Paris Peace Accords 23 Oct. 1991

Saturday, January 18, 2014

An important lesson for Cambodia from "David and Goliath" - from the acclaimed author Malcolm Gladwell



I Samuel
សាំយូអែល ទី១



កូលីយ៉ាត ​ប្រមាថ​កងទ័ព​ អ៊ីស្រាអែល

ពួក​ភីលីស្ទីន​ ប្រមូល​ផ្ដុំ​កងទ័ព ដើម្បី​ ធ្វើ​សង្គ្រាម។  ពួក​គេ​ ប្រមូល​ផ្ដុំ​គ្នា​ នៅ​សូកូ ក្នុង​ស្រុក​យូដា, ហើយ​ ទៅ​បោះ​ទ័ព​ នៅ​អេផេស-ដាំមីម, ដែល​នៅ​ចន្លោះ​ សូកូ និង​អាសេកា។  រីឯ ​ព្រះបាទ​សូល និង​ទាហាន​ អ៊ីស្រាអែល ក៏​បាន​ប្រមូល​ផ្ដុំ​គ្នា​ដែរ, ហើយ​ បោះ​ទ័ព​ នៅ​តាម​ ជ្រលង​ភ្នំ​អេឡា, រួច​ រៀប​ទ័ព ដើម្បី​ ប្រយុទ្ធ​ នឹង​ពួក​ភីលីស្ទីន។  ពួក​ភីលីស្ទីន ​ស្ថិត​នៅ​លើ​ភ្នំ​ម្ខាង, ពួក​អ៊ីស្រាអែល ​ស្ថិត​នៅ​លើ​ភ្នំ​ ម្ខាង​ទៀត; មាន​ជ្រលង​ភ្នំ ​នៅ​ចន្លោះ​ កងទ័ព​ទាំង​ពីរ។

មាន​ទាហាន​ ជើង​ឯក​ម្នាក់​ ចេញ​ពី​ជំរំ ​ភីលីស្ទីន; អ្នក​នោះ​ ឈ្មោះ​ កូលីយ៉ាត, មក​ពី​ក្រុង​កាថ។  គាត់​ មាន​កំពស់​ ប្រមាណ​ បី​ម៉ែត្រ។  គាត់​ ពាក់​មួក ​ធ្វើ​ពី​លង្ហិន និង​អាវក្រោះ​ មាន​ទម្ងន់​ប្រមាណ​ ហាសិប-​ប្រាំពីរ​ គីឡូ​ក្រាម ធ្វើ​ពី​លង្ហិន​ដែរ។  គាត់ ​មាន​ប្រដាប់​ស្រោប​ជើង ធ្វើ​ពី​លង្ហិន, ព្រម​ទាំង​ មាន​ស្ន ​ធ្វើ​ពី​លង្ហិន ​ពាក់​ឆៀង​ដែរ។  ដង​លំពែង​ របស់​គាត់​ មាន​រាង​ធំ​ ដូច​ផ្សំ​កី តម្បាញ;​ ផ្លែ​លំពែង​នោះ​ ធ្វើ​ពី​ដែក, មាន​ទម្ងន់​ប្រមាណ​ ប្រាំពីរ​ គីឡូ​ក្រាម។  មាន​ទាហាន​ ម្នាក់​ទៀត​ កាន់​ខែល​ ដើរ​ពី​មុខ​គាត់។

