Paris Peace Accords 23 Oct. 1991

Thursday, January 23, 2014

មន្ដ្រី​ ខុទ្ទកាល័យ​ សម្ដេច​ម៉ែ​ បដិសេធ​ ចំពោះ​ការ​យល់​ថា ព្រះមហាក្សត្រ​ នឹង​ធ្វើ​ជា​ ព្រះរាជអាជ្ញា​កណ្តាល​ ដោះស្រាយ​ នយោបាយ ​នៅ​កម្ពុជា​​

មន្ដ្រី​ ខុទ្ទកាល័យ​ សម្ដេច​ម៉ែ​ បដិសេធ​ ចំពោះ​ការ​យល់​ថា ព្រះមហាក្សត្រ​ នឹង​ធ្វើ​ជា​ ព្រះរាជអាជ្ញា​កណ្តាល​ ដោះស្រាយ​ នយោបាយ ​នៅ​កម្ពុជា​​


ដោយ៖​ ជន ស្រីណុច​ / វិទ្យុ វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី23 ខែមករា ឆ្នាំ2014

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​ព្រះបរមនាថ នរោត្តម សីហ​មុនី យាងជាអធិបតីបើកកិច្ចប្រជុំដំបូងរដ្ឋសភានាពេលកន្លងទៅ (រូបភាព តាត ឧត្តម)
មន្ត្រី​ព្រះបរមរាជវាំង​ចេញមុខ​បកស្រាយ​បំភ្លឺ ចំពោះ​ការលេចឮ​ថា ព្រះមហាក្សត្រ​ទ្រង់ នឹង​ព្រម​ធ្វើ​ជា​ព្រះរាជអាជ្ញា​កណ្តាល​ម្តងទៀត រវាង​គណបក្ស​ដែល​ទទួលបាន​អាសនៈ​ទាំងពីរ​នៅក្នុង​រដ្ឋសភា ដើម្បី​ដោះស្រាយ​ភាពជាប់គាំង​នយោបាយ​បច្ចុប្បន្ន។​
​ទីប្រឹក្សា​ព្រះរាជ​លេខាធិការដ្ឋានរ​បស់ សម្ដេច​ព្រះមហាក្សត្រី មុនីនាថ សីហនុ លោក អ៊ុំ ដារ៉ាវុធ ប្រាប់ VOD នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី២៣ ខែ​មករា​នេះ​ថា ព្រះមហាក្សត្រ​ទ្រង់​នឹង​ទទួល​ស្គាល់ ឬ​ធ្វើ​ជា​សាក្សី​លុះត្រា​ណា​តែ លោក ហ៊ុន សែន និងលោក សម រង្ស៊ី បាន​ចរចា​គ្នា​រួចរាល់​ហើយ គឺ​មិនមែន​មានន័យថា ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​អ្នក​ទាំង​ពីរ មាន​ការប្រជុំ​ម្តងទៀត​នោះ​ទេ​ «​អត់​ទេ​ប្រជុំ​ខ្លួនឯង​ទៅ អត់​មាន​ព្រះបរមរាជវាំង ព្រះករុណា​ហៅ​មក​ទៀត​ទេ លោក​ហៅ​មក​ម្ដង​ហើយ​ជួបជុំ​គ្នា​តើ នៅ​ខេមរិន្ទ​ថ្ងៃ​១៥​ខែ​កញ្ញា ២០១៣ ឲ្យតែ​ពីរ​នាក់​ហ្នឹង​[CPP​និង​CNRP]​ត្រូវ​គ្នា​ទៅ​ក្មួយ ចរចា​គ្នា​ទៅ យ៉ាងម៉េចៗ​ទៅ មួយ​ព្រម​ចូល​សភា​មួយ​ព្រម​កែ គជប ហើយ​ស៊ីញ៉េ​កុង​ត្រាទៅ​ហើយ​មក​សុំ​លោក​សុំ​ជា​សាក្សី​ក៏​បាន​ដែរ ដើម្បី​លោក​ជា​និមិត្ដរូប​»​។​
