Paris Peace Accords 23 Oct. 1991

Friday, January 3, 2014

កម្ពុជា​ ស្វាគមន៍ ឆ្នាំ​ថ្មី​ ដោយ​ការផ្ទុះ​ អំពើ ហិង្សា​ បង្ហូរឈាម​ ខ្មែរ​​

កម្ពុជា​ ស្វាគមន៍ ឆ្នាំ​ថ្មី​ ដោយ​ការផ្ទុះ​ អំពើ ហិង្សា​ បង្ហូរឈាម​ខ្មែរ​​


ដោយ៖​ នួន បូរិន / វិទ្យុ វីអូឌី​ | ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014

កម្មកររងរបួស​ក្នុងហេតុការណ៍ប៉ះទង្គិចវាងកម្មករ​និងក្រុមសមត្ថកិច្ច​ នៅផ្លូវវេងស្រេង ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤​(រួបភាពដោយ តាត ឧត្ដម)
ការ​បះ​ទង្គិច​គ្នា​យ៉ាង​ព្រៃផ្សៃ​រវាង​កុប្បករ​កម្មករ​ និង​សមត្ថកិច្ច នគរបាល កងរាជអាវុធហត្ថ បាន​​បន្សល់​ទុក​មនុស្ស ៤​នាក់​ស្លាប់​ និង​របួស​ជិត​៣០​នាក់ លើ​ថ្លុកឈាម​។
​ឈុត​ឆាក​នៃ​ការវាយប្រហារ​គ្នា បាន​ផ្ទុះឡើង​នៅលើ​កំណាត់ផ្លូវ​ដ៏មមាញឹក​មួយ​ គឺ​ផ្លូវវ៉េង​​ស្រេង ដែល​​ជា​តំបន់​ជម្រក​​របស់​កម្មករ​ចំណាកស្រុក​។ នៅ​ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា រវាង​ខ្មែរ​និង​ខ្មែរ បាន​ផ្ទុះឡើង​តាំងពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី២ ខែ​មករា ហើយ​បាន​បន្តទៀត​យ៉ាង​ក្ដៅគគុក​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដែល​មាន​រយៈ​ជាង២ម៉ោង ​គឺ​ម៉ោងជាង​៩ រហូតដល់​ម៉ោង​ជិត១១ ក្រោយមក​ទីលានប្រយុទ្ធ​នេះ ពោរពេញ​ទៅដោយ​ស្លាក​​ស្នាមរបួស​​គំនរ​​កម្ទេច​ និង​ក្រាល​​ដោយ​ឈាម​អ្នក​រង​របួស ​និង​ជន​ដែល​ស្លាប់​។
​ការស្រែក​ដង្ហូរ​យំ ​និង​សម្រែក​សង​សឹង​ដាក់គ្នា​រវាង​កុប្បករ​ ​និង​សមត្ថកិច្ច​លាន់ឮ ដោយ​ការប្រយុទ្ធ​គ្នា ដួចសមរភូមិ​កុន​អាមេរិក ហូ​លី​វូដ​ ដែល​ស៊ីសាច់​សម្លាប់​​គ្មាន​ក្ដីមេត្តា ប៉ុន្តែ ហេតុការណ៍​នៅ​លើ​កំណាត់​​ផ្លូវវ៉េង​​ស្រេង ខាង​​មុខ​​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ​នៅ​​ជាយ​រាជ​ធានី​ភ្នំពេញ មិនមែន​ការ​ប្រឌិត​ដូច​​ខ្សែភាពយន្ត​​ឡើយ គឺជា​រឿង​ពិត​នៃ​ប្រវត្តិសាស្ត្រ​នៅ​ដើម​ខែ​មករា ​ឆ្នាំ២០១៤​នេះ​។
​ការ​ប៉ះ​ទង្គិច​គ្នា មាន​ច្រើន​​កន្លែង មិន​មាន​តែ​ផ្លូវវ៉េង​​​ស្រេង​មួយនោះ​ទេ គឺ​មាន​នៅ​ជិត​​ផ្លូវ​ជាតិ៤ ក្នុងខ័ណ្ឌ​ពោធិ​សែន​ជ័យ នៅ​រោងចក្រ យ៉ាក​ជីន ក៏មាន​ការ​ប៉ះទង្គិ​ច​គ្នា​ដែរ កាលពី​ព្រឹក​​ថ្ងៃ​ព្រហស្បតិ៍ រវាង​កម្មករ​ និង​កងទ័ព​ឆ័ត្រយោង៩១១ បណ្ដាលឲ្យ​មាន​មនុស្ស​របួស​១០​នាក់ ​និង​ចាប់ខ្លួន​១៥​នាក់​។​

