អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ចាក់ធុងបាសរាំនៅខាងមុខទីស្នាក់ការបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម នៅថ្ងៃទី២៦ មករា ឆ្នាំ២០១៤។ (RFA / Saut Sokprathna)
សកម្មភាពសកម្មជនបក្សប្រជាជន ព័ទ្ធសណ្ឋាគារ លាភ វិរៈសារ ដែលលោក កឹម សុខា ស្នាក់នៅក្នុងខេត្តកំពង់ចាម នៅព្រឹកថ្ងៃ២៦ មករា ២០១៤។
លោក កឹម សុខា ចោទថា បក្សកាន់អំណាច មានបំណង បង្កហិង្សា
ដោយ វិទ្យុ អាស៊ីសេរី | ២៦ មករា ២០១៤
គណបក្សប្រឆាំងប្រកាសថា លោក កឹម សុខា រួមនឹងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត នឹងទៅចូលរួមវេទិកាសំណេះសំណាលនៅខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៧ ខែមករា។ ថ្នាក់ដឹកនាំគណបក្សប្រឆាំង ប្ដេជ្ញាចិត្តថា នឹងនៅតែចុះជួបអ្នកគាំទ្រតាមបណ្ដាខេត្តតទៅទៀត បើទោះជាគណបក្សកាន់អំណាចរៀបចំកម្លាំងរំខានវេទិកាជួបជុំក៏ដោយចុះ។
លោក កឹម សុខា មានប្រសាសន៍ថា គណបក្សកាន់អំណាចចាប់ផ្ដើមប្រើយុទ្ធសាស្ត្របន្លាជោះបន្លាតាមសម្ដីរបស់លោក ហ៊ុន សែន ហើយយុទ្ធសាស្ត្របែបនេះ ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។ លោកបន្តថា បក្សប្រជាជនរួមដៃជាមួយអាជ្ញាធររំខានការជួបជុំរបស់គណបក្សសង្គ្រោះជាតិមួយដងជាពីរដង ក្នុងគោលបំណងរារាំងសកម្មភាពនយោបាយ និងបិទសិទ្ធិសេរីភាពក្នុងការជួបជុំ។ លោក កឹម សុខា បានហៅទង្វើរបស់គណបក្សប្រជាជនកម្ពុជា ថាសាហាវឃោរឃៅ និងមិនអាចអត់ឱនឲ្យបានឡើយ។
បក្សសង្គ្រោះជាតិចោទបក្សប្រជាជនថាបង្កចលាចលនៅកំពង់ចាម
សេចក្ដីប្រកាសព័ត៌មាននេះធ្វើឡើង ស្របពេលដែលលោក កឹម សុខា ចុះទៅជួបអ្នកគាំទ្រនៅខេត្តកំពង់ចាម នៅថ្ងៃទី២៦ មករា នេះ ហើយបានប្រឈមនឹងក្រុមអ្នកគាំទ្របក្សប្រជាជនកម្ពុជា រាប់ពាន់នាក់ ប្រមូលផ្ដុំនៅសណ្ឋាគារលោកស្នាក់នៅ និងប្រមូលផ្ដុំគ្នានៅមុខស្នាក់ការបក្សសង្គ្រោះជាតិ ក្នុងខេត្តនេះ កាលពីពេលព្រឹក។
អ្នកគាំទ្របក្សប្រជាជនមានរថយន្តមួយបាំងកន្លះ ខ្លះជិះរថយន្តទ្រុងផង ពាក់មួកគណបក្សប្រជាជន ខ្លះកាន់ដំបងឫស្សី ចងទង់ជាតិគ្រវីមុខសណ្ឋាគារឈ្មោះ លាភ វិរៈសារ ដែលជាសណ្ឋាគារលោក កឹម សុខា ស្នាក់នៅ។
លោក កឹម សុខា បានចាកចេញពីសណ្ឋាគារ លាភ វិរៈសារហើយមុនថ្ងៃត្រង់នេះ។ ទោះយ៉ាងណា មិនឃើញវត្តមានលោក កឹម សុខា នៅមន្ទីរបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម នៅឡើយទេ ក្នុងពេលដែលចំនួនអ្នកគាំទ្របក្សប្រជាជន នាំគ្នាប្រមូលផ្ដុំនៅមុខមន្ទីរបក្សសង្គ្រោះជាតិ កាន់តែច្រើនឡើងៗ។
អ្នកគាំទ្របក្សប្រជាជននាំគ្នាប្រមូលផ្ដុំនៅមុខមន្ទីរបក្សសង្គ្រោះជាតិ ហើយចាក់ធុងបាស់ និងចាក់មីក្រូតម្រង់ទៅក្នុងបក្សសង្គ្រោះជាតិ ដែលកំពុងចាក់មីក្រូមកក្រៅ ជាការរំខាន។
កិច្ចប្រជុំបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ចាម ត្រូវបានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ប្រកាសរំសាយនៅថ្ងៃត្រង់នេះ ដោយសារតែអ្នកគាំទ្របក្សប្រជាជន រាប់ពាន់នាក់រំខាន។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក សូត សុខប្រាថ្នា ពីខេត្តកំពង់ចាម៖
ទាក់ទងនឹងហេតុការណ៍នេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចោទថា គណបក្សកាន់អំណាចមានបំណងបង្កអំពើហិង្សាលើរូបលោក។ ការប្រកាសនេះធ្វើឡើងក្នុងសិន្និសីទកាសែត កាលពីល្ងាចថ្ងៃទី២៦ ខែមករា បន្ទាប់ពីរូបលោកត្រូវបានសកម្មជនគណបក្សប្រជាជនកម្ពុជាឡោមព័ទ្ធ ក្នុងពេលដែលលោកទៅចូលរួមវេទិកាគណបក្សសង្គ្រោះជាតិនៅខេត្តកំពង់ចាម។
No comments:
Post a Comment