​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មានប្រសាសន៍ថា បក្ស​របស់​លោក​នៅតែ​ទាមទារ​ឲ្យ​ព្រះ​មហាក្សត្រ​ទ្រង់​ជា​ព្រះរាជអាជ្ញា​កណ្តាល​ដដែល ដោយ​ផ្អែក​តា​មច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បើ​មិន​ដូច្នោះ​ទេ គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ធ្វើ​តាមចិត្ត​ដូច​សព្វដង មិន​មាន​ឆន្ទៈ​ធ្វើ​តាម​ការទាមទារ​របស់​ប្រជាពលរដ្ឋ។ លោក​បន្តថា គណបក្ស​លោក​មិន​ចង់​ឲ្យ​បញ្ហា​នយោបាយ​នៅ​ជាប់គាំង​បែបនេះ​ទេ ព្រោះ​មាន​តែ​គុណវិបត្តិ ដែល​នាំឲ្យ​ប្រទេស​ខាតបង់ «​យើង​ចង់​ដោះស្រាយ​បញ្ហា​ដែល​ជាប់គាំង ទី​បី​យើង​សូម​ណូម​ពរ​ឲ្យមាន​ព្រះមហាក្សត្រ​ជា​អធិបតី ហើយ​សុំឲ្យ​សហគមន៍​អន្ដរជាតិ​ជា​សាក្សី​ក្នុង​ការជជែក​គ្នា​កុំឲ្យ​ការជជែក​ទៅ​ហើយ​គណបក្ស​ប្រជាជ​ន​យក​មក​បកស្រាយ​ផ្សេង ហើយ​សុំ​ឲ្យ​ការជជែក​គ្នា​នេះ​ដាក់​ជា​សាធារណៈ ដាក់​តាម​វិទ្យុ ទូរទស្សន៍​ដើម្បីឲ្យ​ប្រជាពលរដ្ឋ​លោក​ដឹង​ឮ​ទាំងអស់គ្នា តើ​អ្នកណា​និយាយ​អី អ្នក​ណា​មាន​គោលជំហរ​ដូចម្ដេច​»​។​
​សម្រាប់​អ្នកវិភាគ​នយោបាយ លោក សុខ ទូច ក៏​នៅតែ​ស្នើ​ឲ្យ​ព្រះមហាក្សត្រ ទ្រង់​ធ្វើ​ជា​ព្រះរាជអាជ្ញា​កណ្តាល​ដដែល ដោយ​លើក​របៀប​វីរៈ​ឲ្យបាន​ច្បាស់លាស់ ដើម្បី​ផលប្រយោជន៍​ជាតិ បើ​មិន​ដូច្នោះ​ទេ បញ្ហា​នយោបាយ​នៅ​កម្ពុជានៅតែ​ជាប់គាំង​ «​លោក​គ្រាន់តែ​មាន​ទ​ទួន​នាទី​ជា​អ្នកសង្កេតការ​ទៅ​ហ្នឹង​សកម្មភាព​ទាំង​ហ្នឹង​ព្រះអង្គ​អត់​មាន​សិទ្ធិ​រកខុសរកត្រូវ​ទេ ព្រះអង្គ​ចង់ឲ្យ​កូន​ចៅ​ទាំង​ពីរ​ហ្នឹង​បាន​យល់​យ៉ាងម៉េច ចំណុច​ទី​បី នៅពេល​ដែល​កូនចៅ​ទាំង​ពីរ​ហ្នឹង​យល់ព្រម​ហើយ អ្នក​ទាំង​ពីរ​ត្រូវ​ចុះហត្ថលេខា​នៅ​ចំពោះ​ព្រះភ័ក្រ​ព្រះអង្គ ដើម្បី​អី ដើម្បី​ឲ្យ​ព្រះអង្គ​ជា​អន្ដរការី ជា​សក្ខីកម្ម ដើម្បី​បង្ហាញ​ថា គណបក្ស​ទាំង​ពីរ​ហ្នឹង​យល់ព្រម​នៅ​ចំណុច​ណា ជៀសវាង​អ្នកនយោបាយ​ទាំង​ពីរ​ចេញ​មក​ហើយ​ឆ្លើយ​រៀងខ្លួន អា​ហ្នឹងហើយ​ជា​ឧបសគ្គ​កន្លងមក​»​។