គាត់​ ឈរ, ហើយ​ ស្រែក​ទៅ​កាន់ ​ពល​ទ័ព​ អ៊ីស្រាអែល​ ថា, «ហេតុ​អ្វី​ បាន​ជា​ពួក​ឯង​ ចាំបាច់​រៀប​ទ័ព ច្បាំង​ដូច្នេះ?  អញ​ ជា​ជន​ជាតិ​ភីលីស្ទីន; រីឯ ​ពួក​ឯង​ ជា​កញ្ជះ ​របស់​ស្ដេច​សូល។  ចូរ​ រើស​ម្នាក់​ ក្នុង​ចំណោម​ ពួក​ឯង​ ឲ្យ​ចេញ​មក​ប្រយុទ្ធ​ នឹង​អញ។  ប្រសិន​បើ​ គេ ​ច្បាំង​ឈ្នះអញ, ហើយ ​សម្លាប់​អញ, នោះ​ ពួក​អញ​ នឹង​ធ្វើ​ជា​ខ្ញុំ​កញ្ជះ​ របស់​ពួក​ឯង។  តែ​ ប្រសិន​បើ​ អញ​ឈ្នះ, ហើយ ​សម្លាប់គេ​បាន, ពួក​ឯង ​នឹង​ក្លាយ​ទៅ​ ជា​ខ្ញុំ​កញ្ជះ, ហើយ ​នៅ​បំរើ​ពួក​អញ​វិញ។»  ទាហាន​ ភីលីស្ទីន​នោះ​ និយាយ​ទៀត​ ថា, «ថ្ងៃ​នេះ អញ​ នឹង​បំបាក់​មុខ​ ពល​ទ័ព​ អ៊ីស្រាអែល!  ចូរ​ ឲ្យ​ម្នាក់​ ចេញ​មក​ប្រយុទ្ធ​គ្នា​ ជា​មួយ​អញ​មើល៍!»  កាល​ព្រះបាទ​សូល និង​ប្រជាជន​ អ៊ីស្រាអែល​ ទាំង​មូល ឮ​ពាក្យ​សំដី​ របស់​ ទាហាន​ភីលីស្ទីន​នោះ ក៏​ញាប់ញ័រ, ហើយ ​ភ័យ​ខ្លាច​ ជា​ខ្លាំង។

យុវជន​ដាវីឌ ​ប្រយុទ្ធ​ នឹង​កូលីយ៉ាត

យុវជន​ដាវីឌ​ ជា​កូន​ របស់ ​លោក​អ៊ីសាយ, ពី​អំបូរ​ អេប្រាតា ដែល​រស់​នៅ​ភូមិ​ បេថ្លេហិម ​ក្នុង​ស្រុក​យូដា។  លោក​អ៊ីសាយ​ មាន​កូន​ប្រុស​ ប្រាំ​បី​នាក់។  នៅ​ជំនាន់​ ព្រះបាទ​សូល, លោក​ មាន​វ័យ​ចាស់​ ជរា ​ណាស់​ទៅ​ហើយ។  កូន​ប្រុស​ច្បង​ ទាំង​បី​រ បស់​លោក—គឺ, អេលាប, អប៊ីណាដាប់, និង​សាម៉ា—បាន​ចេញ​ទៅ​ច្បាំង, រួម​ជា​មួយ ​ព្រះបាទ​សូល។  រីឯ​ ដាវីឌ​ ជា​កូន​ពៅ។  ពេល​បងៗ​ ទាំង​បី ​ចេញ​ទៅ​ ជា​មួយ​ព្រះបាទ​សូល ​អស់​ទៅ, ដាវីឌ ​វិល​ត្រឡប់​ ទៅ​ផ្ទះ​វិញ ដើម្បី​ ឃ្វាល​ចៀម​ ឲ្យ​ឪពុក ​នៅ​ភូមិ​បេថ្លេហិម។

កូលីយ៉ាត​ ជា​ជន​ជាតិ​ ភីលីស្ទីន​នោះ បាន​ចេញ​មក​ សំឡុត​ពល​ទ័ព​ អ៊ីស្រាអែល ទាំង​ព្រឹក ទាំង​ល្ងាច, អស់​រយៈ​ពេល​ សែសិប​ថ្ងៃ។

