Paris Peace Accords 23 Oct. 1991

Saturday, January 25, 2014

ក្រុមគ្រួសារ​ សព អំពាវនាវ​ ឲ្យ​ អាជ្ញាធរ និង​សង្គម​ស៊ីវិល​ ស្វែងរក​ ជនដៃដល់​ យក​មក​ ផ្តន្ទាទោស​ តាមច្បាប់​​

ក្រុមគ្រួសារ​ សព  អំពាវនាវ​ ឲ្យ​ អាជ្ញាធរ និង​សង្គម​ស៊ីវិល​ ស្វែងរក​ ជនដៃដល់​ យក​មក​ ផ្តន្ទាទោស​ តាមច្បាប់​​

ដោយ៖​ ឡាយ សាមាន​ / វីអូឌី​ | ថ្ងៃសុក្រ ទី24 ខែមករា ឆ្នាំ2014

ក្រុមគ្រួសារ​ជនរងគ្រោះ​ដែល​រង​ការបាញ់សម្លាប់​នៅ​ផ្លូវ វ៉េងស្រេង បណ្តាលឲ្យ​មនុស្ស​ស្លាប់ យ៉ាងតិច ៤​នាក់ និង​របួស​ប្រមាណ​៤០​នាក់ អំពាវនាវ​ឲ្យ​អាជ្ញាធរ និង​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​ទាំងអស់ វែកមុខ​រក​ជនដៃដល់​មក​ផ្តន្ទាទោស​តាមច្បាប់​។​
​លោក សួស សំអុល អាយុ ៥២​ឆ្នាំ ឪពុក​របស់​សព​លោក  គឹម ផល្លី​ន នៅ​ខេត្ត​កពង់​ស្ពឺ ប្រាប់ VOD ថាកូន​របស់​លោក​ធ្វើជា​កម្មករ​នៅ​រោងចក្រ Clory ច្រើន​ឆ្នាំ​មកហើយ  មិនមែន​ជា​ជន​អានាធិបតេយ្យ​ដូច​អ្វី​ដែល ​អាជ្ញាធរ​បាន​ចោទប្រកាន់​នោះ​ទេ។ លោកថា រដ្ឋាភិបាល​ត្រូវ​ស្វែករក​ជនដៃដល់​មក​ផ្តន្ទាទោស​តាមច្បាប់ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​គ្រួសារ​ជនរងគ្រោះ ​«ប៉ិនមកដល់ថ្ងៃទី០៣ខែមករាឆ្នាំ២០១៤ហ្នឹង គឺថា ផ្ទុះបាតុកម្មសុំប្រាក់ខែ១៦០ហ្នឹង ដើម្បីឲ្យជីវភាពរស់នៅហ្នឹងវាបានធូរធាបន្ដិច ប៉ុន្ដែមិនទាន់បានបាតុកម្មគេយ៉ាងណាៗផង ត្រូវកងកម្លាំងឆ័ត្រយោង៩១១ហ្នឹងគេបាញ់កាំភ្លើងពិតគ្រប់ពិតទៅលើគ្នាគឺកន្លែងត្រូវហ្នឹងចំកន្លែងដែលមានអាចព្យាបាលបាន ពីខាងក្រោមដោះខាងស្ដាំទៅក្រោមដោះខាងឆ្វេង»។
​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា លោក​មិន​ទាន់​ទទួលបាន​លទ្ធផល​នៅ​ឡើយ​ទេ ដោយ​ស្ថិត​ក្នុង​ការស៊ើបអង្កេត​របស់​ប្រធាន​គណៈកម្មការ​ស៊ើបអង្កេត​របស់​រាជរដ្ឋាភិបាល លោក នេ​ត សាវឿន និង​អនុប្រធាន​លោក  សៅ សុខា «​មិនទាន់​បាន​ទទួល​លទ្ធផល​ទេ ព្រោះ​គេ​កំពុងតែ​ដំណើរការ គណៈកម្មការ​របស់​រា​ជ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ឯកឧត្ដម នេ​ត សាវឿន ប្រធាន លោក សៅ សុខា អនុប្រធាន គណៈកម្មការ​គាត់​កំពុងតែ​ធ្វើ​ការងារ​ហ្នឹង​ហើយ​ក្មួយ​ណាស់​[​អ្នកព័ត៌មាន​] ព្រោះ​មិនទានមាន មាន​លទ្ធផល​អី​ទាល់តែ​សួរ​គណៈកម្មការ​ហ្នឹង កំពុងតែ​ដំណើរការ​»​។​
​ប្រធាន​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោកស្រី ពុង ឈី​វ​កេក មានប្រសាសន៍ថា ករណីនេះ គឺ​អាស្រ័យ​លើ​ឆន្ទៈ​របស់​រដ្ឋាភិបាល ក្នុង​ការស្វែងរក​ការពិត ដើម្បី​បញ្ចប់​និទណ្ឌភាព​នៅ​កម្ពុជា​។ លោកស្រីយល់ថា កម្ពុជា ជា​ប្រទេស​នីតិរដ្ឋ ដូច្នេះ​យុត្តិធម៌ ត្រូវ​មាន​សម្រាប់​ជនរងគ្រោះ​ «​បើសិនជា​មាន​ហេតុការណ៍​អី​ស្លាប់​អីចឹង គឺ​ត្រូវតែ​មាន​ការស៊ើបអង្កេត​ឲ្យ​ច្បាស់លាស់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិនបាច់​បង្កើត​អី​គណៈកម្មការ​អី​ផ្សឹងទៀតក៏​បាន​ដែរ គឺ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​មាន​ស្រាប់​ហ្នឹង​គឺ​មាន​កាតព្វកិច្ច​ត្រូវតែ​ស៊ើបអង្កេត​ហើយ​មិន​ចាំបាច់​មាន​ពាក្យបណ្ដឹង​ទេ មិន​ចាំបាច់​មាន​គ្រួសារ​ណា​ដាក់​ពាក្យបណ្ដឹង​ទេ​»​។​
នាយកប្រតិបត្ដិ​ក្រុម​អ្នក​ច្បាប់ការពារសិទ្ធិ​មនុស្ស​​កម្ពុជា លោក សុក សំអឿន ចាត់ទុកថា​នេះ​ការ​អសមត្ថភាព និង​ជា​ការ​គេចវេស​របស់​អាជ្ញាធរ​ក្នុង​ការស្វែងរក​ជនល្មើស​។
​តាម​របាយការណ៍​បានបង្ហាញ​ថា ក្នុង​ហេតុការណ៍​ប៉ះទង្គិច​រវាង​សមត្ថកិច្ច ជាមួយ​កម្មករ​កាលពី​ថ្ងៃទី២ និង​ទី​៣ ខែ​មករា បណ្តាលឲ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​៤​នាក់ លោក​គឹម ផល្លី កម្មករ​រោងចក្រ (Clory) លោក សំ រ៉ាវី កម្មករ​រោងចក្រ (New Minda) លោក យាន ឬ​ទ្ធី កម្មករ​រោងចក្រ (​សិន ចូ​វ​) និង លោក ផេង កុសល កម្មករ​រោងចក្រ (Y tech) និង​អ្នករងរបួស​ប្រមាណ ៤០នាក់​ទៀត ​នៅពេល​ទាមទារ​ប្រាក់ខែ​គោល​អប្បបរមា ១៦០​ដុល្លារក្នុង​មួយ​ខែ​៕


No comments:

Post a Comment