សាលា រាជធានី ភ្នំពេញ កំណត់ តម្លៃឡានក្រុង ១៥០០រៀល ពីរង្វង់មូលស្តាតចាស់ មហាវិថី ព្រះមុន្នីវង្ស ដល់ស្ពានច្បារអំពៅ
ដោយ៖ ជន ស្រីណុច | ថ្ងៃសៅរ៍ ទី18 ខែមករា ឆ្នាំ2014
រូបថតពី Google
សាលារាជធានីភ្នំពេញកំណត់យកតម្លៃ សេវាដឹកអ្នកដំណើរ ១៥០០រៀល តាមមធ្យោបាយរថយន្តក្រុង ចល័តក្នុងរាជធានីភ្នំពេញ នៅលើមហាវិថីព្រះមុន្នីវង្ស ដោយគិតប្រវែង ចាប់ពីរង្វង់មូលស្តាតចាស់ ទៅដល់ស្ពានច្បារអំពៅ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ប្រាប់VOD នៅព្រឹកថ្ងៃសៅរ ទី ១៨ ខែមករានេះថា ក្រុមការងារ កាលពីម្សិលមិញ បានប្រជុំសម្រេចគ្នាថា ដាក់ឲ្យដំណើរការសាកល្បង រថយន្តក្រុងក្នុងរាជធានីភ្នំពេញ កំណត់តម្លៃត្រឹម១៥០០រៀលប៉ុណ្ណោះ ដោយដាក់ឲ្យដំណើរការ សាកល្បង រថយន្តក្រុងចំនួន១០គ្រឿង តាមបណ្តោយ មហាវិថីផ្លូវព្រះមុន្នីវង្ស ចាប់ពីរង្វង់មូលស្តាតចាស់ មកដល់គល់ស្ពានច្បារអំពៅ។
កាលពីដើមខែធ្នូឆ្នាំ២០១៣ សាលារាជធានីភ្នំពេញ បានប្រកាសនឹងសាកល្បងសេវារថយន្តក្រុងសាធារណៈ ចំនួន១០គ្រឿង នៅលើផ្លូវព្រះមុន្នីវង្ស នៅដើមខែកុម្ភៈ ឆ្នាំ២០១៤ ខាងមុខនេះ ដែលជាគម្រោងមួយក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានី បន្តថា សេវាកម្មឡានក្រុងនេះ ចាប់ផ្តើមដំណើរការនេះ គឺអំឡុងចន្លោះថ្ងៃទី៥ ខែកុម្ភៈ ដល់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៤ ខាងមុខនេះ។
កន្លងទៅ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន បានប្រកាសថា ទីភ្នាក់ងារ នឹងដាក់ឲ្យមានប្រព័ន្ធរថយន្តក្រុងសាធារណៈនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៤នេះ។ កាលពីឆ្នាំ២០០១ កម្ពុជា បានដាក់ឲ្យប្រើប្រាស់សេវានេះម្តងរួចមកហើយ តែបរាជ័យទៅវិញ ដោយសារការមិនចាប់អារម្មណ៍ ពីអ្នកធ្វើដំណើរ និងកង្វះខាតជំនួយ។
ប្រធានកម្មវិធីសុវត្ថិភាពចរាចរណ៍ ផ្លូវគោកប្រចាំអង្គការ Handicap International លោក អ៊ា ចរិយា មានប្រសាសន៍ថា ការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ កំពុងក្លាយជាបញ្ហាព្រួយបារម្ភបំផុត ដែលត្រូវដោះស្រាយជាបន្ទាន់។ លោកបន្តថា វាដល់ពេលសម្រាប់រាជរដ្ឋាភិបាល ដាក់ឲ្យមានសេវារថយន្តក្រុងសាធារណៈនេះ ដោយរកមធ្យោបាយណែនាំឲ្យអ្នកធ្វើដំណើរចាប់អារម្មណ៍ និងការយកតម្លៃថោកសមរម្យ៕
តម្លៃ សេវាដឹកអ្នកដំណើរ ១៥០០រៀល តាមមធ្យោបាយរថយន្តក្រុង ចល័តក្នុងរាជធានីភ្នំពេញ នៅលើមហាវិថីព្រះមុន្នីវង្ស ដោយគិតប្រវែង ចាប់ពីរង្វង់មូលស្តាតចាស់ ទៅដល់ស្ពានច្បារអំពៅ។
ReplyDelete១៥០០រៀល ប្រហែល ៣ដុល្លារ៥០សេន ($៣.៥០) ។ ១ខែ ធ្វើការយ៉ាងតិច ២០ថ្ងៃ, ១ថ្ងៃ ជិះឡានក្រុង ២ជើងទៅមក ចំណាយត្រូវជា $៣.៥០ × ៤០ជើង = $១៤០។ ១ខែ ប្រាក់ខែបាន $១០០ ទៅ $១៥០, យកទៅចំណាយ តែលើដំណើរទៅធ្វើការ ដូចជាមិនគ្រាន់ផង។ តើឣ្នកធ្វើការធុននេះណាម្នាក់ ឣ្នកក្រ ឬឣ្នកកណ្តាលណាម្នាក់ ហ៊ានចំណាយលុយ ជិះរថយន្តក្រុងនោះ?