សរុបមេដាយ ឆ្នាំនេះ កម្ពុជាទទួល ៤៧គ្រឿង ពីSEA Games ខណៈកីឡា ១៤ប្រភេទ ត្រូវហាលអាវ
ភ្នំពេញៈ សម្រាប់ យុទ្ធនាការ
នៃការចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡា ថ្នាក់តំបន់ អាស៊ីអាគ្នេយ៍ (SEA
Game) លើកទី២៧ នៅមីយ៉ាន់ម៉ា ត្រូវបានបញ្ចប់ហើយ ដោយកម្ពុជាទទួលបាន
មេដាយសរុបចំនួន ៤៧គ្រឿង ដែលដណ្ដើមបានពី ៨ប្រភេទកីឡា។ ដោយឡែក ក្រុមកីឡា
១៤ប្រភេទ ផ្សេងទៀត ត្រូវហាលអាវ ដោយមិនបានជួយរក មេដាយ ឲ្យកម្ពុជាឡើយ។
បេសកកម្ម នៃការប្រកួតកីឡា SEA Games លើកទី២៧ ដែលកម្ពុជា
បានបញ្ចប់អត្ដពលិក របស់ខ្លួន ចំនួន ២២ប្រភេទកីឡា ទៅចូលរួម
នឹងបានចាប់ផ្ដើម តាំងពីថ្ងៃទី០៤ ធ្នូមកនោះ ត្រូវបានបញ្ចប់ហើយ នៅថ្ងៃសៅរ៍ ទី២១
ខែធ្នូ ឆ្នាំ២០១៣ម្សិលមិញនេះ។
ចំពោះកីឡាទាំង ៨ប្រភេទ ធ្វើឲ្យកម្ពុជាទទួលបានមេដាយសរុប
៤៧គ្រឿងនោះ រួមមាន៖ កីឡាចំបាប់ រកមេដាយ ១០គ្រឿង (មាស៤, ប្រាក់២
និងសំរិទ្ធ៤), កីឡាវ៉ូវីណាម រកមេដាយ ១០គ្រឿងដូចគ្នា (មាស២, ប្រាក់១
និងសំរិទ្ធ៧), កីឡាប៉េតង់ រកបានមេដាយ ៨គ្រឿង (មាស១, ប្រាក់៤ និងសំរិទ្ធ៣),
កីឡាតេក្វាន់ដូ រកបានមេដាយ ៥គ្រឿង (មាស១, ប្រាក់២ និងសំរិទ្ធ២),
កីឡាសីប៉ាក់តាក្រ-សីឈិនឡុង រកបានមេដាយ ៦គ្រឿង (ប្រាក់២ និងសំរិទ្ធ៤),
កីឡាកេមប៉ូ រកមេដាយបាន ៣គ្រឿង (សំរិទ្ធទាំង៣), កីឡាទូកកានូ និងទូកប្រពៃណី
រកមេដាយបាន ២គ្រឿង (សំរិទ្ធទាំង២) និងកីឡាវូស៊ូ រកបានមេដាយសំរិទ្ធតែ
១គ្រឿងប៉ុណ្ណោះ។ សរុបមេដាយដណ្ដើមបាន ៤៧គ្រឿង(មាស៨, ប្រាក់១១
និងសំរិទ្ធ២៨គ្រឿង)។
ចំណែកកីឡាដែលត្រូវហាលអាវ មិនទទួលបានមេដាយវិញរួមមានកីឡាៈ
យូដូ, ប្រដាល់, បាល់ទាត់, បាល់បោះ, បាល់ទះ, ហែលទឹក, អត្តពលកម្ម, វាយសី,
វាយកូនឃ្លីលើតុ, ប្រណាំងទោចក្រយាន, វាយកូនហ្គោល(Golf), ហុកគី, ជិះសេះ
និងកីឡាកាយវប្បកម្ម ។
គួរបញ្ជាក់ថា បើប្រៀបធៀបមេដាយ ដែលកម្ពុជាទទួលបាល
ពីការចូលរួមប្រកួតកីឡា SEA Games លើកទី២៧នេះ ទៅនឹង SEA Games លើកទី២៦
នៅឥណ្ឌូនេស៊ី គឺមានកើនឡើងមេដាយចំនួន ៨គ្រឿងឯណោះ ព្រោះកាលពី SEA Games
លើកទី២៦ កម្ពុជារកបានមេដាយតែ ៣៩គ្រឿងប៉ុណ្ណោះ(មាស៤, ប្រាក់១១ និងសំរិទ្ធ២៤)
។ ប៉ុន្ដែទោះជាយ៉ាងគោលដៅ ដណ្ដើមយកមេដាយមាសឲ្យបាន ២ខ្ពស់ ដែលគណៈកម្មាធិការ
ជាតិអូឡាំពិកកម្ពុជាបានដាក់ គឺមិនសម្រេចដូចបំណងឡើយ ៕
No comments:
Post a Comment