ដោយ៖ ថុល ស្រីលក្ខណ៍ និង អ៊ឹង ប៊ុនថន / វិទ្យុ វីអូឌី | ថ្ងៃអង្គារ ទី21 ខែមករា ឆ្នាំ2014
ស្តាប់សំឡេង៖ | ចម្លងទុក |
ព្រះសង្ឃ ដែលបាននិមន្តតស៊ូមតិ និងទាមទារដំឡើងប្រាក់ខែដល់កម្មករ នៅរោងចក្រយ៉ាកជីន (រូបថតដោយ តាត ឧត្តម)
ព្រះសង្ឃមួយចំនួនដែលនិមន្តឃ្លាំមើលការតវ៉ាជាមួយសកម្មជនដីធ្លី កម្មករ ដើម្បីជំរុញឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងទាមទារយុត្តិធម៌សង្គមនោះ ត្រូវបានសមត្ថកិច្ចមាក់ងាយ និងជេរប្រមាថជារឿយៗ «វាយក្បាលឯងបែកអាឡូវ អាត្រងោល---- លោកឯង លោកជក់ម៉ាទេ អាត្រងោល- លោកឯង លោក ដើរផឹកស្រាយប់ទេហី---ឯងយកសំឡេងអញទៅ! អញអត់ខ្លាចទេ !ថា អញនឹងវាយក្បាលឯងថ្ងៃ ហ្នឹងអាត្រងោល»។
នេះជាភស្តុតាងមួយ ពេលដែលព្រះសង្ឃប្រមាណ៤០អង្គ បាននិមន្តចូលរួមជាមួយកម្មករ ដើម្បីបិណ្ឌបាតឲ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលដល់១៦០ដុល្លារ នៅខាងមុខរោងចក្រយ៉ាក់ជីង ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសរាជធានីភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលថ្ងៃទី២ខែមករាឆ្នាំ២០១៤។
ការប្រមាថនេះ បានកើតឡើងផ្ទួនៗគ្នា ស្របពេល ដែលព្រះសង្ឃកំពុងសូត្រធម៌សូមឲ្យរក្សាភាពអហិង្សា ខណៈក្រុមកម្មករទាមទារឲ្យដោះលែងតំណាងកម្មករ៣នាក់ ដែលត្រូវបានទាហាន៩១១ចាប់ខ្លួននៅពេលនោះ។ កម្មករដែលចាប់ខ្លួនទទួលរងការវាយដំ ហូរឈាម លើរាងកាយច្រើនកន្លែង ពេលពួកគេព្យាយាមដឹកនាំ កម្មករផ្សេងទៀតឲ្យចេញធ្វើការតវ៉ាដើម្បីបានប្រាក់ឈ្នួលរស់នៅបានសមរម្យ «ទាំងសមត្ថកិច្ចទាំងប្រជាពលរដ្ឋ សូមកុំប្រើអំពើហិង្សាដាក់គ្នា! សូមកុំជេរគ្នាទៅវិញទៅមកអីបងប្អូន! ខ្ញុំសូមអង្វរ! សមត្ថកិច្ចក៏ជាខ្មែរ !កម្មករក៏ជាខ្មែរ !ប្រសិនបើបងប្អូនជេរគ្នាទៅវិញទៅមកមិនខុសអ្វីពី ការជេរម្តាយខ្លួនឯងនោះទេ--------»។
សមត្ថកិច្ចបានចាប់ព្រះកាយព្រះសង្ឃ៥អង្គ ឃុំទុករហូតដល់ម៉ោងជាង១២យប់ ទើបដោះលែងវិញ។ ប៉ុន្តែមនុស្ស១០នាក់ផ្សេងទៀត រួមទាំងលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានសមត្ថកិច្ចវាយហូរឈាមស្រោចខ្លួន និងលោក ថេង សាវឿន ប្រធានបណ្តាញកសិករ ព្រមទាំងមនុស្ស២១នាក់ទៀត ត្រូវបានឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ដោយចោទពីបទ ហិង្សាដោយចេតនាដោយមានស្ថានទង្ងន់ទោស និងការបំផ្លាញទ្រព្យសម្បត្តិដោយចេតនាដោយមានស្ថានទង្ងន់ទោសល្មើស បើទោះជាពួកគេព្យាយាមអំពាវនាវឲ្យកម្មករកុំប្រើអំពើហិង្សាក៏ដោយ។
ទ័ពពិសេសឆ័ត្រយោង៩១១ ដែលឈរជើងនៅតំបន់រោងចក្រយ៉ាកជីន មុនពេលបោះទង្គិចជាមួយកម្មករ កាលពីថ្ងៃទី២មករា (រូបភាពដោយ តាត ឧត្តម)