ថ្ងៃ​មួយ លោក​អ៊ីសាយ​ មាន​ប្រសាសន៍​ ទៅ​កាន់​យុវជន​ដាវីឌ ជា​កូន​ ថា, «ចូរ​ យក​លាជ​មួយ​ថង់ និង​នំបុ័ង​ ដប់​ដុំ​នេះ ទៅ​ឲ្យ​បងៗ​ នៅ​កន្លែង​បោះ​ទ័ព​ យ៉ាង​លឿន។  ចូរ ​យក​ប្រូម៉ាស់​ ដប់​ដុំ​នេះ​ ទៅ​ជូន​លោក​មេទ័ព​ របស់​គេ​ដែរ។  កូន​ ត្រូវ​ សួរ​សុខ​ទុក្ខ​បងៗ, ហើយ​ យក​អ្វី​មួយ ​ជា​សំគាល់ ​មក​ផង ដើម្បី​ បញ្ជាក់​ថា​, ពួក​គេ ​បាន​សេចក្ដី​សុខ​ហើយ។  ពួក​គេ​ ស្ថិត​នៅ​ជា​មួយ ​ព្រះបាទ​សូល និង​ពល​ទាហាន​ អ៊ីស្រាអែល​ ទាំង​មូល នៅ​តាម​ជ្រលង​ភ្នំ​ អេឡា, ហើយ​ កំពុង​តែ ​ច្បាំង​ជា​មួយ​ ពួក​ភីលីស្ទីន។»

យុវជន​ដាវីឌ​ ក្រោក​ពី​ព្រលឹម, ទុក​ហ្វូង​ចៀម​ ឲ្យ​គង្វាល​ម្នាក់​ មើល​ថែ​ទាំ, រួច​ យក​ស្បៀង​អាហារ​ ទាំង​នោះ​ ចេញ​ដំណើរ​ទៅ តាម​បង្គាប់ ​របស់​ លោក​អ៊ីសាយ។  ពេល​ដាវីឌ​ ទៅ​ដល់​កន្លែង ​បោះ​ទ័ព, ពល​ទាហាន​ កំពុង​រៀប​ទ័ព ដើម្បី​ ប្រយុទ្ធ, ព្រម​ទាំង​ ស្រែក​ហ៊ោ​ កញ្ជ្រៀវ​យ៉ាង​ខ្លាំង។  ទាហាន​ អ៊ីស្រាអែល និង​ទាហាន​ ភីលីស្ទីន រៀប​ទ័ព ​នៅ​ប្រឈម​មុខ​គ្នា ដើម្បី​ប្រយុទ្ធ។  ដាវីឌ​ ប្រគល់​ឥវ៉ាន់​ របស់​ខ្លួន​ ឲ្យ​អ្នក​ថែរក្សា​សម្ភារៈ, រួច​ រត់​តម្រង់​ទៅ ​ជួរ​ទ័ព​ ខាង​មុខ។  ពេល​ទៅ​ដល់​ភ្លាម, គាត់​ ជំរាប​សួរ​ សុខ​ទុក្ខ​បងៗ។  ពេល​ដាវីឌ​ កំពុង​តែ​ សំណេះសំណាល​ ជា​មួយ​បងៗ, ទាហាន​ភីលីស្ទីន ឈ្មោះ ​កូលីយ៉ាត ជា​អ្នក​ក្រុង​កាថ ចេញ​មក​ ខាង​មុខ​ជួរ​ទ័ព​ របស់​ខ្លួន, ហើយ ​ស្រែក​សួរ​ពួក​អ៊ីស្រាអែល​ នូវ​ពាក្យ​ដដែល។  ដាវីឌ ​ក៏​បាន​ឮ​ ពាក្យ​ទាំង​នោះ​ដែរ។  កាល​ឃើញ​ កូលីយ៉ាត​ ចេញ​មក, ទាហាន​អ៊ីស្រាអែល​ នាំ​គ្នា ​រត់​ប្រសេចប្រសាច, ដ្បិត​ គេ ​ភ័យ​ខ្លាច​ ជា​ខ្លាំង។

