Paris Peace Accords 23 Oct. 1991

Saturday, January 11, 2014

សហជីព​ពហុ​វិស័យ ព្រមាន​ប្រមូលផ្តុំ និង​ហែ​ក្បួន​ជាថ្មី បើ​រដ្ឋាភិបាល មិន​ដោះលែង​ជន​ជាប់​ឃុំ​ទាំង ២៣​នាក់​​


សហជីព​ពហុ​វិស័យ ព្រមាន​ប្រមូលផ្តុំ និង​ហែ​ក្បួន​ជាថ្មី បើ​រដ្ឋាភិបាល មិន​ដោះលែង​ជន​ជាប់​ឃុំ​ទាំង ២៣​នាក់​​

ដោយ៖​ តាំង វីដា​​ | ថ្ងៃសុក្រ ទី10 ខែមករា ឆ្នាំ2014

, ម៉ោង 03:26 PM

សហជីពពហុវិស័យ​ចំនួន៧ បើកសន្និសីទសារព័ត៌មាន​ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤​(រូបភាពដោយ តាំង វីដា)
​សហជីព​ពហុ​វិស័យ ចំនួន​៧ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ព្រមាន​ធ្វើ​ការប្រមូលផ្តុំ​គ្នា និង​ដង្ហែ​ក្បួន​ជាថ្មី នៅ​ទី​សាធារណៈ ដោយ​មាន​អ្នកចូលរួម​រាប់​ម៉ឺន​នាក់ ប្រសិនបើ​រដ្ឋាភិបាល មិន​ព្រម​ដោះលែង​ជន​ត្រូវបាន​ឃុំខ្លួន​ទាំង​២៣​នាក់ ដែល​សមត្ថកិច្ច បាន​ចាប់​ឃុំ​ក្នុង​ហេតុការណ៍​ប៉ះ ទង្គិច​កន្លង​មក​។​
​បន្ទាប់ពី​ពិធី​បង្សុកូល​គោរព​វិញ្ញាណក្ខន្ធ​គម្រប់​៧​ថ្ងៃ​របស់​កម្មករ ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ព្រឹត្តការណ៍​ប៉ះទង្គិ​ច​នៅ​ទី​៣ ខែ​មករា ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា លោក ស ម៉ូ​រ៉ា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា បណ្តាញ​ពហុ​វិស័យ ដែល​មាន​សមាគម​ចំនួន​៧​ជា​សមាជិក ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ​ទាំង​២៣​នាក់ ដែល​ត្រូវ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ថ្លុង ខេត្ត​កំពង់ចាម ដោយ​គ្មាន​លក្ខខណ្ឌ ក្រោម​ហេតុផល​ថា ជន​ទាំងនោះ គ្រាន់តែ​ជា​អ្នកឃ្លាំមើល​ការគោរព​សិទ្ធិ​មនុស្ស និង​ជា​អ្នកសម្របសម្រួល​ការទា​ម​ទារ​តែប៉ុណ្ណោះ មិនមែន​ជា​អ្នក​ញុះញង់​ឲ្យ​កើត​មាន​ហិង្សា ដូច​ការចោទប្រកាន់​នោះ​ទេ​។
(រូបភាពដោយ តាំង វីដា)
លោក ស ម៉ូ​រ៉ា អះអាងថា សមាជិក​បណ្តាញ​សហជីព​រាប់​ម៉ឺន​នាក់ នឹង​បន្ត​យន្តការ​ជួបប្រជុំ សម្តែង​មតិ​នៅ​ទី​សាធារណៈ ហើយ​អាច​នឹង​ដង្ហែ​​ក្បួន ៣​ថ្ងៃ​ម្តង បើ​ការទាមទារ​របស់​ពួក​គេ មិន​ត្រូវបាន​ដោះស្រាយ​ <<​ហើយ​ផែនការ បងប្អូន​គេ​បាយ​ទាក់ទង​មក ថា​គេ​ចង់​ជួបជុំ​ឲ្យ​ធំ គេ​ចង់​ជួបជុំ​រាប់ម៉ឺន​នាក់ ហើយ​យើង​ក៏​ទទួល​សំណើរ​របស់​បងប្អូន​ហ្នឹង​ដែរ ហើយ​យើង​នឹង​រៀបចំ ហើយ​នឹង​ជូនដំណឹង​ទៅ​បងប្អូន​ដើម្បី​ជំរុញ​ឲ្យមាន​ការដោះលែ​ង​អ្នក​ទាំងអស់​គ្នា​ហ្នឹង ហើយ​សកម្មភាព​របស់​យើង​មិនមែន​គ្រាន់តែ​ធ្វើ​សកម្មភាព​តាម​ទីសាធារណៈ​ខាងក្រៅ​ទេ នីតិវិធី​តាម​ផ្លូវ​ច្បាប់​ក៏​យើង​ធ្វើ​ដែរ >> ។​
