Paris Peace Accords 23 Oct. 1991

Thursday, January 23, 2014

អ្នកវិភាគ​៖​ កម្ពុជា​ កំពុងចម្លង​ រូបមន្ត​ អតីត​របប​យោធា​ ភូមា ​មក​អនុវត្ត​ នៅ​កម្ពុជា​ ករណី​សន្តិសុខ​​

អ្នកវិភាគ​៖​ កម្ពុជា​ កំពុងចម្លង​ រូបមន្ត​ អតីត​របប​យោធា​ ភូមា ​មក​អនុវត្ត​ នៅ​កម្ពុជា​ ករណី​សន្តិសុខ​​


ដោយ៖​ នួន បូរិន​ / វិទ្យុ វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី23 ខែមករា ឆ្នាំ2014

​សមត្ថកិច្ច​កម្ពុជា(ខាងឆ្វេង)ពេលបង្ក្រាបនៅទីលានប្រជាធិបតេយ្យ​ និងសមត្ថកិច្ចភូមា​​(រូបភាពពី Google.com)
ស្ថាន​ការណ៍​សន្ដិសុខ​ក្នុង​រាជធានី​ភ្នំពេញ​ចាប់តាំងពី​ថ្ងៃ​ដែល​អាជ្ងាធរ​បង្ក្រាប​ទៅលើ​បាតុករ​កម្មករ​ និង​ទៅលើ​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ហើយ​ក្រោយមក​ចាប់ផ្ដើម​រឹតបន្តឹង​សន្តិសុខ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ជួបជុំគ្នា​ចាប់ពី​១០​នាក់​ឡើង​ទៅ​ហើយ​ត្រូវ​បាន​បង្ក្រាប ​និង​ចាប់ខ្លួន​។​
​ករណី​នេះ​ត្រូវបាន​អ្នកវិភាគ​ និង​អ្នកតាមដាន​សង្គម យល់ឃើញ​ថា ​ស្ថានការណ៍​ហាក់ដូចជា​រុញ​កម្ពុជា​ដើរ​ថយ​ក្រោយ​នៃ​ការអនុវត្តន៍​សិទ្ធិ​សម្ដែង​មតិ​និង​ការប្រមូលផ្ដុំ ​ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ ​សិទ្ធិ​ស៊ីវិល ​និង​នយោបាយ​នៃ​អនុសញ្ញា​អន្ដរជាតិ​។​
​ក្រុមអ្នកវិភាគ​ និង​តាមដាន​ស្ថានការណ៍​សង្គម​បាន​ប្រៀបធៀប​ប្រទេស​កម្ពុជា​ទៅ​នឹង​ប្រទេស​ភូមា​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រ​ង​របស់​អតីត​ពួក​យោធានិយម​កាលពី​ទសវត្ស ១៩៩០​។ ​ក្នុង​គ្រា​នោះ​ពួកយោធា​ភូមា​ក៏​បាន​ប្រើ​ច្បាប់​អាជ្ងាសឹ​កដាក់​បម្រាម​​ ហាមការ​ប្រមូលផ្ដុំ​មនុស្ស​ពី៥​នាក់​ឡើង​ទៅ​ហើយ​ធ្វើឲ្យ​ការគោរព​សិទ្ធិមនុស្ស​ និង​ការស​ម្ដែង​មតិ​នៃ​របប​អតីត​យោធា​ធ្លាក់ចុះ​ក្នុង​ភាព​អន់ថយ​យ៉ាងខ្លាំង​។​
​ប៉ុន្ដែ​បច្ចុប្បន្ន​ប្រទេស​ភូមា​បាន​ដើរ​ឆ្លង​ផុត​ពី​គន្លង​ដ៏​ខ្មៅ​ងងឹត​នេះ​ទៅហើយ​។​ ភូមា​ គឺជា​ប្រទេស​មួយ​ក្នុង​តំបន់​អាស៊ី​ដូច​កម្ពុជា​ដែរ​តែ​ពេល​នេះ​ភូមា​ត្រូវបាន​អន្ដរជាតិ​ទទួលស្គាល់ថា ​មានការ​អភិ​វឌ្ឈន៍​ខាង​ការគោរព​សិទ្ធិម​នុស្ស​ការបញ្ចេញមតិ​គួរ​ឲ្យ​ភ្ងាក់ផ្អើល​។​ ក្រុមអ្នកវិភាគ​ពិនិត្យឃើញ​ស្ថានភាព​បច្ចុប្បន្ន​នេះ​នៅ​កម្ពុជា​កំពុង​ដើរ​តាម​គន្លង​ចាស់​របស់​អតីត​យោធា​ភូមា​។​