ទាហាន​ អ៊ីស្រាអែល​ និយាយគ្នា ​ថា, «អ្នក ​ឃើញ​ជន​នោះ​ទេ?  គេ​ ចេញ​មក​ សំឡុត​ពល​ទ័ព​ អ៊ីស្រាអែល​យើង។  អ្នក​ណា​ សម្លាប់​គេបាន ស្ដេច​ នឹង​ប្រទាន ​ទ្រព្យ​សម្បត្តិ​ យ៉ាង​ច្រើន, ព្រម​ទាំង​ លើក​បុត្រី​ឲ្យ, ហើយ​ គ្រួសារ​ របស់​អ្នក​នោះ​ ក៏​បាន​រួច​ពន្ធ​ នៅ​ស្រុក​ អ៊ីស្រាអែល​ដែរ។»

យុវជន​ដាវីឌ​ សួរ​ទាហាន​ ដែល​នៅ​ជិត​ខ្លួន​ ថា, «តើ ​អ្នក​ ដែល​សម្លាប់​ ជន​ភីលីស្ទីន​នោះ, ហើយ​ លុបលាង​ការ​អាម៉ាស់​ របស់ ​អ៊ីស្រាអែល នឹង​ទទួល​អ្វី ​ជា​រង្វាន់?  ជន​ភីលីស្ទីន​ ជា​សាសន៍​ មិន​កាត់​ស្បែក​នេះ​ ជា​នរណា បាន​ជា​ហ៊ាន​ បំបាក់​មុខ​ ពល​ទ័ព​ របស់​ ព្រះជាម្ចាស់​ ដែល​មាន​ព្រះជន្ម​គង់​នៅ​ ដូច្នេះ?»

ពួក​ទាហាន​ ឆ្លើយ​តាម​ពាក្យ​ ដែល​ស្ដេច​ បាន​សន្យា ​ថា, នឹង​ប្រទាន​ចំពោះ​អ្នក​ ដែល​វាយ​ឈ្នះ ​ជន​ភីលីស្ទីន​នោះ។

លោក​អេលាប ជា​បង​បង្អស់ ឮ​ដាវីឌ ​និយាយ​ជា​មួយ​ នឹង​ពល​ទាហាន​ដូច្នេះ, គាត់​ ខឹង​ដាវីឌ​ យ៉ាង​ខ្លាំង, ហើយ ​ពោល​ថា, «ហេតុ​អ្វី​ បាន​ជា​ឯង​ មក​ទី​នេះ?  ឯង​ទុក​ហ្វូង​ចៀម​ នៅ​វាល ​រហោស្ថាន​នោះ ​ឲ្យ​នរណា​មើល?  អញ​ ស្គាល់​ចរិត​ រប៉ិលរប៉ូច ​របស់​ឯង ​ច្បាស់​ណាស់, គឺ​ ឯង​ មក​នេះ ដើម្បី​ មើល​គេ​ ច្បាំង​គ្នា​ប៉ុណ្ណោះ។»

យុវជន​ដាវីឌ​ ឆ្លើយ​តប ​ថា, «តើ​ ខ្ញុំ​ មាន​ធ្វើ​អ្វី​ខុស?  ខ្ញុំ​ គ្រាន់​តែ​ សួរ​ប៉ុណ្ណឹង មិន​បាន​ឬ?»  ដាវីឌ ​បែរ​ចេញ ​ពី​បង, សួរ​ទាហាន ​ម្នាក់​ទៀត​ នូវ​សំណួរ​ ដដែល​នោះ; ពួក​ទាហាន​ ក៏​ឆ្លើយ​តប​ មក​វិញ​ ដូច​ពី​មុន​ដែរ។  កាល​ពល​ទ័ព​ ទាំង​មូល​ ឮ​ពាក្យ​ទាំង​ប៉ុន្មាន ​ដែល​ដាវីឌ​និយាយ, គេ ​ក៏​នាំ​គ្នា​ ទៅ​ទូល​ព្រះបាទ​សូល, ហើយ ​ស្ដេច ​ឲ្យ​គេ​ទៅ​ហៅ​ ដាវីឌ​មក។

ដាវីឌ​ ទូល​ព្រះបាទ​សូល​ ថា, «មិន​ត្រូវ​ ឲ្យ​នរណា​ម្នាក់​ បាក់​ទឹក​ចិត្ត ដោយសារ​តែ​ ជន​ភីលីស្ទីន ​នោះ​ឡើយ។  ទូលបង្គំ​ ជា​អ្នក​បំរើ​ របស់​ព្រះករុណា នឹង​ចេញ​ទៅ​ ប្រយុទ្ធ​ជា​មួយ​គេ។»

ស្ដេច​សូល​ មាន​រាជឱង្ការ ​ទៅ​កាន់​ដាវីឌ ​ថា, «អ្នក​ មិន​អាច​វាយ​ឈ្នះ​ ជន​ភីលីស្ទីន ​នេះ​ទេ។  អ្នក​ នៅ​ក្មេង​ណាស់, ហើយ ​គេ​ ជា​អ្នក​ចំបាំង​ តាំង​ពី​ក្មេង​ម៉្លេះ។»

ដាវីឌ​ ទូល​ស្ដេច​សូល​ ថា, «ទូលបង្គំ​ ធ្លាប់​ឃ្វាល​ចៀម ​របស់​ ឪពុក​ទូលបង្គំ។  ពេល​ណា​ មាន​តោ ឬ​ខ្លាឃ្មុំ​ មក​ចាប់​កូន​ចៀម ​នៅ​ក្នុង​ហ្វូង​នោះ, ទូលបង្គំ ​ចេញ​ទៅ​តាម​វាភ្លាម។  ទូលបង្គំ​ បាន​វាយ​ដណ្ដើម​ យក​កូន​ចៀម ​ពី​មាត់​ របស់​វា ​មក​វិញ។  បើ​ វា​ លោត​សង្គ្រប់​ លើ​ទូលបង្គំ, ទូលបង្គំ ​ក៏​ច្បាម​ពុក​ចង្កា​វា, បោក​សម្លាប់​ តែ​ម្ដង។  ជន​ភីលីស្ទីន ជា​សាសន៍​ មិន​កាត់​ស្បែក​នេះ នឹង​ត្រូវ​ ស្លាប់ដូច​តោ ឬ​ខ្លាឃ្មុំ ដែល​ទូលបង្គំ​ បាន​សម្លាប់​នោះ ​ជា​មិន​ខាន។  ដ្បិត​ គេ​ បំបាក់​មុខ​កងទ័ព ​របស់ ​ព្រះជាម្ចាស់ ​ដែល​មាន​ព្រះជន្ម ​គង់​នៅ។  ព្រះយ៉ាវេ​ តែងតែ ​ជួយ​ទូលបង្គំ​ ឲ្យ​រួច​ពី​ក្រញាំ​តោ និង​ខ្លាឃ្មុំ; ព្រះអង្គ ​មុខ​ជា​ជួយ​ទូលបង្គំ​ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ ​របស់ ​ជន​ភីលីស្ទីន​នេះ​ មិន​ខាន។»

ឮ​ដូច្នេះ ព្រះបាទ​សូល​ មាន​រាជឱង្ការ​ ទៅ​កាន់​ដាវីឌ​ ថា, «ទៅ​ចុះ, សូម ​ព្រះយ៉ាវេ​ គង់​ជា​មួយ​អ្នក។»

ព្រះបាទ​សូល​ យក​អាវ​សឹក​ របស់​ខ្លួន​ផ្ទាល់​ មក​បំពាក់​ ឲ្យ​ដាវីឌ, គឺ​ ទ្រង់ ​យក​មួក​លង្ហិន ​មក​បំពាក់​ លើ​ក្បាល ​របស់​ដាវីឌ, ព្រម​ទាំង ​បំពាក់​អាវក្រោះ​ ឲ្យ​ដែរ។  ដាវីឌ​ យក​ដាវ​ របស់​ ព្រះបាទ​សូល​ មក​ស្ពាយ​ លើ​អាវ​សឹក, ហើយ​ សាក​ល្បង​ ដើរ​ល​មើល, ព្រោះ ​ពុំ​ដែល​បាន​ពាក់​ គ្រឿង​សឹក​ ដូច្នេះ ​នៅ​ឡើយ។