​លេខាធិការ​នៃ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យនៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ហេង សំអ៊ន ឲ្យដឹងថា សហជីព​ទាំង​៧ គ្រោង​នឹង​រៀបចំ​បណ្តឹង​ទៅ​កាន់​អង្គការ​ពលកម្ម​អន្តរជាតិ ILO តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC និង​អ្នកបញ្ជា​ទិញ​អន្តរជាតិ ដើម្បី​ថ្កោសទោស ចំពោះ​ទង្វើ​សមត្ថកិច្ច ដែល​បង្ក្រាប​លើ​កម្មករ​ដោយ​អាវុធ​កន្លងមក​នោះ​ <<​យើង​កំពុងតែ​ស្វែងរក​អ្នកច្បាប់​ដើម្បី​ស្វែងរក​លទ្ធភាព ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្ដរជាតិ​ផង​ដែរ តើ​ករណី​ប៉ុណ្ណឹង​តើ​តុលាការ​ព្រហ្មទណ្ឌ​អន្ដរជាតិ គាត់​ទទួល​យក ឫ​គាត់​ចាត់​វិធានការ​យ៉ាង​ម៉េច កំពុងតែ​សិក្សា​នៅឡើយ​ទេ​>> ។​
​ទាក់ទង​នឹង​ករណី​នេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​របស់​ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការសម្រេច​ដោះលែង ឬ​មិន​ដោះលែង​កម្ម​ករ​ទាំង​២៣​នាក់​នោះ ឋិត​នៅក្នុង​ដែន​សម​ត្ថ​កិច្ច​របស់​តុលាការ​ <<​រឿង​ដោះលែង មិន​ដោះលែង មិនមែន​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ទេ រឿង​តុលាការ ពូ​[​ខៀវ សុភ័គ​]​មិន​ហ៊ាន​Comment ទេ ហើយ​សួរ​ពូ ពូ​ឆ្លើយ​ម៉េច​កើត មិនមែន​សមត្ថកិច្ចរ​បស់​ពូ​ទេ >> ។​
​ទន្ទឹម​នឹង​ការទាមទារ​ឲ្យ​ដោះលែង​ជន​ទាំង ២៣​នាក់​នោះ បណ្តាញ​សហជីព​ទាំង​៧ ក៏​នៅតែ​ប្រកាន់​ជំហរ ទាមទារ​រដ្ឋាភិបាល អន្តរាគមន៍​ផ្តល់ប្រាក់​ឈ្នួល​គោល ១៦០​ដុល្លារ សម្រាប់​​កម្មករ​គ្រប់​វិស័យ​ផង​ដែរ​។​
​កាលពី​សប្តាហ៍​មុន សមត្ថកិច្ច​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន ២៣​នាក់ ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​ជាមួយ​កម្លាំង​ទ័ព​ឆ័ត្រយោង​៩១១ នៅ​មុខ​រោងចក្រ​យ៉ាក​ជីន ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ និង​នៅខាងមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង រាជធានី​ភ្នំពេញ ខណៈ​កម្មករ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​១៦០​ដុល្លារ ក្នុងនោះ​មាន លោក វ​ន់ ពៅ ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ថេង សាវឿន សកម្មជន​សហជីព លោក ចាន់ ពុទ្ធិ​ស័ក្កិ ជា​សកម្មជន​ដីធ្លី រួម​នឹង​កម្មករ​២០​នាក់​ផ្សេង​ទៀត​៕

No comments:

Post a Comment