​លោក​ កែម ​ឡី ​អ្នកស្រាវជ្រាវ​បញ្ហា​សង្គម​ និង​អ្នកវិភាគ​ឯករាជ្យ​បាន​ហៅ​ស្ថានការណ៍​សន្ដិសុខ​នៅ​ភ្នំពេញ​បច្ចុប្បន្ន​នេះ​ថា​ កំពុងតែ​យក​គំរូ​តាម​ប្រទេស​ភូមា​តាម​អតីតកាល ​គឺ​ក្នុង​ចន្លោះ​ទស្សវត្សរ៍​១៩៩០ ​និង​ដើម​ទសវត្សរ៍ ឆ្នាំ​២០០០ ដែល​មាន​ច​រិត​លក្ខណៈ​ជា​របប​មួយ ដ៏គួ​ឲ្យ​ភ័យខ្លាច​។​​
​កាល​ពី​ថ្ងៃទី​២១​មករា​ យ៉ាងតិចណាស់​សកម្មជន​១១នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ខណៈ​ដែល​សហគមន៍​អ្នក​ភូមិ​បឹងកក​ និង​អង្គការ​សង្គម​ស៊ីវិល​ប្រហែលជា​១០០​អង្គការ​បាន​ហែ​ញតិ្ដ​ទៅ​ដាក់​នៅ​ស្ថានទូត​លោកខាងលិច​មួយចំនួន​មាន ​អាមេរិក​ និង​បារាំង​ជាដើម​ដោយ​ពួកគេ​មាន​គ្នា​ប្រមាណ​ជា​៥០​នាក់​ ដើម្បី​ឲ្យ​ស្ថានទូត​ទាំង​នោះ​ជួយ​អន្តរាគមន៍​ដោះលែង​មនុស្ស​២៣​នាក់​ដែល​អាជ្ងាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២ ​និង​ទី៣​មករា​ កាលដែល​ពួកកម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ឈ្នួល​សមរម្យ​។​
​លោក​ នី​ ចរិយា​ អ្នកតាមដាន​បញ្ហា​សង្គម ​និង​ជា​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សមាគម ​អាដហុក​ មានប្រសាសន៍ថា ​ស្ថានភាព​សន្ដិសុខ​នៅ​ភ្នំពេញ​បច្ចុប្បន្ននេះ​ គឺ​អាក្រក់​ដូច​ប្រទេស​ភូមា​កាលពី​ស្ថិតនៅ​ក្រោម​របប​ពួក​យោធានិយម​។​ លោក​បញ្ចាក់​ថា ​កម្ពុជា​កំពុង​ដើរ​ទៅ​រក​របប​ផ្ដាច់កា​រហើយ​។​​
​កាល​នៅ​ក្នុង​របប​យោធា ប្រទេស​ភូមា​ត្រូវបាន​សហគមន៍​អន្តរជាតិ ហ៊ុំ​ព័ទ្ធ​សេដ្ឋកិច្ច ព្រោះតែ​ប្រទេស​នេះ មុន​ទទួលយក​សម្ពាធ​ពី​អន្តរជាតិ​ដែល​សុំ​ឲ្យ មាន​ការបើកចំហ​សេរីភាព​បញ្ចេញមតិ និងការ​​ជួប​ជុំ​របស់​ពលរដ្ឋ ហើយ​មិន​តែ​របប​យោធា​ភូមា បាន​ចាប់ខ្លួន ក្រុម​ប្រឆាំង​ជាច្រើន​រយ​នាក់​ដាក់​ពន្ធ​នាគារ ពីបទ​បង្ក​អសន្តិសុខ​សង្គម​។ ប៉ុន្តែ​បច្ចុប្បន្ននេះ ភូមា​បាន​ដោះដូរ​របប​គ្រប់គ្រង​ពី​កងទ័ព មក​រដ្ឋា​បាល​ស៊ីវិល​ ហើយ​កំពុង​ធ្វើដំណើរ​ទៅរក​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​២០១៥ ដែល​គេ​រំពឹង លោកស្រី ​អ៊ុង​សាន ​សូ​ជី មេដឹកនាំ​បក្ស​ប្រឆាំង​នឹង​ឈ្នះ​ការបោះឆ្នោត​នោះ​។​
