បណ្តាញ ព្រះសង្ឃ និង សហគមន៍៣៤ ជំរុញ រដ្ឋាភិបាល ដោះលែង មនុស្ស២៣ នាក់ ដែលកំពុងឃុំខ្លួន
ដោយ៖ ឡាយ សាមាន | ថ្ងៃអាទិត្យ ទី12 ខែមករា ឆ្នាំ2014, ម៉ោង 12:03 PM
ប្រជាសហគមន៍បឹងកក់ នៅព្រឹកថ្ងៃអាទិត្យនេះ ជំរុញឲ្យដោះលែងសកម្មជនការពារសិទ្ធិមនុស្ស និងបញ្ឈប់ប្រើអំពើហិង្សាពីសំណាក់សមត្ថកិច្ច (រូបភាពដោយ តាត ឧត្តម)
សហគមន៍ ចំនួន៣៤ មានបណ្តាញ ព្រះសង្ឃ សមាគម អ្នករត់ម៉ូតូឌុប និងសហគមន៍អ្នករងគ្រោះរឿងដីធ្លី នៅថ្ងៃអាទិត្យនេះ អំពាវនាវឲ្យរដ្ឋាភិបាល ឈប់ប្រើហិង្សា បង្ក្រាបអ្នកតវ៉ា ដោយសន្តិវិធី និងឲ្យដោះលែង មនុស្ស២៣នាក់ ឲ្យមាន សេរីភាពវិញ។
ការជំរុញនេះ ធ្វើឡើង ក្នុងសន្និសីទ សារព័ត៌មានមួយ ដែលធ្វើឡើងនៅ សហគមន៍បឹងកក់ សង្ក្រាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៤នេះ។
តំណាងអ្នកបឹងកក់ និងជាម្ចាស់ពានរង្វាន់ស្រី្តភាពជាអ្នកដឹកនាំពិភពលោក អ្នកស្រី ទេព វន្នី ថ្លែងថា រាជរដ្ឋភិបាល ត្រូវតែបញ្ឈប់ប្រើហិង្សាជាបន្ទាន់ និងដោះលែង សកម្មជន ការពារ សិទ្ធិមនុស្ស លោក ចាន់ ពុទ្ធិស័ក្ត ជាតំណាងសហគមន៍បឹងកក់ លោក វន់ ពៅ ប្រធានសមាគមប្រជាធិតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងលោក ថេង សាវឿន ប្រធានបណ្តាញកសិករ ខណៈពួកគេឃ្លាំមើលការតវ៉ា របស់កម្មករទាមទារប្រាក់ឈ្នួល១៦០ដុល្លារ។ ការចាប់ខ្លួននោះមានទាំងកម្មកររោងចក្រចំនួន២០នាក់ផងដែរ។
អ្នកស្រី ទេព វន្នី បន្តថា ប្រសិនបើរដ្ឋាភិបាលមិនពិចារណាពីការទាមទារនេះទេ ពួកគេធ្វើការតវ៉ាក្នុងទ្រង់ទ្រាយធំ នៅពេលខាងមុខ ជំរុញឲ្យមានការដោះលែង។
(សហគមន៍បឹងកក់ ទាមទារឲ្យដោះលែង លោក ចាន់ ពុទ្ធិស័ក្ត ដែលជាតំណាងសហគមន៍បឹងកក់/តាត ឧត្តម)
កាលពីថ្ងៃទី២ និងទី៣ខែមករា មានការប៉ះទង្គិចដោយហិង្សា ជាបន្តបន្ទាប់រវាងសមត្ថកិច្ច និងក្រុមអ្នកតវ៉ា ដែលបណ្តាលឲ្យសមត្ថកិច្ចមួយចំនួនរងរបួស កម្មករយ៉ាងតិច៥នាក់ត្រូវបានបាញ់សម្លាប់ ជាង៤០នាក់រងរបួស និង២៣នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។
ក្រោយហេតុការណ៍នេះ សហគមន៍ជាតិ និងអន្តរជាតិ បានថ្កោលទោសទៅនឹងវិធានការ របស់រដ្ឋាភិបាលថា ថាបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
ទោះជាយ៉ាងណាប្រមុខរាជរដ្ឋាភិបាល លោក ហ៊ុន សែន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤ បានបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធស៊ើបអង្កេតករណីនេះ ប៉ុន្តែសម្រាប់សង្គមស៊ីវិលហាក់គ្មានជំនឿថា ជនដៃដល់ពិតប្រាកដ ទំនងជាមិនត្រូវចាប់យកមកផ្តន្ទាទោសទេ៕
No comments:
Post a Comment