បារាំងអំពាវនាវ ឲ្យភាគី ជម្លោះកម្ពុជា ចូលតុចរចា
លោក Laurent Fabius រដ្ឋមន្ត្រីការបរទេសបារាំង
RFI
រដ្ឋមន្ត្រី ការបរទេស បារាំង លោក Laurent Fabius បានអំពាវនាវ ឲ្យអាជ្ញាធរកម្ពុជា ចរចា ជាមួយ បក្សប្រឆាំង ដើម្បី ដោះស្រាយ បញ្ហា។ ប្រមុខការទូត ក្រុងប៉ារីស ក៏បានព្រមាន ឲ្យបញ្ចៀស ភាពតានតឹង ដែលអាចឈាន ទៅរក ការប្រទូសរ៉ាយគ្នា ផងដែរ។ ការអំពាវនាវនេះ បានធ្វើឡើង ខណៈ ដែលអ្នករាយការណ៍ ពិសេស អង្គការ សហប្រជាជាតិ ទទួលបន្ទុក សិទ្ធិមនុស្ស ប្រចាំកម្ពុជា កំពុងបំពេញ ទស្សនកិច្ច នៅទីក្រុងភ្នំពេញ។
ប្រទេសបារាំងសូមអំពាវនាវឲ្យមានការចរចាគ្នាដើម្បីបន្ធូរបន្ថយ ភាពតានតឹងដែលកំពុងកើតមានយ៉ាងខ្លាំងនៅកម្ពុជា។ នេះជាប្រកាសដោយផ្ទាល់មាត់របស់លោក Laurent Fabius រដ្ឋមន្ត្រីការបរទេសបារាំងកាលពីថ្ងៃអង្គារនៅនៅចំពោះមុខសមាជិកសភា បារាំង។ ប្រមុខការទូតបារាំងបញ្ជាក់ថា រដ្ឋាភិបាលក្រុងប៉ារីសកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះចំណាត់ការ នានារបស់អាជ្ញាធរកម្ពុជា។
សម្រាប់លោក Laurent Fabius គ្មានដំណោះស្រាយណាក្រៅពីការប្រើប្រាស់យន្តការប្រជាធិបតេយ្យនោះឡើយ។ រដ្ឋមន្ត្រីការបរទេសបារាំងក៏បានបញ្ជាក់ទៀតថា រដ្ឋាភិបាលក្រុងប៉ារីសនឹងមិនគាំទ្រទង្វើទាំងឡាយណាដែលនាំដល់ ការប្រទូសរ៉ាយដាក់គ្នាឡើយជាពិសេសការប្រទូសរ៉ាយដែលបង្កឡើងដោយ អាជ្ញាធរ។ យ៉ាងណាក៏ដោយ ប្រមុខការទូតបារាំងបានអះអាងថា បារាំងស្ថិតនៅជាមួយប្រជាជនកម្ពុជាជានិច្ចពីព្រោះវប្បធម៌ និងប្រវត្តិសាស្ត្របានចងភ្ជាប់ប្រទេសទាំងពីរដែលបារាំងមិនអាចបោះបង់ ប្រជាជនកម្ពុជាបានឡើយ។
ប្រតិកម្មរបស់ទីក្រុងប៉ារីសបានកើតឡើងខណៈដែលអ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។ ជម្លោះនយោបាយក្រោយការបោះឆ្នោតដែលបានអូសបន្លាយជាច្រើនខែមកនេះបាន ឈានដល់ផ្ទុះអំពើហិង្សា។ មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវបានតុលាការកោះហៅឲ្យចូលខ្លួនទៅបំភ្លឺកាលពីថ្ងៃទី ១៤ មករា ពីបទញុះញង់ឲ្យមានបទឧក្រិដ្ឋ និងបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
យ៉ាងណាក៏ដោយ ស្ថានការណ៍នយោបាយនៅកម្ពុជាទំនងជាកំពុងឈានទៅរកភាពល្អប្រសើរវិញហើយ នៅពេលនេះ។ ការអំពាវនាវរបស់ប្រទេសបារាំងក៏ដូចជាសហគមន៍អន្តរជាតិ និងសាធារណៈមតិជាតិដែរ ឲ្យគណបក្សទាំងពីរចូលតុចរចាគឺជាសារបញ្ជាក់ថា ដល់ពេលដែលអ្នកនយោបាយខ្មែរត្រូវបញ្ចប់បញ្ហារបស់ខ្លួនហើយ៕
No comments:
Post a Comment