សមត្ថកិច្ចនគរបាលចរាចរណ៍ ប៉េអិម សមត្ថកិច្ចអន្តរាគមន៍ពិសេស និងកងកម្លាំងបង្ក្រាបបាតុកម្មនៅព្រឹកថ្ងៃទី២៤ ខែមករា ដែលធ្លាប់តែប្រចាំការតាមមហាវិថីនានា ដើម្បីរក្សាសណ្ដាប់ធ្នាប់នៅទីសាធារណៈនោះ មិនបានយាមនៅទីតាំងធ្លាប់ឈរជើងនោះទេ។ ក្រុមសមត្ថកិច្ចរាប់រយនាក់ បានប្រមូលផ្តុំគ្នាយ៉ាងកកកុញនៅខាងជើងវិទ្យាល័យ ព្រះស៊ីសុវត្ថិ ដើម្បីចាំទទួលអំណោយមហាសេដ្ឋីប្រេង និងសណ្ឋាគារនៅស្រុកខ្មែរ លោកឧកញ៉ា សុខ គង់។ មិនមែនតែសមត្ថកិច្ចទេ សូម្បីតែប្រជាពលរដ្ឋធម្មតា ក៏ត្រូវទទួលបានអំណោយដែរ។
នៅក្នុងផ្ទះ លោក សុខ គង់ វិញ មានបុគ្គលិកដែលស្និទ្ធនឹងលោកជាច្រើននាក់ បានព័ទ្ធវង់លេងបៀកម្សាន្តជាច្រើនវង់ ដោយក្នុងមួយក្ដារៗយ៉ាងតិចណាស់ក៏ចាញ់ឈ្នះចំនួន ១០ដុល្លារដែរ។ បន្ទាប់ពីមុងសាយលោតបញ្ចប់អមទៅដោយសំឡេងទះដៃកងរំពង ទ្វាររបងផ្ទះឧកញ៉ា សុខ គង់ បានបើកទទួលពលរដ្ឋដែលចូលទៅយកលុយអំណោយក្នុងម្នាក់ៗចំនួនពីរម៉ឺនរៀល។ ពលរដ្ឋជាច្រើនបានរួសរាន់ឈប់ម៉ូតូ កង់ និងប្រញាប់ប្រញាល់ចូលទៅក្នុងផ្ទះរបស់ លោក សុខ គង់ ដែលមានកូនចៅ និងសែស្រឡាយរបស់លោករង់ចាំចែកលុយឲ្យពួកគេ។
ពលរដ្ឋម្នាក់ដែលរស់នៅសង្កាត់ផ្សារកណ្ដាល ឈ្មោះ សុខ ថា ឲ្យដឹងថា រូបគាត់តែងមកទទួលលុយអំណោយរបស់ឧកញ៉ា សុខ គង់ ៣ឆ្នាំមកហើយ ហើយលុយនេះចែកឲ្យពលរដ្ឋចំថ្ងៃជនជាតិចិន និងវៀតណាម ធ្វើពិធីសែនដកជើងធូប។ លោកបន្តថា មួយឆ្នាំៗ ពលរដ្ឋម្នាក់ៗយ៉ាងតិចណាស់ទទួលបានលុយអំណោយពីរម៉ឺនរៀល។ លោកបញ្ជាក់ថា ពលរដ្ឋទាំងអស់មិនបានដឹងថា លុយទាំងនោះលោកឧកញ៉ាបានមកពីណា និងរកស៊ីអីនោះទេ? ប៉ុន្តែជីវភាពក្រីក្រ ដូចនេះបើមានគេឲ្យលុយ គឺប្រសើរណាស់។
«សំឡេង»
បន្ទាប់ពីចែកលុយពលរដ្ឋរួចរាល់ គឺដល់វេនចែកឲ្យកម្លាំងសមត្ថកិច្ចវិញម្តង។ កម្លាំងដែលអាចទទួលលុយបាន លុះណាតែពួកគេស្លៀកពាក់ឯកសណ្ឋាន និងប្រញាប់ចូលតម្រង់ជួរនៅខាងក្នុងរបងផ្ទះ លោក សុខ គង់។ អ្នកខ្លះចតម៉ូតូនៅថ្នល់ អ្នកខ្លះទៀតចតនៅរបងផ្ទះ ហើយសម្រុកចូលទាំងត្រេកអរ។ ក្រុមសមត្ថកិច្ចបានប្រាប់ថា ពួកគាត់បានទទួលលុយម្នាក់ៗមួយម៉ឺនរៀល។ ទោះយ៉ាងណាក្តី យើងមិនបានដឹងថា ចំនួនប្រាក់ពិតប្រាកដដែលសមត្ថកិច្ចទទួលបានពី លោក សុខ គង់ ប៉ុន្មាននោះទេ ព្រោះទ្វាររបងបិទជិត។