​នៅមុន​ការ​វាយ​ប្រយុទ្ធ​គ្នា រវាង​កុប្បករ​កម្មករ នៅ​ផ្លូវវ៉េង​​ស្រេង គឺ​បាតុកម្ម​របស់​កម្មករ ខ្មែរ​ជាង​៤០​ម៉ឺន​​នាក់ បាន​ផ្ទុះ​ឡើង​ នៅ​ថ្ងៃ​ទី២៥ ខែ​ធ្នូ​ ចុង​ឆ្នាំ​២០១៣ នៅ​ទូទាំង​ប្រទេស​ ដែល​ជា​ចល​នា​​មួយ​​ជំរុញ​ឲ្យមាន​ការដំ​ឡើងប្រាក់​ឈ្នួល​សមរម្យ ១៦០​ដុល្លារ ខណៈ​​ពួកគេ​មិន​ព្រម​ទទួលយក​ប្រាក់​ឈ្នួល​៩៥​​ដុល្លារ​។
(រូបភាពដោយ តាត ឧត្ដម)
​ក្នុង​ហ្វូង​បាតុករ​កម្មករ​រាប់​ម៉ឺន​នាក់ លាយឡំ​ជាមួយ​​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ហែ​តាម​ដងផ្លូវ​រាជធានី​ភ្នំពេញ កម្មករ ភាគច្រើន ក្រៅពី​សុំ​ដំឡើង​​ប្រាក់​ឈ្នួល ១៦០ដុ​លា្ល​រ គឺ​ពួកគេ​ស្រែក​បន្ទរ​ឲ្យ​បោះឆ្នោត​ឡើងវិញ និង​ទាមទារ​ឲ្យ​​ លោកនាយក​រដ្ឋមន្ត្រី​​ ហ៊ុន ​សែន ចុះចេញ​ពី​តំណែង ព្រោះ​ពួកគេ​ចោទ​រដ្ឋាភិបាល លោក ​ហ៊ុន ​សែន មិន​​មាន​លទ្ធភាព ដើម្បី​​ដំឡើង​ប្រាក់​ឈ្នួល១៦០ដុល្លារ​ទេ​។​
​លោកនាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​លោក ដោយ​ប្រតិកម្ម​ទៅលើ​ការធ្វើ​បាតុកម្ម​របស់​ក​ម្មករ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​​កន្លងមកនេះ​។​
​ហ្វេ​សប៊ុក​ដែល​មានឈ្មោះ Samdech Hun Sen, Cambodian Prime Minister បាន Post កាល​ពី​ថ្ងៃ​ទី​៣០ ខែ​​ធ្នូ ឆ្នាំ​២០១៣ ថា “ បក្សប្រឆាំង​កំពុង​ធ្វើឲ្យ​​ប្រជា​ពលរដ្ឋ​​បាត់​បង់​​ការងារ​​មេ​បក្ស​ប្រឆាំង និង​ក្រុម​និយម​ជ្រុល​កុបកម្ម​​កំពុងតែ​ធ្វើឲ្យ​​ប្រជាពលរដ្ឋ​ខ្មែរ​អត់​​ការងារ​ធ្វើ​ហើយ នៅពេលនេះ​។ មាន​កម្មករ​ជាង ៦០០,០០០​នាក់​ ដែល​អាស្រ័យ​លើ​ការងារ​រោង​ចក្រ​​ប្រចាំ​ង​ថ្ងៃ​។ បក្សប្រឆាំង​បាន​ចាប់​យក​កម្មករ​ជា​ចំណាប់ខ្មាំង ដើម្បី​ផល​ប្រយោជន៍​នយោបាយរ​បស់​ខ្លួន