​ស្រដៀង​គ្នា​នេះដែរ អ្នកវិភាគ​ឯករាជ្យ លោក កែម ឡី មានប្រសាសន៍ថា បញ្ហា​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន គឺ​ពិបាក​នឹង​ដោះស្រាយ​ណាស់ ដូច្នេះ​ការចរចា​អាច​ធ្វើទៅបាន លុះត្រា​ណា​តែ​គណបក្ស​ទាំងពីរ ស្វែងរក​អាជ្ញាកណ្តាល​ដែល​ឯករាជ្យ ហើយ​ជម្រើស​ដែល​សំខាន់​បំផុត​នោះ​គឺ ត្រូវ​ទូល​សុំ​ព្រះមហាក្សត្រឲ្យ​ទ្រង់​ធ្វើ​ជា​ព្រះរាជ​អាជ្ញាកណ្តាល «​ខ្ញុំ​គិតថា បើ​គណបក្ស​ប្រជាជន គាត់​ចង់បាន​យន្ដការ​ជាតិ​យើង ដូច​ជា​អង្គ​ព្រះមហាក្សត្រ ដូច​អី​ជាដើម -​ល​- ចឹង​យើង​ធ្វើ​តាម​យន្ដការ​ហ្នឹង​ទៅ បើសិន​ជា​យន្ដការ​ហ្នឹង​មិន​ទទួលបាន​ជោគជ័យ​ទេ យើង​អាច​រក​យន្ដការ​អន្ដជាតិ​បន្ដ​ទៀត​ហ្នឹង​វា​ជា​ការ​សមស្រប កុំឲ្យ​រឹងត្អឹង ឥឡូវ​ខាង​គណបក្ស​សង្គោះ​ជាតិ​ថា ខ្ញុំ​ព្រម​កែ​ជាតិ​ក៏​បាន​ដែរ បើសិនជា​ដោះស្រាយ​ទៅ​ត្រូវរ៉ូវ​គ្នា វា​ស្រុះស្រួល​គ្នា​ហើយ​អាហ្នឹង​គិត​ត្រឹមហ្នឹង​ទៅ​តែ​បើ​អត់​ត្រូវ​គ្នា​ត្រូវតែ​រក​យន្ដការ​ផ្សេងទៀត​» ។​
VOD មិនអាច​ទាក់ទង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​សុំ​មតិយោបល់​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​។​
​កន្លង​ទៅ​អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា ក៏​ដូច​ជា​អតីត​ឧបនាយករដ្ឋមន្ត្រី ធ្លាប់​បាន​ដាក់​លិខិត​ស្នើ​សុំ​ព្រះមហាក្សត្រ ឲ្យ​ទ្រង់​ជួយ​ដោះស្រាយ​ភាពជាប់គាំង​នយោបាយ​កម្ពុជា​ដែរ ជាក់ស្តែង កាលពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៤ លោក លឺ ឡាយស្រេង អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច បាន​សរសេរ​លិខិត​ទូល​ថ្វាយ​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​ព្រះបរមនាថ នរោត្តម សីហ​មុនី ដោយ​រៀបរាប់ថា ក្រោយ​ការបោះឆ្នោត​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ភាពជាប់គាំង​ផ្នែក​នយោបាយ បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា ជួប​នូវ​ប្រទះ​នូវ​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​។ ករណី​នេះ​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រតិកម្មតប​វិញដោយ​ចោទ​ថា ការលើកឡើង​បែប​នេះ​គឺ​ផ្ទុយទៅនឹង​រដ្ឋធម្មនុញ្ញ៕
អត្ថបទទាក់ទង៖


No comments:

Post a Comment