ករណីចាប់វាយព្រះសង្ឃនេះ ក៏បានកើតឡើងផងដែរ កាលពីថ្ងៃខែវិច្ឆិកាឆ្នាំ២០១៣ នៅវត្តស្ទឹងមានជ័យ បន្ទាប់ពីការបោះឆ្នោត នៅគ្រាដែលកម្មកររោងចក្រSL ហែក្បួនទាមទារលក្ខខណ្ឌការងារសមរម្យ។
នៅសម័យបារាំងដាក់អាណានិគមមកលើកម្ពុជា ព្រះសង្ឃខ្មែរ បានចូលរួមតតាំងប្រឆាំងនឹងពួកអាណានិគមបារាំងសេស ជាមួយអតីតព្រះមហាវីរៈក្សត្រ ព្រះបាទនរោត្តម សីហនុ ដើម្បីដណ្តើមឯករាជ្យពីបារាំងមកវិញទាល់តែបាន។
កាលពីឆ្នាំ២០០៩ គេឃើញមានតែព្រះសង្ឃមួយអង្គទេ ដែលហ៊ានចេញព្រះកាយ ចូលរួមសកម្មភាពឃ្លាំមើល ការតវ៉ារឿងដីធ្លីជាមួយប្រជាពលរដ្ឋ និងទាមទារឲ្យមានការគោរពសិទ្ធិមនុស្សនោះ គឺព្រះសង្ឃ លួន សុវ៉ាត។ សកម្មភាពតវ៉ារបស់ព្រះអង្គ ត្រូវបានអាជ្ញាធរគំរាមកំហែង ចាប់ព្រះកាយ និងមានការបង្ខំដោយមន្ត្រីសង្ឃឲ្យចុះហត្ថលេខា ឈប់ចូលសកម្មភាពសង្គម ដោយព្រមានផ្សឹកប្រសិនបើព្រះអង្គមិនធ្វើតាមជាដើម។
ព្រះសង្ឃ លួន សុវ៉ាត មានថេរដីកាថា មូលហេតុដែលធ្វើឲ្យព្រះអង្គសម្រេចចិត្តចូលរួមតវ៉ាជាមួយប្រជាពលរដ្ឋ ដោយសារ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនិងព្រះសង្ឃត្រូវបានរឹតត្បិត ពីរដ្ឋាភិបាល។ ព្រះអង្គបន្ថែមថា ការប្រមាថ និងវាយដំព្រះសង្ឃកន្លងមក មិនបានធ្វើឲ្យព្រះសង្ឃបាក់ស្បាតឈប់តវ៉ានោះទេ «ផ្ទុយទៅវិញរឹតតែធ្វើឲ្យព្រះសង្ឃឈឺចាប់ ប្រជាពលរដ្ឋដឹងច្បាស់ថា ប្រទេសកម្ពុជាគឺមិនមានលទ្ធិប្រជាធិតេយ្យ សេរីភាពសារព៌ត៌មាន សេរីភាពបញញចេញមតិ សិទ្ធិជួបប្រជុំគ្នាទេ រឹតតែធ្វើឲ្យគេឃើញអំពីអាក្រក់របស់ខ្លួន{រដ្ឋាភិបាល}ដែលបានគៀបសង្កត់ គំរាមកំហែងខុសក្នុងផ្លូវច្បាប់ជាតិ អន្តរជាតិ និងព្រះពុទ្ធសាសនា»។
ចាប់តាំងពីក្រោយថ្ងៃបោះឆ្នោតទី២៧ខែកក្កដា ឆ្នាំ២០១៣មក ព្រះសង្ឃកាន់តែច្រើនឡើង បានចូលរួមការតវ៉ា ជាមួយប្រជាពលរដ្ឋ និងគណបក្សនយោបាយជាពិសេស បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុតិធម៌សង្គម។ បណ្តាញនេះបានចាប់កំណើតឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣ ដោយមានព្រះសង្ឃចំនួន៥អង្គជាអ្នកផ្តួចផ្តើមឡើង ប៉ុន្តែមកដល់ដើមឆ្នាំ២០១៤នេះ ចំនួនសមាជិកនៃបណ្តាញនេះ កើនដល់៥០០០អង្គ។
ប្រធានបណ្ដាញព្រះសង្ឃឯករាជ្យ ព្រះតេជគុណ ប៊ុត ប៊ុនទិញ មានសង្ឃដីកាប្រាប់VODថា មូលហេតុ៣យ៉ាងដែលបង្ខំឲ្យព្រះសង្ឃចូលរួមតវ៉ាជាមួយប្រជាពលរដ្ឋ ដោយសារភាពអយុតិធម៌ក្នុងសង្គមកាន់តែកើនឡើង ភាពមិនប្រក្រតីពេលបោះឆ្នោត និងការរំលោភសិទ្ធិព្រះសង្ឃជាដើម។ ព្រះអង្គមានសង្ឃដីកាបន្ថែមថា ការចូលរួមរបស់ព្រះសង្ឃក្នុងការទាមទារសិទ្ធិសេរីភាពនេះមិនខុសនឹងធម៌វិន័យព្រះពុទ្ធសាសនានោះទេ ហើយអ្នកប្រមាថ និងវាយដំលើព្រះកាយរបស់ព្រះសង្ឃ នឹងត្រូវទទួលទណ្ឌកម្មទាំងផ្លូវច្បាប់ និងផ្លូវធម៌ «កត្តារំលោភបំពានមកលើសិទ្ធិព្រះសង្ឃ ធ្វើបាបព្រះសង្ឃ បណ្តេញចេញ ចាប់ផ្សឹកនេះឯង ដែលធ្វើឲ្យព្រះសង្ឃ លោកគិតឃើញថា ព្រះសង្ឃមិនមែនជាមនុស្សដែលគួរជាទីស្អប់ទេ ព្រះសង្ឃគួរជាទីគោរពរបស់ពុទ្ធបរិស័ទ។ ដ៏ពួកយើងឃើញថា ថ្នាក់ដឹកនាំមិនបានយកចិត្តទុក្ខដាក់ហើយថែមទាំងមើលងាយ ហើយយកព្រះសង្ឃធ្វើជាសត្រូវ។ រឿងអស់នេះហើយដែលយើងមិនអាចទ្រាំអនុញ្ញាត ឬក៏ធ្វើឲ្យសង្គមយើងបាត់បង់តម្លៃនៃការគោរពព្រះពុទ្ធសាសនាដែរ! ហើយការបាត់បង់នេះ បើព្រះសង្ឃមិនចូលរួមទេ គឺអត់មានទេ»។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការប្រមាថព្រះសង្ឃ កំពុងធ្វើឲ្យបាវចនាជាតិធ្លាក់ចុះ ព្រោះព្រះពុទ្ធសាសនាជាផ្នែកមួយនៃបាវចនារបស់ជាតិ។ លោកថា ព្រះសង្ឃដែលចូលរួមបាតុកម្មភាគច្រើនគ្រាន់តែ ទៅរំងាប់អារម្មណ៍អ្នកតវ៉ាកុំឲ្យប្រើហិង្សាតែប៉ុណ្ណោះ មិនគួរប្រព្រឹត្តអំពើមិនគប្បីលើព្រះអង្គនោះទេ «ពីព្រោះយើងមើលទៅលើបាវចនារបស់យើង គឺជាតិ សាសនា ព្រះមហាក្សត្រ អីចឹងគេថា បើសាសនារុងរឿង ជាតិយើងក៏រុងរឿង ការគោរពទៅលើព្រះមហាក្សត្រក៏កាន់តែល្អ ចឹងកាលណាសាសនាធ្លាក់ចុះ ចឹងបាវចនាទាំង៣ បើផ្នែកមួយណាណឹងវាធ្លាក់ចុះវាធ្វើឲ្យប៉ះពាល់ដល់ប្រទេសកម្ពុជាយើងផងដែរ»។
ក្រៅពីការជេរប្រមាថព្រះសង្ឃ សូម្បីព្រះបរមសារីរិកធាតុ តំណាងឲ្យព្រះពុទ្ធបរម្យគ្រូ ដែលព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានទទួលមកពីប្រទេសឥណ្ឌា កាលពីឆ្នាំ១៩៥២ ត្រូវបានបាត់ពីព្រះសក្យមុនីចេតិយនៅលើភ្នំព្រះរាជទ្រព្យ ឬភ្នំឧត្តុង្គ កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី១០ខែធ្នូ ។
កាលពីថ្ងៃទី១៦ខែធ្នូ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងអគ្គសង្ឃនាយក នន្ទ ង៉ែត បានចេញលិខិត អំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បន្តខិតខំជួយស្វែងរកព្រះបរម្យសារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធ តម្កល់ក្នុងព្រះសុវណ្ណកោដ្ឋទម្ងន់ជាង១០គីឡូក្រាមមកវិញ។ តែរហូតមកដល់ពេលនេះអាជ្ញាធរកម្ពុជា មិនទាន់រកឃើញវិញនោះទេ។
កាលពីថ្ងៃទី១៧ខែធ្នូ ព្រះសង្ឃប្រមាណ៣០០អង្គ ដឹកនាំប្រជាពលរដ្ឋជាង១០០០នាក់ តវ៉ានៅខាងមុខក្រសួងធម្មការ និងសាសនា ទាមទារឲ្យដករដ្ឋមន្ត្រីស្ថាប័នមួយនេះ និងជំរុញឲ្យស្ថាប័នផ្សេងៗស្វែងរកព្រះសារីរិកធាតុ។
ប៉ុន្តែមកដល់ថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០១៤ សម្តេចសង្ឃរាជ ទេព វង្ស ជាព្រះសង្ឃថ្នាក់ខ្ពស់បំផុតនៅកម្ពុជា មិនបានអំពាវនាវរកព្រះសារីរិកធាតុដែលបាត់នោះទេ «យ៉ាងណាកុំនាំអញឆ្កួត អញមិនឆ្កួតជាមួយពួកអាឆ្កួតអស់ណឹងទេ អញនូវតែប្រកាន់ធម៌របស់អញ បើអញធ្វើទៅវាខុសមកនិយាយគ្នាមក ទេអារឿងថ្លែងការណ៍ ឬមិនថ្លែងការណ៍{ពីការបាត់ព្រះសារីរិកធាតុ} គឺជារឿងរបស់គេទេ រឿងអញក្រោយតើ»៕
No comments:
Post a Comment