​លោក​ ហង្ស​ ពុទ្ធា ​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​សង្គម​ និង​ជា​នាយក​អង្គកា​រឃ្លាំ​មើល​ការបោះឆ្នោត​មួយ​នៅ​កម្ពុជា​ហៅ​ថា​ និក​ហ្វិ​ច​ពិនិត្យឃើញ​ថា​ កម្ពុជា​មិន​ត្រូវ​ជ្រើសរើស​ផ្លូវ​ដែល​របប​ផ្ដាច់ការ​នៅ​ភូមា​បោះបង់ចោល​នោះទេ​។​
​បើទោះជា​យ៉ាងណា​ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្ដីប្រកាស​ពត៌មាន​កា​លពី​ថ្មីៗ​នេះ​ថា​ ការចេញ​បម្រាម​​ដូច​នេះ ​គឺ​ដើម្បី​ការពារ​សន្ដិសុខ​តែ​ប៉ុណ្ណោះ​ព្រោះ​អាជ្ងាធ​រ​ទប់ស្កាត​អំពើ​ហិង្សា​ណាមួយ​ ដែល​អាច​កើតឡើង​ជា​យថាហេតុ​។ ទាំ​លោក​ ខៀវ​ សុភក៌ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ និង មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន ជាច្រើន​ទៀត​ធ្លាប់បាន​បដិសេធ​ម្ដង​រួច​ហើយ ទល្ហីក​ណា​ដែល​ថា កម្ពុជា​ដើរ​តាម​របប​យោធា​ភូមា​។ ប៉ុន្តែ​លោក​នាយ​រដ្ឋមន្ត្រី​កម្ពុជា លោក ​ហ៊ុន សែន​ កាលពី​នៅក្នុង​ពិធី​មួយ​នៅ​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី១៨​មករា បាន​ព្រមាន​ថា នឹង​មិន​បណ្ដោយ​ឲ្យ​កម្ពុជា ដើរ​តាម​ប្រទេស​បដិវត្ត​ផ្កា​រីក នៅ​ពិភព​អារ៉ាប់​ជាដាច់ខាត​។
​យ៉ាងនេះ​ក្ដី​លោក ​យឹម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​មានប្រសាសន៍​ថា​ កាលៈទេសៈ​នេះ​គឺ​មិន​បាន​ឈរ​លើ​គោលការណ៍​ប្រទេស​នីតិរដ្ឋ​ និង​ប្រជាធិបតេយ្យ​ឡើយ​។ ​លោក​រិះគន់​ថា​ វា​ជា​សកម្មភាព​ដែល​ប្រទេស​ភូមា​ធ្លាប់​អនុវត្តន៍​កាលពី​អតីតកាល​ហើយ​បែរ​ជា​កម្ពុជា​ជ្រើសរើស​មក​អនុវត្ត​​ជំនួស​វិញ​នោះ​។​​
​ក្រុមអ្នកវិភាគ​ និង​អ្នកតាមដាន​សង្គម​បាន​ធ្វើ​ការព្រមាន​ដូចៗ​គ្នា​ថា ​ប្រសិនបើ​សហគមន៍​អន្ដរជាតិ​មិន​ជួយ​បំបែក​ភាពទាល់ច្រក​នយោបាយ​នៅ​កម្ពុជា​ឲ្យទាន់​ពេលវេលា​ទេ​នោះ​ គឺ​កម្ពុជា​នឹង​ធ្លាក់​ចូល​ការ​គ្រប់គ្រង​មួយ​ បែប​ផ្ដាច់ការ​៕


No comments:

Post a Comment