ដោយ​មិន​គិត​ពី​ជីវភាព​ដែល​កម្មករ​ទាំង​អស់កំ​ពុង​ប្រឈមមុខ​។​ដំណោះស្រាយ​សន្តិភាព​​មាន​ផលប្រយោជន៍​ទាំងសងខាង ដែល​ក្រសួង​រដ្ឋាភិបាល​កំពុង​រក​ដំណោះស្រាយ​​ជាមួយ​បណ្តា​ក្រុមហ៊ុន​ពាក់ព័ន្ឋ​នានា​គឺ​ត្រូវបាន​បក្ស​ប្រឆាំង​បំផ្លាញ​។ តើ​បក្សប្រឆាំង​ចង់​បំផ្លាញ​សេចក្តី​សុខ​​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដល់​ណា​ទៀត​?”
​ទាំង​មេដឹកនាំ​គណបក្ស​ប្រឆាំង​ និង​សង្គម​ស៊ីវិល បាន​ហៅ​ព្រឹត្តិការណ៍​នេះ​ថា ជា​ការរំលោភ​សិទិ្ធមនុស្ស​យ៉ាងធ្ងន់ធ្ង​ន ដែល​ត្រូវ​ទទួល​ការ​ថ្កោលទោស ពី​​សហគមន៍​អន្តរជាតិ និង​ពល​រដ្ឋ​ខ្មែរ ។​
​លោក​ សម ​រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទទូច​សុំ​ភាគី​កម្មករ​ និង​សមត្ថកិច្ច​ត្រូវ​ដក​​ឃ្លា​​ពីគ្នា ហើយ​ត្រូវ​បញ្ឈប់​ហិង្សា​។ លោក​បាន​ថ្លែង​ដូចនេះ នៅ​លើ​​ទំព័រ​ Facebook របស់​​លោក​នៅ​ថ្ងៃ​សុក្រ​នេះ <<ខ្ញុំសូមអំពាវនាវឲ្យភាគី​ទាំងសងខាង​ ដកថយរាងៗខ្លួនទាំងភាគីកម្មករ​​ ទាំងកងកម្លាំងប្រដាប់អាវុធ​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​ទាំង​នោះ​​ជា​បន្ទាន់​>>​។​
​នេះ​ជា​លើក​ទី​ពីរ​ហើយ បើ​គិត​ទៅ​រក នៅ​ថ្ងៃ​ទី៣ ខែ​មករា ​ឆ្នាំ២០១១ ក៏​មាន​ការបង្ក្រាប​ទៅ​លើ​សហគមន៍ បុរី​កីឡា​។ ប៉ុន្តែ ហេតុការណ៍​បង្ក្រាប​នៅ​ថ្ងៃទី​៣​ ខែ​មករា ​ឆ្នាំ​​២០១៤ នេះ គឺ​ប៉ុន្មាន​ថ្ងៃ បន្ទាប់​​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន ព្រមាន​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ប្រយ័ត្ន​បាតដៃ​ទី​បី​។
(រូបភាពដោយ តាត ឧត្ដម)
​អ្នកវិភាគ​ពិនិត្យឃើញថា ស្ថាន​ការណ៍បង្ហូ​រឈាម​នៅលើ​ផ្លូវវ៉េង​​ស្រេង នឹង​រឹតតែ​ធ្វើឲ្យ​សង្គម​ខ្មែរ​ឃ្លាតឆ្ងាយ​ពី​ការ​អត់​ឱ​ន​គ្នា កាន់តែ​ឆ្ងាយ​ និង​ពោរពេញ​ដោយ​​គំនុំ​សង​​សឹក​៕

No comments:

Post a Comment