ហើយភាគច្រើន ពួកគេដែលចូលរួមហែក្បួន ជាមួយគណបក្សសង្គ្រោះជាតិ បានស្រែកទាមទារឲ្យលោកហ៊ុនសែនចុះចេញពីតំណែង ខណៈពួកគេតវ៉ាសុំដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ។
នៅក្នុងការចុះស្រង់ព័ត៌មាន តាមការហែក្បួន របស់គណបក្សសង្គ្រោះជាតិ និងនៅទីលានប្រជាធិបតេយ្យ អ្នករាយការណ៍ព័ត៌មាន VOD បានឲ្យដឹងថា កាលពីថ្ងៃម្សិលមិញ ដែលជាថ្ងៃទីពីរនៃការធ្វើបាតុកម្ម ឃើញថាចំនួនកម្មករបានកើនឡើងជាង១០ម៉ឺននាក់ ហើយថាក្រៅពីពួកគេ ស្រែកទាមទារប្រាក់ឈ្នួល ១៦០ដុល្លារ ពួកគេរិះគន់លោកហ៊ុនសែន ថាជាមេដឹកនាំអសមត្ថភាព។ ពួកគេ បានបន្ទរថា "លោកហ៊ុនសែនអើយចុះចេញទៅ"។ តាមការអង្កេតរបស់អ្នករាយការណ័ របស់VOD ក្រុមកម្មករ ទាំងនោះហាក់មានកំហិងនឹងរដ្ឋាភិបាល ដែលបណ្ដោយឲ្យទំនិញឡើងថ្លៃ ហើយធ្វើឲ្យកម្មករដែលមានប្រាក់ខែតិច ៨១ដុល្លារ កាន់តែលំបាកថែមទៀត។
ក្នុងស្ថានការណ៍ផុយស្រួយនេះ ក្រុមអ្នកវិភាគឯករាជ្យ ព្រមានឲ្យមេដឹកនាំគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុនសែន ត្រូវប្រញាប់ជួបចរចារជាបន្ទាន់ជាមួយ មេដឹកនាំគណបក្សសង្គ្រោះជាតិ បើពុំនោះទេ ការតវ៉ារបស់កម្មករនិងគណបក្សប្រឆាំង កាន់តែមានរូបភាពអាក្រក់ គឺអាចមានហិង្សាទៀតផង។
នេះជាលើកដំបូងហើយ ដែលកម្មករផ្ទុះការតវ៉ា រឿងប្រាក់ឈ្នួល ពលកម្ម ហើយនៅពេលជាមួយគ្នា ពួកគេទាមទារឲ្យលោកហ៊ុនសែនចុះចេញពី តំណែង គឺដូចអ្នកគាំទ្រ របស់គណបក្សសង្គ្រោះជាតិ ទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ហើយទទួចសុំលោកហ៊ុនសែនចុះចេញពីតំណែង៕
No comments:
Post a Comment