ប៉ុន្តែ ដាវីឌ​ ទូល​ព្រះបាទ​សូល ​ថា, «ជា​មួយ​គ្រឿង​សឹក​ ទាំង​នេះ ទូលបង្គំ​ ដើរ​មិន​រួច​ទេ, ព្រោះ​ ទូលបង្គំ​ ពុំ​ធ្លាប់​ពាក់​សោះ។»  ដាវីឌ ​ក៏​ដោះ​គ្រឿង​ ទាំង​នោះ​ចោល, ហើយ ​យក​ដំបង​ មក​កាន់, រើស​ក្រួស ​រលោងៗ​ ប្រាំ​គ្រាប់ ​ពី​ក្នុង​ជ្រោះ​ មក​ដាក់​ ក្នុង​កូន​ថង់​មួយ, រួច​ ដាក់​ថង់​យាម, ព្រម​ទាំង​ កាន់​ខ្សែ​ដង្ហក់, ដើរ​ឆ្ពោះ ​ទៅ​តទល់ ​នឹង​ជន​ភីលីស្ទីន។

រីឯ​ ជន​ភីលីស្ទីន ​នោះ​វិញ ក៏​ដើរ​ចូល​មក ​រក​ដាវីឌ​ដែរ, ដោយ​មាន​ម្នាក់​ កាន់​ខែល ​ដើរ​ពី​មុខ។  ពេល​ជន​ភីលីស្ទីន​ ក្រឡេក​មើល ​មក​ដាវីឌ, គាត់ ​មើលងាយ, ព្រោះ ​ឃើញ​ដាវីឌ​ នៅ​ក្មេង, មាន​ថ្ពាល់​ក្រហម និង​មាន​ទឹក​មុខ ​ស្រស់​ល្អ។  ជន​ភីលីស្ទីន​នោះ ​ជេរ​ដាវីឌ​ ថា, «តើ ​អញ​ ជា​ឆ្កែ​ឬ បាន​ជា​ឯង​ កាន់​ដំបង​ មក​វាយ​អញ​ ដូច្នេះ?»  គាត់​ ក៏​យក​នាម​ ព្រះ ​របស់គាត់ មក​ដាក់​បណ្ដាសា ​ដាវីឌ។  គាត់ ​ពោល​មក​កាន់​ដាវីឌ​ ថា, «មក​ជិត ​អញ​មក៍!  អញ​ នឹង​យក​សាច់​ឯង ​ឲ្យ​ត្មាត និង​សត្វ​សាហាវ ​ស៊ី!»

ដាវីឌ​ ឆ្លើយ​ទៅ​វិញ​ ថា, «​អ្នក ​កាន់​ដាវ, កាន់​លំពែង និង​ស្ន មក​វាយខ្ញុំ; រីឯ ​ខ្ញុំ​វិញ, ខ្ញុំ ​មក​វាយ​អ្នក ក្នុង​នាម ព្រះយ៉ាវេ-ស្ហាដដៃ, ​ព្រះ​ ដ៏​មាន​ប្ញទ្ធានុភាព​ ខ្ពង់ខ្ពស់​ បំផុត, ជា​ព្រះ ​នៃ​ពល​ទ័ព​ អ៊ីស្រាអែល ដែល​អ្នក​ បាន​បំបាក់​មុខ។  ថ្ងៃ​នេះ ព្រះយ៉ាវេ​ ប្រគល់​អ្នក មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ។  ខ្ញុំ នឹង​ប្រហារ​អ្នក, ព្រម​ទាំង​ កាត់​ ក ​អ្នក ​ទៀត​ផង។  ថ្ងៃ​នេះ​ ខ្ញុំ ​ក៏​យក​ខ្មោច​ ទាហាន​ ភីលីស្ទីន​ ទៅ​ឲ្យ​ត្មាត និង​សត្វ​សាហាវ ​ស៊ី​ដែរ។  ដូច្នេះ ប្រជាជន​ ទាំង​អស់ ​នៅ​លើ​ផែនដី ​នឹង​ដឹង​ ថា, អ៊ីស្រាអែល​ មាន​ព្រះជាម្ចាស់​ ជួយ​ការពារ។  អ្នក​ ទាំង​អស់ ​នៅទីនេះ​ នឹង​ដឹង​ ថា, ព្រះយ៉ាវេ​ ប្រទាន​ឲ្យ​យើង​  មាន​ជ័យជំនះ, ពុំ​មែន ​ដោយ​ដាវ ឬ​លំពែង​ទេ។  ដ្បិត​ ព្រះយ៉ាវេ​ ច្បាំង​ជំនួស​យើង; ព្រះអង្គ ​នឹង​ប្រគល់​ពួក​អ្នក ​មក​ក្នុង​កណ្ដាប់​ដៃ ​របស់​ពួក​យើង។»

