បាតុករដែលត្រូវកម្លាំងចម្រុះចាប់ខ្លួនក្នុងព្រឹត្តិការណ៍ បង្ក្រាបដោយហិង្សាលើក្រុមកម្មករនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ម្ដុំសួនឧស្សាហកម្មកាណាឌីយ៉ា រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ RFA/Jeevita |
គណបក្ស សង្គ្រោះជាតិ ចេញលិខិត ចំហ ស្ដីពី ប្រាក់ឈ្នួល នៅកម្ពុជា
RFA | 19 Jan. 2014
គណបក្សសង្គ្រោះជាតិ បានចេញផ្សាយលិខិតចំហអំពាវនាវឲ្យអ្នកប្រើប្រាស់ផលិតផល កុំគាំទ្រផលិតផលធ្វើនៅកម្ពុជា ណាដែលប្រឡាក់ប្រឡូសដោយការរំលោភសិទ្ធិមនុស្ស និងការកេងប្រវ័ញ្ច។
ក្នុងលិខិតចំហដែលចេញផ្សាយជាភាសាអង់គ្លេស នៅថ្ងៃទី១៩ មករា គណបក្សសង្គ្រោះជាតិ បានអំពាវនាវដល់ក្រុមហ៊ុនដែលមានម៉ាកល្បីធំៗ និងសហជីពសកលលោកថា អ្នកទាំងនោះ គួរតែមានជំហរម៉ឺងម៉ាត់ប្រឆាំងនឹងការប្រើអាវុធដោយយោធា និងនគរបាល បង្ក្រាបកម្មករអ្នកតវ៉ា ដែលបណ្ដាលឱ្យស្លាប់ កាលពីថ្ងៃទី២ និងទី៣ មករា។
លិខិតបន្តថា សហគមន៍សាជីវកម្ម និងអ្នកដែលធ្វើការពាក់ព័ន្ធបញ្ហាវប្បធម៌និទ្ទណ្ឌភាពនៅកម្ពុជា ទាំងអស់ កំពុងដើរឆ្ពោះទៅទិសដៅត្រឹមត្រូវមួយ ដោយគាំទ្រការអំពាវនាវរបស់អង្គការសហប្រជាជាតិ ឱ្យមានការស៊ើបអង្កេតជាបន្ទាន់ និងដោយឯករាជ្យលើការបង្ក្រាបបាតុកម្មថ្មីៗនេះ។
ការចេញលិខិតនេះ គឺបន្ទាប់ពីអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ គឺលោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ទទូចដល់រដ្ឋាភិបាល ឱ្យស៊ើបអង្កេតឱ្យបានហ្មត់ចត់លើការប្រើអាវុធ និងកម្លាំងហួសហេតុបង្ក្រាប ដែលបណ្ដាលឱ្យស្លាប់ ៤នាក់ និងជាច្រើននាក់រងរបួស។
លោក សុរិយា ស៊ូប៊ែឌី បានលើកឡើងដូច្នេះ៖ «ខ្ញុំបានស្នើសុំឱ្យលោកនាយករដ្ឋមន្ត្រី បើកការស៊ើបអង្កេតទូលំទូលាយមួយ ហើយនាំខ្លួនអ្នកទទួលខុសត្រូវក្នុងបញ្ហានេះឡើងតុលាការ ដើម្បីពិនិត្យមើល ថាតើមានការមិនគោរពបទបញ្ជា ឬអ្នកណាចេញបទបញ្ជាផ្អែកលើមូលដ្ឋានអ្វី ថាតើពិតជាមានភាពចាំបាច់ពិតប្រាកដមែនឬទេ ក្នុងការប្រើកម្លាំងច្រើនហួសបែបនោះ? ដូច្នេះ យើងត្រូវតែទៅឱ្យដល់មូលដ្ឋាននៃការពិតនោះសិន មុននឹងខ្ញុំបញ្ចេញមតិរបស់ខ្ញុំ។ ចំពោះអ្នកដែលបាត់បង់ជីវិតទៅនោះ ត្រូវតែមានអ្នកទទួលខុសត្រូវ។ ត្រូវតែមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់ ទុកចិត្តបាន និងឯករាជ្យ នៅក្នុងព្រឹត្តិការណ៍ថ្ងៃទី២ ទី៣ និងទី៤ មករា។»