កម្លាំងអន្តរាគមន៍ពិសេសម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា លុយដែល លោក សុខ គង់ ឲ្យមិនច្រើនទេ គឺគ្រាន់តែអាចទិញគុយទាវញ៉ាំបានមួយព្រឹកប៉ុណ្ណោះ។ លោកបន្តថា ការទទួលលុយនេះគ្រាន់តែជាការទទួលយកបុណ្យដែលគេឲ្យ ហើយក៏មិនជំពាក់គុណ ឬខុសច្បាប់ទេ។ លោកបន្តថា បើសិនជាកម្លាំងសមត្ថកិច្ចទាំងអស់មានជីវភាពធូរធារ ប្រាក់ខែចាយគ្រប់ ក៏ពួកគាត់មិនមកតម្រង់ជួរចាំយកលុយដាក់ទានដែលគេចែកឲ្យនោះដែរ។
ទោះយ៉ាងណាក៏ដោយ បុគ្គលិកដែលធ្វើការឲ្យ លោក សុខ គង់ គ្រាន់តែប្រាប់ដោយខ្លីថា នេះជាការធ្វើបុណ្យដាក់ទានតាមប្រពៃណីចិន និងវៀតណាម។ ហើយម្ចាស់ទានមិនមានបំណងជួល ឬទិញទឹកចិត្តសមត្ថកិច្ច ឬពលរដ្ឋឡើយ។
ទន្ទឹមនឹងនេះ ប្រធានបណ្ដាញរួបរួមគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក លោក សន ជ័យ មានប្រសាសន៍ថា ទង្វើរបស់អ្នករកស៊ីដែលចែកអំណោយ ឬឲ្យលុយទៅសមត្ថកិច្ចឲ្យលុយទៅប្រជាពលរដ្ឋនោះ មិនខុសច្បាប់នោះទេ។ ប៉ុន្តែ វានឹងបង្ហាញឲ្យឃើញពីកង្វះតម្លាភាព និងភាពលម្អៀងរបស់ក្រុមសមត្ថកិច្ចទៅលើអ្នកមានទាំងនោះ។ លោកបន្តថា គេសង្កេតឃើញនៅរៀងរាល់រដូវបុណ្យទាន ដូចជា ចូលឆ្នាំខ្មែរ ភ្ជុំបិណ្ឌ និងចូលឆ្នាំចិន ជាដើម ក្រុមអ្នកមានទ្រព្យ តែងជូនកាដូគ្រប់ប្រភេទទៅមន្ត្រីធំៗក្នុងជួររដ្ឋាភិបាល។ ហើយនេះ ជារូបភាពមួយក្នុងចេតនាសូកប៉ាន់ ឬកេងចំណេញផ្នែកទំនាក់ទំនងពីអ្នកកាន់ការរដ្ឋទាំងនោះ។ លោកបញ្ជាក់ថា ក្រុមហ៊ុនរបស់ឧកញ៉ា សុខ គង់ ភាគច្រើនរកស៊ី និងទទួលអាជ្ញាប័ណ្ណរកស៊ីជាមួយរដ្ឋាភិបាល ដែលមិនសូវមានតម្លាភាពប៉ុន្មានឡើយ។
«សំឡេង»
លោក សុខ គង់ ជាម្ចាស់ក្រុមហ៊ុន សូគីម៉ិច គ្រុប (SOKIMEX GROUP) ដែលរកស៊ីនាំចូលប្រេងសាំង រកស៊ីកាស៊ីណូ សណ្ឋាគារ បើករោងចក្រកាត់ដេរ និងជាពិសេស ជាម្ចាស់ក្រុមហ៊ុនលក់សំបុត្រឲ្យភ្ញៀវទេសចរដែលចូលទស្សនាតំបន់អង្គរទាំងមូល។ ក្រុមហ៊ុនរបស់ លោក សុខ គង់ ជាក្រុមហ៊ុនអភិវឌ្ឍន៍តំបន់ទេសចរណ៍ឋានសួគ៌បូកគោ នៅខេត្តកំពត ដោយរដ្ឋាភិបាលផ្តល់សម្បទានរយៈពេល ៩៩ឆ្នាំ។ រដ្ឋាភិបាលក៏ទើបតែអនុញ្ញាតឲ្យក្រុមហ៊ុន លោកឧកញ៉ា សុខ គង់ សង់សណ្ឋាគារ សុខា កម្ពស់ជិត ១០ជាន់នៅត្រើយខាងកើតទន្លេបួនមុខ ចំពីមុខព្រះបរមរាជវាំង ហើយបើសិនជាគេឡើងលើសណ្ឋាគារដែលសង់មិនទាន់ចប់នោះ គឺអាចមើលឃើញពីទិដ្ឋភាពកន្លែងខ្លះក្នុងព្រះបរមរាជវាំងតែម្តង។
ប្រភពក្រៅផ្លូវការខ្លះបានលើកឡើងថា លោក សុខ គង់ មានដើមកំណើតជាជនជាតិវៀតណាម ប៉ុន្តែលោកធ្លាប់ប្រាប់អ្នកកាសែតថា លោកជាអ្នកមានស្រុកកំណើតនៅស្រុកពាមជរ ខេត្តព្រៃវែង។
មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារផ្នែកតម្លាភាពសង្គម បានប្រាប់ថា ក្រុមហ៊ុនរបស់ លោក សុខ គង់ ធ្លាប់បានទទួលសិទ្ធិពីរដ្ឋាភិបាល ដើម្បីអភិវឌ្ឍតំបន់មួយចំនួន ដោយមិនមានការដេញថ្លៃឡើយ។
ទាក់ទងនឹងបញ្ហានេះ អ្នកវិភាគបញ្ហាសង្គម លោក កែម ឡី គិតថា ព្រឹត្តិការណ៍សមត្ថកិច្ចតម្រង់ជួរយកលុយពីថៅកែៗជាការទម្លាក់តម្លៃមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ។ លោកបន្តថា រដ្ឋាភិបាលត្រូវតែធ្វើការកែទម្រង់ ដើម្បីឲ្យកម្លាំងសមត្ថកិច្ចបានទទួលប្រាក់ខែសមរម្យ ជាជាងឲ្យសមត្ថកិច្ចទៅចាំទទួលយកទានដែលគេដាក់ឲ្យ។ លោកបញ្ជាក់ថា ការផ្តល់លុយឲ្យសមត្ថកិច្ចនេះ គឺជាការពង្រឹងអំណាចបុគ្គលនិយម និងបក្ខពួកនិយមប៉ុណ្ណោះ។
«សំឡេង»
យ៉ាងណាមិញ រដ្ឋាភិបាលនៅក្នុងខែមករា នេះបានសម្រេចដំឡើងប្រាក់ខែដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធដែលមានតួនាទីទាបក្នុងម្នាក់ៗចំនួន ៨ម៉ឺនរៀល។
វិទ្យុអាស៊ីសេរី មិនអាចសុំការពន្យល់បន្ថែមពីមន្ត្រីរដ្ឋាភិបាលបានទេ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤។
កាលពីចូលឆ្នាំចិន ឆ្នាំមុន ភរិយារបស់ឧកញ៉ា ឡៅ ម៉េងឃីន ដែលទទួលសម្បទានដីតំបន់បឹងកក់ គឺអ្នកស្រី ជីង សុភាព ហៅ យាយភូ បានចែកលុយដល់សមត្ថកិច្ចគ្រប់ប្រភេទក្នុងម្នាក់ៗចំនួន ៥ម៉ឺនរៀលដែរ ដោយបញ្ជាក់ថា ជាអាំងប៉ាវលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធក្នុងពេលចូលឆ្នាំចិន។ កងកម្លាំងទាំងនោះ តែងតែត្រូវបានមន្ត្រីរដ្ឋាភិបាលប្រើប្រាស់ដើម្បីទប់ទល់នឹងសកម្មភាពតវ៉ារបស់អ្នកបឹងកក់។
និគមជាតិចិន និងវៀតណាម មួយចំនួន បានប្រាប់វិទ្យុអាស៊ីសេរី ថា ការចែកអំណោយក្នុងឱកាសបុណ្យចូលឆ្នាំចិន ឬវៀតណាម នេះ គ្រាន់តែជាទម្លាប់របស់អ្នកមានៗដែលជាប់សែស្រឡាយចិន-វៀតណាម ប៉ុណ្ណោះ ហើយវាមិនមែនជាប្រពៃណីដែលត្រូវធ្វើឡើយ។ ជនជាតិចិន និងវៀតណាម និយមចែកអាំងប៉ាវ ឬក្រដាសក្រហមខ្ចប់លុយឲ្យសាច់ញាតិរបស់ពួកគេ ប៉ុន្តែសាច់ញាតិទាំងនោះ ត្រូវតែជាមនុស្សនៅលីវ ហើយគេនិយមចែកកញ្ចប់ក្រហមនោះនៅថ្ងៃចូលឆ្នាំតែម្តង។ ក្រុមអ្នកធ្វើការងារសង្គមមួយចំនួន ដាក់សំណួរថា តើមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ត្រូវរស់នៅដោយចាំការដាក់ទានពីគេដល់ពេលណា?
No comments:
Post a Comment