ពេល​នោះ ជន​ភីលីស្ទីន​ ដើរ​តម្រង់​ ចូល​មក ​រក​ដាវីឌ; ដាវីឌ​ ក៏​រត់​ យ៉ាង​លឿន​ ទៅ​តទល់​ នឹងគាត់។  ដាវីឌ​ លូក​ដៃ ​ក្នុង​កូនថង់​ យ៉ាង​រហ័ស, យក​ក្រួស​ មួយ​គ្រាប់​ មក​ដាក់​ នឹង​ខ្សែ​ដង្ហក់, បាញ់​ ចំ​ថ្ងាស​ ជន​ភីលីស្ទីន​នោះ។  គ្រាប់​ក្រួស​ ធ្លុះ​ចូល ​ក្នុង​ថ្ងាស ​របស់​ជន​ភីលីស្ទីន; គាត់ ក៏​ដួល​ផ្កាប់​មុខ។

ដាវីឌ ​វាយ​ឈ្នះ​ ជន​ភីលីស្ទីន ដោយសារ​ ខ្សែ​ដង្ហក់ និង​ក្រួស ​មួយ​គ្រាប់។  ដាវីឌ​ ប្រហារ​ជន​ ភីលីស្ទីន​នោះ ដោយ​ឥត​ប្រើ​ ដាវ​ឡើយ។

ដាវីឌ ​រត់​ចូល​ទៅ​ជិត​ ជន​ភីលីស្ទីន, ហើយ​ ហូត​ដាវ​ របស់​គាត់ ​ពី​ស្រោម​សម្លាប់​វា, ហើយ​ កាត់​ ក​ ផង។  

ពេល​កងទ័ព​ ភីលីស្ទីន​ ឃើញ​វីរជន​ របស់​ខ្លួន​ ស្លាប់​ដូច្នេះ, ពួក​គេ​ នាំ​គ្នា ​រត់​អស់​ទៅ។  កងទ័ព​ អ៊ីស្រាអែល និង​កងទ័ព​ យូដា ក៏​ស្ទុះ​ឡើង, នាំ​គ្នា ​ស្រែក​ហ៊ោ, ហើយ​ ដេញ​តាម​ពួក​ ភីលីស្ទីន ​រហូត​ដល់​ច្រក​ចូល​ ជ្រលង​ភ្នំ​ និង​រហូត​ដល់​ មាត់​ទ្វារ​ ក្រុង​អេក្រូន។  សាកសព ​របស់​ ពួក​ភីលីស្ទីន ​ដេក​ដួល ហូរហែ​តាម​ផ្លូវ​ ទៅ​ស្អារ៉ែម រហូត​ដល់ ​ក្រុង​កាថ និង​ក្រុង​អេក្រូន។  ក្រោយ​ពី​បាន​ ដេញ​តាម​ ពួក​ភីលីស្ទីន ​រួច​ហើយ, កងទ័ព ​អ៊ីស្រាអែល ​វិល​មក​ប្រមូល​ យក​ជយភ័ណ្ឌ​ ក្នុង​កន្លែង​បោះ​ទ័ព ​របស់ ​ពួក​ភីលីស្ទីន។

