អ្នកស្រី ទេព វន្នី លោក រ៉ុង ឈុន និងមនុស្ស
៩នាក់ផ្សេងទៀតត្រូវបានដោះលែងបន្ទាប់ពីឃាត់ខ្លួនសាកសួរអស់
ជាច្រើនម៉ោង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤។
RFA/Morm Moniroth
|
លោក រ៉ុង ឈុន, អ្នកស្រី ទេព វន្នី, និងមនុស្ស ៩នាក់ទៀត ត្រូវ បានដោះលែង
RFA | 21 Jan. 2014
ស្នងការនគរបាលរាជធានីភ្នំពេញ សម្រេចដោះលែងមនុស្ស ១១នាក់ ក្រោយពីបានឃុំខ្លួនអស់រយៈពេលជាងប្រាំម៉ោងរួចមក ក្រោមបទចោទថា ការប្រមូលផ្ដុំរបស់ពួកគេខុសច្បាប់ ខណៈបម្រាមរបស់រដ្ឋាភិបាលបានបន្តរឹតបន្តឹងក្នុងការជួបជុំ និងប្រមូលផ្ដុំនៅទីសាធារណៈ នៅជាធរមាននៅឡើយ។
មុននឹងដោះលែងមនុស្ស ១១នាក់ឲ្យមានសេរីភាពឡើងវិញនៅរសៀលថ្ងៃទី២១ មករា ស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើកិច្ចសន្យាឲ្យអ្នកទាំង ១១នាក់ ព្រមទទួលយកលក្ខខណ្ឌមួយចំនួន ដូចជា ហាមញុះញង់ ខិតខំកសាងខ្លួនជាពលរដ្ឋល្អ រស់នៅក្នុងសង្គម និងត្រូវរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់នៅពេលណាដែលបានដឹងរឿង អ្វីមួយជាដើម។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលជាមនុស្សម្នាក់ត្រូវចាប់ខ្លួនក្នុងចំណោម ១០នាក់ផ្សេងទៀត បានផ្ដល់បទសម្ភាសន៍នៅមុខស្នងការរាជធានីភ្នំពេញ បន្ទាប់ពីត្រូវគេដោះលែងថា ថ្វីបើការដោះលែងនេះជាថ្នូរនឹងគោលការណ៍មួយចំនួនក្ដី ក៏ឆន្ទៈដើម្បីយុត្តិធម៌ សេរីភាព និងនៅតែបន្តសកម្មភាព ដើម្បីទាមទារឲ្យដោះលែងមនុស្ស ២៣នាក់៖ «បន្តសកម្មភាពតទៅទៀត ដើម្បីឲ្យសង្គមយើងទទួលបានការគោរពសិទ្ធិមនុស្ស។»
ការចាប់ខ្លួនមនុស្សទាំង ១១នាក់ កាលព្រឹកថ្ងៃអង្គារ ធ្វើឡើងក្នុងគោលដៅខុសៗគ្នា។ មនុស្ស ៤នាក់ មាន លោក រ៉ុង ឈុន អ្នកស្រី ទេព វន្នី សកម្មជនដីធ្លីនៅតំបន់បឹងកក់ និងកញ្ញា ឡុង គឹមហ៊ាង មន្ត្រីក្រុមការងារពិសេសនៃសិទ្ធិលំនៅឋាន ព្រមទាំងសមាជិករបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យម្នាក់ទៀត។ ពួកគេត្រូវបានកម្លាំងសន្តិសុខខណ្ឌដូនពេញ ចាប់ខ្លួនបញ្ចូលរថយន្តប្រភេទស៊ាំយ៉ុង ១២កៅអី២ដាច់ដោយឡែកពីគ្នាភ្លាមៗ នៅខាងមុខស្ថានទូតសហរដ្ឋអាមេរិក។ ដោយឡែក ស្ត្រីបឹងកក់ ៧នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួននៅលើមហាវិថីព្រះមុនីវង្ស ជិតមន្ទីរពេទ្យកាល់ម៉ែត្រ។ ក្រោយមក ពួកគេត្រូវឃុំខ្លួនរួមគ្នានៅស្នងការនគរបាលរាជធានីភ្នំពេញ។
ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗក្រោយការចាប់ខ្លួន ដោយហៅចំណាត់ការនេះថា ជាការអនុវត្តខុសនីតិវិធី និងរំលោភសិទ្ធិមនុស្ស។
លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ប្រាប់ក្រុមអ្នកប្រមូលផ្ដុំនៅមុខស្នងការថា មនុស្សទាំង ១១នាក់ អាចនឹងត្រូវដោះលែងវិញ ប្រសិនបើរកមិនឃើញពីបទល្មើសនោះទេ៖ «ខ្ញុំ សួរគោលបំណងពួកអ្ហែងមកនេះ ដើម្បីស្នើសុំឲ្យមានការដោះលែងមែនអត់? បើសិនបើស្នើសុំឲ្យមានការដោះលែង សូមឲ្យរង់ចាំការដោះស្រាយរបស់សមត្ថកិច្ច របស់អាជ្ញាធររាជធានី។ ឥឡូវខ្ញុំនាំគេមកហើយ នាយកខុទ្ទកាល័យរបស់សាលារាជធានីក៏មក អភិបាលខណ្ឌដូនពេញក៏មក ដើម្បីធ្វើការដោះស្រាយរឿងនេះ។ អ៊ីចឹង បើអ្ហែងធ្វើការដោះស្រាយ គឺសុំឲ្យមានរបៀបរៀបរយ ដើម្បីឲ្យការដោះស្រាយនេះមានលទ្ធភាពនឹងដោះស្រាយដោយសន្តិវិធី។»
ពាក់ព័ន្ធបញ្ហានេះ ក្រុមស្ត្រីតស៊ូដីធ្លីនៅតំបន់បឹងកក់ បានប្ដេជ្ញាក្រោយចេញពីឃុំខ្លួនថា បើអាជ្ញាធរនៅតែបន្តរឹតត្បិតសេរីភាពទៀតនោះ សន្ទុះនៃការតវ៉ាប្រឆាំងនឹងការចាប់ខ្លួននេះនឹងមិនរាថយឡើយ៖ «ការ ចាប់ខ្លួន ការសម្លាប់គំរាមកំហែង មិនមែនជាឧបសគ្គសម្រាប់ពួកយើងទេ ក្នុងបេះដូងយើងគ្មានការឈឺចាប់ទេ។ គ្មានការភ័យខ្លាចក្នុងរឿងទាំងអស់ហ្នឹងទេ អ្វីដែលយើងចង់បាន គឺយុត្តិធម៌។»
លោក ណៃ វង្សដា មន្ត្រីសិទ្ធិមនុស្សរបស់សមាគមអាដហុក (Adhoc) ចាត់ទុកការចាប់ខ្លួនម្ដងជាពីរដងប្រឆាំងអ្នកតវ៉ា ដើម្បីទាមទារសិទ្ធិនេះថា ប្រៀបដូចល្បែងឆ្មារ និងកណ្ដុរ។ លោកហៅចំណាត់ការរបស់ក្រុមសមត្ថកិច្ចនេះថា គឺជាការអនុវត្តផ្ទុយពីច្បាប់៖ «ខ្ញុំថាស្ថានភាពបច្ចុប្បន្ននេះ ដូចឆ្មារ និងកណ្ដុរ អ៊ីចឹង។ អ្នកបឹងកក់ ហើយនិងខាងសហជីពប្រៀបដូចជាកណ្ដុរ អ៊ីចឹង។ ហើយប៉ូលិសប្រៀបដូចជាឆ្មារអ៊ីចឹង ឆ្មារកំហូចតែងតែធ្វើសកម្មភាពដែលផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ។»
ការចាប់ខ្លួននេះ បន្ទាប់ពីក្រុមសហគមន៍បឹងកក់ ព្យាយាមយកញត្តិទៅដាក់នៅស្ថានទូតសហរដ្ឋអាមេរិក និងស្ថានទូតបារាំង ប្រចាំកម្ពុជា ស្នើសុំឲ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ដើម្បីទាមទារឲ្យដោះលែងមនុស្ស ២៣នាក់ ដែលបានចាប់ខ្លួនកាលពីដើមខែមករា កន្លងទៅនេះ ក្នុងពេលអាជ្ញាធរបានបង្ក្រាបកម្មករកាត់ដេរតវ៉ាសុំឡើងប្រាក់ខែ គោលចំនួន ១៦០ដុល្លារ៕
No comments:
Post a Comment