លោក សុរិយា ស៊ូប៊ែឌី ថ្លែងថា ការទាមទារប្រាក់ឈ្នួល ១៦០ដុល្លាររបស់កម្មករ គឺជាការទាមទារសមហេតុផល។ ការធ្វើកូដកម្មទាមទារប្រាក់ឈ្នួល ដែលផ្ដល់តម្លៃដល់កម្មករ គឺជាសិទ្ធិមនុស្ស។ ដំណោះស្រាយ អាចរកបាននៅពេលណាកម្មករ និងថៅកែអាចចរចាគ្នាដោយសុទ្ធចិត្ត គឺមិនមែនចរចាក្នុងបរិយាកាសប្រើហិង្សា បំភិតបំភ័យ និងប្រព័ន្ធតុលាការពុករលួយ ដែលផ្ដន្ទាទោសមេដឹកនាំសហជីពដែលក្រោកឈរដើម្បីយុត្តិធម៌នោះទេ។
ដើម្បីឈានទៅមុខបាន ត្រូវតែបង្កើតឱ្យមានយន្តការកំណត់ប្រាក់ឈ្នួលមួយ។ យន្តការនេះត្រូវមានតម្លាភាព គឺមានជម្រើសឱ្យថៅកែរោងចក្រចរចាផ្ទាល់ជាមួយកម្មករ ជាជាងតាមរយៈរដ្ឋាភិបាល ឬសមាគមរោងចក្រ។ លើសពីនេះទៀត គួរតែបង្កើតឱ្យមានប្រព័ន្ធលើកទឹកចិត្តមួយ សម្រាប់ឱ្យរោងចក្រដែលជាអ្នកផ្គត់ផ្គង់ អនុវត្តតាមអនុសាសន៍នៃកម្មវិធីរោងចក្រកម្ពុជាល្អប្រសើររបស់អង្គការ អន្តរជាតិខាងការងារ។ របាយការណ៍របស់កម្មវិធីរោងចក្រល្អប្រសើរ គួរតែផ្សាយជាសាធារណៈ សម្រាប់ឱ្យអ្នកផ្គត់ផ្គង់ និងរោងចក្រទទួលខុសត្រូវចំពោះអ្នកបញ្ជាទិញ កម្មករ អ្នកប្រើប្រាស់ និងសាធារណជន។
ក្រុមហ៊ុនដែលមានម៉ាកល្បីធំៗ និងសហជីពលើពិភពលោក ត្រូវតែបញ្ជូនសារម៉ឺងម៉ាត់មួយ ដោយមិនអត់អោនដាច់ខាតចំពោះអំពើពុករលួយ ពេលទាក់ទងជាមួយមន្ត្រីរដ្ឋាភិបាល ឬសមាគមកាត់ដេរសំលៀកបំពាក់ និងស្បែកជើង។ កម្រិតមហាពុករលួយនៅប្រទេសកម្ពុជា គឺបានធ្វើតម្លៃទំនិញឡើងថ្លៃ នៅខណៈដែលប្រាក់ឈ្នួលថោក និងធ្វើឱ្យរាំងស្ទះដល់ផ្លូវឆ្ពោះទៅរកសេដ្ឋកិច្ចល្អប្រសើរ និងថ្លៃថ្នូរសម្រាប់ពលរដ្ឋគ្រប់រូប។
ខណៈដែលប្រាក់ចំណូល ៨៥% បានមកពីការនាំចេញនោះ វាជាប្រយោជន៍របស់អ្នកគ្រប់គ្នាក្នុងការដោះស្រាយមូលហេតុនៃ វិបត្តិបច្ចុប្បន្ននេះ និងធ្វើយ៉ាងណាឱ្យច្បាប់ស្ដីពីការងារកម្ពុជា និងបទដ្ឋានអន្តរជាតិ ត្រូវមានការអនុវត្តត្រឹមត្រូវ៕
No comments:
Post a Comment