ដាវីឌ​ យក​ក្បាល​ ជន​ភីលីស្ទីន​នោះ ​មក​ក្រុង ​យេរូសាឡឹម, ហើយ​ យក​គ្រឿង​សស្រ្ដាវុធ​ របស់​គាត់ ​មក​ទុក​ក្នុង​តង់ត៍​ របស់​ខ្លួន។

លោក​ដាវីឌ​ ចូល​គាល់ ​ស្ដេច​សូល

កាល​ព្រះបាទ​សូល ​ឃើញ​ដាវីឌ ​ចេញ​ទៅ​ច្បាំង​ តទល់​ នឹង​ជន​ភីលីស្ទីន, ទ្រង់​ ក៏​សួរ​ លោក​អប៊ីនើរ ជា​មេទ័ព ​ថា, «អប៊ីនើរ, តើ ​ក្មេង​នោះ​ ជា​កូន​អ្នក​ណា?»  

លោក​អប៊ីនើរ​ ទូល​តប​វិញ​ ថា, «ព្រះករុណា​ ថ្លៃ​វិសេស, ទូលបង្គំ ​មិន​ដឹង​ ទាល់​តែ​សោះ។»

ស្ដេច​ បញ្ជា​ថា, «សូម​ លោក​ សាក​សួរ​មើល, យុវជន​នោះ ​ជា​កូន ​របស់​អ្នក​ណា។»

ក្រោយ​ពី​បាន​សម្លាប់​ ជន​ភីលីស្ទីន ​នោះ​ហើយ, ដាវីឌ ​វិល​មក​វិញ។  លោក​អប៊ីនើរ​ នាំ​គាត់​ ចូល​ទៅ​គាល់ ​ព្រះបាទ​សូល។  ពេល​នោះ ដាវីឌ​ កាន់​ក្បាល​ ជន​ភីលីស្ទីន​ ទៅ​ជា​មួយ​ផង។

ស្ដេច​ មាន​រាជឱង្ការ​ សួរ​ថា, «អ្នក​កំលោះ​ អើយ, តើ​ អ្នក ​ជា​កូន ​នរណា?»

ដាវីឌ ​ទូល​ថា, «ទូលបង្គំ ​ជា​កូន​ របស់​ លោក​អ៊ីសាយ, ជា​អ្នក​បំរើ ​របស់​ ព្រះករុណា នៅ​ភូមិ ​បេថ្លេហិម។»



David and Goliath

Now the Philistines gathered their forces for war and assembled at Sokoh in Judah. They pitched camp at Ephes Dammim, between Sokoh and Azekah. 2 Saul and the Israelites assembled and camped in the Valley of Elah and drew up their battle line to meet the Philistines. 3 The Philistines occupied one hill and the Israelites another, with the valley between them.

4 A champion named Goliath, who was from Gath, came out of the Philistine camp. His height was six cubits and a span.[a] 5 He had a bronze helmet on his head and wore a coat of scale armor of bronze weighing five thousand shekels[b]; 6 on his legs he wore bronze greaves, and a bronze javelin was slung on his back. 7 His spear shaft was like a weaver’s rod, and its iron point weighed six hundred shekels.[c] His shield bearer went ahead of him.

8 Goliath stood and shouted to the ranks of Israel, “Why do you come out and line up for battle? Am I not a Philistine, and are you not the servants of Saul? Choose a man and have him come down to me. 9 If he is able to fight and kill me, we will become your subjects; but if I overcome him and kill him, you will become our subjects and serve us.” 10 Then the Philistine said, “This day I defy the armies of Israel! Give me a man and let us fight each other.” 11 On hearing the Philistine’s words, Saul and all the Israelites were dismayed and terrified.

Footnotes:

  1. 1 Samuel 17:4 That is, about 9 feet 9 inches or about 3 meters
  2. 1 Samuel 17:5 That is, about 125 pounds or about 58 kilograms
  3. 1 Samuel 17:7 That is, about 15 pounds or about 6.9 kilograms




No comments:

Post a Comment