មេដឹកនាំ បក្សប្រឆាំង បញ្ជាក់ជំហរ មិនចាកចេញ ពីប្រទេស
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បញ្ជាក់ជំហរជាថ្មីថា ពួកគាត់មិនមានផែនការចាកចេញពីប្រទេសទេ ទោះជាមានការព្រួយបារម្ភខ្លះៗក្ដី។
ការបាញ់បង្ក្រាបពីកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល នៅតាមផ្លូវវ៉េងស្រេង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមករា បានសម្លាប់ក្រុមអ្នកតវ៉ាចំនួន ៥នាក់ របួសជិត ៤០នាក់ និងមួយចំនួនទៀតត្រូវចាប់ខ្លួន។
នៅថ្ងៃទី៤ មករា កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលក៏បានបង្ក្រាបនិងបណ្ដេញបាតុករគណបក្សសង្គ្រោះជាតិ ចេញពីទីលានប្រជាធិបតេយ្យ។
លោក កឹម សុខា មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ កំពុងតែគិតគូរអំពីនីតិវិធីរៀបចំពាក្យបណ្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ទាក់ទងនឹងការបាញ់សម្លាប់សម្លាប់ក្រុមអ្នកតវ៉ា ដោយកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលនោះ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងបញ្ជាក់ថា លោកនៅមិនទាន់ពេលវេលាជាក់លាក់សម្រាប់ការជួបជុំគ្នាជាថ្មីនៅទីលានប្រជាធិបតេយ្យ ហើយថា ត្រូវចាំរហូតដល់ស្ថានភាពល្អប្រសើរឡើងវិញសិន។
មន្ត្រីនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក សន ម៉ាឃីនថូស (SEAN McIntosh) ថ្លែងថា សហរដ្ឋអាមេរិកសោកស្ដាយជាខ្លាំងចំពោះការបាត់បង់ជីវិតក្នុងការប៉ះទង្គិចដោយហិង្សារវាងបាតុករ និងកងសន្តិសុខ កាលពីសប្ដាហ៍មុននេះ និងថ្កោលទោសទាំងស្រុងចំពោះការប្រើប្រាស់មធ្យោបាយហិង្សា ដោះស្រាយបញ្ហា ហើយគូសបញ្ជាក់ថា កងកម្លាំងសន្តិសុខជាអ្នកទទួលខុសត្រូវក្នុងការទប់ចិត្ត។
លោក សន ម៉ាឃីនថូស បញ្ជាក់ថា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានប្រាស្រ័យទាក់ទងតំណាងគ្រប់ភាគីនយោបាយ ឱ្យអនុវត្តការទប់ចិត្តឱ្យខ្ពស់បំផុត គោរពនីតិរដ្ឋ។ ការតវ៉ាដោយសន្តិវិធី និងការសម្ដែងមតិដោយសេរី គឺជាចំណុចសំខាន់នៃលទ្ធិប្រជាធិបតេយ្យ និងជាដំណោះស្រាយនៃការចរចា។ លោកក៏សុំអំពាវនាវឱ្យរដ្ឋាភិបាល និងសហជីពកម្មករ ធ្វើការរួមគ្នាដោះស្រាយបញ្ហារបស់កម្មករ។
នៅក្នុងស្ថានការណ៍បច្ចុប្បន្ននេះដែរ លោក កឹម សុខា បានអំពាវនាវដល់ពលរដ្ឋឱ្យរក្សាភាពស្ងប់ស្ងៀមនៅតាមផ្ទះ ដើម្បីចៀសវាងការបង្ហូរឈាមគ្នា៕
No comments:
Post a Comment