Paris Peace Accords 23 Oct. 1991

Tuesday, January 7, 2014

គណបក្ស សង្គ្រោះជាតិ នឹង​រៀបចំ ក្រុម​មេធាវី អន្តរជាតិ វាយ​តម្លៃ​ លើហេតុ​ការណ៍​​​បង្ក្រាប​ ដោយ​ហិង្សា​ ក្នុង​ពេលបាតុកម្ម​​

គណបក្ស សង្គ្រោះជាតិ នឹង​រៀបចំ ក្រុម​មេធាវី អន្តរជាតិ វាយ​តម្លៃ​ លើហេតុ​ការណ៍​​​បង្ក្រាប​ ដោយ​ហិង្សា​ ក្នុង​ពេលបាតុកម្ម​​

ដោយ៖​ តាំង វីដា​ / ​វិទ្យុ វីអូឌី | ថ្ងៃអង្គារ៍ ទី7 ខែមករា ឆ្នាំ2014


លោកកឹម សុខា អនុប្រធានគណបក្ស​សង្គ្រោះជាតិ នៅក្នុង​សន្និ​សីទសារ​​ព័ត៌​មាន​ (រូបថត តាំង វីដា)
គណបក្ស​សង្គ្រោះ​ជាតិ ប្រកាសថា ខ្លួន​នឹង​រៀបចំ​ក្រុម​មេធាវី​អន្តរជាតិ ដើម្បី​ធ្វើ​ការស៊ើបអង្កេត និង​ស្រាវជ្រាវ លើ​បទឧក្រិដ្ឋ​សាធារណៈ​ដែល​ប្រព្រឹត្ត​ដោយ​កងកម្លាំងប្រដាប់អាវុធ ទៅលើ​ក្រុម​កម្មករ​នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា កាលពី​ពេល​ថ្មីៗ​នេះ ដែល​បណ្តាលឲ្យ​កម្មករ​ស្លាប់ និង​របួស​ជាច្រើន​នាក់​នោះ​។​
​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មានប្រសាសន៍​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​ធ្វើឡើង​នៅ​ស្នាក់ការ​កណ្តាល​គណបក្ស នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​ការព្រួយបារម្ភ​ជា​ខ្លាំង ចំពោះ​ការកើនឡើង​នូវ​ហិង្សា​ក្នុងប្រទេស​កម្ពុជា ជាពិសេស​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ពី​សំណាក់​កងកម្លាំងប្រដាប់អាវុធ​ទៅ​កម្មករ បណ្តាលឲ្យ​មាន​អ្នកស្លាប់ និង​រងរបួស​ជាច្រើន​នាក់​។ លោក កឹម សុខា បន្តថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​ឲ្យមាន​មេធាវី​អន្តរជាតិ ដឹកនាំ​ដោយ លោក Richard J Rogers ដែល​មាន​ជំនាញ​ផ្នែក​ច្បាប់​ឧក្រិដ្ឋកម្ម​អន្តរជាតិ និង​សិទ្ធិមនុស្ស ដើម្បី​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ករណី​នេះ​។ លោក​ថា បើ​ការស៊ើបអង្កេត​មាន​ទឡ្ហី​ក​រ និង​ភស្តុតាង​គ្រប់គ្រាន់​នោះ គណបក្ស​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូ​ឡង់ ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ និង​ចាប់​ជនល្មើស​យកមក​ផ្តន្ទាទោស​តាមច្បាប់​ ​៖
​កាលពី​ថ្ងៃ​ទី​០៣​ខែ​មករា មាន​ការប៉ះទង្គិច​ដោយ​ហិង្សា​មួយ​រវាង​ក្រុម​កម្មករ​ដែល​មកពី​រោងចក្រ នានា​ក្នុង​រាជធានី​ភ្នំពេញ និង​កងកម្លាំងប្រដាប់អាវុធ នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវវេង​ស្រេង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ខណៈ​ដែល​កម្មករ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល​១៦០​ដុល្លារ បណ្តាលឲ្យ​កម្មករ ៥​នាក់​ស្លាប់ និង ជិត​៤០​នាក់​រងរបួស និង​កម្មករ​១៣​នាក់​ទៀត​ត្រូវបាន​ចាប់ខ្លួន​។​

តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ខេត្ត​បាត់ដំបង លោក ឈាង វុន ព្រមាន​តប​វិញ​ថា រាជរដ្ឋាភិបាល ក៏​មាន​ភស្តុតាង ជា​ឯកសារ រូបភាព និង​វីដេអូ​គ្រប់គ្រាន់ ដើម្បី​បញ្ជាក់​ថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ទេ ដែលជា​អ្នក​បង្កចលាចល និង​ញុះញង់​ឲ្យមាន​ហិង្សា និង​ឧក្រិដ្ឋកម្ម​កើតឡើង​ ​៖
​បណ្ឌិត​ច្បាប់​អន្តរជាតិ  លោក ហ៊ាង ឬ​ទ្ធី  ពន្យល់ថា ទង្វើ​បាញ់​បង្ក្រាប​របស់​សមត្ថកិច្ច ទៅលើ​ក្រុមបាតុករ​កន្លងមកនេះ គឺ​ខុស​នឹង​ច្បាប់​ដែល​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​បាន​ចែង <<​បើ​ធ្វើ​សកម្មភាព​ក្នុង​រយៈពេល​ថ្ងៃ​៣ ថ្ងៃ​៤​នេះ វា​ត្រូវ​ចូលទៅ​ក្នុង​កត្តា​ធាតុ​ផ្សំ នៅក្នុង​មាត្រា​៩​។ កត្តា​ធាតុ​ផ្សំ​មាត្រា​៩ នៅក្នុង​នោះ វា​ត្រូវ​ទទួលខុសត្រូវ ប្រឈម​ទៅ​នឹង​ច្បាប់​អន្តរជាតិ ព្រហ្មទណ្ឌ​អន្តរជាតិ ICC ដែល​ព្រះរាជាណាចក្រ​កម្ពុជា យើង​បាន​ផ្តល់​សច្ចាប័ន នៅ​ឆ្នាំ​២០០៦​ទៅហើយ​>>​។​
លោក ហ៊ាង ឬ​ទ្ធី បញ្ជាក់ថា សមត្ថកិច្ច​មិន​អាច​ប្រើ​អាវុធ​បាញ់​បង្ក្រាប​លើ​អ្នក​តវ៉ា​ដោយ​មិន​មាន​កាំភ្លើង​នោះ​ទេ ហើយ​បើ​បាតុករ​ប្រើ​ហិង្សា ត្រូវ​ចាប់​មក​ពួកគេ​កាត់ទោស​តាមច្បាប់ ដោយ​មិន​ត្រូវ​វាយ​ធ្វើ​ទារុណកម្ម និង​បាញ់​សម្លាប់​ឡើយ​។​
​សូមជម្រាបថា កម្ពុជា​បាន​ចុះ​សច្ចាប័ន​ក្រុង​រ៉ូម ប្រទេស​អ៊ីតាលី នៅ​ដើមឆ្នាំ​២០០០ ដែល​កាលណោះ​ប្រធានរដ្ឋសភា ដឹកនាំ​ដោយ​សម្តេច​ក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ បាន​ធ្វើឲ្យ​កម្ពុជា​ក្លាយ​ជា​សមាជិក​មួយ នៃ​ប្រទេស​សន្ធិសញ្ញា​ក្រុង​រ៉ូម​នេះ ដោយ​សន្យា​ពង្រឹង​និង​អនុវត្ត​ច្បាប់​អន្តរជាតិ​មួយ​នេះ ដើម្បី​ប្រឆាំង​ការរំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​តាមរយៈ​តុលាការ​យុត្តិធម៌​ឧក្រិដ្ឋកម្ម​សង្គ្រាម​អន្តរជាតិ ICC នៃ​អង្គការ​សហប្រជាជាតិ នៅ​ក្រុង​ឡាអេ ប្រទេស​ហូ​ឡង់​៕

No comments:

Post a Comment